Hello VOA ពិសេស៖ ជំរំជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសវៀតណាមក្នុងអំឡុងឆ្នាំ១៩៨០
ស្របពេលដែលពលរដ្ឋកម្ពុជារាប់ម៉ឺននាក់នាំគ្នាទៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃនៅឆ្នាំ១៩៧៩ ក្រោយរបប ប៉ុល ពត ពលរដ្ឋខ្មែរជាង៣ម៉ឺននាក់ នាំគ្នាទៅប្រទេសវៀតណាម។ ក្នុងចំណោមនោះ មនុស្សប្រហែលមួយម៉ឺនប្រាំពាន់នាក់ បានចូលទៅរស់នៅក្នុងជំរំជនភៀសខ្លួននៅតាមខេត្តមួយចំនួនក្នុងប្រទេសវៀតណាម ដែលឧបតម្ថដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុករឿងជនភៀសខ្លួន។ លោក គួជ មាលីវ ដែលជានិស្សិតឱសថសាស្ត្រនិងនិស្សិតភាសាអង់គ្លេស នៅឆ្នាំ១៩៧៥ ចងចាំថា ជនភៀសខ្លួនខ្មែរមានសេរីភាពច្រើនក្នុងការដើរហើរ។ «ជួនកាលអ្នកខ្លះចូលទៅភូមិវៀតណាមដើរលេងពេលចូលឆ្នាំថ្មី ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ។ អ្នកខ្លះទៅដល់ខេត្ត Tay Ninh …ហើយអ្នកខ្លះទៅជិតដល់ទល់ដែនស្រុកខ្មែរទៅទៀត»។ លោក គួជ មាលីវ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកម្មវិធី Hello VOA ពិសេស មួយថ្ងៃមុនទិវាជនភៀសខ្លួនពិភពលោក នៅថ្ងៃទី២០មិថុនា។ លោកផ្តល់ដំបូន្មានដល់ជនភៀសខ្លួនក្នុងពិភពលោកថា៖ «នៅពេលដែលយើងនៅក្នុងជំរំ ពេលវេលារបស់យើងមានច្រើន ដូច្នេះបើសិនជាយើងមានលទ្ធភាពអាចធ្វើបាន គឺសូមរៀន។ នៅពេលដែលយើងទៅដល់ប្រទេសទី៣ យើងនឹងអត់មានការលំបាកជាមួយរឿងភាសា ដូច្នេះយើងអាចចូលទៅធ្វើការបានភ្លាមៗ»។ (លោកប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន, ១៩ មិថុនា ២០១៩)