ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោកពឹងលើចិនដើម្បីបានម៉ាស់៖ តើ​ចិន​អាច​បន្ត​​ផ្គត់ផ្គង់​​ម៉ាស់​​ដល់​ពិភពលោក​​បាន​ទេ?


រូបឯកសារ៖ គំនរម៉ាស់ដែលត្រូវបានផលិតរួចនៅរោងចក្រមួយកន្លែងក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ គំនរម៉ាស់ដែលត្រូវបានផលិតរួចនៅរោងចក្រមួយកន្លែងក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ទូរស័ព្ទ​បាន​រោទ៍​មិន​ឈប់​សម្រាប់​លោក Brian Edwards ប្រធាន​ផ្នែក​លក់​ដូរ​នៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់សម្ភារៈ​សុខាភិបាល​តូច​មួយ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ ប៉ុន្តែ​លោក​ត្រូវបដិសេធ​រាល់​អ្នក​ទូរស័ព្ទ​មក​បញ្ជា​ទិញ​ទាំង​អស់។

លោក Edwards ធ្លាប់​ទិញ​ម៉ាស​មុខ​រាប់​មឺន​ពី​ប្រទេស​ចិន ប៉ុន្តែ​ឈប់​បាន​ទិញ​នៅ​ក្នុង​រយៈ​ពេល​៣​ខែ​ចុងក្រោយ​នេះ។

ក្រុមហ៊ុន​របស់​លោក​ដែល​មាន​ឈ្មោះ​ថា First Choice Industrial Supply Company មិន​អាច​នាំ​ម៉ាស់​មុខ​ពី​ចិន​បាន​សោះ​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាតត្បាត​នៃ​វីរុសកូរ៉ូណា​នៅ​ទី​នោះ​កាល​ពី​ចុង​ខែ​ធ្នូ ខណៈ​ដែល​តម្រូវការ​បាន​កើន​ឡើង​នៅ​សហរដ្ឋ​អាមេរិក។ លោក Edwards ដែល​ក្រុមហ៊ុន​របស់​លោក​ប្រើ​ពាក្យ​ស្លោក​ពាណិជ្ជកម្ម​ថា «ប្រសិន​បើ​អ្នក​ប្រើប្រាស់​ផលិតផល​អ្វី​មួយ យើង​ខ្ញុំ​នឹង​មាន​ស្តុក​ផលិតផល​នេះ» បាន​បញ្ជាក់​ថា៖

«[ឥឡូវ]យើង​មិន​អាច​ទទួល​បាន​ផលិតផល​អ្វី​សោះ។ យើង​នឹងមិន​អាច​ទទួល​បាន​ផលិតផល​ណា​មួយ​អស់​ជា​ច្រើន​ខែ​ទៀត»។

លោក Edwards​ បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៣ ខែ​មីនា កន្លង​ទៅ​នេះ​ថា ជា​រៀងរាល់​ថ្ងៃ​លោក​ទទួល​ទូរស័ព្ទបញ្ជា​ទិញ​ប្រហែល​៥០​លើក ហើយ​អ៊ីមែល​បញ្ជា​ទិញ​៥០​លើក​ដែរ ពី​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​ព្យាយាម​ទិញ​ម៉ាស់។ ប៉ុន្តែ​លោក​ថា ពេលនេះ នៅ​សហរដ្ឋ​អាមេរិក «មិន​មាន​អ្នក​ណា​អាច​ទិញ​ម៉ាស់​បាន​ទេ» ដោយ​លោក​ Edwards បាន​បន្ថែម​ថា​នេះ​ជា «ស្ថានភាព​អាក្រក់​បំផុត»។

កង្វះខាត

លោក Edwards ស្ថិត​នៅ​ចំណុច​ស្នូល​នៃ​បញ្ហា​សំខាន់​មួយ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម គឺ​ថា​ នៅ​សហរដ្ឋ​អាមេរិក​មិន​មាន​សម្ភារៈ​ពេទ្យដូច​ជា​ម៉ាស់​មុខ​គ្រប់គ្រាន់​ទេ ដោយ​សារ​ប្រទេស​ចិន​ឈប់​នាំ​ចេញ​ផលិតផល​ទាំង​នេះ​ទៅ​កាន់​ពិភពលោក។​

