ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រែប្រួលអាកាសធាតុ

កន្លែងចតទូកនេសាទរបស់ប្រជាពលរដ្ឋក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
កន្លែងចតទូកនេសាទរបស់ប្រជាពលរដ្ឋក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)

«អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល»៖ ភាគទី ២

រាយការណ៍ដោយ ស៊ុន ណារិន និង លាស់ លីបលីប

កំណត់​និពន្ធ៖ ​សម្រាប់​ភាគទី ២ នៃ​សេចក្តី​រាយការណ៍​លម្អិត «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» ដែល​មាន​៣ភាគ អ្នក​រាយការណ៍​ព័ត៌មាន​វីអូអេ ពិនិត្យ​មើល​ថា​តើ​ភាពមិនប្រក្រតីនៃអាកាសធាតុ និងគម្រោងអភិវឌ្ឍតាមតំបន់ឆ្នេរនៅទូទាំងប្រទេសកម្ពុជា បង្កផលប៉ះពាល់អ្វីខ្លះដល់ប្រជានេសាទ។
ជាក់ស្តែង ប្រជានេសាទនៅតាមតំបន់ឆ្នេរក្នុងខេត្តកំពត បានឲ្យដឹងថា ខ្យល់បក់ក្នុងសន្ទុះ​ខ្លាំង​បាននិងកំពុងកើតឡើង​កាន់​តែ​ញឹកញាប់ និងមិនអាចស្មានដឹងទុកមុន។ ការណ៍នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​នេសាទ​របស់​ពួកគេ។ ហើយ​ការ​នេសាទ​កាន់​តែលំបាក នៅពេលដែលគម្រោងអភិវឌ្ឍ​នៅ​តំបន់​សមុទ្រ​បានរីកដុសដាល ដែល​កំពុងវាតទីជម្រករបស់ជលផលសមុទ្រ ហើយជាលទ្ធផល កំពុងប៉ះពាល់ដល់ទិន្នផលនេសាទរបស់ពួកគេ។


តំបន់ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានចាក់ដីលុបសមុទ្រ ហើយពលរដ្ឋថា គម្រោងអភិវឌ្ឍមួយនេះបង្កផលប៉ះពាល់ដល់កន្លែងនេសាទរបស់ពួកគេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
តំបន់ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានចាក់ដីលុបសមុទ្រ ហើយពលរដ្ឋថា គម្រោងអភិវឌ្ឍមួយនេះបង្កផលប៉ះពាល់ដល់កន្លែងនេសាទរបស់ពួកគេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)


ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត — លោក ម៉ើត​ យ៉ូប ជា​អ្នកនេសាទសមុទ្រ​ជាង​ ២០ ឆ្នាំ​មក​ហើយ​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​ទឹកឈូ ខេត្ត​កំពត។ បើ​ទោះ​លោក​មាន​បទ​ពិសោធន៍​ច្រើន​នៅ​ក្នុងជីវិត​ជា​អ្នក​នេសាទ​ក្តី ក៏​លោក​មិន​ចង់​ឲ្យ​កូន​ប្រុសអាយុ​ ១៤ឆ្នាំ​ និងកំពុង​សិក្សា​ថ្នាក់ទី​ ៧ ធ្វើ​ជា​អ្នកនេសាទ ដូច​រូប​លោក​ឡើយ។

លោក យ៉ូប អាយុ ៤១ឆ្នាំ ដែល​មាន​កូន​ ២នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ បាន​រៀបរាប់​ថា ​វា​ជា​រឿង​គ្រោះ​ថ្នាក់​មួយ​សម្រាប់​អ្នកនេសាទ​តាម​សមុទ្រ ក្នុង​នោះ​រួម​មាន​បញ្ហា​អាកាសធាតុ ដូចជា​ខ្យល់ធំ និង​ជម្លោះ​ជាមួយ​អ្នកនេសាទ​ខុស​ច្បាប់​និង​អ្នក​នេសាទ​ជនជាតិ​វៀតណាម ​ដែល​មាន​ឧបករណ៍​នេសាទ​ធំៗ។

លោកប្រាប់​វីអូអេ​ កាលពី​ពេល​ថ្មីៗ​ថា៖ «ខ្ញុំ​គិតថា​ ទោះបីការ​រក​ស៊ី​របស់​ខ្ញុំ​ព្យាយាម​ខំ​ប្រឹងប្រែង​យ៉ាងណា​ក៏ដោយ ខ្ញុំ​ព្យាយាម​ថា​មិន​អាច​ឲ្យ​កូនខ្ញុំ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ដូច​ខ្ញុំ​បាន​ទេ។ ចង់​ឲ្យ​គាត់​មាន​ចំណេះដឹង ចង់​ឲ្យ​គាត់​ក្លាយ​ជា​គ្រូ​បង្រៀន ឬ​ការងារ​ផ្សេងៗ។ ដោយឡែក ខ្ញុំគិត​ថា​ សមុទ្រ​នេះ​អាច​ជួប​ហានិភ័យ​ខ្លាំង​ទៅ​ថ្ងៃ​មុខ​ទៅ»។

បញ្ហា​ខ្យល់​សមុទ្រ​ខ្លាំង​ខុស​ពី​ធម្មតា ដែល​ជា​វិបត្តិនៃបម្រែ​បម្រួល​អាកាសធាតុ​នៅ​តាម​តំបន់​សមុទ្រ ត្រូវបាន​អ្នក​នេសាទ​ដែល​រស់នៅ​ក្នុង​ភូមិ​កំពង់​កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត រូបនោះ​ អះអាង​ថា​ កើត​មាន​ឡើង​កាន់​តែញឹកញាប់ ហើយ​កាន់​តែ​ខ្លាំងឡើងៗ ដែល​នាំ​ឲ្យ​ពិបាក​នេសាទ ហើយ​ការ​នេសាទ​ម្តងៗ​កាន់តែ​ប្រថុយប្រថាន​គ្រោះថ្នាក់ជាង​មុន។

លោក​ប្រាប់​វីអូអេ​ថា៖ «ពាក់​ព័ន្ធ​នឹង​ខ្យល់​អាកាស​ហ្នឹង គឺ​វា​ប្រែ​ពី​មុន​ស្រឡះ​ហ្មង។ ពី​មុន​ឡើយ​ ក៏​មាន​ខ្យល់​ធំៗ​អ៊ីចឹង​ដែរ ប៉ុន្តែ​វា​មាន​ពេលវេលា​របស់​វា។ ដល់​ពេល​ឥឡូវ​ហ្នឹង វា​អត់​មាន​ពេល​វេលា​ទេ មាន​ន័យ​ថា ​វា​ប្រែ​ប្រួល។ វា​ខ្យល់​ធំៗ​មក​អ៊ីចឹង​ទៅ វា​អត់​មាន​ពេល​វេលា។ ជួន​កាល​យើង​កំពុង​ទម្លាក់​មង​អូសៗ ឡើង​រលក​មក​បណ្តោយ រហូត​ដល់​ធ្វើ​ឲ្យ​យើង​ពិបាក​យក​ឧបករណ៍​ឡើង​ទូក…វា​ខុស​ពីអ្វី​ដែល​យើង​ចំណាំ​ពីមុន​មក។ វា​មាន​ការ​ប្រែ​ប្រួល​ច្រើន»។

កម្ពុជា​ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ ហើយ​តំបន់​ឆ្នេរ​ក៏​រង​គ្រោះ​ខ្លាំងដែរ ក្នុង​នោះ​មាន​ទឹក​ប្រៃ​ជ្រៀត​ចូលស្រែ ទឹក​ជំនន់ និង​បញ្ហា​ខ្យល់​ព្យុះ​ជាដើម។

