ដើរតាមព្រះច័ន្ទ
កម្រងឯកសារនិទានតាមវិទ្យុ ដែលមានចំណងជើងថា Follow the Moon ឬជាភាសាខ្មែរ «ដើរតាមព្រះច័ន្ទ» រៀបរាប់អំពីរឿងរ៉ាវរបស់លោក Greg Barron អតីតអ្នកសារព័ត៌មានអាមេរិកាំងម្នាក់ នៅក្នុងអំឡុងពេលដែលលោកបានចុះធ្វើសេចក្តីរាយការណ៍ ពីការរត់ភៀសខ្លួនរបស់ពលរដ្ឋខ្មែរ ពីរបបខ្មែរក្រហមទៅកាន់ជំរំជនភៀសខ្លួនខ្មែរថៃ ក្នុងអំឡុងឆ្នាំ១៩៧៩។ កម្រងឯកសារនិទានតាមវិទ្យុដែលមានរយៈពេល ១ម៉ោង ៩នាទី នេះ គឺផ្ដោតសំខាន់លើបទពិសោធន៍ជូរចត់របស់អ្នករស់រានមានជីវិតបីនាក់ រួមមានលោកស្រី គីម ពេជ្រស៊ុនថូ លោក ហាច ហឿន និងលោក សួស សុសឃឿត។ អ្នកទាំងបីបានរត់គេចពីរបបព្រៃផ្សៃរបស់ពួកខ្មែរក្រហម ទៅកាន់ជំរំជនភៀសខ្លួនខ្មែរថៃ នៅអំឡុងឆ្នាំ១៩៧៩ ហើយបានមករស់នៅសហរដ្ឋអាមេរិក។ ជាពិសេសគឺ «និស្ស័យ» ដែលលោក Barron បានជួបជនភៀសខ្លួនខ្មែរម្ដងទៀត ជិត៤០ឆ្នាំក្រោយមក នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក។ កម្រងឯកសារនិទានតាមវិទ្យុនេះ ត្រូវបានចងក្រង និងផលិតឡើងដោយ លោក Greg Barron នៅឆ្នាំ២០១៦ ហើយ វីអូអេ បានទទួលសិទ្ធិផលិតកម្រងឯកសារនេះជាភាសាខ្មែរ។