[កំណត់និពន្ធ៖ លោក David P. Chandler បានមកដល់ប្រទេសកម្ពុជាលើកដំបូងកាលពីឆ្នាំ១៩៦០ ដើម្បីបម្រើការងារឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកនៅស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា។ លោកបានចំណាយពេលជាង៥០ឆ្នាំ ដើម្បីសិក្សាអំពីប្រទេសកម្ពុជា ហើយបានក្លាយជាប្រវត្តិសាស្ត្រវិទូដ៏សំខាន់ម្នាក់អំពីប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផងដែរ។ លោក Chandler បានរៀបរាប់ពីភាពវិកវរចលាចល និងប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាច្រើនជាងបញ្ញវន្តណាៗទាំងអស់ នៅក្នុងសៀវភៅ«ប្រវត្តិសាស្ត្រកម្ពុជា»របស់លោក ។ លោកក៏បានសរសេរអំពីមន្ទីរធ្វើទារុណកម្មដ៏សំខាន់មួយរបស់ខ្មែរក្រហមនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា«សម្លេងពីស-២១»។ លោក David Chandler អាយុ៨៣ឆ្នាំ បានផ្តល់បទសម្ភាសន៍ជាមួយនាង ទែន សុខស្រីនិត នៃ VOA នៅទីក្រុង Bethesda រដ្ឋ Maryland កាលពីខែមេសា ដើម្បីក្រឡេកមើលទៅប្រវត្តិសាស្ត្រកម្ពុជា និងការវិវត្តទៅថ្ងៃអនាគតរបស់កម្ពុជា។ កិច្ចពិភាក្សានេះរួមមានសារៈសំខាន់នៃសាលាក្តីខ្មែរក្រហម មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី និងការស្នងតំណែងក្នុងគណបក្សប្រជាជនកម្ពុជា។ បទសម្ភាសន៍នេះត្រូវបានកែសម្រួលដើម្បីឲ្យមានប្រវែងសមរម្យ និងអត្ថន័យច្បាស់លាស់។]
ហេតុអ្វីបានជាសាលាក្តីខ្មែរក្រហមមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា?
មានមូលហេតុ៣ ដែលសាលាក្តីខ្មែរក្រហមមានសារៈសំខាន់។ ទីមួយ គឺមកពីមានឯកសារនៅសេសសល់យ៉ាងច្រើនលើសលុបអំពីរបបខ្មែរក្រហម ដែលបញ្ញវន្តទូទៅមិនអាចទទួលយកមកប្រើប្រាស់បាន។ សាលាក្តីខ្មែរក្រហមមានឯកសារមួយចំនួនដែលយើងមិនអាចរកបាន ដូចជានៅមជ្ឈមណ្ឌលឯកសារកម្ពុជាជាដើម។ របបនេះក៏បានបន្សល់ទុកវត្ថុតាងផ្ទាល់ ដែលបានបង្កើតជាភស្តុតាងដ៏ធំអំពីរបបខ្មែរក្រហម។
មូលហេតុទី២ ខ្ញុំគិតថា មេដឹកនាំខ្មែរក្រហមដែលនៅមានជីវិតមិនត្រូវអនុញ្ញាតឲ្យស្លាប់ទៅដោយសន្តិភាព និងដោយគ្មានការកាត់ក្តីតាមយុត្តិធម៌នោះទេ។ ហើយពួកគេត្រូវតែប្រឈមនឹងការកាត់ទោសនៅសាលាក្តីខ្មែរក្រហម។ ពួកគេមិនអាចចៀសផុតពីការចោទប្រកាន់ ដែលពួកគេពិតជាបានប្រព្រឹត្តនោះបានទេ។
មូលហេតុទី៣ ខ្ញុំគិតថា ក្នុងអំឡុងពេលសាលាក្តីទើបចាប់ផ្តើមដំណើរការ មានចំណាប់អារម្មណ៍ច្រើនណាស់ក្នុងចំណោមប្រជាជនកម្ពុជា។ ប៉ុន្តែ នៅពេលខ្ញុំទៅប្រទេសកម្ពុជាលើកចុងក្រោយកាលពីឆ្នាំ២០១២ ប្រហែលជាចំណាប់អារម្មណ៍នេះថមថយបន្តិចហើយ។ កាលនោះ ប្រជាពលរដ្ឋខ្មែរជាច្រើនតែងតែបង្ហាញមុខរាល់ថ្ងៃនៅសាលាក្តី។ មនុស្សរាប់រយនាក់បានចូលរួម ដើម្បីបង្កើនចំណេះដឹងអំពីរបបខ្មែរក្រហម។ ពួកគេមានបទពិសោធន៍ផ្ទាល់ខ្លួន តែពួកគេមិនបានដឹងថា មានអ្វីកើតឡើងទូទាំងប្រទេសកម្ពុជាក្នុងអំឡុងរបបខ្មែរក្រហមនោះទេ។
រដ្ឋាភិបាលកម្ពុជាហាក់ដូចជាមិនចាប់អារម្មណ៍ក្នុងរឿងសាលាក្តីទៀតទេ ហើយតាមពិតទៅ ពួកគេមិនបានចាប់អារម្មណ៍លើសាលាក្តីនេះតាំងពីដំបូងម្ល៉េះ។ លោក ហ៊ុន សែន មិនដែលចង់ឲ្យមានសាលាក្តីទេ។ លោកព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាថា មេធាវីរបស់ ឌុច គឺជាមេធាវីផ្ទាល់ខ្លួនរបស់លោក។ នេះគឺជាវិធីសាស្ត្រដែលលោក ហ៊ុន សែន ក្តោបក្តាប់លទ្ធផលរបស់តុលាការ តាមដែលលោកអាចធ្វើទៅបាន។
ខ្ញុំគិតថា ដំណើរការកាត់ក្តីអាចពង្រឹងវិសាលភាពរបស់ខ្លួនឲ្យល្អជាងនេះ ប្រសិនបើកាលពីឆ្នាំមុន តុលាការបានស្វែងរកក្រុមបុគ្គលមួយក្រុមទៀត បន្ទាប់ពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ ប៉ុន្តែត្រង់នេះហើយដែលលោក ហ៊ុន សែន ចេញបញ្ជាថា «គ្មានការកាត់ក្តីទៀតទេ» ដោយសារតែ អ្នកដែលអាចត្រូវបាននាំខ្លួនមកកាត់ទោសជាបន្តបន្ទាប់នោះ អាចមានទំនាក់ទំនងជាមួយលោក ជា ស៊ីម ជាដើម។ ហើយលោក ហ៊ុន សែន មិនចង់ឲ្យមានការចាប់អារម្មណ៍ទៅលើបុគ្គលទាំងនោះឡើយ។ បើសិនជារឿងនេះកើតឡើងមែន នោះវាប្រាកដមានការចាប់អារម្មណ៍ជាមិនខាន។ ប៉ុន្តែរឿងនេះមិនបានកើតឡើងទេ។ ដូច្នេះខ្ញុំគិតថា លទ្ធផលដែលយើងទទួលបានពីតុលាការខ្មែរក្រហម គឺមិនណាស់ណាទេ។
បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ តើលោកមានសុទិដ្ឋិនិយមប៉ុណ្ណាដែរពីការផ្លាស់ប្តូរនៅកម្ពុជា? ហើយតើកម្ពុជាអាចមកដល់ពេលបច្ចុប្បន្ននេះដោយរបៀបណា?
