បុរសផ្ទុកមេរោគ HIV ម្នាក់នៅចក្រភពអង់គ្លេសបានក្លាយជាមនុស្សទីពីរនៅក្នុងពិភពលោកដែលបានជាសះស្បើយពីជំងឺអេដស៍។
នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុង Seattle សហរដ្ឋអាមេរិក ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលដឹកនាំកិច្ចប្រឹងប្រែងសកលលោកដើម្បីបញ្ចប់ជំងឺអេដស៍បានប្រកាសថា ទីភ្នាក់ងារសារទរយ៉ាងខ្លាំងចំពោះការរកឃើញវិធីព្យាបាលជំងឺអេដស៍លើបុរសម្នាក់នេះ ប៉ុន្តែគេនៅត្រូវការពេលវេលាយូរទៀត។
ក្រុមអ្នកវិទ្យាសាស្ត្រខិតខំស្វែងរកវិធីព្យាបាលជំងឺអេដស៍រយៈពេល៤០ឆ្នាំមកហើយ។ នាយកទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺអេដស៍នៃអង្គការសហប្រជាជាតិហៅកាត់ថា UNAIDS បានចាត់ទុកព័ត៌មានអំពីបុរសម្នាក់នៅទីក្រុងឡុងដ៏ដែលបានជាសះស្បើយពីជំងឺអេដស៍ថា ជាការរកឃើញយ៉ាងសំខាន់មួយ។
លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាអិការអង្គការសហប្រជាជាតិបានប្រកាសថា៖ «ការរកឃើញនេះផ្តល់ឲ្យយើងនូវក្តីសង្ឃឹមសម្រាប់អនាគត ប៉ុន្តែវាក៏ធ្វើឲ្យយើងដឹងផងដែរថា យើងនៅឆ្ងាយកម្រិតណាពីការឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍តាមរយៈវិទ្យាសាស្ត្រ ព្រមទាំងសារៈសំខាន់នៃការបន្តផ្តោតលើការទប់ស្កាត់ការរីករាលដាលមេរោគ HIV និងការព្យាបាល»។
បុរសម្នាក់នៅទីក្រុងឡុងដ៏បានជាសះស្បើយពីមេរោគ HIV បន្ទាប់ពីទទួលបានការព្យាបាលតាមរយៈការផ្សាំកោសិកាបានមកពីអ្នកផ្តល់ឲ្យដែលមានប្រភេទហ្សែនបង្កឲ្យកើតជំងឺមហារីកដ៏កម្រមួយដែលធ្វើឲ្យអ្នកជំងឺនោះមានភាពស៊ាំនឹងមេរោគអេដស៍។ ហើយមេរោគមហារីករបស់អ្នកជំងឺនោះក៏បានជាសះស្បើយផងដែរ។
សាស្ត្រាចារ្យ Ravindra Gupta នៅឯសាកលវិទ្យាល័យ London បានថ្លែងថា អ្នកជំងឺអេដស៍ម្នាក់នោះឥឡូវនេះបានឈប់ប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺអេដស៍ហើយ។
លោកសាស្ត្រាចារ្យ Ravindra Gupta បានថ្លែងថា៖ «យើងបានរង់ចាំរយៈពេល១៦ខែ មុននឹងឲ្យអ្នកជំងឺនោះឈប់ប្រើថ្នាំនៅអំឡុងពេលក្រោយការផ្សាំកោសិកានេះ ដើម្បីធ្វើឲ្យប្រាកដថា មេរោគមហារីកបានជាសះស្បើយ ហើយអ្នកជំងឺមានសុខភាពល្អ ហើយវិធីព្យាបាលនេះមានប្រសិទ្ធភាពដោយបង្ហាញឲ្យឃើញថាអ្នកជំងឺអេដស៍គ្មានផ្ទុកមេរោគ HIV តទៅ»។
លោកសាស្ត្រាចារ្យនៅមិនគិតថាការព្យាបាលនេះធ្វើឲ្យអ្នកជំងឺជាសះស្បើយនៅឡើយទេ ប៉ុន្តែនេះគឺជាអ្នកជំងឺអេដស៍ទីពីរហើយ ដែលបានទទួលការព្យាបាលដោយការផ្សាំកោសិកានេះ និងបង្ហាញលទ្ធផលថាគ្មានសញ្ញាផ្ទុកមេរោគ HIV តទៅទៀត។ អ្នកជំងឺទីមួយគឺជាជនជាតិអាមេរិកាំងម្នាក់បានទទួលការព្យាបាលនៅទីក្រុងប៊ែកឡាំងប្រទេសអាឡឺម៉ង់កាលពី១២ឆ្នាំមុន។
