ស្តី្រខ្មែរអាមេរិកាំងមួយរូបត្រូវបានតែងតាំងជាចៅក្រមតុលាការជាន់ខ្ពស់ប្រចាំទីក្រុងឡូស អាន់ជឺឡេស (Los Angeles) ដែលជាតំណែងចៅក្រមដ៏ខ្ពង់ខ្ពស់មួយនៃប្រព័ន្ធយុត្តិធម៌ប្រចាំ រដ្ឋកាលីហ្វញ៉ា។
លោកស្រី Jana M. Seng មានអាយុ៤៣ឆ្នាំ ទទួលបានការតែងតាំងពីលោកអភិបាលរដ្ឋកាលីហ្វញ៉ា Jerry Brown ជាមួយនឹងចៅក្រមតុលាការជាន់ខ្ពស់ចំនួន១០នាក់ផ្សេងទៀត សម្រាប់ទីក្រុងធំៗមួយចំនួនដែលមានដូចជាទីក្រុង Orange, San Francisco, San Diego និង Santa Cruz ជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យលោកអភិបាលរដ្ឋដែលបានប្រកាសកាលពីសប្តាហ៍មុន។
សេចក្តីប្រកាសបានបន្តថា៖
«លោកស្រីត្រូវទៅជំនួសតំណែងទំនេរ បន្ទាប់ពីលោកចៅក្រម Halim Dhanidina ត្រូវបានដំឡើងតំណែងជាចៅក្រមសាលាឧទ្ធរណ៍»។
លោកស្រី Jana M. Seng បានបំពេញការងារជាអនុប្រធានការិយាល័យមេធាវីការពារក្តីសាធារណៈក្នុងទីក្រុងឡូស អាន់ជឺឡេស តាំងពីឆ្នាំ២០១៦មក។ លោកស្រីបានធ្វើការជាអ្នកការពារក្តីដល់ជនក្រីក្រនៅទីក្រុងនេះតាំងពីឆ្នាំ២០០២ ដោយកាន់តំណែងផ្សេងៗជាច្រើន។ នេះបើតាមប្រវត្តិសង្ខេបដែលបានប្រកាសដោយគេហទំព័រខុទ្ទកាល័យលោកអភិបាលរដ្ឋ។
លោកស្រី Jana M. Seng ទទួលបានសញ្ញាប័ត្របណ្ឌិតច្បាប់ពីសាកលវិទ្យាល័យវ៉ាស៊ីនតោន និងបរិញ្ញាប័ត្រច្បាប់ពីសាកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ា ក្នុងទីក្រុងឡុងប៊ិច។ លោកស្រីជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សរបស់លោកអភិបាលរដ្ឋ Jerry Brown ដែលនឹងត្រូវផុតអាណត្តិនៅដំណាច់ឆ្នាំ២០១៨នេះ៕