តាមពិតទៅ ខ្ញុំសប្បាយចិត្តណាស់ នៅពេលដែលរបបខ្មែរក្រហមទទួលបរាជ័យ។ សម្រាប់ប្រទេសកម្ពុជា ការត្រួតត្រាដោយពួកបរទេសមិនមែនជារឿងល្អនោះទេ។ខ្ញុំចង់និយាយពីការណ៍ដែលកងទ័ពវៀតណាមបានចូលត្រួតត្រាកម្ពុជា ក្រោយពេលខ្មែរក្រហមធ្លាក់ពីរបបគ្រប់គ្រងប្រទេស។ ប៉ុន្តែខ្ញុំគិតថា ជនជាតិវៀតណាមបានជួយធ្វើឲ្យរបបខ្មែរក្រហមដួលរលំ។ តែផ្ទុយទៅវិញ វៀតណាមមិនបានទទួលការកោតសរសើរអ្វីពីប្រជាពលរដ្ឋខ្មែរនោះទេ។ ពួកកងទ័ពវៀតណាមបានវាយពួកខ្មែរក្រហម និងបានទប់ស្កាត់មិនឲ្យខ្មែរក្រហមវិលចូលកាន់កាប់អំណាចវិញ។ ពួកគេមានវាយពួកខ្មែរក្រហមរហូតដល់ទល់ដែនថៃ។ ជនជាតិវៀតណាមជាច្រើនពាន់នាក់បានបាត់បង់ជីវិត។ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនកាន់ជើងវៀតណាមនោះទេ ប៉ុន្តែរឿងទាំងនេះពិតជាអស្ចារ្យណាស់។ ប្រជាជនខ្មែរមិនបានបាត់បង់មនុស្សដើម្បីជួយប្រទេសណាមួយនោះទេ។ ការលះបង់បែបនេះមិនមែនជាទម្លាប់របស់ខ្មែរនោះទេ។
ជាក់ស្តែង ក្នុងអំឡុងពេល១០ឆ្នាំដែលពួកវៀតណាមបានកាន់កាប់កម្ពុជា បញ្ហាសិទ្ធិមនុស្សមិនត្រូវបានគេយកចិត្តទុកដាក់ប៉ុន្មានទេ ហើយតួនាទីរបស់គណបក្សប្រឆាំងក្នុងនយោបាយគឺមិនមានសោះឡើយ ហើយពេលនោះ កម្ពុជាមិនសូវមានទំនាក់ទំនងជាមួយនឹងប្រទេសណាមួយក្នុងពិភពលោកនោះទេ ដែលការណ៍នេះបានប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា។ មានរឿងគ្រប់យ៉ាងដែលអ្នកអាចរិះគន់បាន ក៏ប៉ុន្តែរឿងសំខាន់ដែលពួកវៀតណាមបានធ្វើនោះ គឺការទម្លាក់ខ្មែរក្រហមពីអំណាច និងបង្ក្រាបយោធារបស់ពួកខ្មែរក្រហម។
តមកទៀត យើងឃើញមានអង្គការសហប្រជាជាតិ ហើយនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិមានចំណុចខ្សោយមួយចំនួន ប៉ុន្តែជោគជ័យដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិ គឺការជួយឲ្យប្រជាជនកម្ពុជា៣សែននាក់ដែលរស់នៅក្នុងជំរុំតាមព្រំដែនខ្មែរថៃ ចូលមករស់នៅក្នុងមាតុប្រទេសវិញ។ ការចាប់ផ្តើមដំណើរការនៃអង្គការសិទ្ធិមនុស្សគឺជាកិច្ចការដែលព្រះបាទ នរោត្តម សីហនុ បានសម្រេចធ្វើ តែការងារខាងសិទ្ធិមនុស្សមិនមាននោះទេនៅប្រទេសវៀតណាម និងប្រទេសឡាវ។ ត្រង់នេះ ខ្ញុំចង់និយាយអំពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមិនត្រូវបានអនុញ្ញាតឲ្យមានឡើយនៅក្នុងប្រទេសទាំងពីរនោះ។
ការបើកទូលាយឲ្យកម្ពុជាមានការវិនិយោគទុនបរទេសមានសារៈសំខាន់ខ្លាំងណាស់ ដែលនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលមានអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ កិច្ចការរបស់អង្គការសហប្រជាជាតិក៏មានខ្វះប្រសិទ្ធិភាព។ អ.ស.ប តែងតែត្រូវបានគេរិះគន់ជានិច្ច។ ពេលនោះខ្ញុំបាននៅប្រទេសកម្ពុជាមួយភ្លែតដែរ កាលពីដើមឆ្នាំ១៩៩០ ឆ្នាំ១៩៩១ និងឆ្នាំ១៩៩២។ មានបុគ្គលជាច្រើនធ្វើការតិច តែបានលុយច្រើនលើសលុប។ បន្ថែមលើនេះ ពួកគេមិនបានធ្វើឲ្យមានឥទ្ធិពលអ្វីដល់រដ្ឋាភិបាលកម្ពុជានោះទេ។ ក្នុងអំឡុងពេលនោះ លោក ហ៊ុន សែន នៅតែស្ថិតនៅក្រោយឆាកនយោបាយ ហើយគ្រប់គ្រងប្រទេសជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក។
