ឃុំរកា ខេត្តបាត់ដំបង — អង្គុយនៅខាងមុខផ្ទះប្រក់ស័ង្កសីក្នុងភូមិអំបែងថ្ងែ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង លោក ស៊ាន លាប បានរៀបរាប់ពីសោកនាដកម្មក្នុងគ្រួសារដែលបានផ្លាស់ប្តូរជីវិតរបស់គ្រួសារលោកពីសុខទុក្ខសាមញ្ញទៅជាទុក្ខសោកនិងរោគាពាធ។
លោក ស៊ាន លាប វ័យ ៥៩ ឆ្នាំ និងភរិយាធ្លាប់ជាមេគ្រួសារប្រើកម្លាំងពលកម្មដើម្បីប្រកបរបរចិញ្ចឹមជីវិតនិងកូនចៅ។ ប៉ុន្តែចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៤ មក លោកនិងភរិយាបានចាប់ផ្តើមស្រកសាច់ដោយមិនមានមូលហេតុ ហើយមានជំងឺប្រចាំកាយជាច្រើនមុខ បន្ទាប់ពីអ្នកទាំងពីរ រួមទាំងចៅប្រុសអាយុ ១២ ឆ្នាំ បានឆ្លងជំងឺអេដស៍ ដែលបណ្តាលមកពីគ្រូពេទ្យខ្វះវិជ្ជាជីវៈឈ្មោះ យ៉ែម ជ្រិន ប្រើម្ជុលសឺរ៉ាំងចាក់អ្នកជំងឺរួមគ្នាដល់ពលរដ្ឋក្នុងភូមិ។
ក្រោយឆ្លងជំងឺអេដស៍ លោកថា ភរិយារបស់លោកបានចាប់ផ្តើមមានជំងឺរលាកថ្លើមនិងជំងឺផ្សេងៗទៀតជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ២០១៦ មក រហូតត្រូវសម្រាកជាប់លើគ្រែ។ ចាប់ពីពេលនោះមកគ្រួសាររបស់លោកត្រូវប្រឈមនឹងបញ្ហាជីវភាពយ៉ាងខ្លាំងដោយសារបាត់បង់កម្លាំងពលកម្មក្នុងគ្រួសារ ហើយលោកមិនអាចធ្វើការងារបានច្រើនដូចមុន។
អង្គុយជិតគ្រែភរិយាដែលកំពុងឈឺធ្ងន់ដោយជំងឺរលាកថ្លើមក្រោយឆ្លងជំងឺអេដស៍ លោក ស៊ាន លាប និយាយថា៖ «ដល់ពេលគាត់ ជំងឺគាត់ច្រើនទៅ ខ្ញុំក៏មានជំងឺដែរ ជួនកាលខ្ញុំទៅធ្វើការទៅបួនដប់ថ្ងៃ ខ្ញុំឈប់ បួនប្រាំថ្ងៃទៅ ទៅពីរថ្ងៃបីថ្ងៃហ្នឹងគេបើកលុយបួនដប់ថ្ងៃហ្នឹងមក ទៅមើលគាត់ទៅ»។
កម្មករសំណង់រូបនេះបានរៀបរាប់បន្តថា នៅពេលដែលលោក និងសមាជិកគ្រួសារបានធ្វើតេស្តឈាមរកឃើញមានមេរោគអេដស៍គ្រួសាររបស់លោករងនូវការរើសអើងយ៉ាងខ្លាំង។ ប៉ុន្តែលោកថា សម្រាប់ពេលនេះ ការរើសអើងទាំងនោះត្រូវបានរសាយច្រើន ដោយសារប្រជាពលរដ្ឋយល់ដឹងច្បាស់អំពីមូលហេតុ និងស្ថានភាពនៃការឆ្លង។
«[ឥលូវ] អត់អីទេ។ គេមិនរើសអើង។ បើពីមុន គ្រាន់តែឈ្មោះខ្ញុំឡើងទៅហូបការហ្នឹងគេ ចូលក្នុងមួយតុហ្នឹងគេចេញអស់»។
