ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ទទួល​យក​ភស្តុតាង​ថ្មី​ចំនួន​៨ដាក់​ដោយ​តំណាង​អយ្យការ​ក្នុង​ដំណាក់​កាល​​ជម្រះ​សំណុំ​រឿង​លោក កឹម សុខា


លោក​​ កឹម​ ​សុខា​ ​មេដឹក​នាំ​បក្ស​ជំទាស់​ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើ​សំណុំ​រឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
លោក​​ កឹម​ ​សុខា​ ​មេដឹក​នាំ​បក្ស​ជំទាស់​ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើ​សំណុំ​រឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ក្នុង​សវនា​សប្តាហ៍​ទី​៨ នៃ​សំណុំ​រឿង​លោក ​កឹម សុខា ​ចៅក្រម​សម្រេច​ទទួល​យក​ភស្តុតាង​ចំនួន​៨​ដែល​ដាក់​ដោយតំណាង​អយ្យការ​ក្នុង​ដំណាក់​កាល​ជំនុំ​ជម្រះ។

នៅ​ថ្ងៃ​ពុធ​នេះ គឺ​ជា​សប្តាហ៍​ទី​៨ នៃ​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​លោក កឹម សុខា ប្រធាន​គណ​បក្ស​ប្រឆាំង​ ពី​បទ​ «សន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស»​ ឬ​ស្មើ​នឹង​បទ​ក្បត់​ជាតិ។ ក្នុង​សវនាការ​ព្រឹកនេះ​មាន​ការ​បន្ត​ដេញ​ដោល​អំពី​ភស្តុតាង​ចំនួន​៨ ដែល​ដាក់​ដោយ​តំណាង​អយ្យការ​កាល​ពី​ពីរ​សប្តាហ៍​មុន។​ ​

ក្រុមប្រឹក្សា​អង្គជំនុំ​ជម្រះបាន​ចំណាយ​ពេល​ពេញ​មួយព្រឹក​ថ្ងៃពុធ​ដើម្បី​ស្តាប់​អំណះ​អំណាងថា តើ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌអនុញ្ញាត​ឱ្យ​ព្រះរាជ​អាជ្ញា​បញ្ជូល​ភស្តុតាង​ថ្មី​ក្នុង​អំឡុង​ពេល​ជំនុំ​ជម្រះ​ក្តី​ ឬ​យ៉ាងណា។

​ក្រុម​មេធាវី​ការពារក្តី​លោក​ កឹម ​សុខា ​បាន​អះអាង​ថា ​អយ្យការ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បញ្ជូល​ភស្តុតាង​តែ​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការស៊ើប​អង្កេត​ប៉ុណ្ណោះ​ មិនមែនក្នុង​ពេល​ជំនុំ​ជម្រះ​នោះ​ទេ​ ខណៈ​ដែល​តំណាង​អយ្យការ​ និង​មេធាវី​រដ្ឋាភិបាល​បាន​អះអាង​ថា​ ភស្តុតាង​អាច​ត្រូវ​បាន​ដាក់​ដោយ​គ្រប់​ភាគី​នៅ​ពេល​ណាមួយ​ក្នុង​ពេល​ជំនុំ​ជម្រះ។

​លោក​ អាង ឧត្តម មេធាវី​មួយ​រូប​ការពារ​ក្តី​ឲ្យ​លោក ​កឹម ​សុខា ​បាន​លើក​ពី​ដីកា​សន្និដ្ឋាន​ស្ថាពរ​ដែល​បញ្ជូន​រឿងឲ្យ​ជម្រះ​ដោយ​តំណាង​អយ្យការ​ដែល​បាន​ចេញ​នៅ​ចុង​បញ្ចប់​នៃ​រយៈពេល​នៃ​ការស៊ើប​អង្កេត​ ហើយ​ដែលបាន​បញ្ជាក់​ថា ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​រក​ឃើញ​ថា​ លោក​ កឹម សុខា មាន​ពិរុទ្ធភាព​ និង​បញ្ជូន​រឿង​ទៅ​ជម្រះ​បាន។ លោក​បន្ថែម​ថា ប្រសិនបើ​ចៅក្រម​យល់ព្រម​ទទួល​យក​ភស្តុតាង​ថ្មី​នេះ​បង្ហាញ​ថា ភស្តុតាង​ដែល​មាន​ស្រាប់​នៅ​មិន​គ្រប់គ្រាន់​ដើម្បី​រក​ឃើញ​ថា​កូនក្តី​របស់​លោក​មាន​ពិរុទ្ធ​។

