សហផលិតករទម្លាយអាថ៌កំបាំងខ្លះរឿងរបបខ្មែរក្រហមពេល នួន ជា ស្លាប់
លោក ថេត សម្បត្តិ សហអ្នកនិពន្ធភាពយន្តឯកសារខ្មែរក្រហម ហៅថា «សត្រូវ ប្រជាជន» ឬ “Enemies of the People” ដែលបានសម្ភាសនួន ជា ពេលនៅរស់នោះ បានថ្លែងថា នួន ជា បានផ្តល់រឿងសម្ងាត់និងកិច្ចសម្ភាសន៍ដល់លោកជាច្រើនបន្ថែម លើអ្វីដែលលោកបានរកឃើញ ហើយដែលលោកកំពុងផលិតភាពយន្តឯកសារទី២។ លោកបានបង្ហើបថាលោកបានរកឃើញមនុស្សដែលដឹងថាអ្នកណាជាអ្នកនៅពីក្រោយនៃការកាប់សម្លាប់ដ៏រង្គាលនៅសម័យខ្មែរក្រហមនោះ។ លោកថាជនដែលជាប៉ុល ពត និង នួន ជាបានបញ្ជាឲ្យអ្នកស៊ើបអង្កេតជាសម្ងាត់នៅតាមមូលដ្ឋានដើម្បីស្រាវជ្រាវអំពើកាប់សម្លាប់នោះ នៅរស់ទល់សព្វថ្ងៃ ហើយលោកបានសម្ភាសនៅក្នុងឯកសារភាពយន្តលើកក្រោយរបស់លោករួចហើយដែរ។ លោកថាពេលភាពយន្តទី២របស់លោកចេញទៅពលរដ្ឋខ្មែរនឹងអស់ចម្ងល់ចំពោះអំពើកាប់សម្លាប់ក្នុងសម័យខ្មែរក្រហម។ សូមស្តាប់ការបកស្រាយរបស់លោក ថេត សម្បត្តិ ជាវាគ្មិននៃកម្មវិធី Hello VOA ពិសេសកាលពីថ្ងៃអង្គារទី៦ ខែសីហា ឆ្នាំ២០១៩៕