ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​អាច​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌


 រូបឯកសារ៖ ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)
រូបឯកសារ៖ ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)

ស្ថានភាព​នយោបាយ​កម្ពុជា​ ត្រូវ​ក្រុម​អ្នក​តាម​ដាន​នយោបាយ​មើល​ឃើញ​ថា​ កំពុង​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង គ្រា​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ.ជ.ប ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ ក្នុង​បទ​ចោទប្រកាន់​ដាច់​ដោយ​ឡែក​ពី​គ្នា។

ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ បាន​ហៅ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ថា​ អាច​ជា​ការ​រំខាន​ដល់​ដំណើរការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ ដែល​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) អះអាង​ថា​ អាច​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

ស្ថានភាព​នយោបាយ​កម្ពុជា​ ត្រូវ​ក្រុម​អ្នក​តាម​ដាន​នយោបាយ​មើល​ឃើញ​ថា​ កំពុង​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង គ្រា​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ.ជ.ប ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ ក្នុង​បទ​ចោទប្រកាន់​ដាច់​ដោយ​ឡែក​ពី​គ្នា។

លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ហៅថា ខុមហ្វ្រែល​ បាន​ប្រាប់​ VOA ​ថា ដំណើរ​ការ​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ អាច​នឹង​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយសារ​តែ​តុលាការ​បន្ត​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​បក្ស​ជំទាស់​ និង​ការ​បង្ក្រាប​លើ​ក្រុម​សង្គម​ស៊ីវិល​ដោយ​អាជ្ញាធរក្នុង​ប្រទេស​កម្ពុជា។

អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​រូប​នេះ លើកឡើង​ថា​ អំឡុង​ពេល​មុន​ការ​បោះឆ្នោត​ និង​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ជា​វេលា​ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បោះឆ្នោត​ ត្រូវ​ធ្វើ​យ៉ាង​ណា​ ឲ្យ​បរិយាកាស​នយោបាយ​ មាន​ស្ថានភាព​ប្រក្រតី​ ដែល​មិន​ហ៊ុមព័ទ្ធ​ដោយ​ការ​បំភិត​បំភ័យ និង​គំរាម​កំហែង។

«យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរស្ថាន​ការណ៍​ហ្នឹង។​ បើ​សិន​បើ​ចេះ​តែ​ដំណើរ​ជញ្ជឹង​ទៅរហូត​ទៅ​ដល់​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ អា​ហ្នឹង​វា​ប៉ះពាល់​ហ្នឹង​អ្វី​ ដែល​ច្បាប់​យើង​គេ​ គេ​ហាម​មិន​ឲ្យ​មាន​ដំណើរការ​នៃ​បរិយាកាស​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង​ កុំ​ឲ្យ​មាន​ការ​គំរាម​កំហែង​ ការ​ភិតភ័យ​ទៅដល់​ប្រជា​ពល​រដ្ឋ​ទូទៅ»។

រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL (ឆ្វេង) និង​លោក សុខ ខេមរា នៃ VOA (មិន​មាន​បង្ហាញ​ក្នុង​រូប​នេះ) នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL (ឆ្វេង) និង​លោក សុខ ខេមរា នៃ VOA (មិន​មាន​បង្ហាញ​ក្នុង​រូប​នេះ) នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក​ គល់​ បញ្ញា​ បន្ថែម​ថា ដំណាក់​កាល​សំខាន់​ គឺ​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​ពេល​ខាង​មុខ​នេះ​ឯង។ លោក​ក៏​បាន​បន្ថេម​ថា មុន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​គឺ​ត្រូវ​ធ្វើ​យ៉ាងណា ​កុំ​ឲ្យ​បរិយាកាស​នយោបាយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ ដើម្បី​ឲ្យ​ពួកគេអាច​ចូល​រួម​នៅ​ក្នុង​កិច្ចការ​បោះឆ្នោត​ដោយ​សេរី​ និង​មិន​រង​សំពាធ​ណាមួយ។