កាលពីខែធ្នូ ឆ្នាំ ២០១៤ ប្រជាពលរដ្ឋក្នុងភូមិចំនួន ៣ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានសម្រុកទៅពិនិត្យឈាមរកមេរោគអេដស៍ ក្រោយមានពលរដ្ឋរកឃើញឆ្លងជំងឺអេដស៍ជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកភូមិជាង ២ ពាន់នាក់ ដែលបានធ្វើតេស្តឈាមនាពេលនោះមានជាង ២០០ នាក់រកឃើញថាមានផ្ទុកជំងឺអេដស៍។ ក្រោយមក គ្រូពេទ្យក្នុងភូមិម្នាក់ ឈ្មោះ យ៉ែម ជ្រិន ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយចោទប្រកាន់ពីបទ «បង្កឲ្យមានការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍តាមរយៈការប្រើប្រាស់ម្ជុល និងសឺរ៉ាំងខ្វះអនាម័យ»។
នៅក្នុងឃុំរកា មានភូមិចំនួនបី គឺភូមិរកា ភូមិថ្ងែអំបែង និងភូមិតាហែន ១ ដែលមានប្រជាពលរដ្ឋប្រើប្រាស់សេវាចាក់ថ្នាំពីគ្រូពេទ្យ ជ្រិន ហើយឆ្លងជំងឺអេដស៍។
ចាប់តាំងពីការសម្រុកធ្វើតេស្តឈាមរកមេរោគអេដស៍របស់អ្នកឃុំរកា រហូតមកដល់បច្ចុប្បន្នគឺ ជាង ៧ ឆ្នាំមកហើយ។ ក្នុងរយៈពេលជាង ៧ ឆ្នាំនេះ ចំនួនអ្នកឆ្លងសរុបមានរហូតដល់ទៅ ៣២៥ នាក់ ក្នុងនោះ ៥៧ នាក់ ដែលភាគច្រើនជាមនុស្សចាស់ បានស្លាប់បាត់បង់ជីវិត។
អ្នកស្រី សាន ស៊ីណាត ពលរដ្ឋម្នាក់ទៀតរស់នៅក្នុងភូមិរកា និយាយថា អ្នកស្រីនិងកូនប្រុសអាយុ ៩ ឆ្នាំ បានឆ្លងជំងឺអេដស៍ដោយសារការចាក់ថ្នាំពីគ្រូពេទ្យ យ៉ែម ជ្រិន អំឡុងពេលដែលអ្នកស្រីទើបសម្រាលកូនកាលពីឆ្នាំ ២០១៣។ អ្នកស្រីថា ស្វាមី និងកូនស្រីម្នាក់ទៀតអាយុ ១២ ឆ្នាំ មិនបានឆ្លងជំងឺនេះទេ។
ស្រ្តីវ័យ ៤០ ឆ្នាំរូបនេះបន្ថែមថា ចាប់តាំងពីអ្នកស្រី និងកូនប្រុសឆ្លងជំងឺ ស្ថានភាពគ្រួសាររបស់អ្នកស្រីដែលជាអ្នកប្រកបរបរធ្វើស្រែចម្ការមិនមានភាពប្រសើរឡើងនោះទេ ដោយសារមិនអាចធ្វើការនៅឆ្ងាយពីផ្ទះបាន។
អង្គុយក្បែរកូនប្រុសអាយុ ៩ ឆ្នាំដែលមានផ្ទុកជំងឺអេដស៍ដែរនោះ អ្នកស្រីនិយាយថា៖
«យើងមិនអាចទៅរកអីបាន ដូចថាទៅឯណាទៅឯណី។ យើងសង្ឃឹមធ្វើស្រែតែមួយមុខវាតែមួយរដូវៗ។ បើយើងអាចទៅរកការងារអីបានហ្នឹងគេទៅយើងចេះតែរកបានទៅឆ្ងាយទៅអីហ្នឹងគេ។ដល់ពេលអ៊ីចឹងមិនដឹងថាទៅណា អាឡែងតែកូនលេបថ្នាំ យើងឲ្យលេបនោះ។ បើអត់ពីយើងឲ្យលេបទៅវាមិនចេះ។ អត់អ្នកមើល»។
