ក្នុងគ្រាដែលជំងឺកូវីដ១៩ រាតត្បាតយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក អ្នកធ្វើការងារក្នុងវិស័យសុខាភិបាលជាស្ត្រី បានចូលរួមទប់ស្កាត់វីរុសដ៏ប្រល័យនេះ ដូចសហការីបុរសដែរ ក្នុងខណៈពេលដែលត្រូវបំពេញតួនាទីជាស្ត្រីមេផ្ទះផងដែរ។
បុគ្គលិកសុខាភិបាលខ្មែរ-អាមេរិកាំងជាស្ត្រីពីររូប ឆ្លងកាត់ស្ថានភាពដែលពួកគេមិនធ្លាប់ជួបប្រទះក្នុងពេលកន្លងមកក្នុងការថែរក្សា និងផ្តល់ប្រឹក្សាយោបល់ដល់អ្នកជំងឺ។
លោកស្រីបណ្ឌិត ប៊ុន ណានី ប៉េកា ជាអ្នកឯកទេសថ្នាំសណ្តំនៃមណ្ឌលសុខភាពនៃសាកលវិទ្យាល័យតិចសាស Southwestern ក្នុងទីក្រុងដាឡាស រដ្ឋតិចសាសបានថ្លែងពីការផ្តល់សេវាដល់អ្នកជំងឺកូវីដ១៩ក្នុងរយៈពេលជាង១ឆ្នាំមកនេះ៖
«មនុស្សដែលមានកូវីដ១៩ ត្រូវការវះកាត់ដូច្នេះយើងត្រូវតែជួយគេ។ ដូចគ្នាដែរនៅICU (សង្គ្រោះបន្ទាន់) មានច្រើនដែលយើងត្រូវជួយគេដែរ»។
ក្រៅពីមានឯកទេសថ្នាំសណ្តំ លោកស្រី ប៊ុនណានី ប៉េកា ក៏ធ្វើការនៅកន្លែងសង្គ្រោះបន្ទាន់ ឬICU នៅមន្ទីរពេទ្យមួយផ្សេងទៀតដើម្បីថែរក្សាអ្នកជំងឺធ្ងន់ធ្ងរផងដែរដែលធ្វើឲ្យលោកស្រីត្រូវប្រឈមមុខនឹងអ្នកឆ្លងនិងស្លាប់ជាប្រចាំដែលមិនធ្លាប់មានពីមុនមក៖
«នៅកន្លែង ICU (សង្គ្រោះបន្ទាន់) មានមនុស្សឈឺច្រើនមែនទែន។ ឈឺដោយដកដង្ហើមមិនរួច និងបេះដូងខ្សោយ ជួនកាលមានឈាមកកដែលធ្វើឲ្យមនុស្សឈឺច្រើនមែនទែន។ កូវីដ១៩មានមនុស្សស្លាប់ច្រើនណាស់។ ខ្ញុំធ្វើការនៅពេទ្យជិត៣០ឆ្នាំហើយ គឺមិនដែលឃើញមនុស្សស្លាប់ច្រើនដូចនេះទេ»។
ពលរដ្ឋអាមេរិកាំងឆ្លងវីរុសកូរ៉ូណាជាង២៩លាននាក់និងស្លាប់ជាង៥២៦.០០០នាក់គិតត្រឹមថ្ងៃអង្គារ។ ដោយឡែករដ្ឋតិចសាសមានអ្នកឆ្លងជិត២,៧លាននាក់និងមានអ្នកស្លាប់ជាង៤៥.០០០នាក់។ នេះបើតាមទិន្នន័យចងក្រងដោយសាកលវិទ្យាល័យចន ហប់គីន។
លោកស្រី សាឡន ថុង គឺជាឱសថការីរយៈពេល១៧ឆ្នាំហើយ និងជាម្ចាស់ឱសថស្ថាននៅក្រុង Yucaipa ក្នុងរដ្ឋកាលីហ្វញ៉ាដែលលោកស្រី បានបើកដោយខ្លួនឯងកាលពី៥ឆ្នាំមុន។ ក្នុងអំឡុងពេលមានជំងឺកូវីដ១៩វាយប្រហារខ្លាំងនេះ ឱសថស្ថានរបស់លោកស្រីបានធ្វើការងារជាច្រើនដែលមិនធ្លាប់ធ្វើកន្លងមកដើម្បីចូលរួមចំណែកដល់យុទ្ធនាការទប់ស្កាត់ជំងឺដ៏ប្រល័យនេះ៖
«ខ្ញុំជួយប្រាប់ឲ្យដឹងរោគសញ្ញារបស់កូវីដក្អកក្តៅខ្លួនជាដើម។ ជួនកាលសញ្ញាដូចផ្តាសាយធំ។ មនុស្សអាចទូរស័ព្ទមកខ្ញុំរាល់ពេល។ ជួនកាលទូរស័ព្ទអត់ចូលពេទ្យ គេទូរស័ព្ទមកខ្ញុំច្រើនណាស់។ នាងខ្ញុំជួយបង្រៀនពីវ៉ាក់សាំងដើម្បីឲ្យដឹងថា វ៉ាក់សាំងហ្នឹងវាអត់ធ្វើទុកហើយជួយការពារខ្លួនយើង»។
រដ្ឋកាលីហ្វញ៉ាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួនជាង៣,៦លាននាក់ និងស្លាប់ជាង៥៤.០០០នាក់។