លោក ម៉ើត​ យ៉ូប ជា​អ្នកនេសាទ​ខ្មែរ​អ៊ីស្លាម​ម្នាក់ នៅតែ​ព្រួយ​បារម្ភ​ដដែល​អំពី​សម្ពាធ​ខ្យល់​កាន់​តែ​ខ្លាំង​នាពេល​អនាគត។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​វា​នឹង​ខ្លាំងជាង​ហ្នឹង​ទៅទៀត។ វា​នឹង​អាច​កើត​ឡើង​ខ្លាំង​ជា​ងហ្នឹង​ទៅទៀត​ដោយសារ​យើង​មើល​ទៅ​លើ​ព្រៃ​ព្រឹក្សា​អត់​មាន អត់​មាន​អីបាំង​ខ្យល់ ជាពិសេស​នៅជុំវិញ​ខ្លួន។ វា​មាន​ដើមឈើ​អីបាំង​អ៊ីចឹង វា​អាច​ទប់លំ​នឹង​បាន​ខ្លះៗ​ពី​ខ្យល់​អ៊ីចឹង​ណា។ ហើយ​ដោយ​ឡែក​យើង​មើលទៅ​ស្ថានភាព​រាល់ថ្ងៃ​ហ្នឹង គឺ​មាន​ន័យ​ថា​ អត់​មាន​ព្រៃឈើ​ទេ កាន់​តែ​បាត់​បង់​ច្រើន​មែនទែន។ រហូត​អ៊ីចឹង​ទៅ យើង​គិត​ថា​ ទៅ​មុខ​ទៅ វា​កាន់តែ​កំណើន​ក្តៅ វា​កាន់​តែ​ខ្លាំង​ហើយ​ខ្យល់​ក៏អាច​ខ្លាំង​ដោយសារ​វា​អត់​មាន​អី​ទ្រទ្រង់​វា»។

លោក ម៉ើត យ៉ូប អ្នកនេសាទសមុទ្រក្នុងស្រុកទឹកឈូ ខេត្តកំពត ផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (លាស់ លីបលីប/VOA Khmer)
លោក ម៉ើត យ៉ូប អ្នកនេសាទសមុទ្រក្នុងស្រុកទឹកឈូ ខេត្តកំពត ផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (លាស់ លីបលីប/VOA Khmer)

ជាទម្លាប់ ប្រសិន​បើ​មិន​មាន​ខ្យល់​ខ្លាំង លោក យ៉ូប ​ចាប់​ផ្តើម​ចេញ​ទៅ​នេសាទ​ចាប់​ពី​ម៉ោង​ ៥ល្ងាច​ហើយ​ត្រឡប់​មក​ដល់​ផ្ទះវិញ​នៅ​ម៉ោង​ប្រមាណ​ ៤​ទៀបភ្លឺ។ ធ្វើ​ដំណើរ​ជាង​មួយ​ម៉ោង លោក​ទៅ​ដល់​កន្លែង​នេសាទ ហើយ​ចាប់​ផ្តើម​រាយ​មង ដោយ​លោក​ត្រូវ​ចំណាយ​ពេល​ប្រមាណ ​៨ម៉ោង​ នៅ​សមុទ្រ​ ដើម្បី​រក​ក្តាម​បង្គា​ និង​ត្រី។

លោក​បាន​រៀប​រាប់​បន្ថែម​ទៀត​ថា លោក​រក​ក្តាម​បាន​ ៥គីឡូក្រាម បង្គា​ប្រមាណ​ ១៣គីឡូក្រាម មឹក​ ៥គីឡូក្រាម និង​កូនត្រី​ប្រមាណ ​១០គីឡូក្រាម។

ដោយ​ផាត់ថ្លៃ​ចំណាយ​លើ​ប្រេង និង​កម្មករ​ដែល​ទៅ​នេសាទ​ជាមួយ​រូប​លោក លោកថា​ លោក​អាច​ចំណេញ​បាន​ប្រមាណ ​១០ម៉ឺន​រៀល។

ក្រៅពី​បញ្ហា​អាកាសធាតុ ការ​នេសាទ​ខុស​ច្បាប់ និង​ការ​នេសាទ​ទ្រង់ទ្រាយ​ធំ​របស់​វៀតណាម ដែល​ហៅ​ថា ការ​ «អូសគូ»​ តាម​កប៉ាល់​ក៏ជា​ក្តី​កង្វល់​របស់​ប្រជានេសាទ​រូប​នោះ​ផង​ដែរ។

លោក​បញ្ជាក់ថា៖ «ទីមួយ​បញ្ហា​ខ្យល់​ ទីពីរ​បញ្ហា​ទូក​អូស​ឆក់ ទីបី បញ្ហា​អូសគូ ប៉ុន្តែ​អាអ្វី​យើង​រាប់​ទីបី​ហ្នឹង ជាបញ្ហា​ដែល​ចម្បង​ជាងគេ អូសគូហ្នឹង។ ខ្លាច​តែ​ជាប់​អូសគូ តែ​យើង​ជាប់​អូស​គូ គឺ​យើង​ជួប​ការ​លំបាក​ហើយ។ គាត់​អូស​យើង​តាំង​ពី​មង​ជាប់​ទាំងអស់​ហ្នឹង វា​អាច​ធ្វើ​ឲ្យ​ខូចខាត​របស់​យើង​ទាំងអស់​ហ្នឹង»។

លោក​បន្ថែម​ថា​ កាលពី​ឆ្នាំ​ ២០១៥ អ្នកនេសាទ​ខ្មែរ​ម្នាក់​ត្រូវបាន​វាយ​សម្លាប់ ដោយសារ​មាន​ជម្លោះ​ជាមួយ​អ្នកនេសាទ​ជនជាតិ​វៀតណាម។

ចំណែកអ្នកនេសាទ​ម្នាក់​ទៀត លោក ឡែស កើត អាយុ​ ៤៨ឆ្នាំ ក៏​បាន​បង្ហាញ​ក្តី​បារម្ភដូច​លោក យ៉ូប​ ដែរ ​អំពី​ខ្យល់​ខ្លាំងនៅ​តាម​សមុទ្រ។ បន្ថែម​ពី​នេះ លោក​ក៏​មាន​ក្តីកង្វល់​អំពី​ការ​អភិវឌ្ឍ​តាម​ព្រែកសមុទ្រ​បច្ចុប្បន្ន​នេះ ដូចជា​ការ​ចាក់​ដី​លុប​សមុទ្រ ដែល​នាំ​ឲ្យ​ប៉ះពាល់​ជម្រក​ត្រី​ក្តាម​បង្គា​ដែល​លោក​ធ្លាប់​នេសាទ។

លោក​ប្រាប់​វីអូអេ​ថា៖ «សត្វ​តែ​អស់​ទីលំនៅ​វា វា​ឈប់​នៅ​ហើយ។ អស់ដី​កំណើត​វា ឈប់​នៅ វា​រត់។ ចង់ថា​ឈប់​មួយ​ជីវិត ប៉ុន​យើង​អស់​ដី​កំណើត អាចរក​ទិញរម៉ក​រត់​នៅ​កៀនៗ​ហ្នឹង​បាន»។

តំបន់ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានចាក់ដីលុបសមុទ្រ ហើយពលរដ្ឋថា គម្រោងអភិវឌ្ឍមួយនេះបង្កផលប៉ះពាល់ដល់កន្លែងនេសាទរបស់ពួកគេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)
តំបន់ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានចាក់ដីលុបសមុទ្រ ហើយពលរដ្ឋថា គម្រោងអភិវឌ្ឍមួយនេះបង្កផលប៉ះពាល់ដល់កន្លែងនេសាទរបស់ពួកគេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)

កន្លែងចតទូកនេសាទរបស់ប្រជាពលរដ្ឋក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
កន្លែងចតទូកនេសាទរបស់ប្រជាពលរដ្ឋក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)

ក្រោយ​មាន​ការ​ចាក់​ដី​ជា​ច្រើនឆ្នាំនៅ​តំបន់​របស់​លោក អ្នក​នេសាទ​រូប​នោះ​និង​ភរិយារបស់​លោក គឺ​អ្នកស្រី ហ៊ីម អាស អាយុ​ ៤៤ឆ្នាំ បង្ខំ​ចិត្ត​ទៅ​នេសាទ​នៅ​តំបន់​ឆ្ងាយ ក្បែរ​កោះ​ត្រងោល ដែល​វា​អាច​ជា​ការ​ប្រឈម​គ្រោះថ្នាក់​មួយ។

