លោកស្រី Choi Soon-sil ដែលជាតួអង្គស្ថិតនៅក្នុងចំណុចកណ្ដាលនៃរឿងអាស្រូវរបស់លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Guen-hye បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា លោកស្រី «សមនឹងស្លាប់»។ លោកស្រី Choi បានជួបជាមួយនឹងរដ្ឋអាជ្ញាដែលកំពុងស៊ើបអង្កេត និងវាយតម្លៃថាតើលោកស្រីពិតជាបានប្រើទំនាក់ទំនងជិតស្និទ្ធរបស់លោកស្រីជាមួយនឹងលោកស្រី Park Geun-hye ដើម្បីទាញយកផលប្រយោជន៍ដោយខុសច្បាប់ ឬក៏យ៉ាងណានោះ។
ដោយថ្លែងលាយឡំជាមួយនឹងទឹកភ្នែកនៅក្នុងអាគាររបស់រដ្ឋអាជ្ញានាក្រុងសេអ៊ូល លោកស្រី Choi បាននិយាយថា «សូមលើកលែងទោសឲ្យខ្ញុំផង។ ខ្ញុំបានប្រព្រឹត្តិអំពើបាប ដែលសមនឹងស្លាប់»។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap។
បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ រឿងអាស្រូវនេះត្រូវបានផ្ទុះឡើងកាលពីសប្ដាហ៍មុន នៅពេលដែលលោកស្រីប្រធានាធិបតី Park Geun-hye ទទួលស្គាល់ថា លោកស្រី Choi បានកែសម្រួលសុន្ទរកថាមួយចំនួនរបស់លោកស្រី និងជួយលោកស្រីក្នុងផ្នែកទំនាក់ទំនងសាធារណៈ។ អ្នកស៊ើបអង្កេតកំពុងព្យាយាមធ្វើការវិភាគមើលពីទំហំនៃលទ្ធភាពដែលលោកស្រី Choi មាន និងថាតើលោកស្រីមានបានទទួលឯកសារសម្ងាត់របស់ប្រធានាធិបតី ឬក៏យ៉ាងណានោះ។
លោកស្រី Choi ក៏ត្រូវបានរងការចោទប្រកាន់ផងដែរថាបានប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកស្រីជាមួយនឹងលោកស្រីប្រធានាធិបតី Park Guen Hye ដើម្បីទទួលយកប្រាក់ចំនួន ៦៨ លានដុល្លារអាមេរិក ពីក្រុមហ៊ុនសាជីវកម្មកូរ៉េធំៗ ដើម្បីផ្គត់ផ្គង់ដល់មូលនិធិកីឡាពីរកន្លែង។ បន្ទាប់មក លោកស្រី Choi Sun-silបានបញ្ជូនប្រាក់ទៅឲ្យក្រុមហ៊ុនកីឡាអាល្លឺម៉ង់មួយឈ្មោះ Widec Sports ដែលក្រុមហ៊ុននោះគ្រប់គ្រងដោយលោកស្រី និងកូនស្រីរបស់លោកស្រី។
បន្ទាប់ពីរឿងអាស្រូវទាំងនេះត្រូវបានដឹងខ្ចរខ្ចាយ លោកស្រី Choi បានត្រឡប់ពីប្រទេសអាល្លឺម៉ង់មកកាន់ប្រទេសកូរ៉េខាងត្បូងវិញកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីបានរត់គេចខ្លួនជាមួយនឹងកូនស្រីកាលពីខែកញ្ញាកន្លងមក៕