Hello VOA សុខភាព៖ វិធីបង្ការបឋមនូវជំងឺដាច់សរសៃឈាមខួរក្បាល
ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលដែលលំហូរឈាមទៅកាន់ខួរក្បាលត្រូវបានរំខាន បន្ទាប់ពីសរសៃឈាមត្រូវបានស្ទះដោយកំណកឈាម (ischemic stroke) ឬធ្លាយសរសៃឈាម (hemorrhagic stroke)។ ជាលទ្ធផល ខួរក្បាលមិនបានទទួលអុកស៊ីហ្សែនដែលវាត្រូវការដើម្បីបំពេញមុខងារឱ្យបានត្រឹមត្រូវទេ។ នេះបើតាមការបញ្ជាក់របស់លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ទៀតថា ជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលឱ្យខូចខួរក្បាលដែលអាចនាំឱ្យមានពិការភាពបានដែលរួម មានទាំងការពិបាកក្នុងការគិត ការនិយាយ ការដើរ និងការប្រាស្រ័យទាក់ទងគ្នា។ ក៏ប៉ុន្តែ មានវិធីអាចបង្ការជំងឺនេះបាន។ លោកវេជ្ជបណ្ឌិត តាំង តេកហុង នឹងបកស្រាយអំពីវិធីបង្ការបឋមនូវជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពនៅក្នុងខែមករានេះ ដែលមានអ្នកស្រី ហុង ចិន្ដា ជាអ្នកសម្របសម្រួល៕ (អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥)