ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ថា​ការ​បញ្ចុះ​សព​ដោយ​គ្មាន​សុវត្ថិភាព​ប៉ះពាល់​ការ​ទប់ស្កាត់​ជំងឺ​អ៊ីបូឡា


គ្រូ​លីបេរីយ៉ា​វាស់​សីតុណ្ហភាព​របស់​សិស្ស​ដែល​មក​ដល់​សាលា​សម្រាប់​ថ្នាក់​ពេល​ព្រឹក​ដើម្បី​រួម​ចំណែក​ទប់ស្កាត់​ជំងឺ​អ៊ីបូឡា នៅ​វិទ្យាល័យ BW Harris High School ក្រុង​ម៉ុងរ៉ូវីយ៉ា (Monrovia) កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥។
គ្រូ​លីបេរីយ៉ា​វាស់​សីតុណ្ហភាព​របស់​សិស្ស​ដែល​មក​ដល់​សាលា​សម្រាប់​ថ្នាក់​ពេល​ព្រឹក​ដើម្បី​រួម​ចំណែក​ទប់ស្កាត់​ជំងឺ​អ៊ីបូឡា នៅ​វិទ្យាល័យ BW Harris High School ក្រុង​ម៉ុងរ៉ូវីយ៉ា (Monrovia) កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥។

អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កិច្ចខំ​ប្រឹងប្រែង​ប្រឆាំង​ជំងឺ​អ៊ីបូឡា​ក្នុង​តំបន់អាហ្វ្រិក​ខាង​លិច​ត្រូវអន្តរាយដោយ​ការ​បញ្ចុះ​សព​គ្មាន​សុវត្ថិភាពហើយ​និង​ការ​ខកខាន​មិន​បាន​កំណត់​អត្តសញ្ញាណ​នៃ​ករណី​ជំងឺ​អ៊ីបូឡា​រាប់​សិប​ករណី។

​ក្រុម​មន្រ្តី​សុខា​ភិបាល​បាន​ព្រមាន​ជាច្រើន​ខែ​មក​ហើយ​ថា ​ដើម្បី​បញ្ឈប់មេរោគ​អ៊ីបូឡា​កុំ​ឲ្យ​រាលដាល ​ករណី​សង្ស័យ​ត្រូវ​តែ​ទុក​ឲ្យ​ដាច់​ពី​គេ​ហើយ​និង​ត្រូវ​ធ្វើតេស្ត ​ហើយមនុស្ស​ដែល​ត្រូវ​ស្លាប់​ដោយ​ជំងឺ​អ៊ីបូឡា ​ត្រូវ​តែ​កប់​ដោយ​ក្រុម​បុគ្គលិកដែល​មាន​ពាក់​គ្រឿង​ប្រដាប់​ការពារ​ពិសេស។

ក៏ប៉ុន្តែ​សេចក្តី​រាយការណ៍​ពី​ស្ថានភាព​ជំងឺ​អ៊ីបូឡា​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​សប្តាហ៍​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃទី១៥ ​ខែកុម្ភៈ មាន​ការ​បញ្ចុះ​សព​ដោយ​គ្មាន​សុវត្ថិភាពចំនួន​៣៩​នៅ​ក្នុង​ប្រទេស​ហ្គីណេ (Guinea) ដោយ​មាន​៤៥​ករណី​នៅ​ក្នុង​ប្រទេស​សៀរ៉ាឡែអូន (Sierra Leone)។

​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​មាន​ករណី​បន្ថែមចំនួន​៤០ដែលមនុស្ស​ត្រូវ​បាន​បញ្ជាក់ថា​មាន​ជំងឺ​អ៊ីបូឡាបន្ទាប់​ពី​ពួកគេ​បាន​ស្លាប់​នៅ​ឆ្ងាយ​ពី​កន្លែង​ព្យាបាល។

​មន្រ្តី​សុខាភិបាល​ក្នុង​ប្រទេស​ហ្គីណេ លីបេរីយ៉ា (Liberia) និង​ប្រទេស​សៀរ៉ាឡែអូន (Sierra Leone) បាន​ស្ថាបនា​បណ្តាញ​ការងារដើម្បី​តាម​ដាន​ករណី​សង្ស័យ​នៃ​ជំងឺ​អ៊ីបូឡាហើយ​និង​នាំ​ពួកគេទៅ​កាន់​ទី​កន្លែង​ពិសេស​ដើម្បី​ធ្វើ​តេស្ត​និង​ព្យាបាល។

​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​សហគមន៍​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ហ្គីណេ​និង​សេរ៉ាឡេអូន​បន្ត​ប្រឆាំង​វិធានការ​ទប់​ស្កាត់​ហើយ​មិន​សហប្រតិបត្តិការ​ជាមួយ​បុគ្គលិក​សុខាភិបាល​ឡើយ។ ​អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ពី​ចំនួន​អ្វី​ដែល​អង្គការ​នោះ​បាន​ហៅ​ថា​ឧបទ្ទវហេតុ​ខាង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ទាំង​២​កាល​ពី​សប្តាហ៍​មុន៕

XS
SM
MD
LG