លោក​បញ្ជាក់ថា៖ «និយាយ​ទៀត និយាយ​មិនរួច ដល់​អ៊ីចឹង ​វា​ពិបាក​ដែរ វា​ពិបាក ផុតពី​ពិបាក​ហើយ។ និយាយ​ម៉េច​ចេញ បើ​កាយ​ម៉ត់មី​ខ្ទេចខ្ទី​អស់​ហើយ ប្រជាជន​រក​ស៊ីម៉េច​បាន រក​អត់​បានទេ។ កាលមុន ខ្ញុំ​រក​តែ​នៅព្រែក​ហ្នឹង រកបាន​មួយថ្ងៃ ជាង​ ១០ម៉ឺន ២០ម៉ឺន​ ក៏​មាន​ដែរ។ ខ្ញុំ​ទៅ​ឆ្ងាយ ទៅ​ធ្លាយ​ដល់កោះ​នោះ ហើយ​ឥឡូវ​គេហៅ​កោះ​ត្រងោលក្រៅ រកស៊ី​នៅ​ព្រែក​នេះ​អត់​បាន ធ្លាយ​ដល់​កោះក្រៅ។ ទូក​ប៉ុន​នេះ ខ្ញុំ​ទៅ​ក្រៅ ពីរនាក់​យាយតា កាត់​ភ្លៀង កាត់​ខ្យល់។ កាល​មុន ខ្ញុំ​រក​ស៊ី​នៅ​ក្នុង​ឥឡូវ​រក​ស៊ី​នៅ​ក្រៅ។ បើមាន​ខ្យល់ មាន​ភ្លៀង​ផង ជីវិត​ផ្ញើ​លើ​ទូក​ហ្នឹង​ហើយ»។

អ្នក​នេសាទ​រូប​នោះ​ក៏​មានកូនប្រុស​ម្នាក់​អាយុ​ ១៥ឆ្នាំ ​ដែល​ឈប់​រៀន​ថ្នាក់ទី ​៧ ហើយ​បាន​ធ្វើ​ជា​កម្មករ​នេសាទ​ឲ្យគេ ដែល​អាច​រក​បាន ​៣ ទៅ​ ៤ម៉ឺន​រៀល ​ក្នុង​មួយ​ថ្ងៃ។ លោក​បន្ថែម​ថា ​លោក​មិន​ចង់​ឲ្យ​កូន​ប្រុស​ឈប់​រៀន​នោះ​ឡើយ ប៉ុន្តែ​កូនប្រុស​ឃើញ​ឪពុក​ម្តាយ​មាន​ការ​លំបាក​ហើយ​ចង់​រក​លុយ​ខ្លះ ខណៈ​ខ្លួន​ក៏​« ណាយ» ពី​ការ​សិក្សា ដោយសារ​បញ្ហា​ជំងឺ​កូវីដ១៩។

លោក​បញ្ជាក់​ថា៖ «អត់​[ចង់​ឲ្យ​កូន]​នេសាទ ព្រោះអី​វា​ពិបាក រក​មួយ​ថ្ងៃ ស៊ី​មួយ​ថ្ងៃ អត់​ទៅមុខ​ទេ»។

នៅ​ពេល​ចេញ​ទៅ​នេសាទ​ម្តងៗ លោក​ កើត អាច​រកត្រី​សមុទ្រ​បាន​ប្រមាណ ៣០គីឡូក្រាម ហើយ​ក្នុង​មួយគីឡូ លោក​អាច​លក់​បាន​ ៣ពាន់​រៀល។ កាត់​ថ្លៃ​ចំណាយ​លើ​ប្រេង លោក​អាច​នៅ​សល់​ប្រាក់​ប្រមាណ ​៧ម៉ឺន​រៀល។

បទល្មើស​នេសាទកាន់​តែ​ច្រើន និង​ការ​អភិវឌ្ឍ​នៅ​តាម​ព្រែក​

យោង​តាម​របាយការណ៍​នៃ​ការ​សិក្សា​លើកទី ៣ ស្តីពី​ «ការ​ស្វែង​យល់ពី​ទស្សនៈ​សាធារណជន​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា៖ ចំណេះដឹង ឥរិយាបថ និង​ការអនុវត្ត» ដែល​ធ្វើ​ឡើង​ដោយ​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព ប្រជាជន​រស់​នៅតំបន់​សមុទ្រ​ «ងាយរង​គ្រោះ​ជាពិសេស​ពី​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ»។

ការ​សិក្សា​ដែល​ស្ទង់មតិ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជិត​ ១៦០០នាក់ ចេញ​ផ្សាយ​កាលពី​ខែ​ឧសភា ឆ្នាំ២០២១ ឲ្យ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​សមុទ្រ​ភាគ​ច្រើនមិន​មាន​ទំនុក​ចិត្ត​អំពី​ការ​រៀបចំ​សម្រាប់​បម្រែ​បម្រួល​អាកាសធាតុ​អាក្រក់​ឡើយ ហើយ​ពួកគេ​ប្រមាណ ៧០% ​នៃ​អ្នក​ដែល​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​នោះ​ឆ្លើយ​ថា ពួកគេ​ត្រូវ​ការ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​ដែល​ពួកគេ​ជួប​ប្រទះ។

លោក សឹម ហ៊ីម ប្រធាន​សហគមន៍​នេសាទត្រពាំងសង្កែ​ ដែល​បច្ចុប្បន្ន​ជាតំបន់​ទេសចរណ៍​មួយ​ បាន​ថ្លែង​ថា​ លោក​សង្កេត​ឃើញ​ថា​បម្រែ​បម្រួល​អាកាសធាតុ​កាន់តែ​ខ្លាំងឡើងៗ ​ក្នុង​នោះ​មាន​ការ​ឡើង​កម្ពស់​ទឹក​សមុទ្រ ការ​កើនឡើង​កម្តៅ និង​ខ្យល់​កាន់​តែ​ធ្ងន់​ធ្ងរ ដែល​ប៉ះពាល់​ជីវៈ​ចម្រុះ​ក្នុង​សមុទ្រ។

លោក​ប្រាប់វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា៖ «បើ​និយាយ​ពី​រឿង​ជីវៈ​ចម្រុះ​ដែល​សំបូរ​នៅ​សមុទ្រ​សម្បូរ​[គឺ]​នៅ​ពេល​ត្រជាក់ ចង់​និយាយ​ថា​ ខែ​វស្សា​និង​ខែ​កក្តិក ប៉ុន្តែ​សព្វថ្ងៃ​នេះ យើង​មើល​ទៅ ការ​កើន​ឡើង​នៃ​កម្តៅ គឺ​ខ្លាំង។ អ៊ីចឹង​អ្នក​នេសាទ​បាត់​បង់​ប្រាក់​ចំណូល​មួយ​ចំនួន​ដែរ​ ទាក់ទង​នឹង​បញ្ហា​ប្រឈម​ការ​បម្រែ​បម្រួល​អាកាសធាតុ»។

បន្ថែម​លើ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ ប្រធាន​សហគមន៍​រូប​នោះ​បានថ្លែងថា ​ប្រជានេសាទ​ក៏​ប្រឈម​នឹង​បទល្មើស​នេសាទកាន់​តែ​ច្រើន និង​ការ​អភិវឌ្ឍ​នៅ​តាម​ព្រែក​ ដែល​នឹងបំផ្លាញ​ព្រៃកោង។ លោក​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ននេះ សហគមន៍​របស់​លោក​ក៏​កំពុង​ប្រឈម​នឹង​ការ​ចង់​បាន​ដី​សហគមន៍​ដែល​លោ​ក​បារម្ភ​អំពី​ការ​បាត់បង់​នៅ​ថ្ងៃ​ណាមួយ។

លោក​បន្ថែម​ថា៖ «មាន​ការ​ប៉ុន​ប៉ង​មួយ​ចង់​បាន​ដីសហគមន៍ គេ​គិត​ថា​ជា​ដី​របស់​គេ។ ខ្ញុំ​គិត​ថា​ បើ​មាន​ការ​ទន្រ្ទាន​បាន​មែន យើង​នឹង​មានការ​ទន្រ្ទាន​ជា​បន្តបន្ទាប់ ចុង​ក្រោយ​សហគមន៍​នឹង​បាត់​បង់ នឹង​រលាយ»។