អ្នកស្រី ស៊ីណាត បាននិយាយបន្ថែមថា អ្នកស្រីនៅតែមានការសោកស្តាយដែលត្រូវឆ្លងជំងឺអេដស៍ទាំងមិនដឹងខ្លួន ដោយសារការចាក់ថ្នាំពីគ្រូពេទ្យគ្មានវិជ្ជាជីវៈ។
«ពីមុនចេះតែពិបាកចិត្តដែរហ្នឹង។ តែឥលូវដូចថាមិនសូវគិតមិនសូវអី។ យើងគិតច្រើនទៅសុខភាពយើងវានេះដែរ។ ដល់ហើយ តាំងចិត្តខ្លួនឯង»។
បច្ចុប្បន្ន ក្មេងៗដែលឆ្លងជំងឺអេដស៍ក្នុងភូមិទាំងបីក្នុងឃុំរកានៅតែមានឱកាសបានទៅរៀនជាមួយក្មេងៗដទៃទៀតដូចធម្មតា។ បើទោះបីជាមានផ្ទុកមេរោគអេដស៍អ្នកស្រី ស៊ីណាត នៅតែប្រឹងប្រែងឲ្យកូនទៅរៀន ដោយមិនដឹងថាអនាគតរបស់ខ្លួន និងកូនទៅជាយ៉ាងណានៅឡើយ។
ក្នុងគ្រួសាររបស់ពលរដ្ឋដែលឆ្លងជំងឺអេដស៍ខ្លះមានសមាជិកឆ្លងរហូតដល់ទៅ ២០ នាក់ ។ គ្រួសារខ្លះក៏មានសមាជិកដែលឆ្លងជំងឺនេះបានស្លាប់បាត់បង់ជីវិតជាបណ្តើរៗផងដែរ។
អ្នកនាង សួន ពិសី អ្នកភូមិរកាដែលបានធ្វើតេស្តឈាមឃើញមានផ្ទុកមេរោគអេដស៍ នៅពេលដែលមានអាយុ ១៧ ឆ្នាំ និយាយថា ក្នុងគ្រួសាររបស់នាងមានសមាជិក ៥ នាក់ ដែលបានឆ្លងជំងឺអេដស៍ដោយសារការចាក់ថ្នាំពីគ្រូពេទ្យជ្រិន។ ក្នុងនោះមានម្តាយ ប្អូនស្រីទី ២ ប្អូនប្រុសនិងប្អូនស្រីពៅដែលមានអាយុមិនទាន់បានមួយឆ្នាំផង ហើយបានស្លាប់កាលពីឆ្នាំ ២០១៥ ដោយសារជំងឺអេដស៍។
ពិសី បាននិយាយបន្ថែមថា ក្នុងពេលបច្ចុប្បន្ន ការរើសអើងក្នុងភូមិឃុំដែលនាងរស់នៅហាក់លែងមានដូចមុន រហូតដល់នាង និងប្អូនស្រីដែលមានផ្ទុកមេរោគអេដស៍ដែរនោះបានរៀបការជាមួយស្វាមីដែលមិនមានផ្ទុកមេរោគអេដស៍។
«ឥលូវអត់មាននរណាគេរើសអើងអីទេ គេភ័យរឿងកូវីដឯណាណោះវិញ។ ឥលូវគេអត់មានភ័យរឿងកើតរោគកើតអីហ្នឹងទេ»។
ពិសី ដែលពេលនេះមានអាយុ ២៣ ឆ្នាំ និងមានកូនស្រីអាយុ ៣ ឆ្នាំម្នាក់ផងនោះ បានបញ្ជាក់ថា ទាំងស្វាមី និងកូនស្រីរបស់នាង មិនបានឆ្លងជំងឺអេដស៍ពីនាងនោះទេ។ ទោះយ៉ាងណា ពិសី នៅតែព្យាយាមការពារកូនទៅតាមការណែនាំរបស់គ្រូពេទ្យ។
«ពេលមុតដៃមុតអីមិនហ៊ានទៅប៉ះកូនទេ។ បើថាយើងអត់មានកើតអី ពេលឃើញកូនមុតអីអាហ្នឹងបានហ៊ានប៉ះ។ ពេលកូនឃើញខ្ញុំមុតដៃអីមករកដែរហ្នឹង តែខ្ញុំដេញចេញអត់ហ៊ានឲ្យនៅជិតទេ។ ខ្លាចដែរ។ ខ្លាចកូនមានដំបៅមានអី ជាប់ឈាមជាប់អី ខ្លាចឆ្លងខ្លាចអីដែរ»។
ទាំងពិសី លោក ស៊ាន លាប និងអ្នកស្រី សាន ស៊ីណាត អះអាងថា ពួកគេសុទ្ធតែទៅពិនិត្យសុខភាពនិងលេបថ្នាំប្រឆាំងនឹងជំងឺអេដស៍នៅមន្ទីរពេទ្យបង្អែករកាយ៉ាងទៀងទាត់។
