ប្រាក់ឈ្នួលទាប និងសុខភាពទន់ខ្សោយ បន្ថែមជាមួយនឹងកិច្ចសន្យាការងារខ្លីៗរយៈពេលបីខែ បានក្លាយជាក្ដីកង្វល់របស់កម្មករកាត់ដេរនៅក្នុងប្រទេសកម្ពុជា ដែលបាននាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើងស្ទើរតែ៥០ភាគរយទៅកាន់សហភាពអឺរ៉ុប។ នេះបើយោងទៅតាមការបញ្ជាក់ពីក្រុមអ្នកការពារសិទ្ធិកម្មករ។
អ្នកស្រី ម៉ាក ច័ន្ទស៊ីថា ប្រធានសមាគមមណ្ឌលព័ត៌មានកម្មករ បានប្រាប់ក្រុមកម្មករប្រមាណជាជាង ៣០០នាក់ នៅក្នុងវេទិកាកម្មករស្តីពី «ការស្វែងយល់ពីវិស័យវាយនភណ្ឌកាត់ដេរ» ដែលរៀបចំឡើងនៅរាជធានីភ្នំពេញកាលពីអាទិត្យកន្លងទៅថា ប្រាក់ឈ្នួលដែលនៅមានកម្រិតទាប បានធ្វើឲ្យកម្មករ រស់ក្នុងស្ថានភាពលំបាក ធ្លាក់ខ្លួនឈឺ ហើយងាកទៅរកការខ្ចីប្រាក់ពីអ្នកចងការប្រាក់ឯកជនដើម្បីព្យាបាលជំងឺ។
អ្នកស្រី និយាយថា ដោយសារតែចង់ទទួលបានប្រាក់ធ្វើការថែមម៉ោង កម្មករត្រូវធ្វើការរហូតដល់១០ ទៅ១២ ម៉ោងក្នុងមួយថ្ងៃ។
«ភាគតិចណាស់ដែលយើងធ្វើ ៨ម៉ោង មែនទេ? មានធ្វើមួយថ្ងៃ ១០ម៉ោង អ្នកខ្លះរហូតទៅដល់១២ម៉ោង ហើយប្រាក់ឈ្នួលនៅទាប សុខភាពអន់ថយ បំណុលក៏ [កើនឡើង]។ តែឈឺអត់មានលុយ ធ្វើម៉េច? ខ្ចីលុយគេ។ កាលណាជំពាក់គេហើយ ជំពាក់លុយគេ មានអី? មានការប្រាក់ មែនទេ? អញ្ចឹងយើងត្រូវសងគេរហូត»។
អ្នកស្រី ម៉ាក ច័ន្ទស៊ីថា បន្តថា ប្រាក់ខែកម្មករ បានបន្តកើនឡើងជាបន្តបន្ទាប់ តែវាជាចំនួនមួយដែលនៅទាបនៅឡើយ ហើយថាថៅកែរោងចក្រ ក៏បង្កើនចំនួនការងារឲ្យកម្មករធ្វើច្រើនបន្ថែមទៀតផងដែរ។ រីឯម្ចាស់ផ្ទះជួល ក៏បានដំឡើងថ្លៃបន្ទប់ជួល ស្ទើរតែមួយទ្វេជាពីរ។
«បើយើង ងាកត្រឡប់មកមើលលក្ខខណ្ឌរស់នៅវិញ ថ្លៃបន្ទប់ជួលកើនឡើង កើនមិនធម្មតាទេ ពីមុន២៥ [ដុល្លារ] ឬ៣០។ គ្រាន់តែប្រាក់ឈ្នួលឡើងភ្លាម គាត់ឡើង៤៥ ទៅ៥០។ ស៊ឹងតែមួយជាពីរ ច្រើនមែនទែន»។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពចម្រូងចម្រាសនៅក្នុងឧស្សាហកម្មកាត់ដេរ ដោយសារមានការធ្វើបាតុកម្មទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យបានសមស្របទៅនឹងការកើនឡើងនូវតម្លៃទំនិញនានាក្នុងប្រទេសកម្ពុជា ដែលបានបន្តកើនឡើងលឿនជាងប្រាក់ខែកម្មករ។
នៅក្នុងមាត្រា១០៤ នៃច្បាប់ការងារចែងថា «ប្រាក់ឈ្នួលយ៉ាងតិចណាស់ក៏ត្រូវឲ្យស្មើនឹងប្រាក់ឈ្នួលអប្បបរមាដែលត្រូវធានា ពោលគឺរ៉ាប់រងកម្មករនិយោជិតគ្រប់រូប ឲ្យមានកម្រិតជីវភាពសមរម្យទៅតាមសេចក្ដីថ្លៃថ្នូររបស់មនុស្ស»។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Center for Alliance of Labor and Human Rights) ឬហៅកាត់ថា Central បានប្រាប់ VOA ថា អំពើពុករលួយដែលមានជាប្រព័ន្ធនៅក្នុងរដ្ឋាភិបាល បានក្លាយជារនាំងមួយដែលមិនអាចធ្វើឲ្យកម្មករទទួលបានលក្ខខណ្ឌការងារប្រសើរជាងមុន។