ព្រៃកោងកាងស្ថិតក្នុងព្រែកក្នុងស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
ព្រៃកោងកាងស្ថិតក្នុងព្រែកក្នុងស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)

លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ក្នុងស្រុកទឹកឈូ ខេត្តកំពត ផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (លាស់ លីបលីប/VOA Khmer)
លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ក្នុងស្រុកទឹកឈូ ខេត្តកំពត ផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (លាស់ លីបលីប/VOA Khmer)

លោក ម៉ូវ ឈាង មេឃុំ​ត្រពាំងសង្កែ ខេត្តកំពត មាន​ប្រសាសន៍​ថា ​រដ្ឋបាល​ឃុំ​បាន​យកចិត្ត​ទុកដាក់​លើ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ ដោយ​បញ្ចូល​ក្នុង​ផែន​ការ​អភិវឌ្ឍន៍ឃុំ​ ៥ឆ្នាំ ក្នុង​នោះ​មាន​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ ដូចជា​ខ្យល់ព្យុះ​ជាដើម និង​អប់រំ​ពួកគេ​អំពី​បម្រែ​បម្រួលអាកាសធាតុ។ ទាក់​ទង​នឹងផល​នេសាទធ្លាក់​ចុះ​វិញ លោក​មាន​ប្រសាសន៍​ថា​ មួយ​ផ្នែក​បង្ក​ឡើង​ដោយសារ​កំណើន​តម្រូវ​ការ​របស់​ប្រជាជន។

លោក​ប្រាប់វីអូអេ​ថា៖ «ខ្ញុំ​យល់​ថា កំណើន​ប្រជាពលរដ្ឋ ឬ​តម្រូវការ​ប្រជាពលរដ្ឋ​ដែល​ហូប​ចុក។ ពីមុន​យើង​មាន ៦លាន បើ​គិត​កំណើន បច្ចុប្បន្ន​នេះ យើង​មាន​ជាង ១០លាន។ អ៊ីចឹង​បើ​ផល​ថយចុះ គឺ​ការ​ប្រឹងប្រែង​រក​នេសាទ​របស់​បងប្អូន ដើម្បី​តម្រូវ​ទីផ្សារ​អ៊ីចឹង គឺ​ថា បើ​យើង​គិតថា​កម្រិត​នៃ​ការ​ហូប​ពី​មុន​អស់​តែមួយ​តោន។ បច្ចុប្បន្ន ហូប​ ១០​តោន អ៊ីចឹង​ទៅ ឃើញ​ថា​ផល​ដែល​រក​មក យើង​ឃើញខ្សត់​ជាង​មុន​បន្តិច​ហើយ»។

លោក ហាក់ ម៉ៅ ប្រធាន​នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន ប្រាប់វីអូអេ​កាលពីពេលថ្មីៗ​ថា ​ប្រទេស​កម្ពុជា​ងាយ​រង​គ្រោះ​ពី​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ ដោយសារ​កត្តា​សេដ្ឋកិច្ច សមត្ថភាព​ឆ្លើយ​តប ហិរញ្ញវត្ថុ​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋក្នុង​ការ​ត្រៀមខ្លួន​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​អាកាសធាតុ នៅ​មាន​កម្រិត​នៅឡើយ។

លោក​បន្ថែម​ថា ​តំបន់​ឆ្នេរ​ក៏​ទទួល​រង​ពី​ផល​ប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ​ធ្ងន់​ធ្ងរ​ផង​ដែរ ក្នុង​នោះ​មាន​ការជ្រៀត​ចូល​ទឹកប្រៃ ការ​កើន​ឡើង​នាវ៉ូ​ទឹកសមុទ្រ ខ្យល់​ព្យុះ ទឹកជំនន់​ញឹកញាប់ និង​ធ្ងន់ធ្ងរជាង​មុន ការ​ហូរ​ច្រោះ និង​ការ​បាក់ដី​ជាដើម។

លោក​បន្ថែមថា៖ «យើងគ្រាន់​តែឃើញថា​បញ្ហា​ខ្យល់ព្យុះនេះ វា​មាន​បញ្ហាធ្ងន់ធ្ងរ​ខ្លាំង​ដោយសារ​តែ​វា​មាន​ភាព​ញឹកញាប់​ជាង​ទឹក​ជំនន់​ ឬ​ក៏អី។ អ៊ីចឹង​យើង​អាច​សន្និដ្ឋាន​បាន​ថា​ ប្រជាពលរដ្ឋ​នៅ​តំបន់​ហ្នឹង អាច​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​ព្យុះ​អាច​ច្រើន​ជាង​កត្តា​ផ្សេងៗ ប៉ុន្តែ​យើង​មិនអាច​បញ្ជាក់​ថា ​វា​ប្រាកដខ្ពស់​ប៉ុនណា​ទេ ដោយសារ​តែ​យើង​មិន​ទាន់​មាន​តួលេខ​ច្បាស់លាស់​បង្ហាញ»។

សំណល់ផ្ទះរបស់ពលរដ្ឋក្នុងសង្កាត់អូរក្រសារ ខេត្តកែប ដែលត្រូវបានព្យុះវាយកម្ទេច កាលពីខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/VOA Khmer)
សំណល់ផ្ទះរបស់ពលរដ្ឋក្នុងសង្កាត់អូរក្រសារ ខេត្តកែប ដែលត្រូវបានព្យុះវាយកម្ទេច កាលពីខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/VOA Khmer)

លោក គីម ខុន ពលរដ្ឋក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលរងគ្រោះដោយសារខ្យល់ព្យុះកាលពីខែកក្កដា ឆ្នាំ២០២១។ (លាស់ លីបលីប/VOA Khmer)
លោក គីម ខុន ពលរដ្ឋក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលរងគ្រោះដោយសារខ្យល់ព្យុះកាលពីខែកក្កដា ឆ្នាំ២០២១។ (លាស់ លីបលីប/VOA Khmer)

លោក ហាក់ ម៉ៅ ​បន្ថែម​ថា ​រដ្ឋាភិបាល​ក៏មាន​គម្រោង​លើក​កម្ពស់ជីវភាព​របស់​ប្រជាពលរដ្ឋ​ ដូចជា​អ្នកនេសាទ ដែល​រងផល​ប៉ះពាល់​ដោយ​ផ្តល់​ជម្រើស​មុខ​របរ​ផ្សេង​ទៀត។

ទាក់ទង​នឹងបញ្ហា​ខ្យល់​ខ្លាំងនេះ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​សមុទ្រក៏​រង​គ្រោះ​ផង​ដែរ ដោយសារខ្យល់ព្យុះ​វាយ​កម្ទេច​ផ្ទះ​របស់​ពួកគេ។

កាលពី​ខែ​កក្កដា ឆ្នាំ​ ២០២១ លោក គីម ខុន អាយុ​ ៥៦ឆ្នាំ រស់​នៅក្នុង​សង្កាត់​អូរក្រសារ ខេត្តកែប បាន​រង​គ្រោះ​ដោយសារ​ខ្យល់ព្យុះ​វាយ​បំផ្លាញ​ផ្ទះ​របស់លោក ហើយ​លោក​ត្រូវបាន​សង្កត់​រហូត​ដល់​របួសធ្ងន់។ លោក​ថ្លែង​ថា​ ពេល​នោះ លោក​កំពុង​កាត់​ស្មៅឲ្យ​គោ នៅ​ម៉ោង​ជិត​ ២រសៀល ហើយ​មេឃ​រក​ភ្លៀង ដូច្នេះ​លោក​ចូលជ្រក​ក្នុង​ផ្ទះ។

លោក​ថ្លែងថា៖ «កាលពី​មុន អត់​មាន​អ៊ីចឹង​ អាកាសធាតុ​ត្រឹមត្រូវ។ ឥឡូវ​ប្រែប្រួល។ មិន​ដឹង​រាំង មិនដឹង​វស្សា​ ខែណា​ក៏​ខ្យល់ដែរ។ ឲ្យ​តែ​ងងឹត​មក​ហើយ។ អត់​ទេ ឥឡូវ​ខ្យល់ អត់​ដូច​ពីមុន ខុសមុន»។

