សហភាពអន្តរសភា(IPU) និងអង្គការសហប្រជាជាតិបាននិយាយកាលពីពាក់កណ្តាលខែមីនាថា ស្ត្រីកាន់តែច្រើនបន្តចូលរួមក្នុងវិស័យនយោបាយនិងរដ្ឋាភិបាលក្នុងតំណែងខ្ពស់បំផុត ប៉ុន្តែបញ្ហាវិសមភាពយេនឌ័រនៅតែរីករាលដាលទ្រង់ទ្រាយធំនៅទូទាំងសាកលលោកក្នុងជួររដ្ឋាភិបាលនិងសភា។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីស្ត្រីក្នុងរដ្ឋសភា សហភាពអន្តរសភា(IPU)បានរកឃើញថាត្រឹមថ្ងៃទី០១ មករា ឆ្នាំ២០២១ ស្ត្រីមានចំណែក២៥.៥ភាគរយនៅក្នុងសភាជាតិទូទាំងសាកលលោក ដែលប្រសើរជាងភាគរយកាលពីឆ្នាំមុនគឺត្រឹមតែ២៤.៩ភាគរយ។
អគ្គលេខាធិការសហភាពអន្តរសភា(IPU) លោក Martin Chungong បាននិយាយអំឡុងការចេញផ្សាយរបាយការណ៍ថា៖ «នៅពេលដែលយើងពិចារណាអំពី៧០ភាគរយនៃបុគ្គលិកជួរមុខនៃជំងឺរាតត្បាតកូវីដ ដូចជាបុគ្គលិកថែទាំសុខភាព អ្នកធ្វើការផ្នែកសេវាកម្មគឺជាស្ត្រី តួលេខតំណាងក្នុងជួររដ្ឋាភិបាលនេះគឺពិតជាខុសពីការពិត»។
ចំនួនស្ត្រីកាន់កាប់តួនាទីខ្ពស់ៗ ដូចជាតំណែងប្រធានាធិបតីឬនាយករដ្ឋមន្ត្រី កើនឡើងពី ២ ទៅ២២នាក់។ ជាងពាក់កណ្តាលនៃប្រទេសដែលដឹកនាំដោយស្ត្រីគឺនៅក្នុងអឺរ៉ុប។
ប៉ុន្តែចំនួនប្រទេសដែលមានស្ត្រីជាងពាក់កណ្តាលកាន់តួនាទីរដ្ឋមន្ត្រីពាក់កណ្តាលឬច្រើនជាងនេះបានធ្លាក់ចុះពី១៤មក១៣ប្រទេស។ ប្រទេសចំនួន១២ដូចជាប្រទេសអាម៉ានី អាស៊ែបៃហ្សង់ ព្រុយណេ កូរ៉េខាងជើង ប៉ាពួញូហ្គីណេ សាំងវ៉ាំងសង់ និងហ្គ្រីណាឌីន អារ៉ាប៊ីសាអូឌីត ថៃ ទូវ៉ាលូ វ៉ានូទូ វៀតណាម និងយេម៉ែន មិនមានស្ត្រីក្នុងតួនាទីរដ្ឋមន្ត្រីសោះ។
នាយិកាប្រតិបត្តិនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកស្ត្រីអ្នកស្រី Phumzile Mlambo-Ngcukaបាននិយាយថា៖ «វាមានសារៈសំខាន់ក្នុងការឲ្យស្ត្រីមានតួនាទីក្នុងគណៈរដ្ឋមន្ត្រីដោយសារតែវាជាស្ថាប័នដែលធ្វើការសម្រេចចិត្តសំខាន់ៗបំផុតក្នុងជួររដ្ឋាភិបាលនានា។»
ទ្វីបអាមេរិកទាំងពីរ
នាយកសហភាពអន្តរសភា(IPU) លោកChungong ជំរុញឲ្យរដ្ឋាភិបាលប្រើវិធីសាស្ត្រដូចជាកូតាបណ្តោះអាសន្ន ដើម្បី«ឲ្យមានភាពយុត្តិធម៌សម្រាប់គ្រប់គ្នា» និងធ្វើឲ្យប្រសើរជាងមុនក្នុងការចូលរួមរបស់ស្ត្រីនិងការតំណាងក្នុងវិស័យនយោបាយ។
លោកបានលើកពីប្រទេសនីការ៉ាហ្គាដែលបាននាំមុខគេក្នុងសាកលលោកទាំងតំណែងស្ត្រីជារដ្ឋមន្ត្រី ក្នុងចំណាត់ថ្នាក់ទី១និងចំណាត់ថ្នាក់ទី៤គឺក្នុងរដ្ឋសភា ជាប្រទេសតំណាងស្ត្រីល្អខ្លាំងទូទាំងទ្វីបអាមេរិកទាំងពីររួមមានអាហ្សង់ទីន បូលីវី ប្រេស៊ីល កូស្តារីកា និងម៉ិកស៊ិក។
