ពលរដ្ឋអាមេរិកាំងភាគច្រើនរង់ចាំរហូតដល់ពេលចូលនិវត្តន៍ទើបពួកគេចាប់ផ្តើមផែនការដំណើរកម្សាន្តដ៏មហិមារបស់ពួកគេ។
ប៉ុន្តែសម្រាប់លោក Mikah Meyer មិនអញ្ចឹងនោះទេ។ នៅត្រឹមវ័យ៣០ឆ្នាំប៉ុណ្ណោះ លោក Mikah Meyer ដែលជាអ្នករស់នៅក្នុងតំបន់វ៉ាស៊ីនតោនបានធ្វើដំណើរផ្សងព្រេងនៅក្នុងជីវិតរួចទៅហើយ។
ដំណើរកម្សាន្តតាមផ្លូវដែលជាប់កំណត់ត្រាពិភពលោក
លោក Meyer មានគម្រោងធ្វើដំណើរជុំវិញសហរដ្ឋអាមេរិកនិងទៅទស្សនាគ្រប់ទីតាំងទាំងអស់នៃទីភ្នាក់ងារឧទ្យានជាតិអាមេរិក។ នេះគឺជាដំណើរកម្សាន្តមួយដែលលោកត្រូវធ្វើដំណើរទៅរដ្ឋទាំង៥០ក្នុងរយៈពេលបីឆ្នាំ។ ប្រសិនបើលោកសម្រេចគោលដៅរបស់លោក លោកនឹងក្លាយជាមនុស្សក្មេងបំផុតដែលបានទៅទស្សនាតំបន់ចំនួន៤១១ និងជាមនុស្សតែម្នាក់គត់ដែលបានធ្វើដំណើរកម្សាន្តនេះនៅក្នុងដំណើរកម្សាន្តជាប់ៗគ្នាតែមួយ។
ហើយលោកគ្រោងនឹងធ្វើដំណើរកម្សាន្តនេះ ដោយប្រើរថយន្កកែច្នៃដែលអាចស្នាក់នៅបាន។
លោក Meyer នឹងប្រើប្រាស់រថយន្តដែលប្រៀបដូចជាផ្ទះរបស់លោក សម្រាប់ធ្វើដំណើរកម្សាន្តទៅកាន់ឧទ្យានជាតិនិងកន្លែងផ្សេងៗទៀត។
លោក Meyer បានពន្យល់ថា៖
«ដូច្នេះ នៅពេលខ្ញុំចាប់ផ្តើមរៀបផែនការដំបូង ខ្ញុំក៏បានគិតដល់ឧទ្យានជាតិធំៗទាំង៥៩ ដែលរួមមានឧទ្យានជាតិ Grand Canyon ឧទ្យានជាតិ Acadia ហើយនិងឧទ្យានជាតិ Yellowstone ប៉ុន្តែក្រោយមកខ្ញុំបានដឹងថា ប្រព័ន្ធឧទ្យានជាតិមានអត្ថន័យជ្រាលជ្រៅជាងពាក្យថា ឧទ្យានជាតិនេះទៅទៀត។ វាជាអ្វីៗគ្រប់យ៉ាង រាប់ចាប់តាំងពីឆ្នេរសមុទ្ររហូតដល់វិមានរូបសំណាកនានានិងតំបន់ប្រវត្តិសាស្ត្រ ក៏ដូចជាតំបន់សមរភូមិនានាផងដែរ។ វាជាប្រព័ន្ធទាំងមូលដែលមានអត្ថន័យជ្រាលជ្រៅ ជាងការមើលឃើញទៅទៀត»។
ការព្យាបាលដោយការធ្វើដំណើរ
នេះមិនមែនជាដំណើរកម្សាន្តតាមផ្លូវលើកដំបូងរបស់លោក Meyer នោះទេ។
លោក Meyer ដែលមកពីរដ្ឋ Nebraska រូបនេះបានធ្វើដំណើរទៅកាន់កន្លែងជាច្រើនសហរដ្ឋអាមេរិកនិងបានធ្វើដំណើរទៅកាន់ផ្នែកនានារបស់ពិភពលោកផងដែរ។ វាជាទម្លាប់ប្រចាំឆ្នាំមួយដែលកើតឡើងចេញបទពិសោធន៍ជូរចត់ផ្ទាល់ខ្លួន។
