Google ប្រើរូបមន្តកុំព្យូទ័រដើម្បីបកប្រែព័ត៌មានលើអ៊ីនធឺណិតជាភាសាខ្មែរ
នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុនស្វែងរកព័ត៌មានតាមអ៊ីនធឺណិត Google បានសម្ពោធកម្មវិធីបកប្រែភាសាខ្មែររបស់ខ្លួនដោយបញ្ចូលភាសាខ្មែរជាភាសាទី៦៦ដែលគេអាចបកប្រែបានលើគេហទំព័រ Google Translate។ ក្រុមហ៊ុន Google និយាយថា ការសម្ពោធនេះមានគោលដៅសំខាន់ដើម្បីអាចឲ្យពលរដ្ឋខ្មែរដែលមិនចេះភាសាបរទេសអាចទទួលបានព័ត៌មានទាំងឡាយដែលមានលើអ៊ីនធឺណិត ដោយបកប្រែដោយស្វ័យប្រវត្តិជាភាសាខ្មែរ។ នៅពីរសប្តាហ៍ក្រោយការសម្ពោធកម្មវិធីថ្មីនេះ លោក សឹង សុផាត នៃវីអូអេបានធ្វើបទសម្ភាសន៍ជាមួយលោក Divon Lan អ្នកគ្រប់គ្រងផលិតផលសម្រាប់ទីផ្សារថ្មីនៅប្រទេសកំពុងអភិវឌ្ឍន៍ (Next Wave Emerging Markets) ដែលលោកកំពុងធ្វើដំណើរនៅប្រទេសកេនយ៉ា ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការរបស់ប្រព័ន្ធនេះ ប្រតិកម្មអ្នកប្រើប្រាស់ និងអ្វីដែលកម្មវិធីផ្តល់ឲ្យសម្រាប់ពលរដ្ឋខ្មែរទូទៅ។