ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប​​បារម្ភ​ចំពោះ​ការ​គាប​សង្កត់​លើ​អតីត​សមាជិក​គណបក្ស​ប្រឆាំង


អតីតសមាជិក​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​តុលាការ​ខេត្ត ​កោះហៅ​ឲ្យ​បក​ស្រាយ​បំភ្លឺ​លើ​សកម្ម​ភាព​របស់​ខ្លួន​ដែល​បំពាន​លើ​សាលក្រម​របស់​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ កាលពី​ឆ្នាំ ២០១៧។
អតីតសមាជិក​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​តុលាការ​ខេត្ត ​កោះហៅ​ឲ្យ​បក​ស្រាយ​បំភ្លឺ​លើ​សកម្ម​ភាព​របស់​ខ្លួន​ដែល​បំពាន​លើ​សាលក្រម​របស់​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ កាលពី​ឆ្នាំ ២០១៧។

ការ​លើក​ឡើង​ពី​ការ​កង្វល់​នេះ​កើត​មាន​ឡើង​នៅ​ចំ​ពេល​ដែល​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​បន្ត​កោះហៅ​មន្ត្រី​គណបក្ស​ប្រឆាំង​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​សំណុំ​រឿង​បំពាន​សាល​ដីកា​តុលាការ​កំពូល​កម្ពុជា​ ដែល​រំលាយ​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​២០១៧​ និង​ហាម​មន្ត្រី​បក្សនេះ​ចំនួន​១១៨​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​៥ឆ្នាំ។

ការ​គាបសង្កត់​តាមផ្លូវ​តុលាការ​ និង​នគរបាល​លើ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​កាល​ពីឆ្នាំ​២០១៧​ បាន​បង្ក​ជា​ក្តីបារម្ភ​ដល់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ (អ.ស.ប)។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ការិយាល័យ​ឧត្តម​ស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សនៅ​កម្ពុជាដែល​ ​VOA​ បាន​ទទួល​កាល​ពី​ថ្ងៃ​ពុធ។

សេចក្តី​ប្រកាស​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ ទី​១៩ ខែ​មិថុនា​នេះ​របស់​ អ.ស.ប ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ​ ប្រទេស​ស្វ៊ីស​ បាន​ធ្វើ​ឡើង​ចំ​ពេល​សាលា​ដំបូង​ខេត្ត​បាត់​ដំបង និង​ខេត្ត​បន្ទាយ​មានជ័យ​ ​បន្ត​កោះហៅ​ឲ្យ​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿង​បំពាន​សាលដីកា​តុលាការ​កំពូល​ ​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិកាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

​សេចក្តី​ប្រកាស​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្សអង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​ថា យោង​តាម​ព័ត៌មាន​ដែល​ខ្លួន​ទទួល​បាន​ មាន​សមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ​ (CNRP)​ ​យ៉ាង​ហោច​ណាស់ ​១៤០នាក់​ ត្រូវ​បាន​អាជ្ញាធរ​ចោទ​សួរ​ កោះហៅ​ ឬ​ឃុំ​ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​ និង​ការ​អត្ថា​ធិប្បាយ​គាំទ្រ​អតីត​មេដឹកនាំ​ទាំង​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ កឹម សុខា​ និង​លោក​ សម រង្ស៊ី​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលត្រូវ​បាន​តុលាការ​រំលាយ​ហើយ​នោះ។​ បុគ្គល​មួយ​ចំនួន​ខាង​លើ​នោះ បាន​បង្ហោះ​វីដេអូ​អំពី​ការ​ប្រមូល​ផ្តុំ​ និង​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​លោក ​កឹម សុខា​ និងលោក​ សម រង្ស៊ី​ តាម​ហ្វេសប៊ុក។

សេចក្តី​ប្រកាស​បាន​ស្រង់​សម្តី​ក្រុម​អ្នក​ជំនាញ​ក្នុង​ន័យ​ដើម​ថា៖​

«យើង​មាន​កង្វល់​អំពី​ការ​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ ដើម្បី​ដាក់​គោល​ដៅ​ទៅ​លើ​ការ​និយាយ​ស្តី​ដោយ​សេរី​ ទាំង​តាម​អូហ្វឡាញ​ [offline] ទាំង​តាម​អនឡាញ [online]»។