លោក​បន្ថែមថា៖ «ដោយសារតែព្រៃឈើ​វា​អស់​ហើយតាម​មើល។ កាល​មុន ព្រៃភ្នំ​មាន វា​មក​ប៉ះ​ព្រៃប៉ះ​អី ឥឡូវ​វាល​អស់​ហើយ ត្រូវ​ជន់ៗ ត្រូវ​ភ្លៀងៗ។ អត់​ដូច​មុន​ទេ​ឥឡូវ»៕

កំណត់​និពន្ធ៖ ភាគទី ៣​ ដែល​ជា​សេចក្តី​រាយការណ៍​ចុង​ក្រោយ​នៃ​សេចក្តី​រាយការណ៍​លម្អិត «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» រៀបរាប់អំពីគ្រោះទឹកជំនន់ដែលកំពុងកើតមានឡើងកាន់តែញឹកញាប់ជាងមុន នៅខេត្តព្រះសីហនុ។

អាន​ «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ភាគទី ១

អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ភាគទី ៣

លោក សន ទូច ជាកសិករក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរងគ្រោះដោយសារទឹកប្រៃតាមព្រែកសមុទ្រ ហូរចូលស្រែរបស់អ្នកស្រី។ (លាស់ លីបលីប/VOA Khmer)
លោក សន ទូច ជាកសិករក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរងគ្រោះដោយសារទឹកប្រៃតាមព្រែកសមុទ្រ ហូរចូលស្រែរបស់អ្នកស្រី។ (លាស់ លីបលីប/VOA Khmer)

«អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល»៖ ភាគទី ១

រាយការណ៍ដោយ ស៊ុន ណារិន និង លាស់ លីបលីប

កំណត់​និពន្ធ៖ ក្នុងអំឡុងពេលជិតមួយទសវត្សរ៍កន្លងទៅនេះ ការប្រែប្រួលអាកាសធាតុបាននិងកំពុងផលប៉ះពាល់ជាច្រើន ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ និងប្រជានេសាទនៅកម្ពុជា ដែលភាគច្រើនពឹងផ្អែកលើកត្តាធម្មជាតិក្នុងការបង្កបង្កើតផលកសិកម្ម និងប្រមូលជលផលជាប្រចាំថ្ងៃ។
ជាក់ស្តែង ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ដៃ​សមុទ្រ​ក្នុង​ខេត្ត​ជាប់​មាត់សមុទ្រ​ កំពុង​រង​គ្រោះ​ដោយសារ​ទឹក​ប្រៃ​ជ្រៀត​ចូល​ស្រែ​របស់ពួកគេ​ ដែល​ជា​វិបត្តិ​អាកាសធាតុ​ នៅ​ពេល​កម្តៅ​ផែន​ដី​កើន​ឡើង ដែល​បណ្តាល​ឲ្យ​កម្ពស់ទឹក​សមុទ្រ​កើន​ឡើង​ជា​បន្តបន្ទាប់។ ប្រជាកសិករនៅតំបន់ទាំងនោះអះអាង​ថា ​ស្រែ​របស់​ពួកគេ​បាន​ខូច​ខាត​ជា​រៀងរាល់​ឆ្នាំ ហើយ​ជំនន់​ទឹក​ប្រៃកើន​ឡើង​កាន់តែខ្លាំង​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។
សម្រាប់​ភាគទី ១​ នៃ​សេចក្តីរាយការណ៍​លម្អិត​ដែល​មាន​ចំណង​ជើង​ថា «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» អ្នក​រាយការណ៍​របស់​វីអូអេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ និងខេត្តកំពត ដែល​នៅ​ទី​នោះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់ដែលមិនអាចស្មានទុកមុននៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍនានា។

ស្រែរបស់កសិករក្នុងក្រុងកំពត ខេត្តកំពត ដែលត្រូវបានទឹកប្រៃហូរចូល កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
ស្រែរបស់កសិករក្នុងក្រុងកំពត ខេត្តកំពត ដែលត្រូវបានទឹកប្រៃហូរចូល កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)


ភូមិជំពូខ្មៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ — ពីរបី​ឆ្នាំ​ជាប់គ្នា​ហើយ ដែល​អ្នកស្រី ង៉ែត ស្រី​ កសិករ​ធ្វើស្រែ​ម្នាក់​ក្នុង​ខេត្ត​ព្រះសីហនុ ព្រួយ​បារម្ភ​អំពី​ការធ្វើ​ស្រែ​មិន​បាន​ផល ដោយសារ​ទឹក​សមុទ្រ​ជ្រៀត​ចូល​ដី​ស្រែ​របស់​អ្នកស្រី។

រស់​នៅ​ក្នុង​ភូមិ​ជំពូខ្មៅ ឃុំ​ទួលទទឹង ស្រុក​ព្រៃនប់ ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ព្រៃ​កោងកាង កសិករ​អាយុ​ ៥៨ឆ្នាំ​រូបនេះ​ ឲ្យ​ដឹង​ថា ​ទឹក​សមុទ្រ​បាន​បំផ្លាញ​ស្រែ​របស់​អ្នកស្រី​កាន់​តែ​ធ្ងន់ធ្ងរ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ កាល​ពីឆ្នាំ​ ២០២០ អ្នកស្រី​បាន​បាត់បង់ទិន្នផល​ស្រូវ​ស្ទើរទាំងស្រុង​ដោយសារ​ទឹក​ប្រៃ​លិច​ស្រែ​របស់​អ្នកស្រី​ ២ហិកតា​កន្លះ។

ក្នុង​បទ​សម្ភាសន៍ជាមួយ​វីអូអេ នៅ​ផ្ទះ​របស់​អ្នកស្រី​កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ​ កសិករ​រូបនោះ​បាន​រៀបរាប់​ថា៖​«ស្រែ​ខ្ញុំ​លិចទឹក​ប្រៃ​ចូល​ខូច ២ហិកតា​កន្លះ​ ហើយ​អ្នក​ជិតៗ​ ខ្ញុំ​ហ្នឹង​ខូច​ដែរ ម្នាក់​ ២[ឬ] ៣ហិកតា»។

កម្ពុជា​ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។​ កម្រិត​ទឹក​សមុទ្រ​ក៏​ត្រូវ​បាន​ព្យាករ​កើន​ឡើង ដោយសារ​ការ​ឡើង​កម្តៅ​ផែនដី ដែល​ជា​ក្តី​បារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បែរ​ដៃ​សមុទ្រ ហើយ​ជីវភាព​របស់​ពួកគេពឹង​ផ្អែក​លើ​ការ​ធ្វើ​ស្រែ និង​នេសាទ។

អ្នកស្រី​ ង៉ែត ស្រី ដែល​មាន​កូន​ ៦នាក់ បាន​ថ្លែង​ថា ​អ្នកស្រី​បន្ត​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្វើ​ស្រែ​ជា​រៀងរាល់ឆ្នាំ ដោយសារ​បញ្ហា​ទឹក​សមុទ្រ​ឡើង​នេះ។

អ្នកស្រី​បញ្ជាក់​ថា៖ «ហើយ​ឥឡូវ​ដឹង​ធ្វើ​ម៉េច!​ឲ្យ​[អាជ្ញាធរ​]ជួយ​ឲ្យ​ចាក់​ទំនប់​ចាក់អី​ឲ្យ​ កុំ​ឲ្យ​ទឹក​ប្រៃ​វា​ចូល​ទៀត​ហ្នឹង។​ឥឡូវ​ឆ្នាំ​នេះខ្លាច​ដែរ​ហ្នឹង​ណាខ្លាច​ឆ្នាំ​នេះ​ខូច​ទៀត​អ៊ីចឹង​ពី​ព្រោះ​អី​ខូច​ ២​ឆ្នាំ​រួច​មក​ហើយ ខ្ញុំ។ ប៉ុន្តែ​ឆ្នាំ​មុន [២០១៩]​ វា​មិន​សូវ​ខូច​ច្រើន​ដូច​ឆ្នាំ​ទៅ​ទេ​ណា។ ឆ្នាំ​ទៅ​ [គឺ]​ឆ្នាំ​២០២០ ហ្នឹង​ គឺ​ខូច​ខ្លាំង។ បើ​គិត​ថា​ ខ្ញុំ​ធ្វើ​បា​នផល​វា​១០​តោន​[ ទំហំ​ដី] ២​ហិក​តា​កន្លះ ឥឡូវ​ខូច ​បាន​ ២​តោន[ស្រូវ]ហ្នឹង។ ១០​តោន​ បាន​តែ ២​តោន​មិន​រួច​ខ្លួន [ថ្លៃ]ដើម​[និង] ពូជ[ស្រូវ]​យើង​ផង ហើយ​បាត់​ហើយ​ ៨​តោន​ហ្នឹង»។