លោក​ អាង ​ឧត្តម លើក​ឡើង​ថា៖«ទោះ​ទទួល​យក ឬ​ច្រាន​ចោល​ គឺ​មាន​ន័យ​ថា ភស្តុតាង​អត់​គ្រប់ ហើយ​ធ្លាក់​ចូល​វិមតិ​សង្ស័យ​ អញ្ចឹង​ត្រូវ​បាន​ប្រយោជន៍​លើ​ជន​ជាប់ចោទ»។​

មេធាវី​ការពារ​ក្តីឲ្យ​លោក ​កឹម ​សុខា ​ម្នាក់​ទៀត​គឺ​លោក ​ចាន់ ​ចេន ​បាន​បន្ថែម​ថា ​ការទទួល​យក​ភស្តុតាង​ដែល​ដាក់​ដោយ​តំណាង​អយ្យការ​ក្នុង​ដំណាក់​កាល​ជំនុំ​ជម្រះ​នេះ​គឺខុស​ច្បាប់ និងថា ករណី​នេះ​មិន​ដែល​កើត​ឡើង​នៅ​ក្នុង​នីតិវិធី​ច្បាប់​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​មក។

ក្នុង​សវនាការ​នោះ​លោក​ព្រះរាជអាជ្ញា​ ប្លង់​ សុផល ​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា ​អយ្យការ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដាក់​ភស្តុតាងគ្រប់​ពេល​នៃ​ការ​ជំនុំ​ជម្រះ។ លោក​ព្រះ​រាជ​អាជ្ញា​រូប​នេះ​បាន​ចោទ​ប្រកាន់​មេធាវី​ការពារក្តី​ឲ្យ​លោក ​កឹម ​សុខា ​ថា​មិន​ដឹង​ច្បាប់។

​លោក​ ប្លង់ ​សំណាង ​និយាយ​ដោយ​សំដៅ​លើ​លោក​ ចាន់ ​ចេន​ ថា៖ «លោក​មិន​ចាំបាច់​បង្រៀន​ខ្ញុំ​ទេ។ មិនមាន​មនុស្ស​គ្រប់គ្នា​ដែល​ចូលរៀន​សាលា​ច្បាប់​គឺ​ឆ្លាត​ទេ»។

ភស្តុតាង​ទាំង​នោះ​មាន​លិខិត​មួយ​ច្បាប់​ដែល​ជា​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​ សម រង្ស៊ី ដែល​បាន​ចរចារ​បង្កើត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុង​ឆ្នាំ​២០១២ និង​វីដេអូ​ចំនួន​៧​ ​ដែល​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក ​សម ​រង្ស៊ី ​និង​ការ​ថ្លែង​របស់​លោក​ កឹម សុខា ​ក្នុង​អំឡុង​បាតុកម្ម​ឆ្នាំ​២០១៣ ​និង​វីដេអូ​របស់​ក្រុម​បាតុករ​ដែល​បាន​បំផ្លាញ​គ្លីនិក​ឯករាជ្យ​នៅ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង​ អំឡុង​ពេល​បាតុកម្ម។

មេធាវី​ការពារក្តី​ឲ្យ​លោក​ កឹម សុខា បាន​ជំទាស់​ទៅ​នឹង​ភស្តុតាង​មួយក្នុង​ចំណោម​នោះ ​គឺជា​វីដេអូ​របស់​លោក​ កឹម ​សុខា ​ដែល​និយាយ​ទៅ​កាន់​អ្នក​តវ៉ា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្បែរ​ស្ពាន​គីហ្សូណា ខេត្ត​កំពង់ចាម។ ពួកគេ​បាន​លើក​ឡើង​អំពី​ភាព​ត្រឹមត្រូវ​របស់​វីដេអូ​នោះ​ ដោយ​និយាយ​ថា​ មិនមាន​ការ​បង្ហាញ​មុខ​ និង​បញ្ចេញ​ឈ្មោះ​របស់​អ្នក​អត្ថាធិប្បាយ ​ហើយ​ថា​ សំឡេង​របស់​អ្នក​អត្ថាធិប្បាយត្រួត​គ្នា​ជាមួយ​សំឡេង​របស់​លោក ​កឹម​ សុខា ​ដែល​ធ្វើ​ឲ្យ​សុន្ទរកថា​របស់​លោក​ កឹម ​សុខា ​ពិបាក​ស្តាប់។