«ខ្ញុំមិនមានសុទិដ្ឋិនិយមទេ បើនិយាយពីភាពជាអ្នកដឹកនាំខាងនយោបាយរបស់កម្ពុជា ហើយខ្ញុំក៏មិនមានសុទិដ្ឋិនិយមដែរទៅលើនយោបាយនៃការបោះឆ្នោតនៅកម្ពុជា»
ឆ្នាំ១៩៩៧ ពោរពេញដោយអស្ថិរភាព។ តែលោក ហ៊ុន សែន បានក្តោបក្តាប់លើអ្វីៗដែលកើតឡើង ហើយរឿងទាំងនោះក៏បានស្ងប់ទៅវិញ។ បន្ទាប់មកទៀត ការវិនិយោគក៏បានចាប់ផ្តើមនៅកម្ពុជា។ រោងចក្របានរីកដុះដាលឡើង ហើយវិស័យអប់រំបានចាប់ផ្តើមដំណើរការល្អជាងមុន។ អ្នកដែលទៅរស់នៅស្រុកគេបានត្រឡប់មកវិញជាបណ្តើរៗ។ បន្ទាប់មកក៏មានការបោះឆ្នោត ដែលមិនសូវអាចយកជាការបាន រហូតដល់ការបោះឆ្នោតឆ្នាំ២០១៣។ ខ្ញុំគិតថាលោក សម រង្ស៊ី មិនមែនជាមេដឹកនាំបក្សប្រឆាំងដែលគួរឲ្យជឿទុកចិត្តបានទេ ហើយបើយើងនិយាយពីនយោបាយវិញ លោកខ្វះបទពិសោធន៍ច្រើនណាស់ ហើយលោកមានទំនាក់ទំនងច្រើនជាមួយជនបរទេស។ លោកតែងតែមកស.រ.អា ហើយត្រូវបានគេចាត់ទុកដូចស្តេច ដែលត្រូវបាននិរទេសចេញពីស្រុកដោយពួកគណបក្សសាធារណរដ្ឋនៅសហរដ្ឋអាមេរិកនេះ។
យ៉ាងណាមិញ លោក សម រង្ស៊ី គឺជាមនុស្សឆ្លាតម្នាក់។ គាត់មានភាពក្លាហានខាងកម្លាំងបាយ ឧទាហរណ៍លោកបានប្រឈមនឹងការបំផ្ទុះគ្រាប់បែកកាលពី១៩៩៧ជាដើម តែគាត់មិនអាចក្លាយជាអ្នកដឹកនាំដោយមានប្រសិទ្ធិភាពបានទេ។ លោក ហ៊ុន សែន មានសមត្ថភាពគ្រប់គ្រងស្ថានការណ៍នយោបាយ ហើយលោក ហ៊ុន សែន អាចចាប់ខ្លូនលោក សម រង្ស៊ី ហើយដោះលែងទៅវិញ ចាប់ហើយលែងទៅវិញទៀតរហូត។ និយាយឲ្យចំទៅ គឺប្រៀបដូចជាការលេងល្បែងជាមួយលោក សម រង្ស៊ី អីចឹង។ មនុស្សរបស់លោក សម រង្ស៊ី មិនមានកាំភ្លើងក្នុងដៃទេ។ ខ្ញុំនឹងមិននិយាយក្នុងកម្មវិធីរបស់អ្នក ឬកម្មវិធីផ្សេងថា លោក ហ៊ុន សែន គួរតែត្រូវទម្លាក់ពីតំណែងដោយប្រើកម្លាំងបាយនោះទេ ប៉ុន្កែតាមពិតទៅ លោក ហ៊ុន សែន ក៏មិនអាចនឹងត្រូវគេទម្លាក់ដោយវិធីណាផ្សេងបានឡើយ។
លោក ហ៊ុន សែន ក៏បារម្ភថា លោកអាចនឹងត្រូវទម្លាក់ពីតំណែងតាមរយៈការបោះឆ្នោត។ ប៉ុន្តែគាត់ក៏មិនបណ្តោយឲ្យរឿងនេះកើតឡើងដែរ។ វាហៀបនឹងកើតឡើងម្តងទៅហើយ ក្នុងការបោះឆ្នោតឆ្នាំ២០១៣នេះឯង។ ការសន្និដ្ឋានរបស់ខ្ញុំនៅពេលនោះ គឺថាពួកគេប្រកាសលទ្ធផលលឿនពេក ដែលលទ្ធផលពិតប្រាកដវាបែរជាផ្ទុយគ្នា។ ពួកគេអាចរង់ចាំពីរបីថ្ងៃទៀតបាន តែពួកគេមិនព្រម។ គេប្រកាសថា គណបក្សប្រឆាំងទទួលបានកៅអីច្រើនណាស់។ ហេតុដូច្នោះហើយ ទើបលោក សម រង្ស៊ី និងលោក កឹម សុខា បាននិយាយថា៖«ពួកយើងឈ្នះឆ្នោតហើយ!»។ ពួកគេគ្មានភស្តុតាងថា ពួកគេបានឈ្នះឆ្នោតទេ។ រដ្ឋាភិបាលគ្រាន់តែនិយាយថា៖ «អ្នកឯងឈ្នះតែប៉ុណ្ណេះទេ»។
