ទិវានៃការសម្តែងការគោរពវិញ្ញាណក្ខន្ធលោក John McCain សមាជិកព្រឹទ្ធសភាស.រ.អា.ចាប់ផ្តើមកាលពីថ្ងៃពុធម្សិលមិញ ដោយម្ឈូសសពលោកគ្របដោយទង់ជាតិអាមេរិកាំងបានតម្កល់នៅក្នុងអាគារសភារដ្ឋ Arizona ក្នុងក្រុង Phoenix។
លោកស្រី Cindy McCain ភរិយាមេម៉ាយរបស់លោកបានស្ទាបម្ឈូសសពលោកហើយបានលត់ជង្គង់ដាក់ថ្ពាល់លោកស្រីផ្អិបនឹងទង់ជាតិស.រ.អា.នៅមុនពេលសមាជិកឯទៀតៗនៃគ្រួសារនិងក្រុមអ្នកកាន់មរណៈទុក្ខដើរជិតម្ឈូសដើម្បីសម្តែងការគោរពរបស់ពួកគេនៅអ្វីដែលអាចជាថ្ងៃខួបកំណើតឆ្នាំទី៨២នៃអ្នកតាក់តែងច្បាប់អាមេរិកាំងនិងជាវីរបុរសអាមេរិកាំងក្នុងពេលមានសង្គ្រាមរូបនេះ។ កូនប្រុសលោក McCain បានស្លៀកពាក់ឯកសណ្ឋានយោធាហើយនាង Meghan McCain កូនស្រីលោកបានយំខ្សឹកខ្សួលនៅក្នុងពីធីសម្តែងការគោរពវិញ្ញាណក្ខន្ធនេះ។
នៅក្នុងការថ្លែងវិយោគកថាខ្លីមួយ លោក Doug Ducey អភិបាលរដ្ឋ Arizona បានពណ៌នាលោក McCain ថាជាអ្នកនយោបាយម្នាក់ក្នុងបណ្តាអ្នកនយោបាយមួយចំនួនតូចដែលអាចធ្វើឱ្យពួកអ្នកតាក់តែងច្បាប់ឯទៀតៗទុកការខ្វែងគំនិតគ្នាដោយឡែកនៅក្នុងអត្ថប្រយោជន៍នៃការសម្របសម្រួលគ្នា។ លោក Ducey បានមានប្រសាសន៍ថាជីវិតនៅក្នុងរដ្ឋ Arizona ដែលគ្មានលោក McCain ដូចជារដ្ឋនេះគ្មាន Grand Canyon ដែលជាកន្លែងធម្មជាតិល្បីល្បាញក្នុងពិភពលោក។
នៅក្រោយពិធីរំលឹកវិញ្ញាណក្ខន្ធនៅថ្ងៃព្រហស្បតិ៍នេះក្នុងក្រុង Phoenix គេនឹងដឹកម្ឈូសសពលោក McCain តាមយន្តហោះមកកាន់រដ្ឋធានីវ៉ាស៊ីនតោនដែលនឹងត្រូវតម្កល់នៅក្នុងអាគារសភាស.រ.អា.នៅថ្ងៃសុក្រនៅក្រោយមានពិធីមួយទៀតរំលឹកដល់ជីវិតនិងសេវារដ្ឋាភិបាលរបស់លោក។
ពិធីរំលឹកវិញ្ញាណក្ខន្ធលោកនឹងមានធ្វើបន្តនៅថ្ងៃសៅរ៍នៅឯព្រះវិហារ Cathedral ជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោនហើយអ្នកឡើងនិយាយនៅពេលនោះនឹងមានរួមបញ្ចូលអស់លោកអតីតប្រធានាធិបតីស.រ.អា. Barak Obama និង George W. Bush ផងដែរ។
គេនឹងបញ្ចុះសពលោក McCain នៅថ្ងៃអាទិត្យនៅឯបណ្ឌិតសភាកងទ័ពជើងទឹកស.រ.អា.ក្នុងក្រុង Annapolis រដ្ឋ Maryland ដែលជាសាលាយោធាលោកធ្លាប់រៀននៅទីនោះ។
លោក McCain បានទទួលអនិច្ចកម្មកាលពីថ្ងៃសៅរ៍មុននៅក្រោយការប្រយុទ្ធយ៉ាងយូរប្រឆាំងនឹងជំងឹមហារីកខួរក្បាល៕