ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អាហ្វ្រិកខាងត្បូង​​​​ថា ​អគ្គិភ័យ​​​​​​ក្នុង​អគារ​​មួយ​នៅ​ក្រុង Johannesburg ​បណ្តាល​​ឱ្យ​ស្លាប់​យ៉ាង​តិច​ ៧៣នាក់ ​ដែល​ច្រើន​នាក់​​ជា​ជន​គ្មាន​​ផ្ទះសម្បែង


មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​អគារ​ដែល​ត្រូវ​ភ្លើង​ឆេះ​ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ 2023។
មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​អគារ​ដែល​ត្រូវ​ភ្លើង​ឆេះ​ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ 2023។

សេវា​គ្រា​មាន​អាសន្នក្នុង​ក្រុង​ធំ​បំផុត​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូងបាន​និយាយ​ថា​ អគ្គិភ័យមួយ​នៅ​ពេល​យប់បាន​ឆេះ​ក្នុង​អគារ​មួយ​មាន​ប្រាំ​ជាន់​ក្នុង​ក្រុង Johannesburg ដែល​កាន់កាប់​ដោយក្រុម​ជន​គ្មានលំនៅឋាននិង​ពួក​មនុស្សទៅ​រស់​នៅ​ទី​នោះ​ដោយ​ខុស​ច្បាប់ បណ្តាល​ឱ្យ​មនុស្សយ៉ាង​តិច៧៣​នាក់​ស្លាប់​ ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

មន្ត្រីអាជ្ញាធរមូលដ្ឋាន​មួយ​រូប​បាន​និយាយថា​ មនុស្ស​ខ្លះ​រស់​នៅ​ក្នុង​អគារ​នោះ​បាន​លោត​តាម​បង្អួច​ដើម្បី​គេច​ចេញ​ពី​អគ្គិភ័យ​នោះ​ ហើយប្រហែល​បាន​ស្លាប់​នៅ​ពេល​នោះ។ ជន​៧នាក់ក្នុង​បណ្តា​ក្រុម​ជន​រង​គ្រោះ​ជា​កុមារ ដោយកុមារ​ក្មេង​ជាង​គេមាន​អាយុ​តែ​១ឆ្នាំ នេះបើ​តាមអ្នកនាំ​ពាក្យសេវា​គ្រា​មាន​អាសន្ន។​

ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​ថ្លែង​ថា​ អាច​មាន​មនុស្ស​រហូត​ដល់​២០០​នាក់​រស់នៅ​ក្នុង​អគារ​នោះ។

គេ​រំពឹង​ថា ​ក្រុម​អ្នកអ្នក​ជួយ​សង្គ្រោះ​នឹង​រក​ឃើញជន​រងគ្រោះ​ថែម​ទៀត​នៅ​ពេល​ពួក​គេ​រុក​រក​ក្នុង​អគារ​នោះ ដែល​មាន​ដំណើរការ​យឺត​ដោយសារ​ស្ថានភាព​នៅ​ក្នុង​ទីនោះ។ សាកសពមនុស្សរាប់​សិប​នាក់​ត្រូវ​បាន​គេ​តម្រៀប​តាម​ចិញ្ចើម​ថ្នល់​នៅ​ជិត​ទី​នោះ ដោយសាកសព​ខ្លះ​បាន​ត្រូវ​ដាក់​ក្នុង​ស្បោង​សព ហើយ​ខ្លះ​ទៀត​មាន​គ្រប​ដោយ​ផ្ទាំង​ក្រណាត់​ពណ៌ទឹកប្រាក់​និង​មាន​គ្រប​ភួយ។​

លោក Robert Mulaudzi អ្នកនាំពាក្យសេវា​គ្រា​អាសន្ននៃ​ក្រុង Johannesburg បាន​និយាយថា​មាន​មនុស្ស​៥២​នាក់​ទៀត​បាន​ត្រូវ​របួស​ក្នុង​អគ្គិភ័យ​នោះ ដែលបាន​កើតមាន​ឡើង​នៅ​ម៉ោង​១​ព្រឹក​នៅ​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង Johannesburg។​

តំបន់​នោះ​សម្បូរ​អគារ​ដែលត្រូវ​បោះបង់​និង​មាន​ការ​ខូចខាត ហើយ​ត្រូវ​បាន​ចូល​កាន់កាប់ដោយ​មនុស្សដែលស្វះស្វែង​រក​កន្លែង​រស់នៅ។​ អាជ្ញាធរក្រុង​ហៅ​អគារ​ទាំង​នោះ​ថា​ជា​«អគារត្រូវ​គេ​ប្លន់‍​យក»។​

លោក Mulaudzi ​ថ្លែង​ថា ចំនួន​មនុស្ស​ស្លាប់ទំនង​ជា​នឹង​កើន​ច្រើន​ថែមទៀត​ហើយសាកសព​ច្រើន​ទៀត​ទំនង​ជា​ជាប់​គាំង​ក្នុង​អគារ​នោះ។ លោក​បាននិយាយថា​ អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ក្នុង​ពេល​បីម៉ោង ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យបានទៅ​ដល់​តែជាន់​បី​ក្នុង​ចំណោម​ជាន់​ទាំងប្រាំរបស់​អគារ​នោះ​នៅត្រឹម​ពាក់​កណ្តាល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

XS
SM
MD
LG