ជ័យជម្នះរបស់គណបក្សចម្រុះនៅក្នុងការបោះឆ្នោតដណ្តើមយកអាសនៈនៅព្រឹទ្ធសភា កាលពីដើមសប្តាហ៍នេះ នឹងពង្រឹងវិសាលភាពរបស់លោកប្រធានាធិបតី Duterte ដើម្បីបន្តទៅមុខនូវយុទ្ធនាការប្រឆាំងការជួញដូរគ្រឿងញៀន កសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនៅតំបន់ក្រីក្រ និងពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន មុនចុងអាណត្តិរបស់លោកនៅក្នុងឆ្នាំ ២០២២។
បេក្ខជនឈ្នះឆ្នោត ៩ នាក់ក្នុងចំណោម ១២ នាក់នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា គឺជាអ្នកគាំទ្រលោក Duterte ដែលលោកកំពុងស្ថិតនៅពាក់កណ្តាលនៃអាណត្តិប្រធានាធិបតីដែលមានរយៈពេល ៦ ឆ្នាំ នេះបើយោងតាមការបូកសរុបលទ្ធផលមិនផ្លូវការរបស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលបានចេញផ្សាយបន្ទាប់ពីការរាប់សន្លឹកឆ្នោតពេញមួយយប់។ ក្រុមឯករាជ្យបានឈ្នះអាសនៈចំនួន ៣ ផ្សេងទៀត ហើយក្រុមប្លុកប្រឆាំងមិនទទួលបានអាសនៈអ្វីនោះទេ។
ការប្រកួតប្រជែងដណ្តើមអាសនៈក្នុងចំណោមបេក្ខជន ៦២ នាក់ត្រូវបានគេមើលឃើញថា ជាការបោះឆ្នោតសភាជាតិពាក់កណ្តាលអាណត្តិដែលបង្ហាញពីប្រជាប្រិយភាពលោក Duterte។
លោក Antonio Contreras ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ De La Salle នៅប្រទេសហ្វីលីពីនបានថ្លែងថា៖
«និយាយទៅការបោះឆ្នោតបង្ហាញឲ្យឃើញថា តើអ្នកណាគាំទ្រលោក និងថាតើអ្នកណាប្រឆាំងនឹងលោក Duterte»។
លោកបានហៅលទ្ធផលនេះថាជាការធ្វើប្រជាមតិចំពោះការបំពេញមុខងារជាប្រធានាធិបតីមកដល់បច្ចុប្បន្នរបស់លោក Duterte។
លោក Ramon Casiple នាយកប្រតិបត្តិរបស់វិទ្យាស្ថានសម្រាប់កំណែទម្រង់នយោបាយនិងការបោះឆ្នោតដែលជាអង្គការតស៊ូមតិនៅក្នុងតំបន់ Metro Manila នៅក្នុងប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតនេះនឹងផ្តល់ភាពជឿជាក់ដល់លោក Duterte ដើម្បីបញ្ចប់របៀបវារៈនយោបាយរបស់លោក។
របៀបវារៈរបស់លោក លោក Duterte
រដ្ឋាភិបាលលោក Duterte សង្ឃឹមថានឹងចូលរួមជាមួយប្រទេសចិនក្នុងការជីករុករកប្រេងកាតនិងថាមពលឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់ដែលប្រទេសចិននិងហ្វីលីពីនចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួន។
ជម្លោះអធិបតេយ្យភាពនៃដែនដីសមុទ្ររវាងប្រទេសទាំងពីរបានជំរុញឲ្យប្រធានាធិបតីមុនលោក Duterte ដាក់ពាក្យប្តឹង និងបានឈ្នះនៅក្នុងសំណុំរឿងក្តីប្រឆាំងនឹងប្រទេសចិន នៅឯតុលាការជំនុំជម្រះពិភពលោកកាលពីឆ្នាំ ២០១៦។ លោក Duterte បានទុកជម្លោះនេះមួយឡែក បើទោះបីជានាវាចិនដែលបានគាំទ្រដោយកម្លាំងយោធាដ៏ខ្លាំងទី ៣ របស់ពិភពលោក កំពុងកាន់កាប់តំបន់ថ្មប៉ប្រះទឹកដ៏ចម្រូងចម្រាស់មួយកន្លែងនៅជិតកោះ Luzon យ៉ាងណាក៏ដោយ។
