ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរនៅទីក្រុងឡូវែលមានមោទនភាពផង បារម្ភផងទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាក្រុងឡូវែល កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ មានមោទនភាព ព្រោះនេះជាលើកដំបូងហើយ ដែលបេក្ខជនដើមកំណើតខ្មែរពីរនាក់បានជាប់ឆ្នោតជាក្រុមប្រឹក្សាក្រុងដែលមាន៩នាក់។ មានក្តីបារម្ភព្រោះខ្លាចឥទ្ធិពលនយោបាយប្រទេសកំណើតមកលើសហគមន៍ខ្មែរនៅទីក្រុងនេះ។
លោកយ៉ែម រដ្ឋា ជាសមាជិកគណៈកម្មការគ្រប់គ្រងការបោះឆ្នោតក្រុងឡូវែល ឲ្យដឹងនៅពេលប្រកាសលទ្ធផលបឋមថា លោក នួន វាសនា ជាប់លំដាប់លេខ២ និងលោកចូវ សុខារី ជាប់លេខ៥។
«បាទ ដូច្នេះនេះគឺជាមោទនភាពដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងក្រុងឡូវែល។ ឥឡូវនេះយើងមានបេក្ខជនខ្មែរដល់ទៅ២នាក់ក្នុងក្រុមប្រឹក្សាក្រុងទាំង៩។បាទ គឺប្រជាពលរដ្ឋខ្មែរយើងចាប់ផ្តើមយល់អំពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសឲ្យមានអ្នកតំណាងយើង ទោះបើសិនជាមាននិន្នាការផ្សេងៗ ខុសគ្នាយ៉ាងម៉េចក៏ដោយ ប៉ុន្តែយើងរាប់សំខាន់ថា ជាជនជាតិខ្មែរយើង សម្រាប់ឲ្យយើងមានមោទនភាព»។
លោក យ៉ែម រដ្ឋា បានរំឭកប្រាប់វីអូអេថា កន្លងមកសមាជិកក្រុមប្រឹក្សាដែលមានអាណត្តិពីរឆ្នាំនេះមានក្រុមប្រឹក្សាដើមកំណើតខ្មែរតែម្នាក់ប៉ុណ្ណោះគឺលោកអ៊ុង រិទ្ធី ដែលជាប់ឆ្នោតដំបូងគេក្នុងឆ្នាំ១៩៩៩។ លុះដល់ឆ្នាំ២០១៧ ទើបលោកនួន វាសនាជាប់ឆ្នោតលំដាប់លេខមួយក្លាយជាអភិបាលរងក្រុងឡូវែល។
មោទនភាពនេះ គឺជាលទ្ធផលនៃការប្រឹងប្រែងរបស់សមាគមន៍ខ្មែរ សកម្មជនសិទ្ធិមនុស្សប្រជាធិបតេយ្យ បណ្តាញគណបក្សនយោបាយនៅប្រទេសកំណើត កម្មវិធីវិទ្យុទូរទស្សន៍បន្ថែមពីលើការពន្យល់ណែនាំរបស់គណៈកម្មការគ្រប់គ្រងការបោះឆ្នោត។
ប៉ុន្តែអត្រាពលរដ្ឋខ្មែរអាមេរិកាំងនៅក្រុងឡូវែលចេញមកបោះឆ្នោតប្រមាណ២០០០នាក់ គឺជាង៣៥% ក្នុងចំណោមពួកគាត់ដែលបានចុះឈ្មោះជាង៧០០០នាក់។
អ្នកស្រី វឺក សារ៉េត មិនធ្លាប់បានបោះឆ្នោតទេ តាំងពីអ្នកស្រីមករស់នៅស.រ.អា.កាលពីឆ្នាំ១៩៨៤។
«ប៉ុន្តែថ្ងៃនេះគេថា គេកំពុងតែបោះឆ្នោត។ ថ្ងៃនេះណា៎! ចំថ្ងៃហ្នឹងហ្មង បោះឆ្នោត។ មិនដឹងបោះឆ្នោតអីទេ ខ្ញុំមិនដឹងទេ។ ខ្ញុំអត់ដឹងបោះឆ្នោតអីផង! ដូចថា ខ្ញុំនេះហ្នឹង ខ្ញុំចង់បោះឆ្នោតនឹងទេដែរ ឲ្យមានឈ្មោះក្នុងសង្គមនឹងគេដែរដូចថា ឲ្យមានឈ្មោះក្នុងសង្គមនឹងគេដែរទៅណា៎»។