ខ្ញុំគិតថា ពួកគេប្រហែលជាឈ្នះបានប្រាំ ឬប្រាំមួយកៅអីទៀតប៉ុណ្ណោះ។ ប៉ុន្តែយើងមិនដឹងថា ខាងណាឈ្នះឲ្យពិតប្រាកដនោះទេ អាចថា រដ្ឋាភិបាលមិនចង់ឲ្យសម្លេងឆ្នោតគណបក្សប្រឆាំងកៀកនឹងសម្លេងភាគច្រើន ដែលជាហេតុអាចឲ្យគណបក្សប្រឆាំងបង្កបញ្ហាក្នុងសភាជាតិនោះទេ។ តែលោក ហ៊ុន សែន បានព្យាយាមធានាថា សភាជាតិមិនមានអំណាចឡើយ។
ខ្ញុំមិនមានសុទិដ្ឋិនិយមទេ បើនិយាយពីភាពជាអ្នកដឹកនាំខាងនយោបាយរបស់កម្ពុជា ហើយខ្ញុំក៏មិនមានសុទិដ្ឋិនិយមដែរទៅលើនយោបាយនៃការបោះឆ្នោតនៅកម្ពុជា។ ខ្ញុំមិនគិតថា វានឹងកើតឡើងនោះទេ។ ខ្ញុំមិនមានសុទិដ្ឋិនិយមចំពោះការផ្លាស់ប្តូររបស់លោក ហ៊ុន សែន ក្នុងការគ្រប់គ្រង ឬផ្លាស់ប្តូរតួនាទី ដែលលោកបានចាត់ទុកខ្លួនឯងថាជា «ស្តេចអស់មួយជីវិត» ដូចដែលលោកគិតនោះទេ។ គាត់នឹងមិនផ្លាស់ប្តូរទេ។
ប៉ុន្តែ យើងក៏ត្រូវមានសុទិដិ្ឋនិយមអំពីការអភិវឌ្ឍ ដែលកំពុងកើតឡើងពាសពេញប្រទេសដែរ ឧទាហរណ៍ដូចជាសាកលវិទ្យាល័យដែលបានបើកបង្រៀនជំនាញសំខាន់ៗ។ និស្សិតខ្មែរមិនអាចទិញសញ្ញាប័ត្របានទៀតទេ។ សាលារៀនឥឡូវមានភាពល្អប្រសើរជាងមុន ហើយនេះខ្ញុំសំដៅទៅលើសាលាឯកជនមួយចំនួន។ ឥឡូវប្រជាជនមានការអប់រំល្អជាងមុនហើយ។ ពួកគេទៅបរទេសដើម្បីទទួលបានការអប់រំ ហើយក៏នាំគ្នាវិលត្រឡប់មកប្រទេសវិញ។ កម្ពុជាក៏មានក្រុមមនុស្សដែលមានសមត្ថភាពជាច្រើន។ ប្រាក់ខែរដ្ឋដែលធ្លាប់មិនអាចរស់នៅបានក៏ប្រសើរជាងមុនបន្តិចដែរ តែវានៅតែមិនគ្រប់គ្រាន់ដើម្បីរស់ឲ្យស្រួលនៅឡើយទេ។ ប្រាក់ខែរដ្ឋកាលពីមុនគឺត្រឹមតែ៦០ដុល្លា ក្នុងមួយខែ ដែលមនុស្សមិនអាចសង្ឃឹមរស់ដោយពឹងលើប្រាក់ខែប៉ុណ្ណេះទេ។ តើប្រាក់ខែប៉ុណ្ណឹងមិនឲ្យមនុស្សទៅប្រព្រឹត្តអំពើពុករលួយយ៉ាងដូចម្តេចទៅ? នៅភ្នំពេញ ប្រាក់៦០ដុល្លាមិនគ្រាន់ដើម្បីរស់មួយអាទិត្យផង បើអ្នកមានគ្រួសារ។ ដូច្នេះ នេះជាចំណុចដែលបានផ្លាស់ប្តូរ តែផ្លាស់ប្តូរបានតិចតួចត្រង់ប្រាក់ខែនេះ។
ដោយឡែក ការអភិវឌ្ឍមួយចំនួនមានផលវិជ្ជមាន។ តែខ្ញុំមិនចូលចិត្តការអភិវឌ្ឍខាងវារីអគ្គិសនីរបស់ចិននៅលើទន្លេមេគ្គងទេ។ នេះជាការអភិវឌ្ឍមិនល្អមួយសម្រាប់អនាគតរបស់កម្ពុជា។ ខ្ញុំមិនចូលចិត្តការដែលចិនតាំងខ្លួនជាអ្នកមើលការខុសត្រូវឲ្យរដ្ឋាភិបាលនោះទេ។ ខ្ញុំគិតថា ធ្វើបែបនេះគឺមិនមានផលល្អទេ។ ខ្ញុំគិតថាលោក ហ៊ុន សែន និងប្រជាជនខ្មែរ មិនបានគិតឲ្យច្បាស់លាស់ថា ការធ្វើនេះមានន័យដូចម្តេចនោះទេ។ នៅពេលដែលចិនចង់ប្រើកម្លាំងតែបន្តិច កម្ពុជាក៏គ្មានអ្វីមកអាចទប់ទល់បានដែរ។ ខ្ញុំមិនចង់ឲ្យកម្ពុជាក្លាយជារដ្ឋក្រោមអំណាចរបស់ចិននោះទេ តែវាអាចក្លាយជាការពិតបាន។ នេះគឺជាហេតុផលមួយនៃទុទិដ្ឋិនិយមនៅកម្ពុជា។
«កូនប្រុសរបស់លោក ហ៊ុន សែន ត្រូវតែធានាថា នៅពេលដែលឪពុករបស់គេបាត់បង់ជីវិតទៅ គេអាចឡើងស្នងតំណែងបាន ដោយមិនមានការប្រឆាំងពីក្រុមមនុស្សទាំងនេះទេ ហើយដើម្បីធ្វើដូចនេះបាន កូនរបស់លោក ហ៊ុន សែន ត្រូវធានាថា ផលប្រយោជន៍របស់បុគ្គលមានអំណាចទាំងអស់នោះនឹងមិនរងផលប៉ះពាល់អ្វីឡើយ»