ទោះបីជាយ៉ាងណា កាលពីឆ្នាំ ២០១៦ ប្រទេសចិនបានសន្យាផ្តល់ទឹកប្រាក់ចំនួន ២៤ ពាន់លានដុល្លារ ជាជំនួយនិងការវិនិយោគទុនដល់ទៅប្រទេសហ្វីលីពីន និងបានប្តេជ្ញាប្រើប្រាស់ពាក់កណ្តាលនៃទឹកប្រាក់នោះសម្រាប់គម្រោងជាក់លាក់ កាលពីខែមេសា។ ផ្នែកខ្លះនៃជំនួយនេះនឹងចូលទៅក្នុងគម្រោងទឹកប្រាក់ ១៦៩ ពាន់លានដុល្លាររបស់លោក Duterte ដែលជាគម្រោងជួសជុលរយៈពេល ៥ ឆ្នាំលើហេដ្ឋារចនាសម្ព័ន្ធ ដែលហួសសម័យនិងទ្រុឌទ្រោមនៅជុំវិញប្រជុំកោះហ្វីលីពីន។
លោកប្រធានាធិបតី Duterte ត្រូវបានគេរំពឹងថានឹងបន្តយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន បើទោះជាមានការប៉ាន់ស្មានពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា មានមនុស្សស្លាប់ចំនួន ៥០០០ នាក់ដែលអ្នកស្លាប់ជាច្រើនជាជនសង្ស័យជួញដូរគ្រឿងញៀន ដែលត្រូវបានបាញ់សម្លាប់ក្នុងការវាយប្រហាររបស់ប៉ូលីស។
លោក Duterte បានបញ្ជាឲ្យប៉ូលិសប្រើការអត់ធ្មត់ឲ្យបានច្រើន បន្ទាប់ពីមានបាតុកម្មសាធារណៈជាច្រើនកាលពីឆ្នាំ ២០១៧ ប្រឆាំងទៅនឹងការសម្លាប់យុវជន។
លោក Duterte ក៏កំពុងបន្តការកែទម្រង់ពន្ធដែលដល់ពេលកំណត់ ដើម្បីកាត់បន្ថយភាពក្រីក្រមកត្រឹម ១៤ ភាគរយនៃចំនួនប្រជាជន ១០៥ លាននាក់ត្រឹមឆ្នាំ ២០២២ ដែលនឹងធ្លាក់ចុះពីប្រហែលជា ២២ ភាគរយនៅកម្រិតបច្ចុប្បន្ន។
លោក Casiple បានថ្លែងថា លោក Duterte ត្រូវការការគាំទ្រ ៥០ ទៅ ៧៥ ភាគរយនៃសមាជិកព្រឹទ្ធសភា ២៤ នាក់ដើម្បីអនុម័តគម្រោងច្បាប់មួយចំនួន ជាពិសេសបទដ្ឋានកំណែទម្រង់ពន្ធដ៏ល្អ។ ព្រឹទ្ធសភាដែលប្រឆាំងនឹងលោក Duterte អាចបដិសេធគម្រោងច្បាប់ទាំងនោះពីរដ្ឋាភិបាលលោក Duterte ឬក៏ចាប់ផ្តើមច្បាប់របស់ពួកគេ។
ស្ថិរភាពសេដ្ឋកិច្ច
អ្នកបោះឆ្នោតនៅតំបន់ Metro Manila បាននិយាយកាលពីថ្ងៃចន្ទថា ការគ្រប់គ្រងរបស់លោក Duterte បាននាំឲ្យមានភូមិឃុំស្អាតស្អំ និងមិនមានគ្រឿងញៀនល្អជាងមុន និងការប្រសើរឡើងនៃសេដ្ឋកិច្ចទាំងមូល។
អតិផរណា ៦,៧ ភាគរយដែលបានធ្វើទុក្ខដល់អ្នកប្រើប្រាស់ទំនិញកាលពីខែកញ្ញា និងតុលា កាលពីឆ្នាំមុន បានធ្លាក់ចុះមកត្រឹម ៣.៣ ភាគរយនៅក្នុងខែមីនាឆ្នាំនេះ។ ជារួម កំណើនសេដ្ឋកិច្ចបានកើនឡើងដល់ ៦,២ ភាគរយនៅក្នុងឆ្នាំ ២០១៨។
