ចំនួនអ្នកចេញមកបោះឆ្នោតនៅរដ្ឋកាលីហ្វញ៉ាបានកើនឡើងច្រើនជាប្រវត្តិសាស្រ្តមួយក្នុងរយៈពេលជាង៣ទសវត្សរ៍នេះសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលបានរៀបចំឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅនេះ។
គណៈកម្មការរៀបចំការបោះឆ្នោតប្រចាំរដ្ឋបានបញ្ជាក់ថា ចំនួនអ្នកចេញមកបោះឆ្នោតមានចំនួន១២,៨លាននាក់នៃចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោតចំនួន១៩,៧លាននាក់ដែលត្រូវជា៦៤,៥ភាគរយ។
លោកអាឡិច ផែតឌីលឡា រដ្ឋលេខាធិការរដ្ឋកាលីហ្វញ៉ាបានបញ្ជាក់កាលពីពាក់កណ្តាលខែធ្នូថា៖
«ការបោះឆ្នោតកាលពីថ្ងៃទី៦ ខែវិច្ឆិកា មានលក្ខណៈប្រវត្តិសាស្រ្ត។ យើងឃើញថាអ្នកចុះឈ្មោះបោះឆ្នោតក៏បានច្រើន ហើយអ្នកចេញមកបោះឆ្នោតក៏ច្រើនជាប់ជាកំណត់ត្រាមួយ។ ចំនួនអ្នកចេញមកបោះឆ្នោតខ្ពស់ជាងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីលើកមុនៗ បើគិតចាប់តាំងពីឆ្នាំ១៩៨២មក»។
លោកផែតឌីលឡា ចាត់ទុកថា ជោគជ័យនេះដោយសារតែមានការបង្កលក្ខណៈឱ្យពលរដ្ឋបានបោះឆ្នោតងាយស្រួលជាងមុនតាមរយៈការចុះឈ្មោះពេលសុំបណ្ណបើកបរ អ្នកបោះឆ្នោតមានជម្រើសបោះតាមសំបុត្រឬមកដល់ការិយាល័យ ហើយការចុះឈ្មោះដោយមានលក្ខខណ្ឌបានប្រសើរជាងមុនជាដើម។
ការចូលរួមចំណែករបស់សកម្មជនមូលដ្ឋាន ដូចជាអង្គការសកម្មភាពយុវនារីខ្មែរ (Khmer Girls in Action) ដែលមានមូលដ្ឋាននៅទីក្រុងឡុងប៊ិច ក៏បានធ្វើឱ្យចំនួននេះកើនឡើងផងដែរ។ សកម្មជននៃអង្គការនេះដែលប្រើប្រាស់អ្នកស្ម័គ្រចិត្តជា សិស្សវិទ្យាល័យបានធ្វើសកម្មភាពជួយជំរុញពលរដ្ឋជាច្រើនឱ្យបានទៅបោះឆ្នោត។
កាលពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្រុមយុវជនក្មេងៗទាំងនេះបានទូរស័ព្ទរហូតដល់នាទីចុងក្រោយដើម្បីដាស់តឿនមិត្តភក្តិនិងសមាជិកក្រុមគ្រួសារឱ្យចេញទៅបោះឆ្នោត។
នោះគឺជាការខិតខំជំរុញចុងក្រោយរបស់ពួកគេដើម្បីបង្កើនចំនួនអ្នកចេញទៅបោះឆ្នោតនៅក្នុងក្រុង ជាពិសេសយុវជនក្មេងៗឬអ្នកដែលទើបបានបោះឆ្នោតជាលើកទីមួយ។
កញ្ញាអេមី លាងហ៊ន អ្នករៀបចំសហគមន៍នៃអង្គការសកម្មភាពយុវនារីខ្មែរបានបញ្ជាក់ថា វាជាការសំខាន់ដែលយុវជនត្រូវចូលរួមដើម្បីមានឥទ្ធិពលលើអ្នកតាក់តែងគោលនយោបាយ៖
«នាងខ្ញុំត្រូវបានចាត់ទុកថាជាអ្នកបោះឆ្នោតសម័យថ្មី ហើយអ្វីដែលយើងដឹងពីអ្នកបោះឆ្នោតសម័យថ្មីគឺថា ច្បាប់និងគោលនយោបាយប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកយើង ប៉ុន្តែពួកគេមិនបានសួរយោបល់យើងទេ»។
អង្គការសកម្មភាពយុវនារីខ្មែរបានធ្វើការជួយដល់សហគមន៍ជាច្រើនឆ្នាំ ហើយក្នុងគោលបំណងដើម្បីឱ្យយុវជនសម័យថ្មីចូលរួមក្នុងដំណើរការបោះឆ្នោត។ នៅចុងឆ្នាំ២០១៨នេះ ពួកគេបានទទួលយកអ្នកស្ទង់មតិចំនួន១៥នាក់ ដើម្បីចូលរួមក្នុងសកម្មភាពសហគមន៍។
តាមរយៈបទពិសោធន៍ដែលពួកគេទទួលបាន គឺពួកគេរៀនសូត្រពីការដឹកនាំ និងស្វែងយល់ពីទិដ្ឋភាពនយោបាយ និងពីអ្វីដែលកើតមានឡើងក្នុងជីវភាពរស់នៅរបស់ពួកគេ ក៏ដូចជាដំណើរការបោះឆ្នោតដែលប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។
