បណ្ដាប្រទេសនៅតំបន់អាស៊ីខាងត្បូងអាចប្រឈមនឹងការរីកចម្រើនសេដ្ឋកិច្ចយឺតយ៉ាវបំផុតនៅក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ នៅពេលដែលការដាក់កំហិតការដើរហើរដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីឌ ១៩ បានធ្វើឲ្យផ្នែកភាគច្រើននៃសេដ្ឋកិច្ចជាប់គាំងក្នុងប្រទេសនានានៃតំបន់ដែលមានមនុស្សរស់នៅច្រើនបំផុតនៅលើពិភពលោកនេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។
របាយការណ៍ស្ដីពីការផ្ដោតលើសេដ្ឋកិច្ចតំបន់អាស៊ីខាងត្បូងបានប៉ាន់ប្រមាណថា ការរីកចម្រើននៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីខាងត្បូងទំនងជាធ្លាក់ចុះរហូតដល់ចន្លោះ ១,៨% និង ២,៨% នៅក្នុងឆ្នាំ ២០២០ នេះ ដែលជាការធ្លាក់ចុះដ៏ខ្លាំងមួយពីការទស្សន៍ទាយនៃការរីកចម្រើនសេដ្ឋកិច្ចចំនួន ៦,៣% នៃតំបន់នេះកាលពី ៦ ខែមុន។
របាយការណ៍នេះបានបញ្ជាក់ថា៖ «តំបន់អាស៊ីខាងត្បូងកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយ។ វិស័យទេសចរណ៍បានជាប់គាំង ខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានបង្អាក់ តម្រូវការសម្រាប់វិស័យកាត់ដេរបានដួលរលំ ចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ និងអ្នកវិនិយោគបានធ្លាក់ចុះ មូលធនអន្តរជាតិកំពុងត្រូវបានដកចេញ ហើយលំហូរនៃប្រាក់ដែលអ្នកធ្វើការផ្ញើពីបរទេសឲ្យក្រុមគ្រួសាររបស់ពួកគេត្រូវបានរាំងស្ទះ»។
បណ្ដាប្រទេសអាស៊ីខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីឌ ១៩ នេះទាប បើប្រៀបធៀបទៅនឹងផ្នែកភាគច្រើននៅលើពិភពលោក ដោយនៅតំបន់អាស៊ីខាងត្បូងទាំងមូលមានករណីឆ្លងជំងឺនេះប្រហែល ១ ម៉ឺន ៤ ពាន់ ៥ រយករណីប៉ុណ្ណោះ ដោយក្នុងនោះប្រទេសឥណ្ឌា ដែលជាប្រទេសធំជាងគេបំផុត និងមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងតំបន់នេះមានករណីឆ្លងជាង ៨ ពាន់ករណី។
ប៉ុន្តែ បណ្ដាប្រទេសភាគច្រើននៅក្នុងតំបន់បានដាក់កំហិតការដើរហើរ ស្របពេលដែលមានការព្រួយបារម្ភថា តំបន់ក្រីក្រតោកយ៉ាកដែលមានមនុស្សរស់នៅតែនណាន់តាន់តាប់នៅតាមទីក្រុងមួយចំនួនដូចជាទីក្រុងមុំបៃ និងទីក្រុងដាកាជាដើម និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលអន់ខ្សោយ អាចធ្វើឲ្យប្រទេសទាំងនេះពិបាកនៅក្នុងការទប់ទល់នឹងបញ្ហា ប្រសិនបើការឆ្លងជំងឺនេះរីករាលដាលនៅក្នុងតំបន់ទាំងនោះ។ គេក៏មានការព្រួយបារម្ភផងដែរថា ការធ្វើតេស្តកម្រិតទាបមិនបានឆ្លុះបញ្ចាំងឲ្យឃើញពីរូបភាពត្រឹមត្រូវពិតប្រាកដនៃការឆ្លងរាលដាលជំងឺនេះទេ។
ធនាគារពិភពលោកបានបញ្ជាក់ថា៖ «ស្ថានភាពជាក់ស្ដែងនៃវិសមភាពនៅក្នុងតំបន់អាស៊ីខាងត្បូងគឺថា ប្រជាពលរដ្ឋក្រីក្រអាចប្រឈមនឹងការឆ្លងវីរុសកូរ៉ូណានេះច្រើនជាងគេ ដោយសារតែការរក្សាគម្លាតពីគ្នាគឺពិបាកនឹងធ្វើបានណាស់សម្រាប់ពួកគេ»។
ធនាគារពិភពលោកបានបន្ថែមថា ប្រជាពលដ្ឋក្រីក្រទាំងនោះនឹងងាយរងគ្រោះខ្លាំងបំផុតផងដែរចំពោះការបាត់បង់ការងារធ្វើ និងការកើនឡើងនូវថ្លៃម្ហូបអាហារ។
តំបន់អាស៊ីខាងត្បូងមានប្រជាជនប្រហែល ១ ភាគ ៤ នៃប្រជាជនទាំងអស់នៅលើពិភពលោក។ តំបន់នេះបានធ្វើឲ្យមនុស្សរាប់លាននាក់រួចផុតពីភាពក្រីក្រនៅក្នុងរយៈពេលប៉ុន្មានទសវត្សថ្មីៗនេះ ប៉ុន្តែ បញ្ហាសេដ្ឋកិច្ចដែលតំបន់នេះកំពុងប្រឈមអាចធ្វើឲ្យមនុស្សមួយចំនួនធ្លាក់ទៅក្នុងភាពក្រីក្រវិញ។
