Hello VOA៖ អ្នកជំនាញរំឭកពីភាពស្របច្បាប់របស់រដ្ឋាភិបាលមុនការបោះឆ្នោត
ការបោះឆ្នោតតាមបែបសេរីនិយមពហុបក្ស កំណត់ភាពស្របច្បាប់របស់រដ្ឋាភិបាលមួយ ហើយលោករំឭកឲ្យដឹងជាមុនថា កម្ពុជានឹងមានបញ្ហាអំពីរឿងភាពស្របច្បាប់ និងការមិនទទួលស្គាល់ជាអន្តរជាតិ បើការបោះឆ្នោតខាងមុខគ្មានគោលការណ៍សេរីនិយម ពហុបក្សទេ។ នេះបើតាមការអះអាងរបស់លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល។ លោកអះអាងថា ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ពីគោលការណ៍សេរីនិយម ពហុបក្សតាមគោលការណ៍ដែលកម្ពុជាព្រមទទួលយកចាប់តាំងពីមានកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស។ លោកបានបន្ថែមថា ពហុបក្សគឺមិនផ្តោតទៅលើតែចំនួនទេ តែត្រូវមើលពីកម្លាំងនៃគណបក្សផងដែរ ដែលគេចង់សំដៅថា គណបក្សជំទាស់ដែលមានកម្លាំងប្រកួតប្រជែងក្នុងការបោះឆ្នោត ហើយឲ្យពលរដ្ឋមានការជ្រើសរើសបាន។ លោកបន្តទៀតថា មកដល់ពេលនេះប្រទេសមហាអំណាចយ៉ាងតិចពីរ គឺស.រ.អា និងសហភាពអឺរ៉ុបបានកាត់ផ្តាច់ជំនួយបោះឆ្នោតរួចហើយ ដោយសារការធ្វើទុក្ខបុកម្នេញនយោបាយ៕(លោក សុខ ខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ០៩ ខែមីនា ២០១៨)