«តាមរយៈយុទ្ធនាការរបស់ពួកយើង តាមរយៈការចូលរួមក្នុងសហគមន៍ដោយយកយុវជននិងអ្នកដែលច្បាប់និងគោលនយោបាយប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេមកធ្វើការ គឺអនុញ្ញាតឱ្យយុវជនក្មេងៗទាំងនេះចូលរួមក្នុងការបោះឆ្នោតដោយសារតែនៅពេលដែលពួកគេឃើញយើងទៅបោះឆ្នោត គឺពួកគេយល់ថាត្រូវតែទៅដែរ»។
សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិកន្លងមកនេះ អង្គការសកម្មភាពយុវនារីខ្មែរបានជួបបញ្ចុះបញ្ចូលតាមលំនៅដ្ឋាននិងទូរស័ព្ទទៅអ្នកបោះឆ្នោតបានចំនួន៥០០០នាក់ នៅក្នុងសហគមន៍អាមេរិកាំងដើមកំណើតមកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។
អ្នកស្រីសីលា ណែមស៊ី នាយកខាងផ្នែកយុត្តិធម៌សេដ្ឋកិច្ចរបស់អង្គការសកម្មភាពយុវនារីខ្មែរបានបញ្ជាក់ប្រាប់វីអូអេថា៖
«នេះគឺជាការកើនឡើងពីអ្វីដែលយើងធ្លាប់បានធ្វើក្នុងពេលអតីតកាល។ យើងដឹងថាការណ៍នេះដោយសារតែអ្វីដែលកំពុងកើតមានឡើងនៅថ្នាក់ជាតិ។ នេះគឺជាការចាប់អារម្មណ៍ជាថ្មីលើការបោះឆ្នោតជាពិសេសនៅក្នុងចំណោមយុវជន»។
មានបញ្ហាធំៗជាច្រើនដែលបានបញ្ជូលនៅក្នុងសន្លឹកឆ្នោតសម្រាប់អ្នកបោះឆ្នោតនៅរដ្ឋកាលីហ្វញ៉ាសម្រេចជ្រើសរើស ដែលក្នុងនោះមានការយកពន្ធលើតម្លៃប្រេងឥន្ធនៈ ផ្ទះសម្បែងសម្រាប់អតីតយុទ្ធជននិងអ្នកគ្មានផ្ទះសម្បែង ការផ្ទេរពន្ធផ្ទះ និងបណ្ណមូលនិធិសម្រាប់មន្ទីរពេទ្យកុមារជាដើម។
អ្នកស្រីសីលា ណែមស៊ី បានបញ្ជាក់ថា៖
«សម្រាប់រដូវស្លឹកឈើជ្រុះនេះយើងផ្តោតលើបញ្ហាផ្ទះសម្បែងដែលពលរដ្ឋអាចមានថវិកាបង់បាន សិទ្ធិកម្មករ និងសិទ្ធិស្ត្រី ហើយយើងបានធ្វើការអប់រំនៅទូទាំងសហគមន៍ដោយសារបញ្ហានេះប៉ះពាល់ដល់ក្រុមយុវជននិងក្រុមគ្រួសាររបស់ពួកគេ»។
វិធានការមួយដែលតម្រូវឱ្យគោរពដល់សិទ្ធិស្ត្រីនៅកន្លែងធ្វើការ ដែល រួមមានការតម្រូវឱ្យសណ្ឋាគារក្នុងទីក្រុងឡុងប៊ិចដែលមានចំនួនលើសពី៥០បន្ទប់ផ្តល់ឧបករណ៍គ្រាអាសន្នដល់បុគ្គលិកសណ្ឋាគារ កំណត់ទំហំបន្ទប់ដែលត្រូវសម្អាតនិងការដាក់ពិន័យសណ្ឋាគារណាដែលមិនគោរពតាមគោលការណ៍ ត្រូវបានអ្នកបោះឆ្នោតសម្រេចគាំទ្រដោយសំឡេង៦៤,៤៩ ទល់សំឡេងជំទាស់៣៥,៥១ភាគរយ។
អ្នកស្រីសីលា ណែមស៊ី បញ្ជាក់បន្ថែមថា នេះគ្រាន់តែជាជោគជ័យមួយ ប៉ុន្តែពួកគេនឹងត្រូវបន្តការងារនេះថែមទៀតដែលជាយុទ្ធសាស្រ្តរយៈពេលវែងរបស់ពួកគេក្នុងការធ្វើសកម្មភាពសហគមន៍ដើម្បីផ្លាស់ប្តូរទម្លាប់នៃការបោះឆ្នោតថ្មីមួយអាច«កសាងចលនាមួយដែលដឹកនាំដោយក្រុមយុវជនដើម្បីកសាងជាកម្លាំងបោះឆ្នោតធំមួយ»។
ចំណែកលោកអាឡិច ផែតឌីលឡា រដ្ឋលេខាធិការរដ្ឋកាលីហ្វញ៉ាវិញ គឺនឹងបន្តប្រឹងប្រែងឱ្យមានចំនួនអ្នកចេញទៅបោះឆ្នោតនៅទូទាំងរដ្ឋច្រើនទៀតនៅក្នុងការបោះឆ្នោតបឋមសម្រាប់ជ្រើសរើសបេក្ខជនប្រធានាធិបតី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០៕