លោក Chungong បាននិយាយថា៖ «នៅពេលដែលយើងមើលការតំណាងរបស់ពួកគាត់ក្នុងសភា ប្រទេសនៅទ្វីបអាមេរិកទាំងពីរគឺទីមួយដោយសារយើងបានចាត់វិធានការរឹងមាំដើម្បីធានាថាមានស្ត្រីគ្រប់ជាន់ថ្នាក់ក្នុងវិស័យនយោបាយ។ នៅពេលដែលអ្នកមានឆន្ទៈនយោបាយខ្លាំង នៅពេលដែលឆន្ទៈនោះត្រូវបានប្រែសម្រួលទៅជាច្បាប់ គោលនយោបាយ ការតស៊ូមតិខ្លាំង ក្នុងគណបក្សនយោបាយ វានឹងធ្វើឲ្យមានការផ្លាស់ប្តូរ ហើយយើងពិតជាមើលឃើញដូច្នោះមែន»។
នៅទ្វីបអាមេរិកខាងជើង រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានធ្វើឲ្យភាគរយស្ត្រីធ្វើការក្នុងគណៈរដ្ឋមន្ត្រីកើនឡើងទ្វេដងលើសពីអតីតប្រធានាធិបតី។
លោក Chungong បាននិយាយថា៖ «គណៈរដ្ឋមន្ត្រីថ្មីនៅក្នុងសហរដ្ឋអាមេរិកកំពុងក្លាយជាកន្លែងមានសមភាពយេនឌ័រខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ស្ត្រីដែលកាន់កាប់តំណែងរដ្ឋមន្ត្រីកើនឡើងពី១៧ភាគរយក្នុងឆ្នាំ២០២០ ដល់៤៦ភាគរយក្នុងឆ្នាំ២០២១»។
វារួមមានដូចជាអនុប្រធានាធិបតីជាប់ឆ្នោតដំបូងបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកគឺអ្នកស្រី Kamala Harris និងស្ត្រីនានាដែលកាន់តំណែងសន្តិសុខជាតិជាន់ខ្ពស់និងគ្រប់គ្រងទីភ្នាក់ងារសំខាន់ៗ រួមមាន ក្រសួងហិរញ្ញវត្ថុ ពាណិជ្ជកម្មនិងថាមពល។ ការមានគម្រូស្ត្រីពូកែៗគឺសំខាន់សម្រាប់ស្ត្រីគ្រប់វ័យទាំងអស់។
លោក Chungong បានកត់សម្គាល់ថាការតំណាងរបស់ស្ត្រីក្នុងសភាបានកើនឡើងនៅប្រទេសហ្សាម៉ាអ៊ីកដែលជាប្រទេសកំណើតរបស់ឪពុករបស់អ្នកស្រី Kamala Harris បន្ទាប់ពីអ្នកស្រីបានឡើងតំណែង។
លោកថ្លែងថា៖ «ខ្ញុំគិតថាស្ត្រីជនជាតិហ្សាម៉ាអ៊ីកបានគោរពអ្នកស្រី Kamala Harrisជាស្ត្រីគំរូម្នាក់ហើយធ្វើឲ្យពួកគេមានកម្លាំងចិត្តចូលរួមក្នុងនយោបាយ។ សង្គមក្នុងប្រទេសហ្សាម៉ាអ៊ីកបាននិយាយថា ប្រាកដណាស់ បើសិនជាយើងអាចមានស្ត្រីក្នុងតំណែងខ្ពស់មួយនៅក្នុងប្រទេសដ៏ធំមួយក្នុងពិភពលោក ហេតុអ្វីបានជាយើងមិនផ្តល់ឱកាសដល់ស្ត្រីរបស់យើង»?
ក្នុងអនុតំបន់សាហារ៉ានៅអាហ្វ្រិក ប្រទេសណាមីប៊ី មានការវិវឌ្ឍខ្លាំងជាងគេក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយបានបង្កើនភាគរយស្ត្រីជារដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលរបស់ខ្លួនពី១៥ភាគរយរហូតដល់៣៩ភាគរយ។ ប្រទេសរវ៉ាន់ដានៅតែនាំមុខគេក្នុងតំបន់ ជាមួយនឹងភាគរយស្ត្រីធ្វើការជារដ្ឋមន្ត្រីនៅក្នុងសភាខ្ពស់បំផុត។
នៅតំបន់អាស៊ី ក្នុងចំណោមសមាជិកជិត៣០០០នាក់ក្នុងសមាជប្រជាជនចិន ជិត២៥ភាគរយគឺស្ត្រី។ ប្រទេសម៉ុងហ្គោលីមានកំណើនខ្ពស់បំផុតនៃតំណែងរដ្ឋមន្ត្រីជាស្ត្រី ក្នុងតំបន់នេះ ដែលបានកើនពី៦,៧ភាគរយមកដល់១៨,៨ភាគរយ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