កាល​បរិច្ឆេទ​សម្រាប់​ធ្វើការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ បាន​ប្រែប្រួល​ជា​បន្តបន្ទាប់​ ដោយសារ​តែ​កង្វះ​ខាត​សម្ភារៈ​ បច្ចេកទេស​ និង​ធនធាន​មនុស្ស ​សម្រាប់​ដំណើរការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ។​ នេះ​បើ​យោង​ទៅតាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត ​និង​មន្ត្រី​គ.ជ.ប។

លោក​ សម​ គន្ធា​ម៉ី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លំាមើល​ការ​បោះឆ្នោត​ និច​ហ៊្វិក ថ្លែង​ប្រាប់​ VOA ថា​ ក្រៅពី​កង្វះខាត​សម្ភារៈ​ និង​ធនធាន​មនុស្ស​ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ ក៏​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ពន្យា​ពេល​ដល់​ដំណើរ​ការ​ចុះ​បញ្ជី​បោះឆ្នោត​ថ្មី​ដែរ។

លោក​ថា​ ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត​ទៅលើ​ក្រុម​អ្នក​ជំទាស់​ ការ​ចុះ​បញ្ជី​ឈ្មោះ​ នឹង​ប្រឈម​នឹង​ឧបសគ្គ​ផ្លូវ​នយោបាយ​បន្ថែម​ទៀត។

«មក​ទល់​ពេលនេះ​ ខ្ញុំ​ពិនិត្យ​មើល​ ដូចជា​មិន​ទាន់​អាច​ប៉ះពាល់​នៅ​ឡើយ​ទេ​ តាម​ការ​កំណត់​ តែ​បើ​សភាព​ការណ៍​ កាន់​តែ​មាន​ បើ​មាន​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត​ នឹង​អាច​មាន​ អាច​មាន​ទទួល​ផល​ប៉ះពាល់​ខ្លះ​ហើយ»។

ឆ្លងតាម​ការ​ធ្លាក់​ចំនួន​សំឡេង​គាំទ្រ​កាលពី​ការ​បោះឆ្នោត​សាកល​ឆ្នាំ​២០១៣​កន្លង​ទៅ ​ពី​ចំនួន​៩០​អាសនៈ ​មក​ត្រឹម​៦៨អាសនៈ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ជា​បក្ស​គ្រប់គ្រង​ប្រទេស បាន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​នយោបាយ​ជាច្រើន ដើម្បី​ទាក់ទាញ​អ្នក​បោះឆ្នោត។ នេះ​បើ​យោង​តាម​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា។

ក្នុង​នោះ ​មាន​ការ​ពង្រឹង​យុទ្ធនាការ​របស់ខ្លួន​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​មូលដ្ឋាន​ ដើម្បី​យក​ប្រៀប​លើ​គណបក្ស​ដែល​ជា​គូ​ប្រជែង​ ដែល​កើន​សំឡេង​ខ្លាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​រឿង​ក្តីក្តាំ​នៅ​តុលាការ​ មុន​ការ​បោះឆ្នោតឃុំ​សង្កាត់​ឈាន​មក​ដល់។

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំពាក្យ​ គ.ជ.ប​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចុះ​ឈ្មោះ​បញ្ជី​អ្នក​បោះឆ្នោត​ថ្មី​អាច​នឹង​ត្រូវ​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ​ ខណៈ​ដែល​ប្រទេស​ផ្ដល់​ជំនួយ​ដូច​ជា​ជប៉ុន​ និង​សហភាព​អឺរ៉ុប​ បាន​បញ្ជាក់​ច្បាស់​លាស់​ពី​ការ​ឧបត្ថម្ភ​ថវិកា​ទិញ​សម្ភារៈ​សម្រាប់​ដំឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​ចាំ​ចាច់​ដល់​ការ​ចុះបញ្ជី​ឈ្មោះ​ថ្មី។

លោក​បញ្ជាក់​ថា​ ករណី​របស់​លោក​ នី ចរិយា បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​ម្នាក់​នៃ​គ.ជ.ប​ ដែល​បាន​រង​បទ​ចោទ​ប្រកាន់​ថា​ បាន​សម​គំនិត​សូកប៉ាន់​សាក្សី​ នឹង​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នោះ​ឡើយ។

