ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​សព និង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក John McCain នឹង​ធ្វើ​ឡើង​នៅ​រដ្ឋ Arizona និង​រដ្ឋធានី​វ៉ាស៊ីនតោន


ទង់ជាតិ​អាមេរិកាំង​ត្រូវ​បាន​គេ​បង្ហូត​ពាក់​កណ្តាល​នៅ​ពី​លើ​សេតវិមាន ដើម្បី​គោរព​ដល់​លោក John McCain សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។
ទង់ជាតិ​អាមេរិកាំង​ត្រូវ​បាន​គេ​បង្ហូត​ពាក់​កណ្តាល​នៅ​ពី​លើ​សេតវិមាន ដើម្បី​គោរព​ដល់​លោក John McCain សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក John McCain ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​អាយុ ៨១ ឆ្នាំ ដោយសារ​ជំងឺ​មហារីក​ខួរ​ក្បាល នឹង​ត្រូវ​បាន​ផ្ដល់​កិត្តិយស​នៅ​ឯ​ពិធី​បុណ្យ​សព និង​បុណ្យ​រំឭក​វិញ្ញាណក្ខន្ធ​របស់​លោក​នៅ​ក្នុង​រដ្ឋ Arizona និង​រដ្ឋធានី Washington។

ដំបូង សព​របស់​លោក McCain នឹង​ត្រូវ​តម្កល់​នៅ​ឯ​អាគារ Arizona State Capitol ដែល​នៅ​ទី​នោះ​ពិធី​បុណ្យ​សព​ជា​លក្ខណៈ​ឯកជន​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ដែល​នឹង​ត្រូវ​ជា​ថ្ងៃ​កំណើត​ទី ៨២ ឆ្នាំ​របស់​លោក។ សាធារណជន​នានា​នឹង​អាច​គោរព​សព​របស់​លោក​បាន​នៅ​ទី​នោះ។

ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ជា​លក្ខណៈ​ឯកជន​នឹង​ធ្វើ​ឡើង​នៅ​ឯ​ព្រះវិហារ​គ្រិស្តសាសនា North Phoenix Baptist Church។

រី​ឯ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ សព​របស់​លោក McCain នឹង​ត្រូវ​តម្កល់​នៅ​ឯ​អាគារ​សភា​នៅ​ថ្ងៃ​សុក្រ។ សាធារណជន​នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​គោរព​សព​របស់​លោក។

លោក McCain នឹង​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ទី ១៣ ដែល​នឹង​ត្រូវ​តម្កល់​នៅ​ឯ​ផ្នែក​ចំណុច​កណ្ដាល​ដែល​ហៅ​ថា Capitol Rotunda នៃ​អាគារ​សភា ដែល​នេះ​ជា​កិត្តិយស​មួយ​រក្សា​ទុក​សម្រាប់ «ពលរដ្ឋ​ដ៏​ប្រសើរ​ឧត្ដុង្គឧត្ដម​បំផុត‍» របស់​ប្រទេស។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ Architect of the Capitol។

ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឯ​ព្រះ​វិហារ​គ្រិស្ត​សាសនា Washington National Cathedral នៅ​ថ្ងៃ​សៅរ៍។ លោក​អតីត​ប្រធានាធិបតី Barack Obama និង​លោក​អតីត​ប្រធានាធិបតី George W. Bush ត្រូវ​គេ​រំពឹង​ថា​នឹង​ថ្លែង​សុន្ទរកថា​នៅ​ឯ​ពិធី​នោះ។

សព​របស់​លោក McCain នឹង​ត្រូវ​កប់​នៅ​ឯ​ទី​បញ្ចុះ​សព U.S. Naval Academy Cemetery នៅ​ក្នុង​ទីក្រុង Annapolis រដ្ឋ Maryland៕

XS
SM
MD
LG