លោកនិយាយថា នាពេលបច្ចុប្បន្ននេះ ថៅកែរោងចក្រមួយចំនួន បានផ្ដល់ការងារឲ្យកម្មករ ដោយផ្អែកលើការចុះកិច្ចសន្យាការងារខ្លីៗ ដែលធ្វើឲ្យកម្មករមានហានីភ័យខ្ពស់ ចំពោះការបាត់បង់ការងារ ប្រសិនបើពួកគេធ្វើការតវ៉ា ដោយសារតែមិនពេញចិត្តនឹងបរិយាកាសនៅកន្លែងធ្វើការរបស់ពួកគេ។
«កម្មករហ្នឹងគឺ ដោយសារគាត់ស្ថិតនៅក្នុងកិច្ចសន្យាខ្លីៗហ្នឹង គាត់ហាក់ដូចជានៅក្រោមសំពាធ ឲ្យបង្ខំធ្វើការថែមម៉ោង ក៏ដូចជាមិនហ៊ានតវ៉ារឿងបញ្ហាលក្ខខណ្ឌមួយចំនួន ព្រោះថា ក្រៅអំពីកិច្ចសន្យាខ្លីៗ យើងឃើញគេប្រើក្រុមជើងកាងឬក៏ក្រុមស៊ីវិលទៅបង្កហិង្សាលើគាត់ ហើយបន្ទាប់មកគេចាប់តែជនរងគ្រោះ នៅពេលដែលកម្មករគាត់ងើបតវ៉ា អី។ល។ និង ។ល។ ហ្នឹង»។
លោកបន្ថែមថា បើធៀបជាមួយនឹងប្រទេសក្បែរខាង គឺប្រទេសវៀតណាម កម្ពុជាកំពុងដើរថយក្រោយ ទាក់ទិនការធ្វើឲ្យច្បាប់ការងារមានលក្ខណៈប្រសើរជាងមុន។
លោកបញ្ជាក់ថា បន្ទាប់ពីប្រទេសវៀតណាម បានចុះកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬហៅកាត់ថា TPP ប្រទេសកុម្មុយនិស្តនេះ បានព្យាយាមផ្ដល់សិទ្ធិសេរីភាពដល់កម្មករបានច្រើនជាងមុន ខណៈដែលប្រទេសកម្ពុជាបានព្យាយាមបង្កើតច្បាប់ថ្មីដែរ តែបែរជារឹតបន្តឹងសិទ្ធិសេរីភាពកម្មករក្នុងការបង្កើតសហជីព ដូចជាច្បាប់សហជីពជាដើម។
VOA បានព្យាយាមទាក់ទងលោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ ដើម្បីសុំការអធិប្បាយអំពីលក្ខខណ្ឌការងាររបស់កម្មករ តែនៅមិនទាន់អាចទាក់ទងបានទេកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ VOA ក៏ពុំទាន់អាចទាក់ទង លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរបានដែរ។
កញ្ញា រ៉ុម ណារីន វ័យ ១៨ ឆ្នាំ កម្មការិនីដែលបានចូលរួមក្នុងវេទិកាកម្មករស្តីពី «ការស្វែងយល់ពីវិស័យវាយនភណ្ឌកាត់ដេរ» បានប្រាប់ VOA ថា នាងចង់ឃើញការដំឡើងប្រាក់ខែដល់កម្មករបន្ថែមទៀត និងស្នើឲ្យថៅកែរោងចក្រកុំជិះជាន់កម្មករ។
«គ្រាន់តែជួយសម្រួលដំឡើង ប្រាក់ខែនិងកុំសូវជិះជាន់កម្មករតែប៉ុណ្ណឹងទៅបានហើយ»។
ចំណែកឯ កម្មការិនីម្នាក់ទៀត គឺនាង ផាត សុភា បាននិយាយថា បញ្ហាប្រឈមខ្លាំងរបស់កម្មករនៅពេលបច្ចុប្បន្ននេះ គឺការកំណត់ចំនួនដេរខោអាវ ដែលក្នុងកម្មករម្នាក់ត្រូវដេរឲ្យបានពី ១.០០០ ទៅ ជាង១.០០០ ខោអាវ ក្នុងរយៈពេល៨ម៉ោង ក្នុងមួយថ្ងៃ។