អ្នកស្រី ង៉ែត ស្រី ជាកសិករក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរងគ្រោះដោយសារទឹកប្រៃតាមព្រែកសមុទ្រហូរចូលស្រែរបស់អ្នកស្រី។ (ស៊ុន ណារិន/VOA Khmer)
អ្នកស្រី ង៉ែត ស្រី ជាកសិករក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរងគ្រោះដោយសារទឹកប្រៃតាមព្រែកសមុទ្រហូរចូលស្រែរបស់អ្នកស្រី។ (ស៊ុន ណារិន/VOA Khmer)

កសិកររូប​នោះ​បាន​ជួល​ដីស្រែ​របស់​គេ​ចំនួន​ ២ហិកតា​កន្លះ កាលពីឆ្នាំ ​២០១៩ និង​ឆ្នាំ ​២០២០ ដើម្បី​ធ្វើ​ស្រែ​បន្ថែម​ពី​លើ​ដីរបស់​អ្នកស្រី​ ២​ហិកតា​កន្លះដូចគ្នា។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​ ២០២១ នេះ អ្នកស្រី​ឈប់​ជួល​ដី ដែល​មួយ​ហិកតា​ត្រូវ​ផ្តល់​ស្រូវ​ដល់​ម្ចាស់ដី​ចំនួន​ ១តោន ​ក្នុង​មួយ​ឆ្នាំ។ ក្រោយ​ពី​ទឹក​ប្រៃ​ជ្រៀត​ចូល​ដីស្រែ​នោះ​ត្រូវបាន​ម្ចាស់ដើម​លក់​ឲ្យ​គេ ហើយ​បច្ចុប្បន្ននេះ ដីស្រែ​នោះ​ត្រូវ​បាន​យក​មកប្រើប្រាស់​ដើម្បី​ចិញ្ចឹម​បង្គា​វិញ ដោយ​សារគុណភាព​ដីមិន​អាច​ធ្វើ​ស្រែ​បាន។

អ្នកស្រី ង៉ែត ស្រី ដែល​រស់នៅ​តំបន់​នោះ​ជាង ​២០ ​ឆ្នាំមក​ហើយ បញ្ជាក់​ថា​ អាកាសធាតុ​បាន​ប្រែប្រួល​ជា​បន្តបន្ទាប់ ជាពិសេស​បណ្តាល​ឲ្យ​មាន​ជំនន់​ទឹក​ប្រៃ ដែល​ប៉ះពាល់​ស្រែ​របស់​អ្នកភូមិ​រស់​នៅ​ក្បែរ​ព្រែក​សមុទ្រ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «អាកាស​ធាតុ​ប្រែ​ប្រួលក្តៅ គឺ​ក្តៅ​ខ្លាំង​អ៊ីចឹងទៅ។ ជួន​ណា​ ភ្លៀង​ខុស​ធម្មតា​អ៊ីចឹង ​ហើយ​ទឹក​នៅ​ហ្នឹង​មិន​ដែលលិចទេ។ [ហើយ​កាល]ពី​ឆ្នាំ​ទៅ​លិច​ដល់​តែ ​៣​ដង​។ ហើយ​ឆ្នាំ​ហ្នឹង​គេ​អត់​បិទ​ហុង​ទេ​ [ទំនប់​មាត់​ទ្វារ​ទឹក] ប៉ុន្តែ​អត់​បាន​លិច​ទេ។ ពីឆ្នាំ​ទៅ ​គេ​បិទ​ហុង​លិច​ ៣​ដង​ នៅ​កន្លែង​ខ្ញុំ​ហ្នឹង។ ប៉ុន្តែ​ឆ្នាំ​នេះ​អត់​ទាន់​បា​ន​លិច​ទេ»។

រស់​នៅ​មិនឆ្ងាយប៉ុន្មាន លោក សន ទូច អាយុ​ ៦០ឆ្នាំ ដែល​ជា​អ្នក​ជិត​ខាង​របស់អ្នកស្រី​ ង៉ែត ស្រី ដែរ បាន​ឲ្យដឹង​ថា​ ស្រែ​របស់​លោក​ប្រមាណ ​៣ហិកតា ក៏​រង​គ្រោះ​ដោយសារ​ទឹក​ប្រៃ​ជ្រៀត​ចូល​ដូចគ្នា។

តាំងពីយូរ​លង់​មក​ហើយ បួនដប់​ម្ភៃឆ្នាំ​មុន គឺ​អត់​មាន​ដូច​សព្វថ្ងៃ​នេះ​ទេ។ សព្វថ្ងៃ​នេះ វា[កម្រិត​ទឹក​ប្រៃ]​អាច​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ។​ អ៊ីចឹង​អ្នក​ដែល​រស់​នៅ​ក្បែរ​តំបន់​ទឹក​ព្រែក​ទឹក​ហ្នឹង ប្រឈម​នឹង​អាច​លិច​លង់​ នៅ​ថ្ងៃអនាគត​ នៅ​ពេល​ណាមួយ»

កសិករ​ដែល​ជាអ្នកនេសាទ​ផង​ដែរ និង​មាន​កូន ៥​នាក់ អះអាង​ថា អាកាសធាតុប្រែ​ប្រួល​ខ្លាំង​ បើទោះ​ជា​លោក​មិនដឹង​ច្បាស់​ថា​ តើ​អ្វី​ទៅ​ជា​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​ក៏ដោយ។ លោក​បន្ថែម​ថា ​ជំនន់​ទឹក​ប្រៃ​កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​តំបន់​របស់​លោក។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​នៅ​ទី​នេះ​ ៣០​ឆ្នាំ​ជាង ​វា​មិនដែល​លិច​ដល់​ថ្នាក់​ហ្នឹង។ វាលិចដែរ​ វា​លិច​ស្ទើរ តែ​ឆ្នាំ​ទៅ​ លិច​មែន​ទែន​ហ្មង​ ២​ឆ្នាំ​ហ្នឹង។ ទឹក​វា​ឡើង​ ទឹក​ធំ​មែន​ទែន​ហ្មង។ យើង​រាល់​ឆ្នាំ​ទឹក​ធម្មតា​ល្មម ដល់​ឆ្នាំ​ទៅ [​និង]​ឆ្នាំទៅមួយ ដល់​កហ្មង​ លិច​ក្បាល​ទំនប់​ហូរ​ប្រឡោះហ្នឹង ទឹក​ហូរ​ក្បាល​ទំនប់​មក​[ចូល​ស្រែ]»។

បើ​តាម​ផែនការ​យុទ្ធសាស្រ្ត​បម្រែ​បម្រួលអាកាសធាតុ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាល​ពី​ឆ្នាំ​ ២០១៣ ឲ្យដឹង​ថា​ កម្ពស់ទឹក​សមុទ្រ​អាច​ឡើង​ដល់ ​០,៥៦ម៉ែត្រ​ នៅ​ត្រឹម​ឆ្នាំ​ ២០៩០ ក្នុង​សេណារីយ៉ូ​បម្រែ​បម្រួល​អាកាសធាតុ​កម្រិត​ខ្ពស់ ដែល​អាច​ជន់​លិច​ផ្ទៃដី​ប្រមាណ​ ២៥.០០០​ហិកតា និង​បង្កើន​ហានិភ័យ​ជួបគ្រោះ​ខ្យល់​ព្យុះ​ និង​ប៉ះពាល់​តំបន់​សមុទ្រ​និង​វិស័យ​ទេសចរណ៍។

របាយការណ៍​បន្ត​ថា​ កម្រិត​ទឹក​សមុទ្រ​កើន​ឡើង​នឹង​បង្ក​ការ​ខូច​ខាត​ដោយសារ​គ្រោះ​ទឹក​ជំនន់ និង​ខ្យល់​ព្យុះ​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ដែល​ប៉ះពាល់​ដល់​តំបន់ប្រជុំជន និងធនធាន​ធម្មជាតិ។

ស្រែរបស់កសិករក្នុងក្រុងកំពត ខេត្តកំពត ដែលត្រូវបានទឹកប្រៃហូរចូល កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
ស្រែរបស់កសិករក្នុងក្រុងកំពត ខេត្តកំពត ដែលត្រូវបានទឹកប្រៃហូរចូល កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)

ស្រែអំបិលរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពត ខេត្តកំពត នៅមុនរដូវធ្វើស្រែអំបិលខិតជិតមកដល់ កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
ស្រែអំបិលរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពត ខេត្តកំពត នៅមុនរដូវធ្វើស្រែអំបិលខិតជិតមកដល់ កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)

បាតុភូតធម្មជាតិ ឬសកម្មភាពមនុស្ស?

