អង្គការសុខភាពពិភពលោក កាលពីថ្ងៃអាទិត្យបានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនូវការឆ្លងថ្មីនៃជំងឺកូវីដ១៩ទូទាំងសាកលលោកមានចំនួន១សែន៨ម៉ឺន៣ពាន់ករណីដែលជាចំនួនដ៏ច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃដែលខ្លួនបានកត់ត្រាចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម។
ពួកមន្រ្តីអង្គការសុខភាពពិភពលោកបាននិយាយជាច្រើនសប្តាហ៍ហើយថា ការផ្តោតការយកចិត្តទុកដាក់ការផ្ទុះឡើងមេរោគកូរ៉ូណាគឺនៅតំបន់អាមេរិក ហើយការឆ្លងក្នុងរយៈពេលមួយថ្ងៃកាលពីថ្ងៃអាទិត្យមានជាង១សែន១ម៉ឺន៦ពាន់ករណីនៅក្នុងតំបន់នោះ។
ប្រទេសប្រេស៊ីលបាននាំមុខគេដោយមានជិត៥ម៉ឺន៥ពាន់ករណី បន្ទាប់មកសហរដ្ឋអាមេរិកមានជាង៣ម៉ឺន៦ពាន់ករណី និងឥណ្ឌាមានប្រហែល១ម៉ឺន៥ពាន់ករណីថ្មី។
រដ្ឋជាង១០នៅក្នុងសហរដ្ឋអាមេរិកកំពុងមើលឃើញចំនួនឆ្លងកើនឡើង។ វេជ្ជបណ្ឌិត Tom Inglesby នាយកមជ្ឈមណ្ឌលសន្តិសុខសុខភាពនៅសាលាសុខភាពសាធារណៈ Blooberg នៃសាកលវិទ្យាល័យ Johns Hopkins បានប្រាប់កម្មវិធីទូរទស្សន៍ «Fox News Sunday» ថា ការកើនឡើងនៃការឆ្លងនេះមកពីការគួបផ្សំគ្នានៃការធ្វើតេស្តកាន់តែច្រើនឡើង និងការឆ្លងកើនឡើងខ្លាំង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតថា លោកជឿថា ចំនួនករណីក្នុងសហរដ្ឋអាមេរិកដែលបាននាំមុខពិភពលោកដោយមានជាង២លាន២សែនគឺលទ្ធផលនៃការខំប្រឹងប្រែងធ្វើតេស្ត។
ប្រធានាធិបតីត្រាំបានបញ្ជូនសារតាម Twitter កាលពីយប់ថ្ងៃអាទិត្យថា «ការធ្វើតេស្តមេរោគកូរ៉ូណារបស់យើងមានជាង២៥លានតេស្ត ហើយមានការជឿនលឿនកាន់តែខ្លាំងឡើង ការណ៍នេះធ្វើឱ្យយើងដូចជាមានករណីឆ្លងច្រើនជាងប្រទេសផ្សេងទៀត»៕