«និយាយទៅកន្លែងធ្វើការ ប្រឈមខ្លាំងជាងគេ គឺកំណត់ចំនួន ហើយនិងប្រធានតឹងតែង ពេលទៅបន្ទប់ទឹកម្តងៗ មកវិញកន្លែងអីហ្នឹង ស្តីឲ្យដូចឆ្កែ»។
នាង ផាត សុភា បន្តបញ្ជាក់ថា នាងមិនអាចប៉ាន់ប្រមាណបានទេ ចំពោះប្រាក់ឈ្នួល ថាតើកម្មករគួរទទួលបានប៉ុន្មានក្នុងមួយខែ ដើម្បីឲ្យពួកគេរស់នៅដោយសមរម្យនោះ។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរ ដែលទើបតែចូលជាធរមានកាលពីដើមឆ្នាំ២០១៦ មានចំនួន១៤០ដុល្លារក្នុងមួយខែ។ កម្មករទទួលបានប្រាក់ឈ្នួលនេះ ក្រោយពីមានបាតុកម្មទាំងអហិង្សា និងហិង្សាអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ដែលបានបណ្ដាលឲ្យកម្មករមួយចំនួនបានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា យុទ្ធនាការចរចាជាមួយភាគីពាក់ព័ន្ធក្នុងវិស័យកាត់ដេរ សម្រាប់ការជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលបន្ថែមទៀត នឹងត្រូវធ្វើឡើងនៅក្នុងខែកក្កដាខាងមុខនេះ។
លោកសង្កត់ធ្ងន់ថា ប្រាក់ឈ្នួលដែលកម្មករទទួលបានក្នុងពេលបច្ចុប្បន្ននេះ មិនស្របទៅនឹងស្ថានភាពតម្លៃទំនិញ និងម្ហូបអាហារដែលបានកើនឡើងនោះទេ។
លោក អាត់ ធន បន្តថា នេះជាកិច្ចការបន្ទាន់មួយ ដែលលោកត្រូវធ្វើដើម្បីប្រយោជន៍កម្មករ។
«ឥឡូវយើងបានដោះស្រាយជារៀងរាល់ឆ្នាំហ្នឹង ប៉ុន្តែគ្រាន់តែថា ការឡើងហ្នឹងវាតិចពេក វាយឺត ធ្វើឲ្យកម្មករមិនទាន់អាចរស់បាន អាហ្នឹងរឿងទីមួយ។ ហើយរឿងទីពីរ សេរីភាពរបស់គាត់ និងកិច្ចសន្យាការងាររបស់គាត់ ឲ្យមានជាប់លាប់ទៅគឺល្អហើយ»។
លោក បន្ថែមថា ក្រុមសហជីព អាចនឹងប្រើតួលេខ ២០៧ដុល្លារសម្រាប់ការចរចា។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា តួលេខនេះអាចប្រែប្រួលទៅតាមការសិក្សាស្រាវជ្រាវ ដែលអាចនឹងត្រូវធ្វើឡើងនៅពេលខាងមុខ។
ប្រជាពលរដ្ឋខ្មែរជាស្ត្រីប្រមាណជា៧០០.០០០នាក់ កំពុងធ្វើការនៅក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា។
កម្ពុជានាំចេញផលិតផលសំលៀកបំពាក់របស់ខ្លួនប្រមាណ ៤៦ភាគរយទៅកាន់សហភាពអឺរ៉ុប ៣០ភាគរយទៅកាន់សហរដ្ឋអាមេរិក និង២៤ភាគរយផ្សេងទៀតទៅកាន់ប្រទេសកាណាដា និងជប៉ុន។
ចំណូលដែលបានមកពីការនាំចេញនេះ គឺមានជាង ៦ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៥។ នេះបើយោងទៅតាមទិន្នន័យដែលផ្តល់ដោយសមាគមមណ្ឌលព័ត៌មានកម្មករ។
មណ្ឌលព័ត៌មាននេះឲ្យដឹងថា កម្មករក៏កំពុងរស់នៅក្នុងស្ថានភាព អសន្តិសុខ និងប្រកបដោយគ្រោះថា្នក់ តាមរយៈការជួលបន្ទប់ស្នាក់នៅដែលមិនមានបំពាក់ប្រព័ន្ធការពារសុវត្ថិភាព និងបរិយាកាសខ្វះការថែទាំអនាម័យនៅទីកន្លែងស្នាក់នៅរបស់ពួកគេ៕