តែ ខ្ញុំគិតថា មានមនុស្សជាច្រើនដែលមានអាយុប្រហែលនឹងអ្នកដែលមានសុទិដ្ឋិនិយម។ អ្នកដែលមានអាយុប្រហែលអ្នក មានការចេះដឹងច្រើន និងមានការភ្ញាក់រំលឹក តែតាមខ្ញុំគិត យុវជនកម្ពុជាក៏មានការព្រួយបារម្ភចំពោះស្ថានការណ៍ទៅថ្ងៃខាងមុខដែរ។ យុវជនក្មេងៗប្រហែលជាមិនមានសុទិដិ្ឋនិយមខាងនយោបាយទេ ហើយពួកគេព្យាយាមធ្វើការផ្សេងពីនយោបាយ។ ហើយពួកគេក៏មិនមែនជាឆ្អឹងទទឹងករបស់លោក ហ៊ុន សែន ដែរ ពីព្រោះថាពួកគេមិនសូវសកម្មក្នុងការប្រឆាំងនឹងលោក ហ៊ុន សែន ទេ។ ដូច្នេះ ពួកគេមិនប្រឈមមុខនឹងការជាប់គុក ឬត្រូវបានគេបាញ់នោះទេ។
តើលោកគិតថាមានអ្វីកើតឡើង នៅពេលដែលមេដឹកនាំផ្តាច់ការបាត់បង់ជីវិត? តើលោកគិតថា អនាគតរបស់ប្រទេសកម្ពុជានឹងដើរទៅមុខយ៉ាងដូចម្តេច?
ការស្លាប់របស់មេដឹកនាំផ្តាច់ការណាមួយ នឹងបណ្តាលឲ្យមានការផ្លាស់ប្តូរ។ មានមតិមួយចំនួននិយាយថា លោក ហ៊ុន សែន កំពុងតែជ្រើសតាំងកូនរបស់លោក ឲ្យស្នងតំណែង។ និយាយទៅ គំរូបែបនេះកើតមាននៅប្រទេសសិង្ហបុរីដែរ។ ប៉ុន្តែ ខ្ញុំមិនដឹងថា ការឲ្យកូនរបស់គាត់ឡើងស្នងតំណែងនេះនឹងដំណើរការទៅមុខដោយរលូនយ៉ាងដូចម្តេចនោះទេ? ខ្ញុំយល់ថា បើជាការពិតមែននោះ កូនប្រុសរបស់លោក ហ៊ុន សែន ត្រូវចាប់ផ្តើមរៀបចំគម្រោង និងកិច្ចព្រមព្រៀងមួយចំនួនជាមួយនឹងបក្ខពួក និងមិត្តជិតស្និតដែលបានគាំទ្រលោក ហ៊ុន សែន។ អ្នកទាំងនោះរួមមាន ពួកឧកញ៉ា អ្នកធ្វើជំនួញធំៗ និងពួកអ្នកមានអំណាចផ្សេងៗ។ កូនប្រុសរបស់លោក ហ៊ុន សែន ត្រូវតែធានាថា នៅពេលដែលឪពុករបស់គេបាត់បង់ជីវិតទៅ គេអាចឡើងស្នងតំណែងបាន ដោយមិនមានការប្រឆាំងពីក្រុមមនុស្សទាំងនេះទេ ហើយដើម្បីធ្វើដូចនេះបាន កូនរបស់លោក ហ៊ុន សែន ត្រូវធានាថា ផលប្រយោជន៍របស់បុគ្គលមានអំណាចទាំងអស់នោះនឹងមិនរងផលប៉ះពាល់អ្វីឡើយ។
មនុស្សមួយចំនួនក៏នាំគ្នានិយាយថា មានការប្រឆាំងគ្នានៅក្នុងបក្សប្រជាជនកម្ពុជា ប៉ុន្តែ ខ្ញុំមិនដឹងច្បាស់ពីរឿងនេះទេ ហើយខ្ញុំក៏មិនគិតថា មានការប្រឆាំងគ្នាក្នុងបក្សប្រជាជនដែរ។ ខ្ញុំមិនគិតថា មនុស្សដែលមានគំនិតចង់បំបែកបំបាក់បក្សនេះត្រូវបានអនុញ្ញាតឲ្យចូលបក្សនេះទេ។ ខ្ញុំគិតថា សមាជិកគណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងអ្វីដែលខ្លួនទទួលបាន ជាពិសេសគឺជាខាងប្រាក់ចំណូល និងជីវភាពរស់នៅរបស់ពួកគេ។
បើសិនជាលោក ហ៊ុន សែន បាត់បង់ជីវិត នោះគឺជាចំណុចចាប់ផ្តើម។ កាលណាកូនប្រុសលោក ហ៊ុន សែន បានធ្វើការព្រមព្រៀងរួចរាល់ជាមួយនឹងបុគ្គលដែលមានអំណាចហើយនោះ សំណួរគឺនៅត្រង់ថា តើកូនប្រុសរបស់លោក ហ៊ុន សែន ចាប់អារម្មណ៍ក្នុងការធ្វើកំណែទម្រង់ក្នុងប្រទេសដល់កម្រិតណា។ ការធ្វើកំណែទម្រង់មួយចំនួន ដែលខ្ញុំគិតថាសំខាន់នោះ រួមមាន ការបង្កើតឲ្យមានប្រព័ន្ធសារពើពន្ធមួយដ៏មានប្រសិទ្ធភាព ដែលបញ្ហានេះមិនពាក់ព័ន្ធស៊ីជម្រៅក្នុងបញ្ហានយោបាយណាស់ណាទេ។ ហើយមួយទៀត គួរតែមានការកែទម្រង់ខាងយោធា។ កម្ពុជាមិនត្រូវការកម្លាំងយោធាដ៏ធំសម្បើមដូចនេះទេ ពីព្រោះកម្ពុជាមិនមានជម្លោះអ្វីជាមួយនឹងប្រទេសណាទេ។ តាមពិតទៅ មានបញ្ហាច្រើនណាស់ ដែលកូនរបស់លោក ហ៊ុន សែន អាចធ្វើកំណែទម្រង់បាន។