ក្រុម​អ្នក​ជំនាញ​បន្ត​ថា៖​

«ការ​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ត្រូវ​តែ​មាន​ដែន​កំណត់​និង​ត្រូវ​បាន​កំណត់​ន័យ​ឲ្យ​បាន​ច្បាស់​លាស់​ ហើយ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ដល់​អ្នកដឹកនាំ​នយោបាយ​មិន​ស្ថិត​ក្នុង​ដែន​កំណត់​ដែល​អនុញ្ញាត​នោះ​ឡើយ»។

ក្រុម​អ្នក​ជំនាញ​បាន​អះអាង​ថា​ ក្នុង​សំណុំ​រឿង​រំលោភ​បំពាន​សាលដីកា​តុលាការ​កំពូល​នោះ​ ខាង​ភាគី​តុលាការ​កម្ពុជា​ដែល​បាន​កោះហៅ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ជា​បន្តបន្ទាប់​មក​នោះ មិន​បានបញ្ជាក់​ច្បាស់​ពី​លក្ខណៈ​នៃ​ការ​រំលោភ​បំពាន​ដែល​បាន​ចោទ​នោះ​ទេ។ ក្រុម​អ្នក​ជំនាញ​បន្ថែម​ថា​ មេធាវី​ការពារ​ក្តី​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ថត​ចម្លង​ឯកសារ​ណាមួយ​នៅ​ក្នុង​សំណុំ​រឿង​ ដើម្បី​ការពារ​ឲ្យ​បាន​គ្រប់​គ្រាន់​ទាន់​ពេល​វេលា​នោះ​ឡើយ។

លោក​ ឌឹម សារឿន​ វ័យ​៤៦​ឆ្នាំ​ សមាជិក​ក្រុមប្រឹក្សា​អតីត​គណបក្ស​ប្រឆាំង​នៅខេត្ត​បាត់ដំបង​ បាន​ចាត់​ទុក​ការ​កោះហៅ​របស់​តុលាការ​ថា​ ជា​រឿង​នយោបាយ។

«ខ្ញុំ​គិត​ថា​ គាត់​ហៅ​ខ្ញុំ​ហ្នឹង​ គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ ដោយ​សារ​ខ្ញុំ​ក្លាយ​ជា​ប្រជាពលរដ្ឋ​ធម្មតា​ហើយ​ រឿង​អី​ក៏​ខ្ញុំ​មាន​អំណាច​ មាន​តួនាទី​អី​ទៅ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ នោះ។​ ហើយ​បើ​ខ្ញុំ​ជួប​ជុំ​គ្នា​ ហូប​នុំបញ្ចុក​ ឬក៏​និយាយ​រឿង​នឹក​រឭក​ ប្រធាន​ សម​ រង្ស៊ី​ ប្រធាន ​កឹម​ សុខា​ តើ​ខ្ញុំ​មាន​អី​ខុស»?

លោក​អះអាងថា​ មុន​ពេល​តុលាការ​កោះហៅ​រូបលោក​នោះ​ លោក​ត្រូវ​បាន​អភិបាល​រង​ខេត្ត​បាត់​ដំបង​មួយ​រូប​ ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​លោក​ចួលរួម​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ រហូតមកដល់​ពេល​នេះ​ អាជ្ញាធរ​មូលដ្ឋាន​បាន​បន្ត​ឃ្លាំមើល​រូបលោក​ ទាំង​ក្នុងការ​ធ្វើដំណើរ​ ឬ​ក៏​ការជួយ​ប្រពន្ធ​លោក​ក្នុងការ​លក់​ដូរ។

យ៉ាងណា​ក៏ដោយ​ លោក​ថា​ លោក​នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅថ្ងៃ​ទី២១​ ខែ​មិថុនា​ខាង​មុខ​នេះ បើ​ទោះបី​ក្នុង​ដីកា​កោះ​ហៅ​បាន​សរសេរ​ខុស​ទាំង​អាយុ​របស់​លោក​ថា​ ៥៦​ឆ្នាំ ក៏ដោយ។