យ៉ាងណាក្តី​លោក​ចៅក្រម​ កូយ សៅ ​បញ្ជាក់​ថា​ វីដេអូ​នោះ​មិនមាន​បញ្ហា ​ហើយ​អាច​ប្រើ​កាស​ត្រចៀក​ដើម្បី​ស្តាប់​សំឡេងច្បាស់។ ​

ចំណែក​សវនាការ​នា​រសៀល​ថ្ងៃ​ពុធ​នេះ មាន​ការ​ជជែកពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក កឹម សុខា និង​លោក សម រង្ស៊ី សម្រេច​បង្កើត​គណបក្ស​សង្គ្រោះជាតិ ​ការ​ចរចារ​រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស ​សម​ រង្ស៊ី ដើម្បី​បញ្ចូល​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១២ ការ​បង្កើត​គោល​ការណ៍​ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះជាតិ ​ទំនាក់​ទំនង​រវាង​លោក​ កឹម​ សុខា ​និង​លោក ​សម​ រង្ស៊ី​ ពេល​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ជាដើម។

សហ​ចៅក្រម​ លោក​ សេង ​លាង ​បាន​សួរ​លោក កឹម សុខា អំពី​ការ​ប្តេជ្ញា​របស់​លោក កឹម សុខា ថា​ប្រកាន់​យក​ភាព​អហិង្សា​ តែ​ទៅ​រួមគ្នា​ជាមួយ​លោក​ សម ​រង្ស៊ី ​ដែល​តែង​ប្រកាស​ពី​ការ​ប្រើ​ហិង្សា​ដើម្បី​ផ្លាស់​ប្តូររដ្ឋាភិបាល​។ លោក​ កឹម ​សុខា ​នៅ​តែ​ឆ្លើយ​ថា​ លោក​ប្រកាន់​យក​គោល​ការណ៍​អហិង្សា និង​ថា មិន​ធ្វើ​ការ​ជាមួយ​បុគ្គល​ណា​ដែល​តែងមាន​បំណង​ប្រើ​ហិង្សា​នោះ​ទេ។​

ក្រោយការ​បញ្ចប់​សំណួរ​របស់​សហចៅក្រម តំណាង​អយ្យការ​មួយ​រូបទៀត គឺ​លោក​ វង្ស ប៊ុនវិសុទ្ធ ក៏​បាន​ចោទ​សួរលោក កឹម សុខា ជា​ច្រើន​ដងថា តើ​លោក​ កឹម សុខា ស្តាយ​ក្រោយ​ទេ​ដែល​បាន​រួមគ្នា​ជាមួយ​លោក សម រង្ស៊ី ប៉ុន្តែ​លោក សម រង្ស៊ី បែរ​មិន​អនុវត្ត​គោលការណ៍​អហិង្សា? លោក កឹម សុខា មិនបាន​ឆ្លើយថា​ស្តាយ​ក្រោយ​ ឬ​មិន​ស្តាយ​ក្រោយ​នោះទេ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ លោក​ប្រកាន់​ចរិត​អហិង្សា ​និង​មិនពេញ​ចិត្ត​ចំពោះការ​ប្រើ​ហិង្សា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ។

ក្រោយ​លោក​ លី ចាន់​តុលា មេធាវី​តំនាង​រដ្ឋាភិបាល​បន្ត​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ លោក ចៅក្រម​ កូយ សៅ ក៏​បាន​ស្នើ​ឲ្យ​លោក លី ចាន់​តុលា សួរ​ពេល​សវនាការ​ក្រោយ និង​សម្រេច​បិទ​សវនាការ​នៅ​ម៉ោង​៥:១៥​នាទី និង​ប្រកាស​បន្ត​សវនាការ​ទៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍៕

XS
SM
MD
LG