ប៉ុន្តែ កិច្ចការមួយដែលកូនប្រុសរបស់លោក ហ៊ុន សែន ត្រូវតែធ្វើ ហើយប្រហែលជាកំពុងតែធ្វើនោះ គឺមិនត្រូវធ្វើឲ្យបុគ្គលមានអាចអំណាចក្នុងបក្ស យល់ថា កូនប្រុសរបស់លោក ហ៊ុន សែន នឹងបង្កបញ្ហាធំដល់បុគ្គលទាំងនេះទេ នៅពេលដែលគេឡើងស្នងតំណែងនោះ។ ពួកបុគ្គលមានអំណាច និងទ្រព្យសម្បត្តិទាំងនេះនៅកម្ពុជា គឺប្រៀបដូចនឹងអ្នកមាននៅសហរដ្ឋអាមេរិក ដែលគាំទ្រគណបក្សសាធារណៈរដ្ឋដែរ។ ហើយពួកគេទាំងនេះកំពុងតែស្មុគស្មាញ ដោយសារតែលោក Donald Trump នាពេលនេះ ពីព្រោះថា ពួកគេខ្លាចថា ពួកគេមិនអាចយកប្រាក់ដែលពួកគេបានបណ្តាក់ទុននោះមកវិញ។ ខ្ញុំមិនដែលគិតថា ខ្ញុំអាចនិយាយដូច្នេះបានទេ ក៏ប៉ុន្តែ បញ្ហានេះកំពុងតែក្លាយជាការពិត។
និយាយទៅ ខ្ញុំមិនសង្ឃឹមច្រើនទេខាងនយោបាយនៅកម្ពុជា។ បើសិនជាការសង្ឃឹមនោះផ្តោតទៅលើការផ្លាស់ប្តូរខាងនយោបាយ ដែលបង្កើតឲ្យមានរដ្ឋាភិបាលដែលនិយមលទ្ធិប្រជាធិបតេយ្យ និងដែលសភាជាតិមានអំណាចឯករាជ្យនោះ តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជានោះ ខ្ញុំមិនយល់ថា រឿងទាំងនេះនឹងកើតឡើងនោះទេ គ្រាដែលលោក ហ៊ុន សែន នៅរស់រានមានជីវិត។ ខ្ញុំមិនយល់ថា ប្រព័ន្ធគាំទ្រអ្នកឡើងស្នងអំណាចដោយឯករាជ្យ នឹងកើតមាននោះទេ ពីព្រោះថា បុគ្គលមានអំណាចមួយចំនួនអាចនឹងសម្លាប់អ្នកស្នងតំណែងដោយឯករាជ្យនេះ។ ពួកគេអាចធ្វើដូច្នេះបាន ដោយបើកឡានបុកសម្លាប់ក៏ថាបាន។ ប៉ុន្តែ ខ្ញុំយល់ច្បាស់ថា ការស្នងតំណែងពីលោក ហ៊ុន សែន ត្រូវតែមានការព្រមព្រៀងគ្នាពីបុគ្គលដែលមានអំណាចទាំងអស់នោះ។ ហើយខ្ញុំក៏គិតថា ចិនក៏រីករាយនឹងការព្រមព្រៀងគ្នាបែបនេះដែរ។
ដោយសារតែលោកលើកឡើងពីការគាំទ្ររបស់បរទេស តើកម្ពុជាមានសារៈសំខាន់នៅក្នុងភូមិសាស្រ្តនយោបាយទេសព្វថ្ងៃនេះ?
ទេ កម្ពុជាមិនមានសារៈសំខាន់អ្វីនោះទេ។ កម្ពុជាតែងតែយល់ថា ខ្លួនមានសារៈសំខាន់ជាងភាពជាក់ស្តែងរបស់ខ្លួន។ ពួកគេមានសិទ្ធិយល់ឃើញធ្វើបែបហ្នឹង ប៉ុន្តែពួកគេត្រូវតែមើលថា ប្រទេសនេះមានមនុស្សប៉ុន្មាននាក់ ហើយកម្ពុជាដើរដល់ណាហើយ ហើយធនធានធម្មជាតិអ្វីដែលពួកគេមាន និងអ្វីផ្សេងៗទៀត។ ពួកគេមិនមែនជាប្រទេសដែលគេត្រូវយកចិត្តទុកដាក់នោះទេ។ ខ្ញុំគិតថា សហគមន៍អន្តរជាតិបានជាប់គាំងនៅក្នុងសង្រ្គាមវៀតណាម និងនៅកន្លែងផ្សេងៗទៀត ដែលពួកគេបានអន្តរាគមន៍ច្រើនហួសហេតុ។ ដោយសាររបបខ្មែរក្រហម សម្ព័ន្ធមិត្តរបស់ពួកគេ និងសម័យ លន់ នល់ ហើយនិងសម័យបារាំងមុន សហគមន៍អន្តរជាតិបានចូលមកប្រទេសកម្ពុជា មិនមែនដើម្បីជួយសង្រ្គោះអ្វីនោះទេ។ ពួកគេនឹងមិនធ្វើរឿងនេះនោះទៀតទេ។
តើលោកគិតថា យុវជនជំនាន់ក្រោយរបស់កម្ពុជាអាចរៀនអ្វីខ្លះពីប្រវត្តិសាស្រ្តមួយនេះ?
