អ្នកតស៊ូមតិបន្តបញ្ចុះបញ្ជូលព្រឹទ្ធសភាអាមេរិករឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យខ្មែរ
ពលរដ្ឋខ្មែរអាមេរិកាំងដែលជាអ្នកតស៊ូមតិនៅរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា ដំណើរការបញ្ចុះបញ្ចូលឲ្យព្រឹទ្ធសភាអាមេរិកាំងអនុម័តនិងប្រែក្លាយសេចក្តីសម្រេចលេខ៧២៨ អំពីបញ្ហាខ្មែរទៅជាច្បាប់នោះកំពុងវិវត្តន៍ទៅជាក្តីសង្ឃឹមខ្លាំង។ នេះ ជាការអះអាងរបស់លោក ព្រហ្ម សោរ៍នរ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងដែលបានថ្លែងប្រាប់លោក សុខ ខេមរា នៃ VOA ក្នុងបទសម្ភាសមួយនៅថ្ងៃព្រហស្បតិ៍នេះ។ លោកថា នៅពេលព្រឹទ្ធសភាអនុម័តនិងបំពេញសេចក្តីបន្ថែមនានាដើម្បីឲ្យក្លាយជា ច្បាប់ហើយនោះ រដ្ឋាភិបាលអាមេរិក មិនអាចបង្អាក់វិធានការដែលសភាចង់ទាមទារឲ្យកម្ពុជាកែប្រែរឿងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនោះឡើយ។ លោកថារដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវកែទម្រង់ បើពុំដូច្នោះទេនឹងរងទណ្ឌកម្មដោយការបង្កក ទ្រព្យសម្បត្តិ បញ្ឈប់ការផ្តល់ទិដ្ឋការ ឬ វីស្សាដល់មេដឹកនាំ ឬអាចមានការផ្អាកការមិនឲ្យនាំចូលសម្លៀកបំពាក់ដែលមានតម្លៃជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំៗនោះជាដើម៕