ចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២១ ខែវិច្ឆកាខាងមុខនេះ កិច្ចប្រជុំសហគ្រិនពិភពលោក (Global Entrepreneurship Summit) លើកទី៥នឹងប្រារព្ធធ្វើឡើងនៅរដ្ឋធានី Marrakech នៅព្រះរាជាណាចក្រ Morocco។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីប្រមូលផ្តុំសហគ្រិនឈានមុខដើម្បីផ្លាស់ប្តូរគំនិតច្នៃប្រឌិត ជំនាញ និងធនធានផ្សេងៗ ដើម្បីកសាងសហគ្រាសដ៏លូតលាស់ និងរឹងមាំ។

មានសហគ្រិនប្រមាណ៣ពាន់នាក់ រួមជាមួយនឹងមេដឹកនាំក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ មេដឹកនាំប្រទេស និងសហគ្រិនវ័យក្មេងនឹងចូលរួមក្នុងកិច្ចប្រជុំសហគ្រិនពិភពលោក Global Entrepreneurship Summit (GES)លើកទី៥ នៅព្រះរាជាណាចក្រ Morocco ចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២១ខែវិច្ឆកាខាងមុខនេះ។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសជាសមាជិកជុំវិញពិភពលោក។

កិច្ចប្រជុំសហគ្រិនពិភពលោក(GES)នេះត្រូវបានផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama នៅឆ្នាំ២០០៩ «ដើម្បីផ្តល់អំណាចដល់សហគ្រិនដែលមានជំនាញ និងធនធានសំខាន់ដើម្បីប្រកួតប្រជែង និងរីកលូតលាស់សម្រាប់សតវត្សទី២១» និងដើម្បីគាំទ្រសហគ្រិនក្នុងការបង្កើតសក្តានុពលសេដ្ឋកិច្ចដល់ប្រទេសជុំវិញពិភពលោក និងក្នុងការទប់ស្កាត់ភាពក្រីក្រ។ កិច្ចប្រជុំលើកទី៥នេះនឹងប្រារព្ធឡើងក្រោមប្រធានបទ«ការទាញយកប្រយោជន៍ពីអំណាចនៃបច្ចេកវិទ្យាសម្រាប់ការច្នៃប្រឌិតថ្មី និងភាពជាសហគ្រិន»។

កិច្ចប្រជុំនេះនឹងប្រារព្ធឡើងចំនួន៣ថ្ងៃ។ ថ្ងៃទី១នឹងផ្តោតលើការបង្កើតសហគមន៍ដោយមានជាវេទិកាពិភាក្សាឈ្មោះ «Innovation Village» ប្រែថា «ភូមិច្នៃប្រឌិតថ្មី»។ វេទិកានេះនឹងអនុញ្ញាតឲ្យសហគ្រិន និងអ្នកច្នៃប្រឌិតពីទ្វីបអាហ្វ្រិក និងជុំវិញពិភពលោកពិភាក្សាពីគម្រោងរបស់ខ្លួនជុំវិញប្រធានបទផ្សេងៗ រួមមានព័ត៌មាន ទំនាក់ទំនង និងបច្ចេកវិទ្យា ការគ្រប់គ្រងធនធានទឹក និងជម្រើសថាមពល។ ក្នុងថ្ងៃនោះដែរ ក៏មានការប្រារព្ធពិធីអបអរសាទរសម្រាប់ «ទិវាសហគ្រិនរបស់ស្ត្រី» ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងជំនួញ និងបង្កើតសហគ្រាសសម្រាប់សហគមន៍របស់ខ្លួន។

ថ្ងៃទី២នឹងផ្តោតលើការបំផុសគំនិតច្នៃប្រឌិតសម្រាប់អនាគត ដោយមានជាវេទិកាធ្វើបទបង្ហាញដោយមេដឹកនាំសហគ្រិនជុំវិញពិភពលោកអំពីគំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងភាពជាសហគ្រិន ដើម្បីបង្កើតអាជីវកម្មដែលទទួលបានជោគជ័យ និងបង្កើតការងារដល់សហគមន៍ក្នុងតំបន់។ លើសពីនេះ ក៏មានវេទិកាពិភាក្សារវាងអ្នកជំនាញរដ្ឋាភិបាល អ្នកជំនួញ និងអង្គការសង្គមស៊ីវិលអំពីកត្តាសំខាន់នៃតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ធនធានមនុស្ស និងបច្ចេកវិទ្យាក្នុងការធ្វើសមាហរ័ណកម្មសហគ្រិនក្នុងតំបន់ ដើម្បីអភិវឌ្ឍសហគមន៍ផ្អែកតាមប្រព័ន្ធអេកូឡូស៊ី និងដើម្បីបង្កើតជាវប្បធម៌មួយដែលសហគ្រិនជុំវិញពិភពលោកអាចរីកលូតលាស់យ៉ាងឆាប់រហ័ស។ ក្នុងនោះក៏មានបទបង្ហាញចំនួន៤គឺទី១៖ទេពកោសល្យនៃភាពជាសហគ្រិន ទី២៖ទីក្រុងឆ្លាត ទី៣៖ទំនាក់ទំនងក្នុងតំបន់ និងទី៤៖ភាពជាសហគ្រិនក្នុងសង្គម។

ថ្ងៃចុងក្រោយនៃកិច្ចប្រជុំសហគ្រិនពិភពលោក(GES)លើកទី៥នេះនឹងផ្តោតលើកត្តាប្រឈមថ្មីៗរបស់សហគ្រិន ការបង្កើតមូលនិធិ ការបញ្ចូលវិស័យសេដ្ឋកិច្ចក្រៅផ្លូវការចូលទៅក្នុងវិស័យសេដ្ឋកិច្ចផ្លូវការ ដើម្បីបង្កើតសហគ្រាសច្នៃប្រឌិត។ ក្នុងនោះក៏មានបទបង្ហាញចំនួន៤ដែរគឺ ទី១៖វប្បធម៌ និងសារព័ត៌មាន ទី២៖ ការផលិត ទី៣៖សន្តិសុខស្បឿងអាហារ និងវិស័យកសិកម្ម និងទី៤៖បញ្ហាសុខភាព។

កិច្ចប្រជុំនេះនឹងត្រូវបញ្ចប់ទៅដោយមានការថ្លែងសុន្ទរកថាពិសេសពីរដ្ឋលេខាធិការទទួលបន្ទុកគណៈរដ្ឋមន្ត្រីរបស់សហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រ Morocco។ កិច្ចប្រជុំសហគ្រិនពិភពលោកលើកទី៥នេះនឹងប្រព្រឹត្តឡើងដោយការមានសហការរវាងរដ្ឋាភិបាលរបស់ព្រះរាជាណាចក្រ Morocco និងសេតវិមាន ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៕

វ៉ាស៊ីនតោន —