លោកស្រី May Isabela De La Pena ដែលជាអ្នកបោះឆ្នោតម្នាក់វ័យ ៤៥ ឆ្នាំម្នាក់ និងជាសមាជិកនៃក្រុមប្រឹក្សាសង្កាត់មួយបាននិយាយថា នៅឯទីក្រុង Pasay ដែលជាកន្លែងសម្បូរទៅដោយសណ្ឋាគារនិងផ្សារទំនើបនៅក្នុងតំបន់ Metro Manila ប្រជាពលរដ្ឋកំពុងទទួលបានមូលនិធិជាច្រើនសម្រាប់ការថែទាំសុខភាព ខណៈពេលដែលសិស្សានុសិស្សកំពុងទទួលបានថវិកាជាច្រើនសម្រាប់ការសិក្សា។
លោកស្រី May Isabela De La Pena បាននិយាយនៅឯសាលាបឋមសិក្សាដ៏កុះករមួយកន្លែងដែលមនុស្សរាប់ពាន់នាក់ត្រូវបានគេរំពឹងថា នឹងចេញទៅចូលរួមការបោះឆ្នោតដែលមានរយៈពេល ១២ម៉ោងថា៖
«មានអាគារថ្មី ការងារជាច្រើន ក្មេងៗដែលជាកូនសិស្សរបស់យើង ពួកគេមានប្រាក់ឧបត្ថម្ភជារៀងរាល់ខែនិងជំនួយផ្នែកសុខាភិបាលមកពីទីក្រុង»។
ការប្រឆាំងដ៏ខ្សោយ
ការវាយតម្លៃទៅលើការពេញចិត្តរបស់សាធារណជនចំពោះលោក Duterte បានកើនឡើងដល់ ៧៩ ភាគរយនៅត្រីមាសដំបូងក្នុងឆ្នាំ ២០១៩ ពី ៧០ ភាគរយនៅខែកញ្ញា និង ៧៤ ភាគរយនៅខែធ្នូ កាលពីឆ្នាំ ២០១៨ កន្លងទៅ។
អ្នកជំនាញខាងនយោបាយជាច្រើននាក់បានឲ្យដឹងថា បើទោះជាមានការប្រឆាំងពីក្រុមអ្នកសិក្សានិងយោធាយ៉ាងណាក៏ដោយក្តី ចំណងមិត្តភាព ៣ ឆ្នាំរបស់លោក Duterte ជាមួយនឹងប្រទេសចិនមិនរំខានប្រជាជនហ្វីលីពីនភាគច្រើននោះទេ។ ឃាតកម្មប្រឆាំងនឹងគ្រឿងញៀននៅតែជាបញ្ហាសម្រាប់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងនិងក្រៅប្រទេសហ្វីលីពីន ប៉ុន្តែប្រជាជនធម្មតាបាននិយាយថា ការបង្ក្រាបនេះបានធ្វើឲ្យភូមិឃុំរបស់ពួកគេមានសុវត្ថិភាពនៅពេលយប់ជាងមុន។
ក្រុមបេក្ខជនសភាដែលមកពីខាងបក្សប្រឆាំងបានរិះគន់លោក Duterte ពីទំនាក់ទំនងជាមួយប្រទេសចិន និងបញ្ហាគ្រឿងញៀន។
លោក Eduardo Araral ជនជាតិដើមហ្វីលីពីននិងជាសាស្រ្តាចារ្យនៅសាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសាំងហ្គាពួរ បានប្រាប់ឲ្យដឹងថា៖
«ក្រុមបក្សប្រឆាំងមិនធ្វើការយ៉ាងល្អនោះទេ ក្នុងការបង្ហាញខ្លួនរបស់ពួកគេដោយស្មោះត្រង់។ ពួកគេបានប្រើប្រាស់បញ្ហាចិន និងគ្រឿងញៀន តែបញ្ហាទាំងអស់នោះមិនមានផលប៉ះពាល់អ្វីដល់លោក Duterte នោះទេ។
បេក្ខជនប្រកួតប្រជែងយកអាសនៈនៅក្នុងសភាតំណាងរាស្ត្រដែលគាំទ្រលោក Duterte ត្រូវបានគេរំពឹងថានឹងរក្សាសំឡេងភាគច្រើននៅពេលបោះឆ្នោត កាលពីថ្ងៃចន្ទកន្លងទៅនេះ។ ក្រុមចម្រុះឥឡូវនេះគ្រប់គ្រង ២៤៥ ក្នុងចំណោម ២៩៧ អាសនៈនៃសភាតំណាងរាស្ត្រ។
តាមច្បាប់ ប្រធានាធិបតីនៃប្រទេសហ្វីលីពីនអាចកាន់តំណែងបានតែមួយអាណត្តិដែលមានរយៈពេល ៦ ឆ្នាំប៉ុណ្ណោះ៕
ប្រែសម្រួលដោយ លី វួចនា