ខណៈដែលអាមេរិកវាយតម្លៃទៅលើសេចក្តីរាយការណ៍នានាពាក់ព័ន្ធនឹងសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្រុមមន្ត្រីនិងក្រុមអ្នកជំនាញថ្លែងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងបន្តយុទ្ធនាការដាក់ទណ្ឌកម្មនិងដាក់សម្ពាធប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូបបានប្រាប់វីអូអេកាលពីថ្ងៃចន្ទថា៖ «យើងបន្តអំពាវនាវឲ្យកូរ៉េខាងជើងជៀសវាងការបង្ករឿង ដោយគោរពទៅតាមកាតព្វកិច្ចនានា ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ហើយងាកទៅរកការចរចាប្រកបដោយនិរន្តភាពនិងលទ្ធផល ក្នុងការបំពេញកិច្ចការរបស់ខ្លួន ដើម្បីធ្វើឲ្យការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរទទួលបានជោគជ័យពេញលេញ»។
ខណៈដែលកូរ៉េខាងត្បូងបានបដិសេចសេចក្តីរាយការណ៍ព័ត៌មានជាច្រើនដែលសង្ស័យពីការស្លាប់របស់លោក គីម ហើយទទូចថា «មិនមានចលនាមិនប្រក្រតីណា» នៅកូរ៉េខាងជើងនោះ ក្រុមអ្នកវិភាគកំពុងចាប់អារម្មណ៍ទៅលើអ្នកស្រី គីម យោជុង (Kim Yo Jong) ដែលជាប្អូនស្រីរបស់លោក គីម ដែលត្រូវបានគេពណ៌នាថាជាទីប្រឹក្សាម្នាក់ក្នុងចំណោមទីប្រឹក្សាដែលលោក គីម ទុកចិត្តបំផុត។
លោក Harry Kazianis នាយកជាន់ខ្ពស់នៃកម្មវិធីសិក្សាពីកូរ៉េ នៅឯមជ្ឈមណ្ឌលស្រាវជ្រាវបែបអភិរក្សនិយម Center for the National Interest បានថ្លែងថា៖«អ្នកស្រី គីម នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ច្បាស់ណាស់កំពុងត្រូវបានគេបណ្តុះឲ្យកាន់តួនាទីដែលធំជាងនេះសន្សឹមៗ»។
តើ គីម យោជុង ជានរណា? ហើយហេតុអ្វីត្រូវបានអ្នកខ្លះមើលឃើញថាអ្នកស្រីជាអ្នកទំនងស្នងអំណាចក្នុងករណីលោកគីមធ្លាក់ខ្លួនឈឺធ្ងន់?
ប្អូនស្រីមេដឹកនាំផ្តាច់ការរូបនេះ ថ្មីៗនេះត្រូវបានតំឡើងតំណែងជាសមាជិកម្នាក់នៅក្នុងការិយាល័យនយោបាយ (Politburo) នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តដ៏មានអំណាចរបស់គណបក្សពលករគ្រប់គ្រងប្រទេសរបស់កូរ៉េខាងជើង ដើម្បីបន្តតំឡើងតំណែងរបស់អ្នកស្រីនៅក្នុងជួរថ្នាក់ដឹកនាំប្រទេស។
ប្រភពកាទូតបានកត់សម្គាល់ពីសេចក្តីថ្លែងការណ៍កាលពីខែមីនារបស់អ្នកស្រី គីម យោជុង ទៅលើទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសំបុត្រផ្ទាល់ខ្លួនមួយទៅកាន់លោក គីម ជុងអ៊ុន ដើម្បីរក្សាទំនាក់ទំនង និងផ្តល់ជាកិច្ចសហប្រតិបត្តិការដើម្បីជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
អ្នកស្រីបានកោតសរសើរលោក ត្រាំ ដែលបានផ្ញើសំបុត្រនោះ ក្នុងគ្រាដែល «ការលំបាកទ្រង់ទ្រាយធំនិងការប្រឈមនានាមានចំពោះមុខការបង្កើតទំនាក់ទំនង» រវាងប្រទេសទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press ដែលបានដកស្រង់ពាក្យសម្តីរបស់ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍នេះត្រូវបានមនុស្សមួយចំនួនមើលឃើញថា ជាសញ្ញាដែលអ្នកស្រី គីម យោជុង កាន់តែមានតួនាទីសំខាន់ជាងមុនក្នុងទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង។