រូបឯកសារ៖ លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

លោក​ ហង្ស​ ពុទ្ធា​ បន្ថែម​ថា​ បើ​ទោះ​បី​ជា​មាន​ការ​រុះរើ​តំណែង​ លោក​ នី ចរិយា​ ដែល​ជា​អតីត​មន្ត្រី​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​ក្ដី​ ក៏​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី១ ​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ដដែល។

«បើ​សិន​ជា​មាន​ការ​រុះរើ​តំណែង​ គឺ​មិន មិន​មាន​បញ្ហា​អី​កើតឡើង​ទេ។​ អញ្ចឹង​ គ.ជ.ប ត្រូវ​តែ​បែង​ចែក​ការងារ​របស់​ខ្លួន​ឲ្យ​ច្បាស់​ គឺ​ធ្វើ​បញ្ជី​បោះឆ្នោត​ឲ្យ​បាន។​ អញ្ចឹង​ ទោះ​បី​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ​ ទោះបី​សមាជិក​ គ.ជ.ប​ អវត្តមាន​ក៏ដោយ​ អគ្គ​លេខាធិការ​អវត្តមាន​ក៏​ដោយ​ គឺ​គ.ជ.ប នៅតែ​ទទួល​ខុសត្រូវ​ និង​មាន​ជំនឿ​ថា​ ធ្វើ​បាន​នូវ​បញ្ជី​បោះឆ្នោត​ថ្មី​មួយ តាម​ស្មារតី​នៃ​កំណែ​ទម្រង់​ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​លោក​បាន​សម្រេច»។

លោក​បន្ថែម​ថា​ គ.ជ.ប ពុំ​មាន​យោបល់​ណា​មួយ​ពាក់ព័ន្ធ​នឹង​សភាពការណ៍​នយោបាយ​បច្ចុប្បន្ន​នេះ​ទេ ដោយ​សារ​លោក​ថា គ.ជ.ប មិន​លូក​ដៃ​ចូល​ក្នុង​ការងារ​នយោបាយ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ ហង្ស​ ពុទ្ធា​ អះអាង​ថា គ.ជ.ប​ នឹង​រៀប​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជា​បឋម​សិន​ មុន​នឹង​មាន​យោបល់​បន្ថែម​ទៀត​លើ​បញ្ហា​នេះ។

ប្រទេស​ដែល​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា​មួយ​ចំនួន​ទៀត​ ក្រៅ​ពី​ជប៉ុន និង​សហភាព​ អឺរ៉ុប​ ក៏​បាន​តាម​ឃ្លាំ​មើល​ដំណើរ​ការ​វិវត្តន៍​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៨​នៅ​កម្ពុជា​ផង​ដែរ។

លោក​ស្រី​ គ្លែ អូណេល (Clare O'Neil) ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​តំណាង​ឲ្យ​សហគមន៍​ខ្មែរ​ដ៏​ធំ​មួយ​នៅ​ក្នុង​រដ្ឋ​ Melbourne ​ប្រទេស​អូស្ត្រាលី​ បាន​ប្រាប់​ទៅ​តំណាង​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ថា​ លោក​ស្រី​នឹង​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ក្តី​បារម្ភ​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី។

ថ្លែង​តាមរយៈ​វីដេអូ​ឃ្លិប​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​មាន​វត្តមាន​ប្រធាន​សមាគម​ខ្មែរ​នៅ​អូស្រ្តាលី​គឺ​លោក​ Youhorn Chea ​ផង​នោះ លោក​ស្រី Clare O'Neilសង្កត់​ធ្ងន់​ថា​ លោក​ស្រី​នឹង​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​ក្នុង​ការ​បោះឆ្នោត​ ឆ្នាំ​២០១៨​ ប្រសិនបើ​លោក​ស្រី​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ស្ថិត​ក្នុង​តួនាទី​របស់​លោកស្រី​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​

«ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា​ ខ្ញុំ​ដឹង​ច្បាស់​ពី​ក្តី​បារម្ភ​នានា​អំពី​ការ​បោះឆ្នោត​ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​ នៅ​ក្នុង​២០១៨​ ហើយ​ខ្ញុំ​នឹង​ធ្វើ​អី្វៗ​ទាំងអស់​ ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ជាមួយ​លោក​ Youhorn​ និង​មេដឹកនាំ​សហគមន៍ដទៃ​ទៀត​ ដើម្បី​ជំរុញ​រដ្ឋាភិបាល​អូស្ត្រាលី​ឲ្យ​ជំរុញ​ឲ្យ​មានការ​បោះ​ឆ្នោត​ ដោយ​សេរី​និង​យុត្តិធម៌»។​

លោក​ សុខ ឦសាន្ត អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ថា​ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នឹង​មិន​អាច​ប៉ះពាល​ដល់​ការ​ចុះ​បញ្ជី​បោះឆ្នោត​ថ្មីនោះ​ទេ។ លោក​បញ្ជាក់​ថា​ ការ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គ.ជ.ប​ មិន​មាន​ការ​ជាប់​ទាក់ទង​នឹង​រឿង​នយោបាយ​នោះ​ទេ។

ទាក់​ទិន​ការ​បោះឆ្នោត​ដោយសេរី​ និង​យុត្តិ​ធម៌ ដែល​លើកឡើង​ដោយ​ លោក​ស្រី​ Clare O'Neil លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«មិនបាច់​គាត់​ស្រែក​ក៏​បាន​ដែរ​ គេ​បោះ​ឆ្នោត​ហ្នឹង​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ហ្នឹង​ហើយ។​ អញ្ចឹង​ហើយ​ បាន​យើង​ឃើញ​ហើយ​មាន​កំណែ​ទម្រង់​ច្រើន​ណាស់​ កំណែ​ទម្រង់​ គ.ជ.ប​ កំណែ​ទម្រង់​ច្បាប់​បោះឆ្នោត​ទាំងពីរ​ហ្នឹង ​ច្បាប់​បោះឆ្នោត​ជាតិ​ និង​ច្បាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ​អា​ហ្នឹង​ហើយ​សុទ្ធ​តែ​ជា​គោលបំណង​ដើម្បី​ធ្វើ​យ៉ាង​ណា​ កុំ​ឲ្យ​ភាគី​ប្រកួត​ប្រជែង​ហ្នឹង​ មាន​ការ​ចោទប្រកាន់​ថា​ វា​មិន​ត្រឹមត្រូវ​ មិន​សេរី​ មិន​យុត្តិធម៌​ហ្នឹង​ឯង»។

ប្រទេស​កម្ពុជា​ក៏​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ខាង​មុខ​នេះ​ដែរ​ នៅ​មុន​ការ​មក​ដល់​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨។

រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (REUTERS/Pring Samrang)
រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (REUTERS/Pring Samrang)

ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១៦៣០​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ២០១២​ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១៥៩២​ និង​ចំនួន​ក្រុមប្រឹក្សា​មាន​ដល់​ទៅ​៨២៩២ ​ដោយ​ត្រួតត្រា​កិច្ចការ​រដ្ឋបាល​មូលដ្ឋាន​សឹងតែ​ទាំងអស់។

ចំណែក​ឯ​ គណបក្ស​ជំទាស់​របស់​លោក​ សម រង្ស៉ី​ និង​លោក​ កឹម សុខា ​បាន​ឈ្នះ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៤០ ​និង​មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជិត​៣០០០​នៅ​ទូទាំង​ប្រទេស។

គណបក្ស​រាជា​និយម​ ហ៊្វុនស៊ីនប៉ិច ​ទទួល​បាន​អាសនៈ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១​ និង​មាន​សមាជិក​ចំនួន​១៥១​ទូទាំង​ប្រទេស។

បើ​គិត​ទាំង​អ្នក​ដែល​ទើប​គ្រប់​អាយុ១៨​ឆ្នាំ​ផង​ តួលេខ​អ្នក​បោះឆ្នោត​នៅ​ឆ្នាំ​ខាង​មុខ​នេះ ​ត្រូវ​គេ​ប៉ាន់ស្មាន​ថា ​មាន​ចំនួន​ដល់​ទៅ​១០លាន​នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ជាង​១៥លាន​នាក់​ ដែល​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕

XS
SM
MD
LG