គ្រាន់តែបង់រំលោះបានជាងពាក់កណ្តាល កូនបំណុលគ្រឹះស្ថានហិរញ្ញវត្ថុចាប់ផ្តើមប្រឈមការលំបាក
ពលរដ្ឋកម្ពុជាក្រីក្រច្រើនឡើងៗបានជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុដោយត្រូវសងរំលោះភ្លាម ក្រោយពីបានទទួលប្រាក់កម្ចី ខុសពីបំណងកូនបំណុល ដែលចង់ខ្ចីលុយនេះយកទៅប្រើប្រាស់។ ផ្ទុយទៅវិញពួកគេត្រូវទទួលបំណុលនេះយកទៅរក្សាទុក ត្រៀមសង ឬ ប្រើប្រាស់ដោយប្រុងប្រយ័ត្នដូចជាអ្នកមានជំនាញខាងគណនេយ្យហិរញ្ញវត្ថុ អីចឹងដែរ បើមិនដូច្នេះទេ កូនបំណុលនឹងត្រូវបង្ខំចិត្តលក់ទព្យសម្បត្តិ កេរអាករសងបំណុលក្នុងរូបភាពជាប្រាក់រំលោះ។ បំណុលត្រូវសងរំលោះនេះ ប្រៀបដូចជានុយឲ្យកូនបំណុលរក្សា ការពារលុយគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីខាតការប្រាក់តាមអត្រាកំណត់តែប៉ុណ្ណោះ។ក្នុងវីដេអូនេះ អ្នកស្រី យឹម រុំ កូនបំណុលគ្រឹះស្ថានហិរញ្ញវត្ថុនៅស្រុកសន្ទុកខេត្តកំពង់ធំគ្រាន់តែជាស្រ្តីម្នាក់ក្នុងចំណោមកូនបំណុលជាច្រើនសែននាក់របស់គ្រឹះស្ថានហិរញ្ញវត្ថុរាប់ពាន់នៅក្នុងប្រទេសកម្ពុជា។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍ពីស្រុកសន្ទុក ខេត្តកំពង់ធំនៃប្រទេសកម្ពុជា៕