នៅក្នុង​ខេត្ត​កំពត​ជាប់​ខេត្ត​ព្រះសីហនុ ប្រជាកសិករ​ក្នុង​ភូមិបឹង​តាព្រៀប សង្កាត់​ត្រើយ​កោះ ក្រុងកំពត ក៏​ជួប​វិបត្តិ​ទឹក​ប្រៃ​ជ្រៀត​ចូលស្រែ​របស់​ពួកគេ​ដូចគ្នា។

អ្នកស្រី ឌឺ ប៉ឺន អាយុ​ ៤០ឆ្នាំ ឲ្យដឹង​ថា​ ទឹក​ប្រៃបានជ្រៀត​ចូលស្រែ​របស់​អ្នកស្រី​ប្រមាណ​កន្លះ​ហិកតា កាល​ពីឆ្នាំ​មុន ហើយ​បំផ្លាញ​ស្រូវ​ដែល​ជិត​ប្រមូល​ផល។

អ្នកស្រី​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា៖ «ដីវា​ក្រហម​ងាប់អស់។ ដីវាច​ង្រៃ ជាតិ​ប្រៃ។ ងាប់ស្រែ​អស់បី[ប្លង់]។ វា​នៅ​ម្តុំគ្នា ហើយ​របស់​គេ​មួយ​គំនរ​ដែរ​ហ្នឹង បីបួន​ប្រាំ[ប្លង់] សុទ្ធ​តែ​ធំៗ ហើយ​ងាប់​ទាំងអស់ រួចអត់​បាន​ហូប​ទេ។ ឥឡូវឆ្នាំ​ហ្នឹង ក៏​មាន​ងាប់​ដែរ តែ​ងាប់​មួយ​ចំហៀង។ អាហ្នឹង​ដូចថា​ភ្លៀង​មក យើ​ងទប់​វា ហើយ​ដាក់​ទឹកសាប​ឲ្យ​វា​នៅ​ហ្នឹង កុំ​ឲ្យវា​ចេញ​ចូល​»។

អ្នកស្រី​បន្ថែម​ថា ប្រជាពលរដ្ឋ​មិនធ្វើ​ស្រែ​ទេ​នៅឆ្នាំ​នេះ ដោយសារ​ខ្លាច​ទឹក​ប្រៃ​ឡើង​មក​ទៀត ហើយ​បំផ្លាញស្រែ​របស់​ពួកគេ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្លាច​បាក់​ទឹក​មក​ទៀត ខ្លាច​ទឹក​ប្រៃ​មកទៀត តែ​ចូល​មក​អត់បាន​ស៊ីទៀត​ហើយ។ ឥឡូវ វា​កំពុង​តែ​ល្អ តែ​ល្អ​បាន​តែ​មួយ​ចំហៀង ព្រោះ​អាមួយ​ចំហៀង​ទៀត វា​អត់​ដុះទេ ងាប់ វា​នៅ​ជាតិ​ប្រៃ»។

អ្នកស្រី​មិន​ដឹងមូលហេតុ​នៃ​ការ​ហូរទឹកប្រៃ​ចូលស្រែ​ទេ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា​ នេះ​ជា​បាតុភូតធម្មជាតិលើក​ទី ២ នៃ​ជីវិត​របស់អ្នកស្រី​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​តាំងពី​ក្មេង​មក។

ក្រៅពី​អាកាសធាតុ​ប្រែប្រួល អ្នកស្រី​ក៏​ត្អូញត្អែរ​ពីការ​អភិវឌ្ឍ​នៅ​លើ​តំបន់​ក្បែរ​ព្រែក​ដែល​ធ្វើ​ឲ្យ​ស្វាមី​របស់អ្នកស្រី​ដែល​ជា​អ្នកនេសាទ​ពិបាក​ធ្វើ​ដំណើរ​តាមទូក។

អ្នកស្រី​ថ្លែង​ថា៖ «​[អា​កាស​ធាតុ]ប្រែ​ខុស​ពីមុន​អត់​ដូច​ពី​មុន​ទេ។ បើ​ក្តៅ​ក៏​ក្តៅ​ខ្លាំង​ជាង​ពីមុន​ដែរ ហើយ​បើ​ភ្លៀង​តិច​ជាង​មុន ពី​ព្រោះឥឡូវ​វា​មិន​សូវ​មា​នដើម​ឈើ​ដូច​ពី​មុន​ហ្ហា ​ពី​មុន​ដើម​ឈើ​ធំៗ​ហ្ហា [តែ​] ឥឡូវ​គេ​អា[​កាប់​ដើម​ឈើ]​ចោល​អស់​ហើយ ​ដូចព្រៃ​មួយ​ជួរ​នា​មាត់​សមុទ្រ​ហ្នឹង​ហ្ហា សុទ្ធ​តែព្រៃ​ តែ​ឥឡូវ​អត់​មាន​ទេ។ [គេ]​ចាក់​ធ្វើ​កំផែង​ថ្ម កំផែង​អី​[តើ​] សល់​អី​វា​[គឺ]មិនដូច​ដើម​ឈើទេ​វា[កំផែងថ្ម] អត់​មាន​បាន​ទប់​ដូច​ដើម​ឈើ​ហ្ហា។ នា​មាត់​ព្រែក​អី ឥឡូវ​គេ​យក​អស់​ហើយ​ហ្នឹង​ដី​សមុទ្រ​អី​ហ្នឹង​យូរ​ៗឆ្លង​ទូកចង់​អត់[​បាន]»។

ទិដ្ឋភាពឆ្នេរសមុទ្រក្នុងក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី​ ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
ទិដ្ឋភាពឆ្នេរសមុទ្រក្នុងក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី​ ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)

ទូកនេសាទសំចតនៅសមុទ្រក្នុងខេត្តកំពត កាលពីកាលពីថ្ងៃទី​ ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
ទូកនេសាទសំចតនៅសមុទ្រក្នុងខេត្តកំពត កាលពីកាលពីថ្ងៃទី​ ២ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)

លោក ហាក់ ម៉ៅ ប្រធាន​នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន ប្រាប់វីអូអេ​កាលពី​ពេលថ្មីៗ​ថា​ ប្រទេស​កម្ពុជា​ងាយ​រង​គ្រោះ​ពី​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ ដោយសារ​កត្តា​សេដ្ឋកិច្ច សមត្ថភាព​ឆ្លើយ​តប ហិរញ្ញវត្ថុ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋក្នុង​ការ​ត្រៀមខ្លួន​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​អាកាសធាតុ នៅ​មាន​កម្រិត​នៅឡើយ។

លោក​បន្ថែម​ថា​ តំបន់​ឆ្នេរ​ក៏​ទទួល​រង​ពី​ផល​ប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ​ធ្ងន់​ធ្ងរ​ផង​ដែរ ក្នុង​នោះ​មាន​ការជ្រៀត​ចូល​ទឹកប្រៃ ការ​កើន​ឡើង​នាវ៉ូ​ទឹក​សមុទ្រ ខ្យល់​ព្យុះ ទឹកជំនន់​ញឹកញាប់ និង​ធ្ងន់ធ្ងរ​ជាង​មុន ការ​ហូរ​ច្រោះ និង​ការ​បាក់​ដី​ជាដើម។

