នៅក្នុងការថ្លែងនៅឯសន្និសីទកិច្ចការនយោបាយយោធារបស់ចិនកាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជាក់ឡើងវិញអំពីភាពចាំបាច់សម្រាប់យោធាក្នុងការលុបបំបាត់អំពើពុករលួយនិងពង្រឹងភក្ដីភាពរបស់ខ្លួនចំពោះគណបក្សកុម្មុយនីស្តចិន។ លោកក៏បានព្រមានផងដែរអំពី «បញ្ហាចាក់ឫសនានា» នៅក្នុងនយោបាយ មនោគមវិជ្ជា របៀបធ្វើការ និងវិន័យរបស់យោធា។
បើយោងតាមការផ្សាយរបស់បណ្តាញទូរទស្សន៍ CCTV របស់ចិន លោក Xi បាននិយាយនៅក្នុងកំណត់សម្គាល់របស់លោកថា៖ «កាណុងកាំភ្លើងគួរតែនៅក្នុងដៃអ្នកណាដែលស្មោះត្រង់និងអាចទុកចិត្តបានចំពោះគណបក្ស ហើយវិស័យយោធាមិនត្រូវមានអំពើពុករលួយជាដាច់ខាត»។
លោក Xi បានជំរុញយោធាឱ្យពង្រឹងភាពល្អិតល្អន់នៃការផ្លាស់ប្តូរមនោគមវិជ្ជារបស់ខ្លួនតាមរយៈការធ្វើតាមទ្រឹស្តីរបស់គណបក្សកុម្មុយនីស្តចិន ការលើកកម្ពស់ភាពជាអ្នកដឹកនាំនៃអង្គការចាត់តាំងគណបក្ស និងការលុបបំបាត់លក្ខខណ្ឌដែលអាចអនុញ្ញាតឱ្យមានអំពើពុករលួយ។
លោក Cheng Chung ដែលជាអ្នកស្រាវជ្រាវខាងយោធានៅអង្គការមូលនិធិគោលនយោបាយជាតិ (National Policy Foundation) នៅតៃវ៉ាន់ បាននិយាយថា ការលើកឡើងរបស់លោក Xi នេះបង្ហាញថា «លោក Xi ចង់សង្កត់ធ្ងន់អំពីសារៈសំខាន់សម្រាប់យោធាក្នុងការមានភាពស្មោះត្រង់ចំពោះគណបក្សនិងការដឹកនាំរបស់លោក ហើយស្របពេលនោះដែរផ្តល់សញ្ញាអំពីការព្រួយបារម្ភរបស់លោកអំពីថាតើអំពើពុករលួយប៉ះពាល់យ៉ាងដូចម្តេចដល់យោធា» និងសមត្ថភាពរបស់យោធា។
លោក Chieh បានប្រាប់ VOA តាមទូរស័ព្ទថា លោក Xi «សង្ឃឹមថាការព្រមាននេះអាចជួយបង្កើនការអភិវឌ្ឍបច្ចេកវិទ្យានិងឧបករណ៍ទំនើប»។
ចាប់តាំងពីចុងខែកក្កដាឆ្នាំមុនមក ចិនបានបណ្តេញចេញពីតំណែងនូវមេបញ្ជាការយោធាជាន់ខ្ពស់រាប់សិបនាក់ ដែលរួមមានទាំងអតីតរដ្ឋមន្ត្រីការពារជាតិលោក Li Shangfu និងមេដឹកនាំមួយចំនួនទៀតរបស់កងកម្លាំងរ៉ុក្កែតនៃយោធាចិនផងដែរ។
ទោះបីជារដ្ឋាភិបាលចិនមិនបានបញ្ជាក់ជាសាធារណៈថាការដកតំណែងទាំងនេះគឺដោយសារអំពើពុករលួយក៏ដោយ ក៏បណ្តាញព័ត៌មានបរទេសខ្លះនិងអ្នកជំនាញមើលឃើញថា ការដកតំណែងទាំងនេះគឺជាផ្នែកមួយនៃការបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយដែលលោក Xi បានផ្តួចផ្តើមឡើងតាំងពីពេលលោកបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១២ មក។
លោក Su Tzu-yun អ្នកជំនាញខាងយោធានៅវិទ្យាស្ថានស្រាវជ្រាវផ្នែកការពារជាតិនិងសន្តិសុខ (National Defense and Security Research) ដែលមានទីតាំងនៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បាននិយាយថា នេះជាផ្នែកមួយនៃយុទ្ធសាស្ត្រ «គ្រប់គ្រងបែបបំភិតបំភ័យ» របស់គណបក្សកុម្មុយនីស្តចិន ដែលអនុញ្ញាតឱ្យលោក Xiផ្តោតអំណាចធ្វើសេចក្ដីសម្រេចចិត្តលើមេដឹកនាំកំពូលៗនៅក្នុងជួរគណបក្ស។
លោក Su បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ដោយសារការដោះស្រាយអំពើពុករលួយនៅក្នុងវិស័យយោធាគឺសំខាន់សម្រាប់លោក Xi យុទ្ធនាការប្រឆាំងអំពើពុករលួយនេះបានក្លាយជាឧបករណ៍នយោបាយមួយសម្រាប់លោកដើម្បីពង្រឹងការត្រួតត្រារបស់លោកលើយោធា»។
ខណៈដែលលោក Xi ស្វះស្វែងពង្រឹងការត្រួតត្រានិងការកសាងភក្ដីភាព ទាំងលោក Chieh និងលោក Su សុទ្ធតែមើលឃើញផលប៉ះពាល់ផ្សេងទៀតដែលអាចកើតឡើងដូចជាការដំឡើងសក្តិមេដឹកនាំដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងផលប៉ះពាល់ដែលអាចមានលើសមត្ថភាពនិងភាពត្រៀមលក្ខណៈរបស់យោធាជាដើម។
លោក Su បាននិយាយថា៖ «នៅពេលដែលរដ្ឋាភិបាលចិនផ្ដោតខ្លាំងលើភក្ដីភាពចំពោះគណបក្ស វាអាចកាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់យោធានិងធ្វើឱ្យយោធាកាន់តែធំប៉ុន្តែខ្សោយ»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
វេទិកាបញ្ចេញមតិ