ប្រជាពលរដ្ឋក្នុងឃុំរកា ជាពិសេសអ្នកដែលឆ្លងជំងឺអេដស៍ ពឹងលើការពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរពេទ្យបង្អែករកា។ ក្នុងអំឡុងនៃការផ្ទុះការរកឃើញករណីឆ្លងជំងឺអេសដ៍នាចុងឆ្នាំ ២០១៤ មន្ទីរពេទ្យនេះនៅជាមណ្ឌលសុខភាពនៅឡើយ។ ការប្រែក្លាយមណ្ឌលសុខភាព ទៅជាមន្ទីរពេទ្យបង្អែក គឺដើម្បីបង្កភាពងាយស្រួលសម្រាប់ពលរដ្ឋផ្ទុកមេរោគអេដស៍ មកបើកថ្នាំ និងពិនិត្យសុខភាព។
លោក ប៊ី បេងស៊ អនុប្រធានមន្ទីរពេទ្យបង្អែករកា ប្រាប់ VOA ថា ប្រជាពលរដ្ឋដែលឆ្លងជំងឺអេដស៍បណ្តាលមកពីគ្រូពេទ្យយ៉ែម ជ្រិន ចាក់ថ្នាំឲ្យសរុបចំនួន ៣២៥ នាក់ ក្នុងនោះ ៥៧ នាក់បានស្លាប់បាត់បង់ជីវិតដែលភាគច្រើនជាមនុស្សចាស់ និងអ្នកដែលមិនប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគអេដស៍។
លោក ប៊ី បេងស៊ ដែលជាអតីតប្រធានមណ្ឌលសុខភាពរកាបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យអ្នកឆ្លងជំងឺអេដស៍នៅឃុំរកាភាគច្រើនស្លាប់យ៉ាងដូច្នេះថា៖ «គឺគាត់អាយុច្រើនផង គាត់ហាក់បីដូចជាធ្លាក់ទឹកចិត្តអ៊ីចឹង អ៊ីចឹងគាត់អត់ចង់ប្រើថ្នាំទេ ទោះយើងព្យាយាមផ្តល់ប្រឹក្សាដល់គាត់យ៉ាងណាក៏ដោយ។ គាត់លេបបានតែមួយភ្លែតអ៊ីចឹងគាត់បោះបង់។ ហើយទីពីរ វាអាចជាបញ្ហាថ្នាំ។ យើងដឹងហើយ នៅពេលគាត់មានវ័យចំណាស់ ហើយគាត់លេបទៅគាត់ហូបអីមិនសូវបាន ទាក់ទងនឹងអាហារូបត្ថម្ភអីទាក់ទងនឹងសេដ្ឋកិច្ចគាត់អីផង ទាក់ទងនឹងជីវភាពគាត់ផង វាធ្វើទុក្ខ»។
លោក ប៊ី បេងស៊ បានរៀបរាប់បន្ថែមថា ការប្រើថ្នាំប្រឆាំងនឹងមេរោគអេដស៍ ត្រូវផ្តល់ឲ្យក្នុងថ្ងៃដែលពួកគេបានធ្វើតេស្តឃើញថាមានផ្ទុកមេរោគអេដស៍ ហើយការលេបថ្នាំនេះត្រូវតែធ្វើឡើងជារៀងរហូតពេញមួយជីវិត។
«បើសិនគាត់មិនបានប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគអេដស៍ទេ គាត់នឹងអាចគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសគាត់ស្លាប់ដោយសារជំងឺឱកាសនិយមដូចជា ជំងឺរាគ ជំងឺមានផ្សិតនៅក្នុងខួរក្បាលជំងឺរលាកស្រោមខួរក្បាល ជំងឺរាគ ជំងឺរបេង អាហ្នឹងជាបញ្ហារបស់គាត់។ ហើយយើងនៅមានជំងឺសើស្បែកអីៗផ្សេងៗទៀត»។