អ្នកស្រី Sue Mi Terry អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់អំពីកូរ៉េនៅឯមជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងការសិក្សាអន្តរជាតិ CSIS ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបានសរសេរនៅក្នុងកាសែត Washington Post ថា៖ «មិនមាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងទេ ប្រសិនបើលោក គីម ស្លាប់មែននោះ»។
អ្នកស្រី Terry ថ្លែងថា៖ «អ្វីដែលទំនងនឹងកើតឡើងនោះគឺ ប្អូនស្រីរបស់លោក គីម គឺអ្នកស្រី គីម យោជុង នឹងបន្តតំណែង» ក៏ប៉ុន្តែអ្នកស្រីមិនប្រាកដថាប្រទេសកូរ៉េខាងជើងដែលក្តោបក្តាប់ទៅដោយអភិជនជាបុរសនឹងបន្តគាំទ្រស្ត្រីវ័យក្មេងជាមេដឹកនាំនោះទេ។
អ្នកស្រី គីម យោជុង ហាក់ដូចជាចេញមុខមាត់នៅក្បែរលោក គីម ជុងអ៊ុននៅ២ឆ្នាំចុងក្រោយនេះ រួមបញ្ចូលទាំងក្នុងអំឡុងពេលកិច្ចប្រជុំជាន់ខ្ពស់នានារវាងមេដឹកនាំអាមេរិកនិងកូរ៉េខាងជើង និងវត្តមានមើលការសាកល្បងមីស៊ីលជាមួយនឹងបងប្រុសរបស់អ្នកស្រី។
គេក៏បានឃើញរូបថតអ្នកស្រីជិះសេះជាមួយនឹងលោក គីម ជុងអ៊ុននៅភ្នំ Paekdu ដែលជាភ្នំសក្តិសិទ្ធ សម្រាប់សន្តតិវង្សគីម។
កូរ៉េខាងជើងបានឲ្យដឹងថា ជីតារបស់លោក គីម និងឪពុករបស់លោក កើតនៅភ្នំ Paekdu ដែលជាទីតាំងស្នូលនៃយុទ្ធនាការឃោសនានិងជាទីសក្ការៈរបស់កូរ៉េខាងជើង ដែលឃោសនាលាតត្រដាងពីឈាមជ័រសែស្រឡាយគ្រួសារគីម។
លោក Kazianis នៃមជ្ឈមណ្ឌល Center for National Interest ថ្លែងបន្ថែមថា៖«អ្នកស្រី គីម ច្បាស់ណាស់បានបន្តឡើងតំណែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបន្ថែមមុខតំណែងកំពូលៗទៅសម្រាប់មុខតំណែងជាមេដឹកនាំប្រទេសកូរ៉េខាងជើង ដែលអ្នកស្រីត្រូវការបទពិសោធន៍ទាំងនេះ ប្រសិនបើអ្នកស្រីចង់ឡើងកាន់អំណាច»។
ប៉ុន្តែលោក Bruce Klingner មកពីមូលនិធិសិក្សាស្រាវជ្រាវ Heritage ថ្លែងថា៖ «មិនថាអ្នកណាបន្តតំណែងនោះទេ មិនមានសញ្ញាបង្ហាញថាអ្នកបន្តតំណែងនឹងកែប្រែគោលនយោបាយក្នុងស្រុកឬគោលនយោបាយការបរទេសខុសពីមុននោះទេ»។
អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមូលនិធិ Heritage ថ្លែងថា៖ «របបគ្រប់គ្រងនេះបានបញ្ជាក់ជាយូរណាស់មកហើយថាអាវុធនុយក្លេអ៊ែរមានសារៈសំខាន់សម្រាប់សន្តិសុខជាតិរបស់ខ្លួន ហើយចចែសមិនព្រមចរចាបោះបង់អាវុធនេះចោលនោះទេ។ អ្នកបន្តតំណែងប្រហែលអាចវាងវៃជាងមុនក្នុងទំនាក់ទំនងជាមួយនឹងបរទេសដូចអ្វីដែលលោក គីម បានធ្វើកន្លងមក ប៉ុន្តែបន្តធ្វើទៅតាមគោលនយោបាយដដែល»។
អ្នកស្រី គីម យោជុង បានកាន់មុខតំណែងជាន់ខ្ពស់ជាច្រើន រួមបញ្ចូលទាំងតំណែងជានាយករងទី១នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង ហើយជានាយករងទី១ នៃក្រសួងឃោសនារបស់ប្រទេស។
អ្នកស្រីបានទាក់ទាញចំណាប់អារម្មណ៍របស់អន្តរជាតិនៅពេលដែលអ្នកស្រីត្រូវបានគេថតរូបអង្គុយជិតអនុប្រធានាធិបតីអាមេរិកលោក Mike Pence ក្នុងអំឡុងពេលព្រឹត្តិការណ៍នៃការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៨ នៅស្រុក Pyeongchang ប្រទេសកូរ៉េខាងត្បូង។ អ្នកស្រីគឺជាមនុស្សដំបូងមកពីគ្រួសារគីម ដែលបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឧបទ្វីបកូរ៉េបានបែកបាក់គ្នាក្រោយពេលសង្គ្រាមលោកលើកទី២បានបញ្ចប់៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា