បទសម្ភាសន៍ VOA៖ សកម្មជនស្ត្រីវៀតណាមដ៏ល្បីឈ្មោះម្នាក់ផ្ញើសារទៅសកម្មជនដទៃទៀតថា«អ្នកមិនឯកោទេ»
អ្នកស្រី Nguyen Ngoc Nhu Quynh សកម្មជនស្ត្រីវៀតណាមសរសេរប្លុកដ៏ល្បីឈ្មោះម្នាក់ ដែលបានតស៊ូមតិដើម្បីយុត្តិធម៌សង្គម និងការការពារបរិស្ថាន ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងនៅប្រទេសវៀតណាម បន្ទាប់ពីបានជាប់ឃុំអស់រយៈពេលជាងពីរឆ្នាំ និងក្រោយពេលតុលាការវៀតណាមបានកាត់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំកាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។ ការដោះលែងអ្នកស្រី Quynh ត្រូវបានធ្វើឡើងដោយមានការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ។ រដ្ឋាភិបាលវៀតណាមបានយល់ព្រមដោះលែងអ្នកស្រី Quynh ក្នុងលក្ខខណ្ឌមួយដែលតម្រូវឲ្យសកម្មជនសរសេរប្លុករូបនេះ ចាកចេញពីប្រទេសវៀតណាម។ អ្នកស្រី Quynh និងក្រុមគ្រួសារបានចាកចេញពីវៀតណាម ហើយកំពុងរស់នៅទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។ ថ្មីៗនេះ អ្នកស្រី Quynh បានធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងនាមជាបេក្ខជនម្នាក់ដែលទទួលពានរង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិពីគណៈកម្មការការពារអ្នកសារព័ត៌មាន (The Committee to Protect Journalists) ហើយបានផ្តល់បទសម្ភាសន៍ដល់ VOA Khmer អំពីដំណើរជីវិតជាសកម្មជនដើម្បីយុត្តិធម៌សង្គម សេចក្តីក្លាហាន និងការបន្តតស៊ូមតិតាមប្រព័ន្ធអ៊ីនធឺណិតរបស់អ្នកស្រី។ អ្នកស្រី Quynh បានផ្តល់បទសម្ភាសន៍ដល់អ្នកនាង ទែន សុខស្រីនិត នៃ VOA ក្នុងភាសាវៀតណាម ហើយត្រូវបានបកប្រែជាភាសាអង់គ្លេសដោយអ្នកបកប្រែរបស់អ្នកស្រី។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍ VOA នេះ ដែលត្រូវបានប្រែសម្រួលជាភាសាខ្មែរទាំងស្រុង ដូចតទៅ៕