អង្គការសុខភាពពិភពលោក WHO បានរកឃើញថា មានប្រទេសចំនួនមួយភាគបីក្នុងចំណោមប្រទេសចំនួន១០៨ក្នុងពិភពលោក មានអាត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះជាង២០ភាគរយ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែមន្រ្តីជំនាញខ្មែរបានអះអាងថា អត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជាមានការថយចុះជាង៥៦ភាគរយធៀបទៅនឹងរយៈពេលដូចគ្នានេះ។
យោងតាមគេហទំព័ររបស់វិទ្យុ BBC ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា ប្រទេសទាំងនោះកំពុងតែលុបបំបាត់ជំងឺគ្រុនចាញ់នេះ ហើយក្រុមអ្នកជំនាញផ្នែកសុខាភិបាលអះអាងថា ប្រសិនបើអត្រាស្លាប់នៅតែបន្ដធ្លាក់ចុះនោះ គេនឹងអាចជួយសង្រ្គោះជីវិតមនុស្សបានចំនួនបីលាននាក់ក្នុងពិភពលោក នៅត្រឹមឆ្នាំ២០១៥។ ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត ស្ទីវិន ប៊ីយ៉កហ្គី (Steven Bjorge ) ទទួលបន្ទុកផ្នែកជំងឺគ្រុនចាញ់ និងជំងឺគ្រុមឈាមរបស់អង្គការសុខភាពពិភពលោក (WHO) មានប្រសាសន៍ថា របាយការណ៍ខាងលើនោះមិនរាប់បញ្ចូលប្រទេសកម្ពុជាទេ ដោយសារតែប្រទេសកម្ពុជាមានអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ចំនួនតិចតួច។
«នៅប្រទេសកម្ពុជាមានចំនួនអ្នកជំងឺគ្រុនចាញ់ត្រឹមតែជិត២០០ករណីតែប៉ុណ្ណោះក្នុងមួយឆ្នាំ។ បច្ចុប្បន្នមានការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់នៅប៉ែកខាងលិចនៃប្រទេសកម្ពុជា។ យើងសង្ឃឹមថា អត្រាស្លាប់នៅតែបន្ដធ្លាក់ចុះទៀត។ បើទោះជាមិនមែនជាការធ្លាក់ចុះដោយគំហុក ក៏អត្រាមរណៈនេះមានកម្រិតទាបមែនទែនក្នុងរយៈពេលប្រាំទៅដប់ឆ្នាំទៀត»។
យោងតាមតួលេខរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានឲ្យដឹងថា កាលពីឆ្នាំ២០០០ ប្រទេសកម្ពុជាមានអ្នកជំងឺគ្រុនចាញ់ចំនួន ១២៩១៦៧នាក់ ហើយអាត្រានេះមានការធ្លាក់ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១០មានចំនួន៥៦២១៧នាក់។
លោកវេជ្ជបណ្ឌិតច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិក ក្រោយពីសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះស្តីពីយុទ្ធនាការបែងចែកមុងការពារនេះថា រយៈពេល១០ឆ្នាំចុងក្រោយនេះ អត្រាជំងឺគ្រុនចាញ់មានការធ្លាក់ចុះប្រមាណជា៥៦,៥ភាគរយ។
«ចំណុចសំខាន់គឺប្រជាជនយល់អំពីមូលហេតុនៃជំងឺគ្រុនចាញ់ ហើយចំពោះការព្យាបាលគឺយើងណែនាំគាត់ឲ្យទៅរកកន្លែងព្យាបាលត្រឹមត្រូវ ដូចជាមណ្ឌលសុខភាព។ យើងប្រើប្រាស់ប្រព័ន្ធអប់រំសុខភាពផ្សាយតាមវិទ្យុ ទូរទស្សន៍ ហើយនៅសហគមន៍ យើងមានមន្រ្តីនៅតាមភូមិ ឃុំ។ យើងពន្យល់ផ្ទាល់មាត់ទៀត ហើយនៅទីសាធារណៈ យើងតាំងផ្ទាំងផ្សព្វផ្សាយសម្រាប់អប់រំ»។