«ឳពុករបស់ខ្ញុំបានស្លាប់ពេលគាត់មានអាយុ ៥៨ឆ្នាំ មុនពេលគាត់ចូលនិវត្តន៍ គឺពេលខ្ញុំមានអាយុ១៩ឆ្នាំ ហើយវាបានធ្វើឲ្យខ្ញុំយល់ថា ជីវិតមានរយៈពេលខ្លី ហើយមិនប្រាកដថា យើងបានចូលនិវត្តន៍ឬមានពេលដែលយើងអាចបំពេញក្តីសុបិន្តរបស់យើងដែរ។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំចង់បំពេញក្តីសុបិន្តរបស់ខ្ញុំ។ ហើយឥឡូវនេះខ្ញុំមានអាយុ៣០ឆ្នាំ នៅពេលដែលខ្ញុំនៅមានជីវិត ខ្ញុំចង់ធ្វើឲ្យប្រាកដថា ខ្ញុំបានសម្រេចក្តីសុបិន្តនេះបាន»។
ការរំឭកគុណឪពុកក្នុងទិវាដឹងគុណឳពុក
នេះជាផ្នែកមួយនៃមូលហេតុសម្រាប់ការធ្វើដំណើររបស់គាត់ ដែលជាការធ្វើដំណើរលើកទី១២ប្រចាំឆ្នាំរបស់លោក ដើម្បីរំឭកដល់ឪពុករបស់លោក ស្របពេលដែលលោកបំពេញក្តីសុបិន្តផ្ទាល់ខ្លួនក្នុងការ«ទស្សនាបណ្តាឧទ្យានជាតិដ៏អស្ចារ្យនានារបស់អាមេរិក»។
លោកបានចាប់ផ្តើមការធ្វើដំណើររបស់លោកកាលពីខែមេសា ចាប់ផ្តើមពីរដ្ឋធានីវ៉ាស៊ីនតោននិងបានទៅទស្សនាតំបន់ប្រវត្តិសាស្ត្រជាច្រើននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនប៉ុន្មានសប្តាហ៍មុននឹងលោកចាប់ផ្តើមដំណើរកម្សាន្តរបស់លោកដែលលោកកំណត់យកទិវាដឹងគុណឳពុកគឺថ្ងៃទី១៩ ខែមិថុនា ជាថ្ងៃចេញដំណើររបស់លោក។
លោកបាននិយាយថា៖
«ខ្ញុំបានរស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនអស់រយៈពេល៤ឆ្នាំ ហើយមិនដឹងថា មានឧទ្យានជាតិចំនួន៤០ក្នុងចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំនោះទេ។ យើងតែងតែឮមនុស្សម្នានិយាយថា ពួកគេមិនដែលបានទៅកន្លែងដែលនៅក្បែរផ្ទះរបស់ពួកគេ ហើយខ្ញុំគិតថា វាងាយស្រួលនឹងភ្លេចកន្លែងអស្ចារ្យដែលនៅជិតយើងទាំងអស់នេះណាស់»។
លោកទទួលបានត្រាបញ្ជាក់នៅក្នុងលិខិតឆ្លងដែនសម្រាប់ឧទ្យានជាតិ ឬ ហៅ Passport To Your National Parks រាល់ពេលលោកទៅទស្សនាតំបន់នានានៅក្នុងឧទ្យានជាតិ ហើយឥឡូវនេះលោកទទួលបានត្រាជាង១២។ សៀវភៅមួយក្បាលនេះបោះពុម្ពដោយអង្គការ National Park Travelers Club ដែលជាអង្គការជួយអ្នកទេសចរតាមដានការធ្វើដំណើរកម្សាន្តទៅកាន់ឧទ្យានជាតិនានា។
ត្រាដំបូងដែលលោកទទួលបានគឺនៅពេលដែលលោកទៅទស្សនាវិមានវ៉ាស៊ីនតោន។ លោកថា៖ «ដោយសារតែខ្ញុំចង់ឃើញអ្វីម្យ៉ាងដែលជានិមិត្តរូប អ្វីមួយដែលពលរដ្ឋអាមេរិកាំងនិងមនុស្សម្នាក្នុងពិភពលោកទទួលស្គាល់ ប៉ុន្តែប្រហែលជាពួកគេមិនទាំងដឹងថា នោះគឺជាឧទ្យានជាតិផង»។
