ពិដានការប្រាក់បង្កផលប៉ះពាល់ដល់រចនាសម្ព័ន្ធនៃមីក្រូហិរញ្ញវត្ថុកម្ពុជា
ក្នុងរយៈពេលប៉ុន្មានខែមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ រដ្ឋាភិបាលកម្ពុជាបានបង្គាប់ឲ្យវិស័យមីក្រូហិរញ្ញវត្ថុកំណត់ការប្រាក់លើកម្ចីថ្មី និងកម្ចីបន្ថែមលើបំណុលចាស់ ក្នុងអាត្រាខ្ពស់បំផុតត្រឹម១៨ភាគរយក្នុងមួយឆ្នាំ។ ស្របពេលដែលអតិថិជនថ្មីរីករាយនឹងសេចក្តីសម្រេចនេះយ៉ាងហោចណាស់ក្នុងរយៈពេលខ្លី សេចក្តីសម្រេចនេះបានធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុមានការភ្ញាក់ផ្អើល ដោយមានការព្រួយបារម្ភថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះអាចនឹងក្ស័យធន។ យ៉ាងណាមិញ លទ្ធផលនៃការដាក់ពិដានការប្រាក់នេះនឹងបណ្តាលឲ្យមានការកាត់បន្ថយការផ្តល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋតាមតំបន់ជនបទ ដែលពួកគេនឹងត្រូវបង្ខំចិត្តខ្ចីប្រាក់ពីអ្នកចងការប្រាក់។ លោក Robert Carmichael រាយការណ៍រឿងនេះពីរាជធានីភ្នំពេញ ហើយនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