ក្នុងការធ្វើជំនួញនៅអាមេរិក ជនជាតិខ្មែរត្រូវគិតឲ្យបានជ្រៅ
អ្នកជំនួញខ្មែរអាមេរិកាំងម្នាក់ក្នុងរដ្ឋញូយ៉ក ស.រ.អា.គឺលោកធីម៉ូធី ឈឹមបានចែករំលែកបទពិសោធន៍ពាណិជ្ជកម្មរបស់លោកក្នុងប្រទេសអាមេរិក។ លោកធី ម៉ូធី ឈឹមមានស្រុកកំណើតនៅស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង។ លោកបានមក ដល់ស្រុកអាមេរិកកាលពីឆ្នាំ១៩៧៦។ បច្ចុប្បន្នលោកជាប្រធានសភាពាណិជ្ជកម្មក្នុងទីក្រុងណានូអេត(Nanuet) ស្រុករ៉កឡែន (Rockland) រដ្ឋញូយ៉កនិងជាប្រធានក្រុមហ៊ុនធានារ៉ាប់រងផង។ លោកបានផ្តល់កិច្ចសម្ភាសន៍ជាមួយលោកសុខ ខេមរា នៃវីអូអេក្នុងបន្ទប់ផ្សាយរបស់វីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍កន្លងទៅនេះអំពីវិធីធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសអាមរិក។ លោកបានសង្កេតឃើញថា ពលរដ្ឋខ្មែរនៅស្រុកអាមេរិកចូលចិត្តធ្វើការឲ្យក្រុមហ៊ុនអាមេរិកាំង ជាជាងមានមុខជំនួញផ្ទាល់ខ្លួន បើធៀបនឹងជនជាតិដទៃ៕