ចំណែក​លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ យល់ថា​ អាជ្ញាធរ​កម្ពុជា​កំពុងបង្ហាញ​កាយវិការគឃ្លើន​នឹង​ការ​ឃ្លាំមើល​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ និង​ការ​តាម​ដាន​របស់​សហភាព​អឺរ៉ុប​ចំពោះ​ស្ថានការណ៍​សិទ្ធិមនុស្ស​ ដែល​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ដែល​កម្ពុជា​ទទួល​បាន​នោះ។

«ខ្ញុំគិតថា​ ​អា​ការ​កោះ​ហៅ​ឡើងវិញ​ជា​បន្ត​បន្ទាប់​នេះ​ វា​ជា​រឿង​មួយ​ទៀត​ដែល​យើង​មើល​ទៅ​ហាក់​បី​ដូច​ជា​ ការ​ផ្គើន​ជាមួយ​នឹង​សហគមន៍អឺរ៉ុប​ ដែល​គេ​បាន​ចុះ​មក​ស្វែង​រក​ការណ៍​ពិត​ជា​លើក​ទី​ពីរ​ ហើយ​ក្នុង​ហ្នឹង​ក៏​ទាម​ទារ​ឲ្យ​បញ្ឈប់​រាល់​លក្ខខណ្ឌ​ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង ​ហើយ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឬ​ការ​ស្តារ​ឡើង​វិញ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ហ្នឹង»។

VOA​ មិន​ទាន់​អាចសុំការ​អធិប្បាយ​ពី​លោក ​ហេង លុយ​ ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង ​និង​លោក​ សុក កែវបណ្ឌិត​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយ​មានជ័យ​បាន​ទេ​ ​នៅ​ថ្ងៃ​ពុធ​នេះ។​ លោក ​សុក កែវបណ្ឌិត​ ​បាន​កោះហៅ​លោក​ ទួត​ វាសនា ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ​និង​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្តី​សម្រេចរបស់​តុលាការ​នៅ​ថ្ងៃទី១០​ ខែ​កក្កដា​ខាង​មុខ​នេះ។

តាម​ការ​បញ្ជាក់​របស់​លោក​ អំ​ សំអាត​ រហូត​មកដល់​ពេល​នេះ​ មាន​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ១៥៦​នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ និង​តុលាការ​កោះហៅ​ ក្នុង​សំណុំ​រឿង​បំពាន​សាលដីកា​តុលាការ​កំពូល​នេះ។

កាលពី​ដើម​ខែ​មិថុនា​នេះ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​បង្ក្រាប​ដែល​ធ្វើ​ឡើង​ជា​ថ្មីទៀត ប្រឆាំង​នឹង​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៧។

ការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ឡើង​ នៅចំ​ពេល​ក្រុម​មន្ត្រី​របស់​សហ​ភាព​អឺរ៉ុប​បាន​ផ្តើម​បេសកកម្ម​ស្វែង​រក​ការណ៍​ពិត​ជា​ថ្មី​ទៀត​ ដើម្បី​វាយតម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដែល​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ទទួល​បាន​ការ​អនុគ្រោះ​ខាង​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​ ក្រោម​កម្មវិធី​ «អ្វីៗ​ទាំង​អស់​លើកលែង​តែ​អាវុធ»​ ឬ​ហៅថា​ EBA។

ក្រុម​មន្ត្រី​របស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ និង​កិច្ចការ​បរទេស​ដែល​បាន​បិទ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​កាលពី​សប្តាហ៍​មុន​នោះ​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា៖

«ប្រទេស​កម្ពុជា​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជាក់​ស្តែង​ និង​គួរ​ឲ្យ​ជឿជាក់​បាន​ចំពោះ​បញ្ហា​ដែល​ជា​ការ​បារម្ភ​ ដើម្បី​បញ្ចៀស​ពី​ការ​ដក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​នេះ»៕

XS
SM
MD
LG