បទសម្ភាសន៍ VOA៖ ការលុបចោលកិច្ចប្រជុំខ្លះរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នាំឲ្យមានការខកចិត្តនៅអាស៊ី
នៅពេលតំបន់អាស៊ីកំពុងផ្តោតការយកចិត្តទុកដាក់លើបញ្ហាភេរវកម្ម បញ្ហាអាវុធនុយក្លេអ៊ែកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង ហើយនឹងសេចក្តីត្រូវការភាពប្រាកដប្រជានៃគោលនយោបាយអាមេរិកក្នុងតំបន់ មានក្តីរំពឹងច្រើនថា ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីនឆ្នាំនេះរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើឲ្យមានការជឿទុកចិត្ត និងស្ថានការណ៍ប្រសើរ ហើយនឹងពង្រឹងទំនាក់ទំនងខ្លាំងជាងមុនរវាងរដ្ឋបាលថ្មីរបស់លោក ត្រាំ និងតំបន់អាស៊ី ជាមួយនឹងការធ្វើឲ្យមានតុល្យភាពអំណាចក្នុងតំបន់រវាងចិន និងអាមេរិកផងដែរ។ ប៉ុន្តែ ការលុបចោលកិច្ចប្រជុំខ្លះនាំឲ្យមានការខកចិត្តខ្លាំងនៅអាស៊ី។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់អាស៊ីក្នុងបន្ទប់ស្ទូឌីយោរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧ អំពីបញ្ហាក្នុងតំបន់ និងបញ្ហានយោបាយកម្ពុជាផងដែរ។ លោក ឈាង វណ្ណារិទ្ធ មើលឃើញថា អាមេរិកមិនផ្តោតការយកចិត្តទុកដាក់រឿងទំនាក់ទំនងអាមេរិកអាស៊ីទេ។ លោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមកិច្ចប្រជុំនានា ក្នុងពេលហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ៕