នៅ​ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា ម៉ាស់​មុខ​បាន​ក្លាយ​ជា​និមិត្តរូប​ដ៏ជាក់​ច្បាស់​ជាង​គេ​នៃ​មេរោក​ដែលរីករាលដាល​យ៉ាង​ប្រល័យជា​សាកល​នេះ ដោយ​មាន​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំ​វិញ​ពិភពលោក​ពាក់​ការពារ​ជា​រៀងរាល់​ថ្ងៃ។

ក្រុម​មន្ត្រី​និយាយ​ថា នៅ​សហរដ្ឋ​អាមេរិក​មាន​ម៉ាស់​មុខ​ប្រមាណ​ត្រឹម​១​ភាគរយ​នៃ​ម៉ាស់​មុខ សរុប​៣.៥០០​លាន​ម៉ាស់មុខពាក់​ពេល​វះកាត់ និង​ម៉ាស់​ជំនួយ​ការ​ដក​ដង្ហើម ដែល​គេ​ត្រូវ​ការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ​នេះ​ក្នុង​មួយ​ឆ្នាំ។​

អ្នកស្រី Arika Trim អនុប្រធាន​ផ្នែក​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ​នៃ​សមាគម​មន្ទីពេទ្យ​អាមេរិក ថ្លែង​ថា​មន្ទីរពេទ្យ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ ឥឡូវ​នេះ​«កំពុង​សន្សំសំចៃគ្រឿង​ផ្គត់ផ្គង់និងពិនិត្យ​គ្រប់គ្រង់​ការ​ចែកចាយ​សម្ភារៈ​ទាំង​នោះ»។​

អ្នកស្រី​ថ្លែង​ប្រាប់​វីអូអេ​តាម​សារ​អេឡិកត្រូនិកអ៊ីមែល​ថា ជា​លទ្ធផល​ មន្ទីរពេទ្យ​នានា​«ត្រូវចាត់​អ្នក​ជំងឺ​ជា​ក្រុម ដើម្បី​សន្សំសំចៃ​ឧបករណ៍​ការពារ​ខ្លួន»។​

ក្រុម​វេជ្ជបណ្ឌិត្យ​ គិលានុប្បាដ្ឋាក​ និង​បុគ្គិល​សុខាភិបាល​ដទៃ​ទៀត ដែល​កំពុង​ថៃ​ទាំ​ករណីអ្នក​ជំងឺ​កូវីដ​១៩​ដែល​មាន​ចំនួនកាន់តែ​កើនឡើង ត្រូវ​បាន​គេ​រាយការណ៍​មក​មក កំពុង​បង្កើត​ម៉ាស់​មុខ​ដោយ​ខ្លួន​ឯង​ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​កង្វះខាត​ម៉ាស់​មុខ​នេះ។

លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (Donald Trump) ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ថា លោក​នឹងយក​មក​ប្រើ​វិញ​នូវ​ច្បាប់​សហព័ន្ធ​មួយ​ឈ្មោះ​ថា «ច្បាប់​ផលិតកម្ម​យោធា» ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ឯកជន​អាមេរិក​ផលិត​ម៉ាស់​ផ្គត់ផ្គង់កង្វះខាត។ ម៉្យាង​ទៀត សេតវិមាន​ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​សំណង់​នានា​បរិច្ចាក​ម៉ាស់មុខ​ប្រភេទ N95​ដែល​ពួក​គេ​មាន​ក្នុង​ស្តុកទៅ​ឲ្យ​មន្ទីរពេទ្យ​នានា។

កង្វះ​ខាត​នៃ​ចំនួន​ម៉ាស់មុខ​នេះ ក៏​បាន​ជំរុញ​ឲ្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់​ស្កាត់​ជំងឺ​ឆ្លង CDC របស់​សហរដ្ឋ​អាមេរិក បន្ធូរ​បន្ថយ​នូវ​លក្ខខណ្ឌ​ណែនាំ​របស់​ខ្លួន​អំពី​ការ​ការពារ​មុខ​ដែល​បុគ្គលិក​សុខាភិបាល​ត្រូវ​ប្រើប្រាស់។ ជា​ជាង​ណែនាំ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ម៉ាស់មុខ​ឯកទេស​ដូច​ជា​ម៉ាស់​ប្រភេទ​ N95 ដែល​អាច​ចម្រោះ​វត្ថុធាតុ​ក្នុង​ខ្យល់​បាន​៩៥​ភាគរយ CDC ឥឡូវ​នេះ​ថា ម៉ាស់​មុខ​ប្រើ​ពេល​វះកាត់ (surgical masks) ជា​«ជម្រើសផ្សេង​ដែល​អាច​ទទួល​យក​បាន»។​