បន្ថែមលើការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ បុគ្គលិកសុខាភិបាលទាំងពីរថែមទាំងស្ម័គ្រចិត្តជួយដល់ប្រទេសកម្ពុជាដែលជាប្រទេសកំណើតបើទោះបីជាពួកគាត់បានចាកចេញតាំងពីនៅកុមារភាពក៏ដោយ។ អ្នកទាំងពីរ បានជួយដល់បេសកកម្មស្ម័គ្រចិត្តព្យាបាលដោយមិនយកកម្រៃទៅកម្ពុជាតាមរយៈសមាគមសុខាភិបាលខ្មែរនៅអាមេរិក។
លោកស្រីបណ្ឌិត ប៊ុនណានី ប៉េកា ធ្លាប់បានចូលរួមបេសកកម្មទៅប្រទេសកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០១៩នៅខេត្តកំពង់ធំនិងឆ្នាំ២០២០នៅខេត្តកំពង់ស្ពឺ។
លោកស្រីបានបញ្ជាក់ថា៖
«ពេលខ្ញុំទៅក៏ឃើញស្រុកស្អាតមែនទែន។ ខ្មែររួសរាយនិងគោរពសាសនាច្រើន។ ខ្មែរយើងក្រមិនមានលុយសម្រាប់វះកាត់»។
លោកស្រី សាឡន ថុង បានបន្ថែមពីការជំរុញទឹកចិត្តបើទោះបីជាមិនទាន់បានទៅប្រទេសកម្ពុជាដោយផ្ទាល់នៅឡើយក៏ដោយដោយលោកស្រីនិងក្រុមគ្រួសារបានជួយចូលរួមរៃអង្គាសថវិកា ផ្សព្វផ្សាយពីបេសកកម្មនិងជ្រើសរើសជ័យលាភីអាហារូបករណ៍ដែលសមាគមផ្តល់ជូននិស្សិត។
លោកស្រី សាឡន ថុង បានបន្ថែមថា៖ «តាំងពីយើងចេញពីប៉ុល ពតយើងដឹងពីភាពក្រីក្រហើយពួកគាត់អត់មានលុយទៅពេទ្យ អត់មានលុយដកធ្មេញទិញថ្នាំ។ អីចឹងទៅនាងខ្ញុំជាឱសថការីដែលយើងដឹងរឿងថ្នាំយើងអាចជួយ។ នាងខ្ញុំនិងគ្រួសារជួយតាំងពីយូរហើយគឺជិត១០ឆ្នាំហើយ»។
ទាំងលោកស្រី ប៊ុនណានី ប៉េកា និងលោកស្រី សាឡន ថុង បានមកដល់សហរដ្ឋអាមេរិកនៅដើមទសវត្សរ៍១៩៨០ក្នុងនាមជាជនភៀសខ្លួន។
ក្រៅពីការងារអាជីពនិងជួយសង្គមលោកស្រីទាំងពីរក៏នៅរក្សាបានតួនាទីជាភរិយានិងជាមាតាផងដែរ។ លោកស្រីបណ្ឌិត ប៊ុនណានី ប៉េកា មានកូនប្រុសបីនាក់ដែលមានអាយុ១៧ដល់២០ឆ្នាំ។ រីឯលោកស្រី សាឡន ថុង មានកូនប្រុស២នាក់ដែលមានអាយុ១៣ឆ្នាំនិង៨ឆ្នាំដែលត្រូវជួយការងារសិក្សារបស់ពួកគេផងដែរក្នុងគ្រាមានជំងឺឆ្លងដែលសិស្សភាគច្រើនត្រូវសិក្សាតាមអនឡាញពីផ្ទះ។
នៅខួបទិវាសិទ្ធិនារីអន្តរជាតិនេះលោកស្រីទាំងពីរបានលើកទឹកចិត្តស្ត្រីដទៃទៀតឲ្យខិតខំប្រឹងប្រែងដើម្បីឈានឡើង។
លោកស្រីបណ្ឌិត ប៊ុនណានី ប៉េកា បានបញ្ជាក់ថា៖
«ខ្ញុំខំធ្វើការច្រើននិងរៀនក៏ច្រើនដែរប៉ុន្តែជីវិតគឺមិនមែនតែរៀននិងធ្វើការទេប៉ុន្តែយើងត្រូវសប្បាយដែរ។ យើងត្រូវសម្រាកវិស្សមកាល។ យើងត្រូវសប្បាយជាមួយគ្រួសារ ជាមួយពួកម៉ាកប៉ុន្តែបើយើងចង់ធ្វើការអ្វីគឺត្រូវខំធ្វើការនិងខំរៀនគឺកុំបោះបង់ចោល»។
រីឯលោកស្រី សាឡន ថុង ក៏បានបន្ថែមដែរថា៖
«បើសិនជាយើងចង់បានអ្វីគឺយើងត្រូវធ្វើការឲ្យដល់គោលដៅ។ នាងខ្ញុំចង់ឲ្យស្ត្រីត្រូវមានក្តីប្រាថ្នាចង់ធ្វើពេទ្យចង់ធ្វើគ្រូ ចង់ធ្វើវិស្វករគឺអាចធ្វើបាន ឲ្យតែខំគឺយើងអាចមានជោគជ័យហើយ»៕