យុវជនខ្មែរបោះបង់ការសិក្សាហើយជោគជ័យក្នុងសិល្បៈ
ជុង សៀវភីន (Sievphin Chong) អាយុ ២៤ឆ្នាំ បានជ្រើសរើសវិថីអាជីពមួយប្លែកពីយុវជនខ្មែរភាគច្រើន។ មានដើមកំណើតនៅខេត្តស្ទឹងត្រែងនិងធំដឹងក្ដីនៅខេត្តរតនគិរី សៀវភីនមានឱកាសបានមករៀនថ្នាក់បរិញ្ញាបត្រផ្នែកជំនាញរចនា នៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយមក សៀវភីន បានរកឃើងចំណង់ចំណូលចិត្តរបស់ខ្លួននៅក្រៅសាលា ក្នុងវិស័យសិល្បៈនិងភាពច្នៃប្រឌិត ដោយសារការធ្វើវីដេអូកំប្លែងខ្លីៗនៅលើបណ្ដាញសង្គម។ នៅឆ្នាំ២០១៣ សៀវភីន បានបោះបង់ការសិក្សាហើយបន្តបង្កើតវីដេអូ និងបង្កើនសមត្ថភាពសិល្បៈរបស់ខ្លួនក្នុងវិស័យផលិតភាពយន្តនិងតន្ត្រី។ សព្វថ្ងៃនេះ សិល្បៈរបស់ សៀវភីន មិនថាជាវីដេអូកំប្លែង ភាពយន្ត ការសម្តែង ឬតន្ត្រី គឺមានគោលបំណងជំរុញផ្នត់គំនិតបែបច្នៃប្រឌិតនិងឯករាជ្យ នៅក្នុងប្រទេសកម្ពុជា។ កាលពីចុងខែមេសា ក្នុងដំណើរចូលរួមកម្មវិធី «ភាពជាអ្នកដឹកនាំអន្តរជាតិ» របស់ក្រសួងការបរទេសអាមេរិក សៀវភីន បានមក VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជជែកជាមួយលោក ចាប ចិត្រា (Chetra Chap) នៃ VOA អំពីបទពិសោធន៍របស់លោក ដែលបានជ្រើសរើសយកអាជីពជាអ្នកសិល្បៈឯករាជ្យមួយរូប។