Hello VOA៖ ប្រធានបទប្លែកៗមានប្រយោជន៍ទាក់ទាញការពិភាក្សាលើបណ្តាញសង្គម
ការរីកសាយនៃបណ្តាញសង្គមនៅកម្ពុជា ជាពិសេសប្រជាប្រិយភាពនៃវីដេអូតាមហ្វេសប៊ុក បានបើកឱកាសដល់យុជនកម្ពុជាទាំងនៅទីក្រុងនិងទីជនបទ អាចងាយផលិតវីដេអូប្លក់ (vblog) ដើម្បីជំរុញការពិភាក្សាទៅលើប្រធានបទសង្គមនានាដែលពួកគេគិតថាមានប្រយោជន៍ ប៉ុន្តែដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមិនលើកមកចាក់ផ្សាយ។ នេះបើតាមការអះអាងរបស់កញ្ញា Catherine Harry អ្នកបង្កើតទំព័រវីដេអូប្លក់ឈ្មោះ A Dose of Cath ដែលផ្តោតលើបញ្ហាស្ត្រី សុខភាពបន្តពូជ និងសង្គម។ អ្នកអត្ថាធិប្បាយតាមបណ្តាញសង្គមរូបនេះថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ថា គន្លឹះជោគជ័យនៃប្លក់ប្រភេទនេះ គឺអាស្រ័យលើការរើសប្រធានបទមួយដែលគេមិនដែលឮឬដឹងពីមុន មកផលិតជាខ្លឹមសារវីដេអូដោយលក្ខណៈគួរឲ្យចាប់អារម្មណ៍ បូកផ្សំនឹងការស្រាវជ្រាវច្បាស់លាស់។ ម៉្យាងទៀត អ្នកផលិតតាមបណ្តាញសង្គមបែបនេះ ក៏ត្រូវចេះត្រូវសម្របតាមការប្រែប្រួលរបស់ប្រព័ន្ធបច្ចេកវិទ្យាដូចហ្វេសប៊ុកដែលខ្លួនប្រើប្រាស់ និង ចេះឆ្លើយតបសមស្របទៅនឹងមតិរិះគន់ដែលអាចមាន៕ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ២០ វិច្ឆិកា ២០១៧)