អ្នកផ្ទុកមេរោគអេដស៍ដែលកំពុងប្រឈមបញ្ហាជីវភាពដូចជាលោក ស៊ាន លាប និងអ្នកស្រី សាន ស៊ីណាត ជាដើមចង់ឲ្យស្ថាប័នពាក់ព័ន្ធជួយផ្តល់ការគាំទ្រជាថវិកា និងសម្ភារៈប្រើប្រាស់ ដើម្បីសម្រួលជីវភាពដែលពួកគេកំពុងប្រឈម។
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសប្រចាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់ VOA ថា ក្រសួងបានផ្តល់ជាការគាំទ្រផ្នែកសុខភាព និងផ្តល់ថវិកាដល់ជនក្រីក្រ ជារៀងរាល់ខែ។ លោកថា ពលរដ្ឋក្នុងឃុំរកាដែលបានឆ្លងជំងឺអេដស៍ អាចស្នើសុំធ្វើបណ្ណក្រីក្រដើម្បីទទួលបានការគាំទ្រជាថវិកាចាប់ពី២០ ម៉ឺនរៀលឡើង ទៅតាមស្ថានភាពគ្រួសារជាក់ស្តែង។
«បើសិនជាគាត់ស្ថិតក្នុងគ្រួសារក្រីក្រ ហើយគាត់ផ្ទុកមេរោគអេដស៍។ យើងមានគោលការណ៍ ៤ មានមនុស្សចាស់ កុមារអាយុក្រោម៥ ឆ្នាំ មនុស្សពិការ មនុស្សផ្ទុកមេរោគអេដស៍ ក្នុងគ្រួសារហ្នឹងគឺយើងផ្គត់ផ្គង់គាត់។ មួយខែបើក ដូចយើងអ្នកបើកប្រាក់ខែធ្វើការងាររដ្ឋអ៊ីចឹង ដូចគ្នាអ៊ីចឹង។ ក៏ប៉ុន្តែគាត់មានបណ្ណ មានបណ្ណបញ្ជាក់ថាគាត់មានបណ្ណក្រីក្រ ក្នុងគ្រួសារក្រីក្រ »។
កាលពីឆ្នាំ ២០១៥ តុលាការខេត្តបាត់ដំបង បានកាត់ទោសគ្រូពេទ្យយ៉ែម ជ្រិន ឲ្យជាប់ពន្ធនាគារចំនួន២៥ ឆ្នាំ ពីបទ «បើកកន្លែងពិគ្រោះព្យាបាលជំងឺដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលបទប្រព្រឹត្តក្នុងចេតនាចម្លងមេរោគអេដស៍ទៅអ្នកដទៃនិងបទទារុណកម្មដែលមានស្ថានទម្ងន់ទោស»។
ក្រុមជនរងគ្រោះដែលឆ្លងជំងឺអេដស៍ជាច្រើននាក់ដូចជាលោក ស៊ាន លាប ជាដើមបានប្តឹងទាមទារសំណងពីគ្រូពេទ្យ យ៉ែម ជ្រិន ប៉ុន្តែចាប់តាំងពីពេលដែលតុលាការកំពូលសម្រេចក្តីដោយបិទការតវ៉ា កាលពីដើមខែតុលា ឆ្នាំ ២០១៩ រហូតដល់ពេលនេះ មិនមានការរាយការណ៍អំពីការទទួលបានសំណងនោះទេ។
និយាយទាំងទឹកមុខស្រងូតស្រងាត់បន្តិចផង លោក ស៊ាន លាប លើកឡើងថា លោកនឹងនៅតែបន្តខំប្រឹងធ្វើការដោយខ្លួនឯង រហូតដល់ពេលដែលលោកមិនអាចធ្វើការងារបាន។
«គេរស់បានខ្ញុំក៏រស់បាន។ ប៉ុន្តែខ្លាចថាខ្ញុំចាស់បន្តិចទៀតទៅខ្ញុំចាស់ធ្វើការមិនកើត។ ប៉ុន្តែបើថាឲ្យខ្ញុំទៅសុំទានគេខ្ញុំអត់ទៅទេ»៕