ការរកប្រាក់សម្រាប់បំពេញក្តីសុបិន្ត
លោក Meyer បានសន្សំប្រាក់សម្រាប់ដំណើរកម្សាន្តរបស់លោកក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ គឺលោកធ្វើការងារចំនួន២កន្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ប៉ុន្តែលោកនិយាយថា លោកមានប្រាក់គ្រប់តែសម្រាប់ដំណើរកម្សាន្តឆ្នាំទី១តែប៉ុណ្ណោះ។
លោកបានថ្លែងថា៖«ដូច្នេះ ខ្ញុំពឹងផ្អែកទៅលើថវិកាបរិច្ចាគមួយប្រភេទដែលគេហៅថា Crowdfunding ដែលជាការឧបត្ថម្ភរបស់សាជីវកម្មនានានិងមនុស្សម្នាដែលបានចូលទៅកាន់គេហទំព័ររបស់ខ្ញុំនិងជួយខ្ញុំតាមវិធីដែលពួកគេអាចធ្វើបាន ទោះណាជាការបរិច្ចាគឬគ្រាន់តែជាការតាមដានបណ្តាញសង្គមរបស់ខ្ញុំក៏ដោយ»។
លោកចង់ចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ដំណើរកម្សាន្តរបស់លោក ដូច្នេះលោកអាចផ្តោតអារម្មណ៍ទៅលើការទស្សនានិងការស្វែងយល់ពីឧទ្យានជាតិទាំងនោះបានល្អ។
ការចែករំលែកបទពិសោធន៍របស់លោក
លោក Meyer មានគម្រោងចែករំលែកបទពិសោធន៍នៃការធ្វើដំណើរកម្សាន្តរបស់លោកតាមបណ្តាញសង្គម។
«វាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំក្នុងការបង្ហាញមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកថា សហដ្ឋអាមេរិកមានប្រព័ន្ធឧទ្យានជាតិដ៏អស្ចារ្យមួយ ដែលមានអ្វីៗត្រូវទស្សនាជាច្រើន មិនមែនមានតែឧទ្យានជាតិ Grand Canyon នោះទេ»។
អ្នកដែលចាប់អារម្មណ៍តាមដានលើការធ្វើដំណើរកម្សាន្តរបស់លោក អាចចូលទៅកាន់គេហទំព័រ www.TBCMikah.com និងចុចពាក្យថា Follow នៅលើគណនី Twitter បណ្តាញសង្គមFacebook Instagram និងគេហទំព័រ YouTube បាន។
លោកបាននិយាយថា៖«សម្រាប់ខ្ញុំ គោលបំណងនៃការធ្វើដំណើរនេះគឺដើម្បីបំពេញក្តីសុបិន្តមួយរបស់ខ្ញុំ ដូច្នេះខ្ញុំអាចដឹងថា នៅពេលណាក៏ដោយដែលខ្ញុំស្លាប់ ខ្ញុំអាចនិយាយថា ខ្ញុំបានធ្វើអ្វីម្យ៉ាងដែលខ្ញុំតែងសុបិន្តចង់ធ្វើ»។
លោកមានគម្រោងបញ្ចប់ការធ្វើដំណើររបស់លោកនៅទីរំឭកអនុស្សាវរីយ៍ Lincoln Memorial ដែលស្ថិតនៅជិតនឹងកន្លែងដែលលោកបានចាប់ផ្តើមដំណើរកម្សាន្តនេះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