ពលរដ្ឋកម្ពុជាមិនគិតថា ប្រវត្តិសាស្រ្តមានសារៈសំខាន់នោះទេ។ ពួកគេគិតថា រឿងផ្សេងមានសារៈសំខាន់ជាងប្រវត្តិសាស្រ្ត ដែលតាមពិតប្រវត្តិសាស្រ្តមានសារៈសំខាន់ដែរ។ ប៉ុន្តែ ខ្ញុំគិតថា វាមិនមែនជារឿងល្អទេ ដែលអ្នកមិនដឹងពីកន្លែងដែលអ្នករស់នៅ ដោយសារអ្នកអាចនិយាយពន្លើសពីគោលដៅដែលអ្នកនឹងទៅ ហើយវាក៏មិនមែនជារឿងល្អដែលអ្នកគិតថា អ្នកបានរួមចំណែកឲ្យមានការផ្លាស់ប្តូរនៅក្នុងពិភពលោក ច្រើនជាងអ្វីអ្នកបានធ្វើនោះ។ ឬអ្នកអាចគិតថា ខ្មែរក្រហមមិនមែនជារឿងរបស់ខ្មែរ ដែលតាមពិតវាជារឿងរបស់ខ្មែរ? វាជារឿងដ៏ឈឺចាប់មួយ ប៉ុន្តែវាជាការពិត។ ខ្មែរក្រហមមិនមែនកើតឡើងដោយជនបរទេសនោះទេ។ មានអ្នកខ្លះសួរខ្ញុំថា តើ ប៉ុល ពត ជាជនជាតិវៀតណាម ឬមិនមែន។ ប៉ុល ពត ជាខ្មែរសុទ្ធ ហើយពួកគេត្រូវតែដឹងពីរឿងនេះ។
អ្នកត្រូវតែគិតពិចារណាឲ្យបានល្អិតល្អិន ដើម្បីមើលឃើញនូវអ្វីដែលអ្នកអាចធ្វើបាន នៅពេលរឿងខុសឆ្គងបានកើតឡើង និងអ្វីដែលអ្នកអាចធ្វើបាន នៅពេលរឿងត្រឹមត្រូវបានកើតឡើង ហើយជាពិសេសត្រូវដឹងពីធនធានដែលអ្នកមាន។ ខ្ញុំគិតថា យុវជនកម្ពុជាជំនាន់ក្រោយគឺជាធនធានដ៏សំខាន់របស់ប្រទេសនេះ។ ដូច្នេះខ្ញុំចាំមើលថា តើពួកគេសហការគ្នាយ៉ាងដូចម្តេច។ នេះមិនមែនជាពាក្យធំដុំនោះទេ។ នៅពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅពេលពួកគេប្រើប្រាស់ពាក្យខ្មែរនៅក្នុងកិច្ចព្រមព្រៀងនោះ ពួកគេមិនអាចដាក់ពាក្យខ្មែរសម្រាប់ពាក្យ«ការសហការរួមគ្នា»បានទេ។ ពួកគេគ្រាន់តែនិយាយថាយល់ស្រប ឬមិនយល់ស្របគ្នា ហើយបើមិនអីចឹងទេ ពួកគេឈ្លោះគ្នាគ្រប់ពេល ឬក៏ប្រើហិង្សាទៀត។ នេះជាវិធីមួយទៀតដែលពួកគេអាចសម្រេចកិច្ចការមួយចំនួន ហើយដើរទៅមុខបាន។ គ្រាន់តែប្រើហិង្សាទៅ ធ្វើឲ្យមនុស្សខ្លាច ហើយនេះហើយជាអ្វីដែល លោក ហ៊ុន សែន បានធ្វើរាល់ដង។ ប៉ុន្តែខ្ញុំគិតថា លោក ហ៊ុន សែន ជាមនុស្សគួរឲ្យខ្លាច។
ហេតុអ្វីបានជាលោកគិតថា លោក ហ៊ុន សែន ជាមនុស្សគួរឲ្យខ្លាច?
លោក ហ៊ុន សែន អាចធ្វើអ្វីៗដែលគាត់ចង់ធ្វើ។ សូមក្រឡេកទៅមើលរឿងមួយចំនួនដែលគាត់បានធ្វើទៅមើល។ មានគេសួរគាត់កាលពីឆ្នាំ១៩៩៧ ថា «តើលោក ហ៊ុន សែន ទទួលខុសត្រូវសម្រាប់រដ្ឋប្រហារដែរឬទេ?» លោក ហ៊ុន សែន បាននិយាយថា «ប្រសិនបើខ្ញុំជាអ្នកទទួលខុសត្រូវវិញ ពួកគេទាំងអស់គ្នានេះនឹងត្រូវស្លាប់ជាមិនខាន»។ នេះជាអ្វីដែលគាត់បាននិយាយ។ «ពួកគេទាំងអស់នឹងត្រូវស្លាប់។ ហ៊្វុនស៊ិនប៉ិចនឹងមិនមានទៀតទេ»។
តែខ្ញុំគិតថា មនុស្សម្នានៅទូទាំងពិភពលោកបានដឹងពីបញ្ហាសំខាន់ៗ ដូចជាបញ្ហាវិសមភាពរវាងអ្នកមាន និងអ្នកក្រ។ ប្រសិនបើមនុស្សម្នាចាប់ផ្តើមដឹងថា វាមិនមែនតែជាបញ្ហាអាមេរិក ឬបញ្ហារបស់ចិនទេ តែវាក៏ជាបញ្ហារបស់កម្ពុជាផងដែរ។ ប៉ុន្តែ វាជាបញ្ហារបស់កម្ពុជា ហើយនេះហើយជាចំណុចរបស់ខ្មែរក្រហម ដោយសារតែពួកគេអាចនិយាយថា៖ «អ្នកណាញ៉ាំអង្ករដែលអ្នកខំដាំ? តើលុយទាំងអស់បានមកពីណា? អ្នកណាបើកឡានទាំងអស់ហ្នឹង? តើពួកគេអាចទិញឡានទាំងនោះដោយវិធីណា?» «ខ្ញុំអត់ដឹងផង»។ «អ្នកជាអ្នកក្រ ហើយពួកគេជាអ្នកមាន។ តើមានរឿងអ្វីកើតឡើងនៅត្រង់រឿងហ្នឹង? យើងគួរតែនាំគ្នាធ្វើអ្វីម្យ៉ាងហើយ»។
