Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការងារដឹកនាំសហជីពបានធ្វើឱ្យអ្នកស្រី យ៉ាង សុភ័ណ្ឌ ក្លាយជាមនុស្សដែលកាន់តែរឹងមាំ
អ្នកស្រី យ៉ាង សុភ័ណ្ឌ មិនដែលរំពឹងថាខ្លួនក្លាយជាថ្នាក់ដឹកនាំសហជីពមួយរូបនោះទេ។ ក៏ប៉ុន្តែ អ្នកស្រីបានជម្នះឧបសគ្គ ខិតខំប្រឹងប្រែង ដោយឆ្លៀតរៀនសូត្របណ្តើរធ្វើការបណ្តើរ ដើម្បីបង្កើនចំណេះដឹងខ្លួនឱ្យទាន់តាមសម័យកាល និងដើម្បីឱ្យខ្លួនអាចក្លាយទៅជាអ្នកដឹកនាំមួយរូបដែលគេទុកចិត្ត។ អ្នកស្រីបានឱ្យដឹងថា ការជម្នះភាពភ័យខ្លាចរបស់ខ្លួន និងការខិតខំរៀនសូត្រ បានធ្វើឱ្យអ្នកស្រីស្គាល់រស់ជីវិតច្រើន។ ទោះជាយ៉ាងណា ក្រោយប្រឡូកការងារសហជីពជាង២ទសវត្សរ៍មកនេះ ក៏ធ្លាប់ធ្វើឱ្យអ្នកស្រីមានអារម្មណ៍ហត់នឿយខ្លាំង ហើយក៏ចង់សម្រាក។ ក៏ប៉ុន្តែដោយសារ នៅមានទឹកចិត្តស្រឡាញ់អ្វីដែលខ្លួនធ្វើ និងបានឃើញឥទ្ធិពលនៃការងារនេះទៅលើក្រុមកម្មករដែលរងការរំលោភបំពាន អ្នកស្រីថាខ្លួនមិនទាន់អាចដើរចេញពីតួនាទីនេះបាននៅឡើយ៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ទី០៥ ខែកញ្ញា ឆ្នាំ២០២២)