ជាមួយគ្នានោះដែរ លោកឃាង សូយទី ប្រធានកម្មវីធីជំងឺគ្រុនចាញ់របស់អង្គការសកលវិទ្យាល័យសហប្រតិបត្តិការណ៍ និងសិក្សាស្រាវជ្រាវ URCបានយល់ស្របពីអត្រាធ្លាក់ចុះនៃជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ដូចលោកវេជ្ជបណ្ឌិត ច ម៉េងចួដែរ ដោយលើកឡើងថា អត្រាអ្នកស្លាប់ក៏មានការថយចុះគួរឲ្យកត់សម្គាល់ ជាក់ស្តែងនៅឆ្នាំ២០០០មានអ្នកស្លាប់ចំនួន៦០៨នាក់។
លោកឃាង សូយទីបញ្ជាក់ថា នៅឆ្នាំ២០១០មានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់ត្រឹមតែ១៣៥នាក់ប៉ុណ្ណោះ ហើយនៅ៦ខែដើមឆ្នាំ២០១១នេះមានអ្នកស្លាប់៣៥នាក់។
«ខ្ញុំគិតថា ជាជោគជ័យមួយនៅក្នុងការប្រឹងប្រែងទាំងអស់គ្នា ក៏ប៉ុន្តែតួលេខនេះវានៅខ្ពស់ដដែលទេ។ ចុះមែន ក៏ប៉ុន្តែចុះនោះនៅកម្រិតមួយដែលថាយើងត្រូវចូលរួមទាំងអស់គ្នាគឺវានៅខ្ពស់ដដែលទេ។ ហើយទន្ទឹមពេលនេះ យើងត្រូវមានការប្រុងប្រយ័ត្នពីរឿងការស៊ាំថ្នាំដែលអាចកើតឡើងជាយថាហេតុនៅក្នុងប្រទេសរបស់យើង»។
លោកវេជ្ជបណ្ឌិតច ម៉េងចួបញ្ជាក់ថា ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥ កម្ពុជានឹងត្រូវចំណាយថវិកាប្រមាណជា១៣១លានដុល្លារអាមេរិកសម្រាប់ធ្វើការទប់ស្កាត់ទៅលើជំងឺគ្រុនចាញ់។
នៅក្នុងសន្និសីទសារព័ត៌មាននោះ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងដែរថា ប្រទេសកម្ពុជានឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងនៅឆ្នាំ២០២៥។ ជំងឺគ្រុនចាញ់គឺជាជំងឺដ៏ប្រល័យមួយនៅទូទាំងពិភពលោក ជាពិសេសនៅទ្វីបអាហ្វ្រិក។ នៅឆ្នាំ២០០៩ ក្នុងពិភពលោកមានអ្នកស្លាប់ដោយសារជំងឺនេះចំនួនជាង៧៨ម៉ឺននាក់។
ជំងឺគ្រុនចាញ់ភាគច្រើនកើតនៅរដូវភ្លៀង ពោលគឺចន្លោះពីខែឧសភាដល់ខែឆ្នូ។
ក្រុមគ្រូពេទ្យជំនាញបានណែនាំថា ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ប្រឈមនឹងជំងឺនេះ គួរតែស្ថិតនៅក្នុងមុងនៅចន្លោះម៉ោង៦ល្ងាចទៅដល់ម៉ោង៦ព្រឹក ពីព្រោះជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយសារមូសដែកគោលញីខាំ ហើយមូសនេះភាគច្រើនខាំនៅចន្លោះពីម៉ោង៦ល្ងាចទៅដល់ម៉ោង៦ព្រឹក។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានឲ្យដឹងថា អ្នកដែលមានជំងឺគ្រុនចាញ់ភាគច្រើនគឺចន្លោះអាយុពី១៥ឆ្នាំទៅ៤៩ឆ្នាំ ហើយខេត្តដែលមានអាត្រាអ្នកកើតជំងឺគ្រុនចាញ់ខ្ពស់គឺខេត្តក្រចេះ ឧត្តរមានជ័យ សៀមរាប និងខេត្តរតនគីរី៕