ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង កំពុងរងគ្រោះដោយសារទឹកជំនន់ ដែលបណ្តាល
មកពីទឹកភ្លៀង គួបផ្សំនឹងការបើកទ្វារទឹកនៅទំនប់វារីអគ្គីសនីសេកុងរបស់
ប្រទេសលាវ។
ទឹកជំនន់ដ៏អាក្រក់ បានរាតត្បាតខេត្តស្ទឹងត្រែង ដែលបណ្តាលឱ្យអ្នកភូមិជិត
២០០គ្រួសារភៀសខ្លួនចេញពីផ្ទះសម្បែង និង បណ្តាលឱ្យផលដំណាំស្រូវ
របស់អ្នកភូមិរាប់រយហិកតា ត្រូវខូចខាត នេះបើតាមសម្តីរបស់ក្រុមមន្ត្រីខេត្ត
ស្ទឹងត្រែង ដែលថ្លែងនៅថ្ងៃពុធនេះ។
លោក ឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ទឹកជំនន់នេះ
បណ្តាលមកពីទឹកភ្លៀង គួបផ្សំនឹងការបើកទ្វារទឹកនៅទំនប់វារីអគ្គីសនីសេកុង
របស់ប្រទេសលាវ។
"យើងប្រកាសអាសន្នទូទាំងខេត្តតែម្តង "។
លោក ឡូយ សុផាត មានប្រសាសន៍ថា ក្នុងខេត្តស្ទឹងត្រែង គឺស្រុកសៀមប៉ាង
ត្រូវទទួលរង គ្រោះខ្លាំងជាងគេ គឺប្រជារាស្ត្រប្រមាណពីចន្លោះ ១៧០ គ្រួសារ
ទៅជិត ២០០ គ្រួសារ បាននាំគ្នាភៀស ខ្លួនទៅកាន់ទីទួលសុវត្ថិភាព ព្រោះក្នុង
ផ្ទះរបស់ពួកគេខ្លះ ទឹកជំនន់លិចជិតពីរម៉ែត្រឯណោះ។ បន្ទាប់ពីនោះ ស្រុក
សេសាន ក៏រងគ្រោះដោយសារទឹកជំនន់ខ្លាំងដែរ ។
លោក កែវ សុវណ្ណ អភិបាលស្រុកសេសាន បានឱ្យដឹងថា ក្នុងចំណោមឃុំចំនួន
៧ នៅក្នុង ស្រុកសេសាន មានឃុំចំនួន ៦ កំពុងរងគ្រោះដោយសារទឹកជំនន់
ហើយក្នុងនោះ គឺឃុំតាឡាត រងគ្រោះខ្លាំងជាងគេបំផុត ដោយសារទឹកជំនន់
ដោយបានបំផ្លាញអស់ផលដំណាំ ពិសេសដំណាំស្រូវ របស់អ្នកស្រុក ប្រហែល
ជា ៨០ ភាគរយនៃផលដំណាំដែលមានផ្ទៃដីទំហំ ៨៨៦ ហិកតា។
”ប៉ុន្តែយើងមានវិធានការរៀបខ្លួន គឺបានន័យថា យើងត្រៀមលក្ខណៈដើម្បី
ជម្លៀសប្រជាជនចេញ បើក្នុងករណីដែលទឹកវាឡើងខ្លាំង" ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមកាល
ពីថ្ងៃទី ២ ខែ សីហា បានឱ្យដឹងថា ខេត្តស្ទឹងត្រែងនៅពេលនោះ ទឹកមានកំពស់
៩, ១០ ម៉ែត្រ ក៏ប៉ុន្តែលោក ម៉ៅ ហាក់ ប្រធាននាយកដ្ឋានជលសាស្ត្រ និង
ឧត្តុនិយម នៃក្រសួងធនធានទឹកនិងឧត្តុនិយម បានបញ្ជាក់ថា កំពស់ទឹកឡើង
ដល់ ៩,៩៤ ម៉ែត្រ ក្នុងខេត្តស្ទឹងត្រែងនៅថ្ងៃពុធនេះ។
"ខ្ញ៉ុំអាចនិយាយថា តាមទន្លេ គឺតំបន់នៅទន្លេមេគង្គលើ តាមព្យាករណ៍ វាអាច
ខ្ពស់ កម្រិតដែលយើងត្រូវប្រុងប្រយ័ត្ន "។
ក្រសួងធនធានទឹកនិងឧត្តុនិយម កាលពីថ្ងៃទី ២ ខែសីហា បានព្រមានដល់
អាជ្ញាធរដែនដី និង ប្រជារាស្ត្រដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និង
ទន្លេបាសាក់ ជាពិសេសខេត្តស្ទឹងត្រែង ក្រចេះ និង កំពង់ចាម ឱ្យមានការប្រុង
ប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ និងប្រមូលកសិផលឱ្យបានរួសរាន់ ទាន់ពេល
វេលា។
នៅពេលនោះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានលើកឡើងថា ទោះបីជា
កំពស់ទឹកនៅគ្រប់បណ្តាស្ថានីយដែលទាបជាងកម្រិតកំពស់ប្រុងប្រយ័ត្នក្តី
ដោយយោងតាមការព្យាករណ៍កំពស់ទឹក នឹងកើនឡើងបន្តថែមទៀតក្នុងរយៈ
ពេល ៤ ទៅ ៥ ថ្ងៃខាងមុខ ហើយកំពស់ទឹកនៅខេត្តស្ទឹងត្រែង ក្រចេះ និង
កំពង់ចាម នឹងអាចឡើងខ្ពស់ជាងកម្រិតកំពស់ប្រុងប្រយ័ត្នទៅទៀត៕ ចប់