លោក ហាក់ ម៉ៅ កត់​សម្គាល់​ថា នាវ៉ូ​ទឹក​សមុទ្រ​នៅ​កម្ពុជា នឹង​អាច​កើនឡើង​ដល់​មួយម៉ែត្រ ឬពីរម៉ែត្រ​នៅ​ឆ្នាំ​ ២១០០ តាម​ការ​ព្យាករ​ ហើយ​វា​នឹង​អាច​ជន់លិចទីរួម​ខេត្ត​កោះកុង។

លោក​ថ្លែង​ថា៖ «យើងឃើញ​ថា​ខេត្ត​ព្រះសីហនុ​យើង​គឺ​កំពុងតែ​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ហ្នឹង​ធ្ងន់​ធ្ងរ​ជាង​គេ ប៉ុន្តែ​រយៈពេល​វែង ​ប្រសិន​បើ​នីវ៉ូ​កម្ពស់​ទឹក​សមុទ្រ​កើន​ឡើង តាម​ការ​ព្យាករ យើង​ឃើញ​ថា​ ខេត្ត​កោះកុង ជា​ខេត្ត​ដែល​ងាយ​រង​លិច​ជាងគេ»។

​នៅ​ក្នុង​ខេត្ត​កោះកុង​វិញ អ្នកស្រី ហង្ស សុភា អាយុ ​៣៨ឆ្នាំ ជា​កសិករ​រស់​នៅ​ក្នុង​ឃុំ​ទួលគគីរ ស្រុក​មណ្ឌលសីមា ​រៀបរាប់ថា ​ការ​ធ្វើ​ស្រែរបស់​អ្នកស្រី ទទួល​ផល​មិន​ទៀង​ទាត់​ឡើយ ដោយសារ​តំបន់​ដែលអ្នកស្រី​ធ្វើ​ស្រែ​ទាប ដូច្នេះ​វា​ងាយទឹក​ប្រៃ​ហូរចូល។

អ្នកស្រី​ថ្លែ​ងថា៖ «គេ​ជីក​ប្រឡាយ​ឲ្យ ប៉ុន្តែ​ប្រឡាយ​ហ្នឹង ​វាបាក់​អ៊ីចឹង​វា​ខូច អ៊ីចឹង​ទឹក​ប្រៃ វា​ជ្រៀត​ចូល ហើយ​ណាមួយ​ភ្លឺ​យើង ស្រែ​យើង​ វា​អត់​សូវ​មាន​ភ្លឺ​ខ្ពស់​អ៊ីចឹង។ ដល់​ពេល​អ៊ីចឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់ស្រូវ អ៊ីចឹង​យើង​ធ្វើ​អត់​សូវបាន​ផល​ទេ»។

ដោយសារ​អ្នកស្រី​មាន​ទម្ងន់​កូន​ក្នុង​ផ្ទៃ​ ៨ខែ អ្នកស្រី​មិន​បាន​ធ្វើ​ស្រែ​ទេ​ក្នុងឆ្នាំ ២០២១ នេះ ​ដែល​តម្រូវ​ឲ្យ​អ្នកស្រី​ត្រូវទិញ​អង្ករទុក​ជា​ស្បៀង​ជា​រៀងរាល់ខែ។ ប៉ុន្តែ​អ្នកស្រី​អះអាងថា ​ឆ្នាំក្រោយ អ្នកស្រី​នឹង​បន្ត​ធ្វើ​ស្រែ ព្រោះ​វា​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ជីវភាព​របស់​អ្នកស្រី បើទោះ​អ្នកស្រី​ត្រូវ​បារម្ភអំពី​បញ្ហាទឹក​ប្រៃ​ជ្រៀត​ចូលស្រែ​ក៏ដោយ។

អ្នកស្រី​បញ្ជាក់​ថា​ ការធ្វើ​ស្រែ​នៅ​ពេល​ខាង​មុខ​ទៀត គឺ​ដើម្បី​អាច​រក្សា​លុយ​សន្សំខ្លះ​ទុក​ឲ្យកូន​ពីរ​នាក់​របស់​អ្នកស្រី​ដែល​កូនស្រីកំពុង​រៀន​ថ្នាក់​ទី ១០ និង​កូនប្រុសរៀនថ្នាក់ទី ៧។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ត្រូវ​ចិញ្ចឹម​មាន់​ចិញ្ចឹម​ទា ត្រូវមាន​ចំណូល​ខ្លះ បើ​យើង​ចំណាយ​រហូត​អត់​កើត​ទេ។ អត់​មាន​អី​សល់ទេ យើង​អត់​មាន​អី​ផ្គត់​ផ្គង់​ទៅ​ថ្ងៃ​មុខ​ទៀត​អ៊ីចឹង។ គឺ​បាន​មក​តែ​មួយហូបៗ​អីអ៊ីចឹង។ ព្រោះ​អី​យើង​មាន​ដី​ស្រែ​យើង​ស្រាប់​យើង​ត្រូវ​តែ​ធ្វើ​។ កន្លះហិកតា ឬមួយ​ហិកតា​អី យើង​ត្រូវ​តែ​ធ្វើ»។

ចំណែក​អ្នកជិត​ខាង​របស់​អ្នកស្រី ហង្ស សុភា គឺ​លោក ហូ សុផល ដែល​ជាកសិករ​ម្នាក់ និង​ជា​គ្រូ​បង្រៀន​ថ្នាក់ទី ១ និង​ទី ២ រៀបរាប់​ថា ទឹក​ប្រៃ​មាន​កម្រិត​ខ្ពស់​ជារៀងរាល់​ឆ្នាំ ដែល​វា​អាច​លិច​ទំនប់​ដែល​ប្រជាពលរដ្ឋ​រៀបចំ​សម្រាប់​ស្រែ​របស់​ពួកគេ។

កសិករ​អាយុ​ ៥៨ ឆ្នាំ​រូបនោះ បន្ថែមថា​ ប្រសិន​បើ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព ពួកគេ​អាច​ទិញដី​មក​ចាក់​ឲ្យខ្ពស់​ដើម្បី​ទប់​ទឹកប្រៃ​ឡើង​ ប៉ុន្តែ​នៅ​ពេល​អនាគត លោក​បារម្ភ​ថា ​អ្នករស់នៅ​ក្បែរ​ព្រែក​សមុទ្រ​អាច​នឹង​លិច​លង់ ដោយសារ​កម្ពស់​ទឹក​សមុទ្រ​ឡើង​ខ្លាំង ដូចការ​ព្យាករ​របស់​ពិភព​លោក។

លោក ហូ សុផល ប្រាប់​វីអូអេ​ថា​៖ «តាំងពីយូរ​លង់​មក​ហើយ បួនដប់​ម្ភៃឆ្នាំ​មុន គឺ​អត់​មាន​ដូច​សព្វថ្ងៃ​នេះ​ទេ។ សព្វថ្ងៃ​នេះ វា[កម្រិត​ទឹក​ប្រៃ]​អាច​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ។​ អ៊ីចឹង​អ្នក​ដែល​រស់​នៅ​ក្បែរ​តំបន់​ទឹក​ព្រែក​ទឹក​ហ្នឹង ប្រឈម​នឹង​អាច​លិច​លង់​ នៅ​ថ្ងៃអនាគត​ នៅ​ពេល​ណាមួយ»៕


កំណត់​និពន្ធ៖ ភាគទី ២ ​នៃ​សេចក្តី​រាយការណ៍​លម្អិត «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» រៀបរាប់អំពីទុក្ខលំបាករបស់ប្រជានេសាទសមុទ្រ ខណៈអាកាសធាតុប្រែប្រួលខ្លាំង ស្របពេលការអភិវឌ្ឍសំណង់អគារធំៗបានកើតមានឡើងខ្លាំង។

អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល»​ | ភាគទី ២

អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ភាគទី ៣

វីដេអូថ្មីៗបំផុត

កម្មវិធីព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:29:58 0:00
XS
SM
MD
LG