វេជ្ជបណ្ឌិត Rowena Johnston នាយកការស្រាវជ្រាវនៅឯមូលនិធិ amfAR ដែលជាមូលនិធិសម្រាប់ការស្រាវជ្រាវជំងឺអេដស៍បានថ្លែងថាជោគជ័យទីពីរនេះគឺជាជោគជ័យដ៏សំខាន់មួយ។ វេជ្ជបណ្ឌិតបានថ្លែងថា៖ «ឥឡូវនេះយើងមានហេតុផលដែលត្រូវជឿថា អ្នកជំងឺនៅទីក្រុងប៊ែរឡាំងមិនមែនជាអ្នកជំងឺដែលជាសះស្បើយពីមេរោគតែម្នាក់នោះទេ។ លទ្ធផលនេះគឺជាការបង្ហាញថាយើងជិតឈានដល់ការលុបបំបាត់មេរោគ HIV បានទាំងស្រុងពីអ្នកជំងឺអេដស៍ហើយ»។
លោកសាស្ត្រាចារ្យ Gupta បានថ្លែងថា ដូចទៅនឹងអ្នកជំងឺនៅទីក្រុងប៊ែរឡាំងដែរ អ្នកជំងឺជនជាតិអង់គ្លេសដែលត្រូវបានគេហៅថាអ្នកជំងឺនៅទីក្រុងឡុងដ៍ ក៏បានទទួលកោសិកាផ្សាំពីអ្នកផ្តល់ឲ្យដែលមានហ្សែនមហារីកដ៏កម្រឈ្មោះថា CCR5 ផងដែរ។
លោកសាស្ត្រាចារ្យ Gupta បានថ្លែងថា៖ «ប្រសិនបើអ្នកដាក់កោសិកាទាំងនេះចូលក្នុងខ្លួនអ្នកណាម្នាក់ដែលមានផ្ទុកមេរោគ HIV នោះអ្នកប្រហែលជាអាចការពារកោសិកាថ្មីទាំងនោះពីការឆ្លងបាន»។
មានអ្នកផ្ទុកមេរោគ HIV ប្រមាណ៣៧លាននាក់នៅទូទាំងសកលលោក។ ប៉ុន្តែការព្យាបាលដោយការផ្សាំកោសិកាមិនមែនជាការព្យាបាលដែលអាចអនុវត្តបានងាយៗទេ។ ជាដំបូងគេត្រូវរកអ្នកដែលមានកោសិកាត្រូវគ្នា ហើយបន្ថែមលើនេះ អ្នកផ្តល់ឲ្យនោះត្រូវមានហ្សែនមហារីកដែលកម្រ។ ហើយបន្ទាប់មកទៀតអ្នកជំងឺត្រូវឆ្លងកាត់ដំណាក់កាលព្យាបាល ដែលមានការឈឺចាប់និងប្រថុយប្រថានខ្លាំង។
វេជ្ជបណ្ឌិត Sarah Fidler គឺសាស្ត្រាចារ្យផ្នែកឱសថសាស្ត្រមេរោគ HIV នៅឯមហាវិទ្យាល័យ Imperial College London។ លោកស្រីបានថ្លែងថាការប្តូរខួរឆ្អឹងខ្នងអាចមានគ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺដែលមានសុខភាពល្អ និងត្រូវលេបថ្នាំព្យាបាលមេរោគអេដស៍រៀងរាល់ថ្ងៃ។
លោកស្រីសាស្ត្រាចារ្យបានថ្លែងថា៖ «ដំណើរការដូរខួរឆ្អឹងខ្នងមានលក្ខណៈស្មុគស្មាញ។ វាតម្រូវឲ្យគេយកកោសិកាថ្មីទាំងអស់ដាក់ចូលទៅក្នុងខ្លួនអ្នកជំងឺដែលកំពុងទទួលការព្យាបាល ហើយដំណើរការនេះតម្រូវឲ្យដាក់បង្កប់កោសិកាទាំងនោះទៅក្នុងខ្លួនអ្នកជំងឺ។ អ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ និងអាចបណ្តាលឲ្យបាត់បង់ជីវិត»។
អ្នកជំងឺទាំងពីរនាក់ត្រូវបានព្យាបាលជំងឺមហារីក និងគ្មានជម្រើសអ្វីទេ ប៉ុន្តែត្រូវសាកល្បងព្យាបាលតាមវិធីសាស្ត្រថ្មីដែលមានហានិភ័យនេះ។ ក្រុមអ្នកវិទ្យាសាស្ត្រនឹងបន្តស្រាវជ្រាវរកវិធីព្យាបាលផ្សេងៗទៀតដើម្បីព្យាបាលមេរោគ HIV ប៉ុន្តែឥឡូវនេះពួកគេដឹងថា មេរោគអេដស៍អាចព្យាបាលបាន៕