មន្រ្តីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថាប.ស.ស បានអំពាវនាវឱ្យប្រជាពលរដ្ឋចុះឈ្មោះក្នុងគម្រោងថ្មីដែលដាក់ដំណើរការសាកល្បងសម្រាប់បុគ្គលដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃប.ស.ស និងជាអ្នកនាំពាក្យ ប្រាប់វីអូអេថាប.ស.ស បានចេញសេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលទាំងឡាយណាដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សរ៍ដែលផ្ដល់ដោយនិយោជក ឬរដ្ឋ តាមកិច្ចសន្យាការងារ។ បុគ្គលទាំងនោះមានដូចជាកសិករ អាជីវករ អ្នកលក់ដូរតាមផ្លូវ អ្នកលក់អីវ៉ាន់ចាប់ហួយ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី តុតុ និងម៉ូតូឥណ្ឌាជាដើម ដែលមានអាយុមិនលើសពី ៦០ឆ្នាំ។ នេះបើតាមមន្រ្តីប.ស.ស។
លោក ហេង សុផាន់ណារិទ្ធ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ទៅស្នើសុំចុះបញ្ជីជាមួយ ប.ស.ស ក្នុងការសាកល្បងអនុវត្តគម្រោងនេះ ដើម្បីទទួលបានសេវាព្យាបាល ថែទាំវេជ្ជសាស្រ្ត និងប្រាក់បំណាច់មាតុភាព។
លោកប្រាប់វីអូអេថា៖ «ចំពោះខ្ញុំ ខ្ញុំគិតថាការដាក់ឱ្យអនុវត្តគម្រោងសាកល្បងនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍នេះ ខ្ញុំរំពឹងថាបងប្អូនអាជីវករអ្នករកស៊ីផ្ទាល់ខ្លួនទាំងឡាយអ្នកបើកតុកតុកឬមួយក៏ម៉ូតូឌុប និយាយជារួមគឺបងប្អូនដែលមិនមានប្រាក់ខែ មានន័យថាជាបងប្អូនកម្មករនិយោជក និងសមាជិតមួយចំនួនដែលគាត់រកស៊ីដោយខ្លួន និងគាត់ចូលរួមជាមួយនឹងscheme [គម្រោង]ស្ម័គ្រចិត្តនេះ ដើម្បីឱ្យschemeនេះដំណើរការទៅមុខបានល្អប្រសើរ ហើយយើងអាចឈានទៅដាក់ឱ្យដំណើរការនូវរបបសន្តិសុខសង្គមស្វ័យនិយោជន៍ពេញលេញបាននៅថ្ងៃណាមួយក្នុងថ្ងៃអនាគត»។
ចំនួនទឹកប្រាក់ដែលត្រូវបង់ភាគទានគឺ១៥៦០០រៀលក្នុងមួយខែ។ បើគិតជាឆ្នាំ ស្មើនឹង១៨៧២០០រៀល ឬស្មើប្រមាណ៤៦ដុល្លារអាមេរិក។
អ្នកនាំពាក្យស្ថាប័នប.ស.ស បញ្ជាក់ថាការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម ដោយការធានារ៉ាប់រងសុខភាពរបស់ប្រជាពលរដ្ឋ។ គិតចាប់តាំងពីថ្ងៃដាក់ដំណើរការគឺពីដើមខែកក្កដា រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋប្រមាណ៧៦០០នាក់បានចុះឈ្មោះសម្រាប់គម្រោងមួយនេះ។
ប្រជាពលរដ្ឋមួយចំនួនដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបង្ហាញការសាទរចំពោះគម្រោងមួយនេះ។
អ្នកស្រី សុវណ្ណ វ៉ារី វ័យ៤២ឆ្នាំ ជាអ្នករត់កង់បី លើកឡើងថាអ្នកស្រីសាទរចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដែលបានគិតគូរពីចំណុចទាំងនេះ ក្នុងការជួយកាត់បន្ថយការចំណាយដល់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងករណីមានជំងឺធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ភ្លាមៗ។
អ្នកស្រីប្រាប់វីអូអេថា៖«អ្នកធ្វើការជាអ្នករត់កង់បីដូចជាពួកខ្ញុំ ក៏ដូចជាសមាជិកមួយចំនួនទៀតផ្នែកអាជីវករ គឺគាត់សប្បាយចិត្តមែនទែន ដោយសារយើងអត់មានថវិកាគ្រប់គ្រាន់ក្នុងការទៅពេទ្យ ព្រោះដោយសារសេដ្ឋកិច្ចមុខរបរបស់ពួកយើងវារកលុយអត់បាន។ អញ្ចឹងនៅពេលយើងទទួលបានប្រើប្រាស់ប.ស.ស ផ្នែកថែទាំសុខភាព គឺជួយកាត់បន្ថយភាពក្រីក្រទីមួយ។ ទីពីរនៅពេលដែលយើងឈឺ យើងបានទៅពេទ្យដែលល្អៗ»។