ស្របពេលដែលប្រទេសឥណ្ឌា ស្រីលង្ការ នេប៉ាល់ ប៊ូតង់ និងបង់ក្លាដេស នឹងជួបប្រទះនូវការធ្លាក់ចុះខ្លាំងនៃសេដ្ឋកិច្ច ប្រទេសប៉ាគីស្ថាន អាហ្វហ្គនីស្ថាន និងម៉ាល់ឌីវ ត្រូវគេរំពឹងថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
ប្រទេសឥណ្ឌា ដែលជាប្រទេសធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីខាងត្បូង អាចងើបឡើងវិញពីដំណើរចុះថយនៃសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ ១៩ ដែលបណ្ដាលឲ្យបិទប្រទេសទាំងមូលនេះ។ ការបិទនេះត្រូវគេរំពឺងថានឹងពន្យារបន្តបន្ថែមទៀតរហូតដល់ចុងខែមេសានេះ ទោះបីជារដ្ឋាភិបាលឥណ្ឌាកំពុងពិចារណាអនុញ្ញាតឲ្យឧស្សាហកម្មមួយចំនួនបើកដំណើរការឡើងវិញនៅតាមតំបន់ណាដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពក៏ដោយ។
ប៉ុន្តែ វាអាចត្រូវការពេលជាច្រើនខែដើម្បីឲ្យសេដ្ឋកិច្ចអាចត្រឡប់មកដូចដើមវិញ ទោះបីជាបន្ទាប់ពីការបិទនេះត្រូវបានដកចេញក៏ដោយ។
លោក Arun Kumar ដែលជាសេដ្ឋវិទូនៅទីក្រុង New Delhi បាននិយាយថា៖ «រោងចក្រនឹងមិនដំណើរការពេលលេញឆាប់ៗនេះទេ។ ផលិតកម្មនឹងមិនដំណើរការឡើងវិញភ្លាមៗ ហើយតម្រូវការក៏ដូចគ្នានេះដែរ។ វាមិនមែនមានន័យថា មនុស្សនឹងចេញទៅទិញទំនិញភ្លាមៗនោះទេ។ ដូច្នេះនឹងមានការបាត់បង់ការងារធ្វើ និងមានភាពក្រីក្រជាច្រើន»។
ចំណែកឯនៅក្នុងប្រទេសបង់ក្លាដេស ដែលសេដ្ឋកិច្ចរីកចម្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អាស្រ័យលើឧស្សាហកម្មកាត់ដេរនោះ គេឃើញថា រោងចក្រភាគច្រើនត្រូវបានបិទទ្វារ នៅពេលដែលអាជ្ញាធរដាក់កំហិតការធ្វើដំណើរដែលត្រូវបានពន្យារបន្តរហូតដល់ថ្ងៃទី ២៥ ខែមេសាខាងមុខ។
ប្រទេសបង់ក្លាដេសស្ថិតពីក្រោយប្រទេសចិន ក្នុងនាមជាប្រទេសដែលនាំចេញសម្លៀកបំពាក់ទៅបស្ចិមប្រទេស ប៉ុន្តែកម្មកររាប់ម៉ឺននាក់ប្រឈមនឹងការបញ្ឈប់ពីការងារ ដោយសារតែការបញ្ជាទិញក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ត្រូវបានលុបចោល ឬក៏ផ្អាក។ នេះបើយោងតាមការបញ្ជាក់របស់សមាគមរោងចក្រផលិតកម្ម និងក្រុមហ៊ុននាំចេញសម្លៀកបំពាក់បង់ក្លាដេស។ វិស័យកាត់ដេរនៅក្នុងប្រទេសបង់ក្លាដេសផ្ដល់ការងារធ្វើដល់កម្មករ ៤ លាននាក់ ដែលភាគច្រើនជាស្ត្រី។
ធនាគារពិភពលោកបានអំពាវនាវឲ្យបណ្ដាប្រទេសនានានៅតំបន់អាស៊ីខាងត្បូងចាត់វិធានការដើម្បីជួយដល់កម្មករដែលគ្មានការងារធ្វើ ក៏ដូចជាជួយដល់ក្រុមហ៊ុន និងកន្លែងអាជីវកម្មផ្សេងៗផងដែរ។
ប្រទេសឥណ្ឌាបានប្រកាសកញ្ចប់ថវិកាចំនួន ២៣ ពាន់លានដុល្លារ ដើម្បីជួយសេដ្ឋកិច្ចក្នុងទម្រង់ជាការផ្ដល់ម្ហូបអាហារ និងថវិកាដល់ប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែសេដ្ឋវិទូនានាបានព្រមានថា ការធ្វើដូច្នេះគឺមិនគ្រប់គ្រាន់នៅក្នុងការកាត់បន្ថយទុក្ខកង្វល់ដែលបណ្ដាលមកពីភាពអត់ការងារធ្វើដ៏ច្រើនគ្រប់កន្លែងបានទេ។
លោក Santosh Mehrotra សេដ្ឋវិទូនៃសាកលវិទ្យាល័យ Jawaharlal Nehru ក្នុងទីក្រុង New Delhi បាននិយាយថា៖ «នេះគឺជាវិបត្តិធ្ងន់ធ្ងរខ្លាំងជាងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ទៅទៀត»។ លោកបានបន្ថែមថា៖ «វិបត្តិជំងឺកូវីឌ ១៩ នេះ នឹងធ្វើឲ្យការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាធ្លាក់ចុះដល់ប្រហែលជាសូន្យ ឬក៏ក្រោមសូន្យ»៕
ប្រែសម្រួលដោយលោក ភី សុភាដា