នាថ្ងៃព្រហស្បតិ៍នេះ អ្នកនយោបាយខ្មែរនៅកម្ពុជាភាគច្រើន បានសម្ដែងការគាំទ្របេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clintonជាជាងបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump ដោយសាតែភាពចាស់ទុំផ្នែកនយោបាយ និងគោលនយោបាយអន្តរជាតិដ៏ម៉ឺងម៉ាត់របស់លោកស្រីគ្លីនតុន។ ប៉ុន្តែ លោកយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញយោបល់ផ្ទុយពីគេ ដោយគាំទ្រលោក Trump ទៅវិញ។
ការលើកឡើងរបស់អ្នកនយោបាយក្នុងប្រទេសកម្ពុជាដែលតាមដានការវិវត្តន៍ថ្មីៗនៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក គឺធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតជាតិអាមេរិកនាដើមសប្ដាហ៍ខាងមុខ។
លោក អេង ឆៃអ៊ាង អ្នកនយោបាយជើងចាស់ និងជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើការតាមដានយ៉ាងដិតចំពោះការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានប្រាប់ VOA ថា សម្រាប់រូបលោកផ្ទាល់ លោកគាំទ្រលោកស្រី Hillary Clinton ដែលប្រកាន់យកគោលនយោបាយប្រជាធិបតី និងមានភាពនឹងធឹង ជាងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donal Trump ដែល«ប្រើប្រាស់អារម្មណ៍»ក្នុងការសម្រេចគោលនយោបាយរបស់ខ្លួន។
«ខ្ញុំអត់ចូលចិត្ត Donal Trump និយាយតាមត្រង់។ គាត់ហាក់បីដូចជាអ្នកនយោបាយប្រើអារម្មណ៍ច្រើនជាងគិត។ បើអ្នកនយោបាយ យើងកត់សម្គាល់ទៅឃើញថា អ្នកនយោបាយប្រើអារម្មណ៍ពេលដឹកនាំទៅគឺអាចយកអារម្មណ៍មកប្រើដែរ ហើយអាចធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈច្រើន។ ហើយដល់សហរដ្ឋអាមេរិកនេះគឺជាមហាអំណាចមួយមិនមែនត្រឹមតែសហរដ្ឋអាមេរិកមួយទេ វាហាក់ដូចជាពិភពលោកទាំងមូលផងដែរ»។
លោក អេង ឆៃអ៊ាង ក៏បានកត់សម្គាល់ផងដែរថា ក្នុងការឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងអាណត្តិនេះគឺមានការប្រើប្រាស់ពាក្យសម្ដីវាយប្រហារគ្នាខ្លាំងៗទៅលើឯកជនភាពគ្នាទៅវិញទៅមករវាងបេក្ខជនប្រកួតប្រជែង។
លើសពីនេះទៀត គណបក្សសាធារណរដ្ឋហាក់ដូចជាមានមតិផ្ទុយគ្នាក្នុងការគាំទ្រគោលនយោបាយការបរទេសរបស់លោក Donal Trump ជាពិសេសទាក់ទិននិងជនអន្តោប្រវេសន៍ និងការសាងសង់របងខ័ណ្ឌចែកសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។
សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនាថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ។
ការប្រជែង និងវាយប្រហារពាក្យសម្ដីរវាងបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Hillary Clinton និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump នៅបន្តឡើងកម្ដៅ ជាពិសេសក្រោយពេលការចេញផ្សាយវីដេអូរបស់លោក Donald Trump និយាយម៉ាក់ងាយស្ត្រីមួយរូប និងការបើកការស៊ើបអង្កេតលើកទីពីររបស់ទីភ្នាក់ងារស៊ើបអង្កេត FBI លើការប្រើប្រាស់អ៊ីមែលឯកជនរបស់លោកស្រី Hillary Clinton កាលពីសប្ដាហ៍មុន។