ស្ថាប័ន CDC ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ថា «សង្វាក់​ផ្គត់ផ្គង់​ឧបករណ៍​ជំនួយ​ការ​ដក​ដង្ហើម​មិន​អាច​បង្គ្រប់​តម្រូវការ​បាន​ទេ»។​

ម៉ាស់ប្រភេទ N95 ត្រូវបានផលិតដោយក្រុមហ៊ុនមួយនៅទីក្រុង Maplewood រដ្ឋ Minnesota សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។
ម៉ាស់ប្រភេទ N95 ត្រូវបានផលិតដោយក្រុមហ៊ុនមួយនៅទីក្រុង Maplewood រដ្ឋ Minnesota សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

ការ​ដាច់សង្វាក់​ផ្គត់ផ្គង់​

នៅ​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ​ពី​សហរដ្ឋ​អាមេរិក ក្នុងចំណោម​អ្នក​ផលិត​រាប់​លាន​អ្នក​នៅ​ចុង​ម្ខាង​ទៀត​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ លោក​ Cai Mingxian ដែល​ជា​ម្ចាស់​រោងចក្រ​ផលិត​ម៉ាស់​មុខ​មួយ​កន្លែង​នៅ​ខេត្ត​ហ៊ូប៉េ​ប្រទេស​ចិន​ដែល​ជា​ប្រភព​នៃ​ការ​ផ្ទុះ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ដំបូង កំពុង​ព្យាយាម​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​លោក​ចាប់​ដំណើរការ​ឡើង​វិញ។

ដូច​អាជីកម្ម​ខ្នាត​តូច​ដទៃ ទៀត​ដែរ​នៅ​ក្នុង​ប្រទេស​ចិន រោងចក្រ​របស់​លោក Caiបាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ក្នុង​អំឡុងពេល​រដ្ឋាភិបាល​ចិន​បាន​បិទ​សកម្មភាព​ទាំង​ក្នុង​ខេត្ត ដែល​ធ្វើ​ឲ្យ​រោងចក្រ​លោក​មិន​អាច​ផលិត​អ្វី​បាន​សោះ។

បុគ្គលិកទាំង​១៥០​របស់​លោក Cai ឥឡូវ​បាន​ចូល​ធ្វើ​ការ​វិញ​ហើយ ដោយ​ផលិត​ម៉ាស់មុខបាន​ចំនួន​២០០.០០០ (២​សែន)​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​លោក​ថា ​ម៉ាស់​ដែល​ផលិត​ថ្មី​ទាំង​នេះ​ត្រូវ​លក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន ហើយ​មិន​មែន​សម្រាប់​នាំ ចេញ​ទេ។

លោក Cai បញ្ជាក់​ថា៖ «កាល​ពី​មុន យើង​ធ្លាប់​បាន​នាំ​ម៉ាស់​ចេញ​ទៅ​សហរដ្ឋ​អាមេរិក អេស្ប៉ាញ​និង​តំបន់​ដទៃ​ទៀត​នៃ​ទ្វីប​អាស៊ី។ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ យើង​មិន​អាច​នាំ​ចេញ​បាន​ទេ»។

ក្រុម​មន្ត្រី​ចិន​បាន​បដិសេធ​ថា​ពួក​គេ​មិន​បាន​ហាមឃាត់​ការ​នាំ​ចេញ​ទេ។ លោក Li Xingqian ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ដើម​ខែ​មីនា ថា ប្រទេស​ចិន​គោរព​តាម​គោលការណ៍​ទី​ផ្សារនិង​ពាណិជ្ជកម្ម​សេរី។ លោក​ថា «ម៉ាស់​មុខ​ជា​ផលិតផល​ដែល​គេ​អាច​ជួញ​ដូរ​ដោយ​សេរី... ក្រុមហ៊ុន​នានា​អាច​ជួញដូរ​ម៉ាស់ស្រប​តាម​គោលការណ៍​ទី​ផ្សារ​សេរី»។