អ្នកស្រីមិនអាចបោះឆ្នោត ព្រោះមិនបានចុះឈ្មោះ។ អ្នកស្រីចង់ចុះឈ្មោះ ហើយបោះឆ្នោតតែម្តង ប៉ុន្តែហួសពេលទៅហើយព្រោះការចុះឈ្មោះបោះឆ្នោតបានចប់តាំងពីខែកញ្ញា។
អ្នកស្រី គង់ សុឃឿត ដែលគាំទ្រលោកនួន វាសនា ថ្លែងថា អ្នកស្រីច្រើនជួយរំឭកអ្នកស្គាល់គ្នាឲ្យចូលរួមចុះឈ្មោះនឹងបោះឆ្នោត។
«ចា៎ ខ្ញុំតែងនិយាយដែរថា ពេលមានការបោះឆ្នោតហ្នឹង ខ្ញុំច្រើនតែអំពាវនាវឲ្យចូលបោះឆ្នោតរួមគ្នានៅក្រុងឡូវែល។ ចា៎ ខ្ញុំនិយាយដែរមុននឹងមកបោះឆ្នោតថ្ងៃណេះ»។
មានមូលហេតុច្រើនដែលពលរដ្ឋខ្មែរអាមេរិកាំងចេញមកបោះឆ្នោតតិចតួច ដូចជារវល់ធ្វើការ មិនទាន់មានសញ្ជាតិ មិនដឹង ឬមិនសូវយល់ពីដំណើរការបោះឆ្នោត និងបញ្ហាជីវភាពជាដើម។ ប៉ុន្តែបេក្ខជន និងសកម្មជនដែលជំរុញការបោះឆ្នោតយល់ថា ការលើកឡើងទាំងនេះមានចរិតជាលេសជាជាងហេតុផល ព្រោះមានការពន្យល់រំឭកពីសមាគមន៍ ពីកម្មវិធីវិទ្យុ ទូរទស្សន៍ និងពីបេក្ខជនច្រើនឆ្នាំមកហើយ។
លោក អ៊ឹង ដារារិទ្ធ អតីតប៉ូលិសដែលចូលរួមសកម្មក្នុងការឃោសនាបោះឆ្នោតប្រាប់វីអូអេថា ករណីដូចអ្នកស្រី រ៉េត សាវឺក មានច្រើន។ ហេតុផលគឺមិនសូវយកចិត្តទុកដាក់ទេ គិតតែពីប្រយោជន៍បុគ្គលជាជាងប្រយោជន៍សង្គម។
«បើយើងមិនចូលសញ្ជាតិ យើងមិនអាចបោះឆ្នោតបានទេ។ យើងចូលសញ្ជាតិហើយ យើងមកចុះឈ្មោះបោះឆ្នោត ហើយអាចមកបោះឆ្នោតបាន។ ប៉ុន្តែភាគច្រើន ខ្មែរយើងចូលសញ្ជាតិមិនមែនមានគោលបំណងមកបោះឆ្នោតទេ។ មតិភាគច្រើន ចូលសញ្ជាតិហ្នឹង ដោយសារចង់យកផលប្រយោជន៍ខ្លួន ក្រុមគ្រួសារខ្លួនទេ ដូចថា ធានាបងប្អូនមកពីស្រុកខែ្មរ ធានាប្រពន្ធមកពីស្រុកខែ្មរ»។
ស្រដៀងគ្នានេះដែរ លោក ហ៊ុយ សាកៀល ឆ្ងល់ថា ខ្មែរប្រមាណជិត៤ម៉ឺននៅទីក្រុងឡូវែល ចូលសញ្ជាតិបានតែជាង១ម៉ឺន៥ពាន់នាក់។ ហើយបានមកបោះឆ្នោតតែជាង២០០០នាក់ប៉ុណ្ណោះ។
«ពីមួយអាណត្តិទៅមួយអាណត្តិ ខ្ញុំនៅតែឆ្ងល់ហ្នឹង! ហេតុអីបានគាត់ចុះឈ្មោះហើយមិនព្រមមក[បោះឆ្នោត]»?
លោកអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងនៅទីក្រុងឡូវែល និងនៅគ្រប់រដ្ឋទាំងអស់សូមចូលសញ្ញាតិ ចុះឈ្មោះបោះឆ្នោត។
លោករំឭកថា ជនជាតិខ្មែរដែលរដ្ឋាភិបាលស.រ.អា.បញ្ជូនទៅប្រទេសកម្ពុជាវិញ គឺដោយសារមិនមានសញ្ជាតិ៕