អ្នកស្រីបន្ដថា អ្នកស្រីនឹងទៅចុះឈ្មោះទទួលយកបណ្ណប.ស.សសម្រាប់ស្វ័យនិយោជន៍នៅពេលខាងមុខ។
ស្រដៀងគ្នានេះ លោក ស្បោង សូភី អាយុ៥២ឆ្នាំ អ្នករត់ Passapp លើកឡើងថាវាជារឿងល្អក្នុងការមានបណ្ណ ប.ស.ស ព្រោះវាអាចជួយសម្រួលលើការចំណាយពេលមានបញ្ហាសុខភាពម្ដងៗ។
លោកថ្លែងថា៖ «មានប្រយោជន៍ត្រង់ថាយើងអត់មានអ្នកណាមើលដឹងថាយើងអត់ឈឺខែក្រោយ យើងអត់ឈឺចុះ។ ថ្ងៃណាមួយយើងឈឺ យើងមានប្រយោជន៍ត្រង់ហ្នឹង ។ យើងបង់លុយប្រចាំខែមែន ប៉ុន្ដែយើងមានបញ្ហាទៅយើងចូលទៅពិនិត្យសុខភាព ឬព្យាបាលអីវាធូរថ្លៃ»។
លោកបន្ថែមថា លោកអាចមានលទ្ធភាពគ្រប់គ្រាន់ចំណាយបង់ប្រាក់ចំនួន១៥.៦០០រៀលក្នុង១ខែ។
ចំណែកលោក កែវ សុធា ជាអ្នករត់រ៉ឺម៉កកង់បី អាយុ៦៥ឆ្នាំ ថ្លែងថាបណ្ណគាំពារសុខភាពសម្រាប់អ្នកធ្វើការក្នុងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិតជាមានសារប្រយោជន៍។ ប៉ុន្តែលោកសោកស្តាយដែលមិនអាចទទួលបាន ព្រោះលោកមានអាយុលើស៦០ឆ្នាំ។ លោកក៏ស្នើឱ្យស្ថាប័នប.ស.ស គួរតែបញ្ចូលអ្នកមានអាយុលើសពី៦០ឆ្នាំ។
លោកប្រាប់វីអូអេថា៖ «យើងគិតមើលបណ្តាប្រទេសសេរី ប្រទេសខាងកើត ប្រទេសគេជឿនលឿនគេមិនដែលគិតរឿងតាមអាយុទេ ចឹងបានប.ស.ស គេថាយើងចាស់ហ្នឹងបង់លុយតិចពេក គេថាបានតិចឆ្នាំពេកបានអស់សុពលភាព ខ្ញុំគិតថាមិនល្អទេ»។
លោកបន្ថែមថា៖ «ខ្ញុំចង់ឱ្យមានប្រាក់សោធនគ្រប់គ្នា ព្រោះគ្នាបង់លុយរហូតដល់ទៅ១០ឆ្នាំ២០ឆ្នាំ ដល់ពេលគេចូលនិវត្តន៍សម្រាកដូចជាពិការអីៗ អ៊ីចឹងដល់ហើយអត់មានលុយជួយឧបត្ថម្ភ ដូចថាមួយខែត្រឹម១៥០[ដុល្លារអាមេរិក] ឬក៏មួយ១០០[ដុល្លារអាមេរិក]។ អ៊ីចឹងដល់ពេលគាត់អស់សុពលភាពអស់ពលកម្ម ហើយដល់ពេលអស់ពលកម្មយើងអស់ដែរ»។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សាទរចំពោះសមិទ្ធផលនៃការវិវត្តថ្មីរបស់រដ្ឋាភិបាលដែលផ្ដល់នូវកិច្ចគាំពារដល់ប្រជាពលរដ្ឋដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកបន្ដថាខណៈប្រាក់ចំណូលប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធហាក់មានការធ្លាក់ចុះខ្លាំង ដែលលោកស្នើឱ្យមានការបន្ធូរបន្ថយចំនួននៃការបង់ថ្លៃមកត្រឹមតម្លៃសមរម្យមួយ។
លោកថ្លែងថា៖ «ដោយសារប្រាក់ចំណូលពលរដ្ឋធ្វើការក្រៅប្រព័ន្ធឬបុគ្គលស្វ័យនិយោជន៍ហ្នឹង ប្រាក់ចំណូលធ្លាក់ចុះខ្លាំងមែនទែន ខ្ញុំគិតថាយកត្រឹមក្នុងខែ២ដុល្លារ ស្មើ៨.០០០រៀលបានហើយ គឺជាចំណុចមួយដែលអាចទទួលយកបាន។ ប៉ុន្ដែការដែលយកតម្លៃ ១៥.៦០០រៀល វាថ្លៃបន្ដិច ហើយយើងបានតែរបបថែទាំសុខភាពបានតែមួយមុខគត់។ យើងអត់ទទួលបានរបបគ្រោះថ្នាក់ការងារ ប្រាក់សោធន ដូចអ្នកក្នុងប្រព័ន្ធទេ អ៊ីចឹងយើងបង់រៀងថ្លៃ ហើយយើងបានតែមួយរបប វាហាក់ដូចតិច»។
ប្រធានសមាគមឯករាជ្យរូបនេះសំណូមពរឱ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់បន្ថែមក្នុងការចុះត្រួតពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋ ក៏ដូចជាវិស័យឯកជនដែលសហការជាមួយប.ស.ស ដើម្បីធានាគុណភាពនៃការផ្តល់សេវា៕