បើទោះជាមានការស៊ើបអង្កេតថ្មីមួយទៀតរបស់ FBI ទាក់ទិននិងការប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួនពេលដែលលោកស្រី Hillary Clinton នៅជារដ្ឋមន្ត្រីការបរទេសអាមេរិកយ៉ាងណាក៏ដោយ ក៏លោក ញ៉ែប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានតាមដានការប្រកួតប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក យល់ថា លោកស្រី Hillary Clinton នៅតែជាបេក្ខជនដែលមានឥទ្ធិពល និងមានគោលនយោបាយការបរទេស។
«វិភាគមើលទៅឃើញទេណា Candidates ទាំងពីរហ្នឹង ខ្ញុំឃើញបទពិសោធន៍ Quality Hillary Clinton ចំពោះខ្ញុំឃើញ Hillary គាត់មាន confidence (ទំនុកចិត្ត) ច្រើនជាង។ ហើយ foreign policy (គោលនយោបាយការបរទេស) របស់គាត់ ក៏មិនខុសពី Obama ប៉ុន្មានដែរ។ ខ្ញុំមើលឃើញអ៊ីចឹង។ ម្ល៉ោះហើយ ត្រាំ foreign policy (នយោបាយការបរទេស) គាត់ ខ្ញុំមើលឃើញដូចជាក្តៅបន្តិចទូលំទូលាយ គ្មានព្រំដែន ជាពិសេស immigration (ចំណាកស្រុក) ទៀត អាហ្នឹងវាប៉ះពាល់ខ្លាំងមែនទែនក្នុងស្រុក»។
ស្រដៀងគ្នានេះដែរ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបង្ហាញពីភាពខុសគ្នារវាងបេក្ខជនប្រធានាធិបតីរបស់ប្រទេសមហាអំណាចមួយនេះដោយលោកស្រី Clinton មានគោលនយោបាយការបរទេសរឹងម៉ាំ និងប្រកាន់គោលការណ៍ប្រជាធិបតេយ្យជាងលោក Trump ដែលហាក់ដូចជាងាកទៅរកប្រទេសកុម្មុយនិស្ត Russia។
លោក យ៉េង វីរៈ បង្ហាញពីក្ដីបារម្ភប្រាប់ VOA យ៉ាងដូច្នេះ៖
«គោលនយោបាយទាំងអស់ហ្នឹង យើងមានការព្រួយបារម្ភប្រហែលជាទល់នឹងហិង្សាច្រើន ហើយនឹងអាចថា ប្រហែលជាប៉ះពាល់ដំណើរការសេដ្ឋកិច្ចខ្លះដែរពាក់ព័ន្ធនឹងកូតាអីហ្នឹង។ ដោយឡែកដូចជាយើងឃើញថា មានលក្ខណៈនិយមបែបប្រជាធិបតេយ្យ ហើយនិងការស្រុះស្រួលសហគមន៍អន្តរជាតិ។ អញ្ចឹងប្រហែលជាយើងគិតថា សភាពការណ៍ពិតជាមិនអាចព្រួយបារម្ភពេកទេ»។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលទើបតែបង្កើតថ្មីក៏បានគូសបញ្ជាក់ពីសេរីភាពក្នុងការជជែកដេញដោល និងការបញ្ចេញមតិដោយសេរីទាក់ទិននឹងជ្រើសរើសប្រធានាធិបតីក្នុងសហរដ្ឋអាមេរិកផងដែរ។
ទោះបីជាអ្នកនយោបាយភាគច្រើនក្នុងប្រទេសកម្ពុជា សម្ដែងការពេញចិត្តពេញថ្លើមចំពោះលោកស្រី Clinton លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកនយោបាយជើងចាស់និងកាន់អំណាចជាង៣ទសវត្សរ៍ បានបញ្ជាក់នាព្រឹកថ្ងៃព្រហស្បតិ៍នេះផងដែរពីការគាំទ្ររបស់លោកចំពោះ លោក Trump។