ក៏​ប៉ុន្តែ​មន្ត្រី​ចិន​មួយ​រូប​ទៀត​គឺ​អ្នកស្រី Chen Hongyan អគ្គលេខាធិការ​ផ្នែក​ឧបករណ៍​សុខាភិបាល​នៃ​សមាគមសម្ភារៈឱសថ​ចិន បាន​ទទួល​ស្គាល់​ថា «សម្ភារៈ​ផ្គត់ផ្គង់​សំខាន់ៗ​ដូច​ជា​ម៉ាស់​មុខ ត្រូវ​បាន​គ្រប់គ្រង់និង​ចែកចាយ​ជា​ឯកច្ឆន្ទ​ដោយ​រដ្ឋាភិបាល​ចិន»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​មួយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ Xinhua របស់​ចិន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា។​

ខណៈ​ដែល​ការ​ផ្ទុះរាតត្បាត​នៃ​មេរោគ​កូវីដ១៩ កាន់​តែ​មាន​សន្ទុះ​ទៅ​ជុំវិញ​ពិភពលោក រដ្ឋាភិបាល​ចិន​កាន់​តែ​ទទួល​រង​សម្ពាធ​ខ្លាំង​ឡើង​ឲ្យ​ចែករំលែក​និង​ជួយ​ផ្គត់ផ្គង់​តម្រូវការ​ម៉ាស់​មុខ​របស់​ពិភពលោក។ ក្នុង​ពេល​ថ្មីៗ​នេះ មាន​សញ្ញា​ថា​ ចិន​អាច​នឹង​មាន​ឆន្ទៈ​ចែក​រំលែក​ម៉ាស់ខ្លះ​ដែល​ខ្លន​មាន។​

លោក Li Xingqian ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា ថា «ប្រទេស​ចិន​ប្តេជ្ញាបន្ត​ការ​គាំទ្រឲ្យ​សហគ្រាស​នាំ​ចេញ​របស់​ខ្លួន​ផ្តល់​ម៉ាស់​មុខ​និង​សម្ភារៈ​ផ្គត់​ផ្គង់​ដល់​ប្រទេស​ដទៃ»។

ការ​អះអាង​របស់​លោក Li ត្រូវ​បាន​បញ្ជាក់​ដោយ​ម្ចាស់​រោងចក្រ​ម៉ាស់ លោក Cai Mingxian ដែល​បាន​និយាយ​ថា​លោក​បាន​ទទួល​ព័ត៌មាន​ថា​បម្រាម​នាំ​ចេញ​ម៉ាស់​មុខ​ត្រូវ​បាន​គេ​ដក​ហើយ។ លោក​បញ្ជាក់​ថា​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ថា៖ «ការ​នាំ​ចេញ​ម៉ាស់​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​កាល​ពី​ថ្ងៃ ម្សិលមិញ ទី​១៣​ ខែ​មីនា។ ខ្ញុំ​កំពុង​តាមដាន​ស្ថានភាព​នេះ​ជា​រៀងរាល់​ថ្ងៃ»។

ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​បង្ហាញ​ពី សុឆន្ទៈ​របស់​ខ្លួន រដ្ឋាភិបាល​ចិន​បាន​ចាប់​ផ្តើម​បញ្ជូន​ម៉ាស់​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់ កូរ៉ូ​ខាង​ត្បូង ជប៉ុន និង​អ៊ីតាលី។ កាល​ពី​ជិត​ពាក់​កណ្តាល​ខែ​មីនា រដ្ឋាភិបាលចិន​ថា​ខ្លួន​នឹង​បញ្ជូន​ម៉ាស់​មុខ​ចំនួន​៥លាន​ម៉ាស់​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​នាំ​ចេញ​ម៉ាស់​សម្រាប់​ពាក់​ពេល​វះកាត់​ចំនួន​២​លាន​ម៉ាស់​ទៅ​កាន់​ប្រទេស​អ៊ីតាលី៕

ប្រែ​សម្រួល​ដោយ សឹង សុផាត

XS
SM
MD
LG