ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​ក្នុង​គណបក្ស៖ តើ​លោក​ Trump នឹង​ផ្លាស់​ប្តូរ​គណបក្ស​សាធារណរដ្ឋ​​ជា​អចិន្ត្រៃយ៍​ឬ?


បេក្ខជន​ប្រធានាធិបតី​នៃគណបក្ស​សាធារណរដ្ឋ លោក Donald Trump ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​និង​អ្នក​ប្រឆាំង​នៅ​ក្នុង​ការ​ជួប​ជុំ​មួយ​នៅ​ឧទ្យាន​ជាតិ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ២០១៦។
បេក្ខជន​ប្រធានាធិបតី​នៃគណបក្ស​សាធារណរដ្ឋ លោក Donald Trump ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​និង​អ្នក​ប្រឆាំង​នៅ​ក្នុង​ការ​ជួប​ជុំ​មួយ​នៅ​ឧទ្យាន​ជាតិ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ២០១៦។

លោក Donald Trump ខិតទៅ​រក​ការ​ទទួល​បាន​ប្រតិភូ​១២៣៧​នាក់​ដែល​គាត់​ត្រូវ​ការដើម្បី​ទទួល​ការ​តែ​ងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដែល​នេះ​គឺ​ជា​ជោគ​ជ័យមួយ​ដែល​ស្ទើរ​តែែ​មិន​កើត​មាន​បាន​ទេ​កាល​ពី​ពីរ​បី​ខែ​មុននេះ។​

នៅ​ពេល​នេះ​ ទោះ​ណាជា​ពួក​អ្នកកាន់​អំណាច​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​មាន​បំណង​បែបណាក៏​ដោយ​ ក៏​ លោក Trump កំពុង​ធ្វើការ​ដើម្បី​រៀប​ចំ​គណបក្ស​នេះជា​ថ្មីតាម​របៀប​របស់​លោក។​

របៀប​របស់​លោក​ Trump ដែល​មិន​ធ្វើ​តាម​បទ​បញ្ញត្តិ​ និង​ការ​ថ្លែង​ខ្លាំងៗ​របស់​លោក​បាន​ទាក់​ទាញ​ក្រុម​អ្នក​បោះ​ឆ្នោត​ច្រើន​នាក់​ឱ្យ​បោះ​ឆ្នោត​ឱ្យ​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​សាធារណរដ្ឋ ​ក៏​ប៉ុន្តែ​គុណ​សម្បត្តិ​ដដែល​នោះ​ដែល​បាន​ជំរុញ​លោក ​Trump ​ឱ្យ​ទទួល​ការ​តែ​ងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​បង្កើត​ឱ្យមាន​ការ​បែក​បាក់​គ្នា​រវាង​ពួក​វរជន​របស់​គណបក្ស​នេះ​ជាមួយ​ក្រុម​អ្នក​បោះ​ឆ្នោត​ដែល​គាំទ្រ​លោក។

លោក Mark Rozell ព្រឹទ្ធ​បុរស​នៃ​មហាវិទ្យាល័យ​ខាង​គោលនយោបាយ​ រដ្ឋាភិបាល​ និង​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ George Mason បាននិយាយ​ថា «លោក​អ្នក​ឃើញ​ប្រតិកម្ម​របស់​មនុស្ស​ខ្លះ​ដូចជា​លោក Jeb Bush ​អតីត​អភិបាល​រដ្ឋ​ Florida ​ជា​ដើម ​ដែល​មាន​ការ​តប់​ប្រមល់​ក្នុង​ចិត្ត​បាន​គ្រវី​ដៃ​ដោយ​និយាយ​ថា​ប្រសិន​បើនេះ​ជា​អ្វី​ដែល​លោក​អ្នក​ចង់​បាន ចូរ​លោកអ្នក​គាំទ្រ​លោក​ Trump ចុះ។​ មាន​ការ​ក្តៅ​ក្រហាយ​ក្នុង​ចិត្ត​ក្នុង​ចំណោម​ពួក​មេដឹកនាំ​គណបក្ស​នេះ យើង​មិន​អាច​ត្រួតត្រា​ការណ៍​នេះ​បានទេ។ តើ​យើង​អាច​ធ្វើ​អ្វី​បាន​អំពី​ការណ៍​នេះ?»

កាតព្វកិច្ច​របស់​លោក​ Trump ​គឺ​ធ្វើ​ឲ្យ​ទៅ​មុខ​ដើម្បី​ផ្សះផ្សា​ការ​ប៉ង​ប្រាថ្នា​របស់​ពួក​អ្នក​កាន់​អំណាច​ក្នុង​គណបក្ស​សាធារណរដ្ឋ​ជាមួយ​ផលប្រយោជន៍​របស់​ពួក​អ្នក​គាំ​ទ្រ​លោក​ថ្មីៗ៕

XS
SM
MD
LG