លោក ហ៊ុន សែន ដ៏មានឥទ្ធិពលបញ្ជាក់ថា លោក Trump ដែលជាអ្នកជំនួយដ៏ល្បីល្បាញអាចនឹងអាចធ្វើឲ្យពិភពលោកមានសន្តិភាព និងបង្កើនការអភិវឌ្ឍចំពោះការធ្វើជំនួញជាមួយប្រទេសនានា។
ថ្លែងទៅកាន់នគរបាល និងអ្នកចូលរួមក្នុងពិធីមួយនាបណ្ឌិត្យសភានគរបាលកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បញ្ជាក់ថា៖ «សម្រាប់ខ្ញុំ និយាយឲ្យត្រង់ ខ្ញុំចង់ឲ្យត្រាំ (Trump) ឈ្នះខ្លាំងណាស់។ បើត្រាំឈ្នះពិភពលោកអាចនឹងមានការប្រែប្រួល ហើយអាចមានសភាពការណ៍ល្អផង ដោយសារត្រាំអ្នករកស៊ី។ បើអ្នករកស៊ី មិនចង់ឲ្យមានសង្គ្រាមនោះទេ។ ហ្នឹងនិយាយឲ្យពិត។ បើ Hillary នេះគឺ ទេ! នរណាឈ្នះនរណាចាញ់រឿងរបស់អាមេរិក ក៏ប៉ុន្តែវាទាក់ទិននិងយើង។ យើងគ្រាន់តែឃើញបញ្ហានយោបាយ មិនត្រូវគ្នាពេលប្រពន្ធ Clinton ធ្វើរដ្ឋមន្ត្រីការបរទេស គាត់សរសេរសៀវភៅថា គាត់បានជូនយោបល់ឲ្យ Obama វាយ Syria តែម្តង»។
លោកបន្តថា ប្រសិនបើលោក Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោក Trumpនឹងអាចភ្ជាប់ទំនាក់ទំនងល្អជាមួយប្រទេសចិន និងរុស្ស៊ី ហើយនឹងជួយដល់នយោបាយកម្ពុជាជាច្រើនផងដែរ។
«នៅពេលបក្សប្រជាធិបតេយ្យបន្តជាប់ឆ្នោត សភាពការណ៍ប្រហែលជាមិនមានភាពងាយស្រួលពេកប៉ុន្មានទេ។ ទំនាក់ទំនងរវាងចិននិងអាមេរិកប្រហែលជាអាចគ្រប់គ្រង់បាន ក៏ប៉ុន្តែទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីនឹងមានការលំបាក។ ប៉ុន្តែ ប្រសិនបើ ត្រាំ ឈ្នះ វាអាចទៅជាមិត្តភ័ក្ដិរវាងត្រាំ និង Putin ទៅវិញ។ អានេះ វាគឺជាបញ្ហាមួយស្មុគស្មាញសាំញ៉ាំ»។
ផ្ទុយទៅវិញ លោក អេង ឆៃអ៊ាង នៃគណបក្ស សង្គ្រោះជាតិក៏ដូចជាលោក ញ៉ែប ប៊ុនជិន អ្នកនយោបាយនៃគណបក្សហ្វ៊ុនស៊ិនប៉ិច យល់ថា ប្រសិនបើលោកស្រី Clinton ជាប់ជាប្រធានាធិបតីសហរដ្ឋអាមេរិក ប្រទេសកម្ពុជានឹងអាចទទួលផលល្អនិងមានភាពជិតស្និទ្ធជាមួយមហាអំណាចអាមេរិកជាងមុន។
លោក អេង ឆៃអ៊ាង បន្ថែមថា លោកស្រីធ្លាប់មានទំនាក់ទំនងល្អជាមួយអ្នកនយោបាយនិងសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា ហើយតាមរយៈទំនាក់ទំនងនេះលោកស្រី Clinton នឹងអាចជួយពង្រឹងលទ្ធិប្រជាធិបតី និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាបានល្អ។
«ធម្មតាសហរដ្ឋអាមេរិក គឺជាប្រទេសដែលគោរពគោលការណ៍សិទ្ធិមនុស្សខ្ពស់។ អ៊ីចឹងគេអាចជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យឲ្យបានប្រសើរ ហើយព្រមទាំងឲ្យមានអភិបាលកិច្ចល្អអ៊ីចឹង»។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រព្រឹត្តិទៅនាថ្ងៃអង្គារទី០៨ ខែវិច្ឆិកាខាងមុខគឺតែប៉ុន្មានខែប៉ុណ្ណោះ មុនការបោះឆ្នោតឃុំសង្កាត់ក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃខែមិថុនាឆ្នាំក្រោយ៕