«កុំពាក់ព័ន្ធជាមួយនឹងនយោបាយដែលប្រឈមមុខដាក់គ្នា ដោយសារតែវាជាប្រភេទនយោបាយដែលលោក ហ៊ុន សែន យល់យ៉ាងច្បាស់។ គាត់មានអំណាច។ អ្នកទាំងអស់គ្នាមិនមានអំណាចអ្វីទេ»
នេះហើយជាមូលដ្ឋាននៃការធ្វើបដិវត្តន៍។ ខ្ញុំមិននិយាយថា វាជាស្ថានភាពដូចគ្នាទេសម្រាប់កម្ពុជានាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែ វានាំឲ្យមនុស្សម្នាចាប់ផ្តើមគិតថា វាមិនមែនតែជាបញ្ហាតូចនោះទេ។ ពលរដ្ឋខ្មែរមួយចំនួនមិនពេញចិត្ត និងខឹងសម្បារអំពីវិសមភាព។ ដូច្នេះ ពួកគេបានបណ្តេញអ្នកនៅទីក្រុង ហើយនិងអ្នកមានជាដើម។ វាមិនមែនជារឿងល្អនោះទេ។ ខ្ញុំមិនឲ្យយោបល់ឲ្យធ្វើអញ្ចឹងនោះទេ។ ប៉ុន្តែ វាជារឿងតែមួយ ដូចគ្នានឹងបដិវត្តន៍នៅរុស្ស៊ី ឬបដិវត្តន៍នៅចិន។ «វាជារឿងអយុត្តិធម៌ ហើយអ្នកជាជនរងគ្រោះ»។ លោក Trump កំពុងធ្វើអញ្ចឹងឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិកដែរ។ វាមិនមែនជារឿងដូចគ្នាទេ។ ប៉ុន្តែអ្នកជាជនរងគ្រោះនៃរឿងអាក្រក់ដែលកំពុងតែកើតឡើងនេះ។
ប៉ុន្តេ ខ្ញុំចង់ឲ្យមនុស្សដឹងថា ស្ថានភាពបែបហ្នឹងអាចបង្កឲ្យមានហិង្សាបាន។ ការផ្ទុះកំហឹងអាចនឹងចាប់ផ្តើមនៅទីបំផុត ប្រសិនបើអ្នកធ្វើរឿងបែបនេះកាន់តែច្រើនឡើងៗ។ ប្រសិនបើកម្មករចាប់ផ្តើមខឹងសម្បារ នោះអ្នកនឹងមិនធ្វើឲ្យប្រទេសមានការផ្លាស់ប្តូរទេ។ ប៉ុន្តែ កម្មករជាច្រើននាក់អាចស្លាប់ ប្រសិនបើពួកគេនាំគ្នារៀបចំបាតុកម្មកាន់តែច្រើនទៅៗ។
តើលោកគិតថាយុវជនកម្ពុជាជំនាន់ក្រោយគួរតែប្រយ័ត្នលើបញ្ហាអ្វីខ្លះ?
រឿងនយោបាយដែលប្រឈមមុខដាក់គ្នា។ កុំពាក់ព័ន្ធជាមួយនឹងនយោបាយដែលប្រឈមមុខដាក់គ្នា ដោយសារតែវាជាប្រភេទនយោបាយដែលលោក ហ៊ុន សែន យល់យ៉ាងច្បាស់។ គាត់មានអំណាច។ អ្នកទាំងអស់គ្នាមិនមានអំណាចអ្វីទេ។ លុះត្រាណាតែអ្នកជាមនុស្សម្នាក់ដូចជាលោកស្រី មូរ សុខហួរ ទើបអ្នកមិនមានបញ្ហាអ្វីនោះទេ។ លោកស្រី សុខហួរ មានស្វាមីជាជនជាតិអាមេរិកាំង ហើយខ្ញុំគិតថា នេះជួយគាត់បានច្រើន។ គាត់មានភាពក្លាហាន គាត់អង់អាច ប៉ុន្តែមនុស្សភាគច្រើនមិនមានការគាំទ្របែបហ្នឹងទេ។ អ្នកដឹងទេ ការចាប់លោកស្រី មួរ សុខហួរ ដាក់ក្នុងពន្ធនាគារ ដែលគាត់មានស្វាមីជាជនជាតិអាមេរិកនេះ មិនមែនជារឿងល្អនោះទេ ហើយគាត់ក៏ក្លាហានទៀត។ ប៉ុន្តែខ្ញុំគិតថា មនុស្សនឹងមិនអាចក្លាហានដោយឯកឯងនោះទេ។
កម្ពុជាពិបាកត្រៀមខ្លួនឯងឲ្យបានល្អណាស់ ហើយវាពិបាកនឹងធ្វើអញ្ចឹង។ ដូច្នេះ ខ្ញុំគិតថា នយោបាយដែលប្រឈមមុខដាក់គ្នា គឺជារឿងដែលគួរតែចៀសវាង ប្រហែលជារហូតដល់ពលេ លោក ហ៊ុន សែន ស្លាប់ ហើយនរណាម្នាក់មកជំនួសគាត់ ទើបអ្នកអាចចាប់ផ្តើមកិច្ចសន្ទនាបាន។ គាត់បានចាប់ផ្តើមកិច្ចសន្ទនានេះកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែគាត់មិនជឿវាទេ។ វាមិនមែនជាស្ទីលរបស់លោក ហ៊ុន សែន ក្នុងការសន្ទនានោះទេ។ ឯកវាទទើបជាស្ទីលរបស់គាត់។ ហើយវាក៏ជាស្ទីលរបស់ព្រះបាទនរោត្តម សីហនុ និងជាស្ទីលរបស់ព្រះបាទជ័យវរ្ម័នទី៧ដែរ។ មនុស្សទាំងនេះមិនប្រើកិច្ចសន្ទនានោះទេ៕