ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកនាង ស៊ូ ហ្សូលីដា ឧបសគ្គជាមេរៀនដើម្បីពង្រឹងសមត្ថភាពនិងជោគជ័យ
ចំណេះដឹង ជំនាញ កិច្ចប្រឹងប្រែងនិងការងាររបស់អ្នកនាង ស៊ូ ហ្សូលីដា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន Prestige Consulting នៅក្នុងការកសាងនិងពង្រឹងសមត្ថភាពរបស់សហគ្រិនកម្ពុជា ជាពិសេសសហគ្រិនដែលជាស្ត្រី បានធ្វើឲ្យអ្នកនាងក្លាយជាស្ត្រីឆ្នើមខាងផ្នែកជំនួញដោយឈ្នះពានរង្វាន់របស់កម្មវិធីស្ត្រីនៃអនាគតសម្រាប់តំបន់អាស៊ីអាគ្នេយ៍ (Women of Future Awards)។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេ អ្នកនាង ហ្សូលីដា បានលើកឡើងថា អ្នកនាងយកចិត្តទុកដាក់ខ្លាំងលើសារៈសំខាន់នៃវត្តមានរបស់ស្ត្រីនៅក្នុងកិច្ចការងារផ្សេងនិងខាងមុខជំនួញ ពីព្រោះស្ត្រីមានសក្តានុពលច្រើននៅក្នុងការចូលរួមកសាងសេដ្ឋកិច្ចសហគមន៍ គ្រួសារនិងប្រទេសជាតិទាំងមូល។ អ្នកស្រី ស៊ូ ហ្សូលីដា បានលើកទឹកចិត្តឲ្យស្ត្រីខ្មែរក្លាហាននៅក្នុងការបញ្ចេញសមត្ថភាព រៀនសូត្រពីឧបសគ្គ និងបន្តពង្រឹងជំនាញនិងចំណេះដឹងរបស់ខ្លួន ដើម្បីគោលដៅជោគជ័យក្នុងជីវិត គ្រួសារនិងការងារ៕