ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ WHO ថា​ខ្លួន​នឹង​កាត់​ចំណាយ​ហើយ​រៀបចំ​អាទិភាព​ឡើងវិញ​ក្រោយ​អាមេរិក​ដកខ្លួន


រូបឯកសារ៖អគ្គនាយក​អង្គការ WHO លោក Tedros Adhanom Ghebreyesus ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​កាលពីថ្ងៃទី​២០ តុលា ឆ្នាំ២០២៤។
រូបឯកសារ៖អគ្គនាយក​អង្គការ WHO លោក Tedros Adhanom Ghebreyesus ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​កាលពីថ្ងៃទី​២០ តុលា ឆ្នាំ២០២៤។

អង្គការ​សុខភាព​ពិភពលោក (WHO) នឹង​កាត់​ចំណាយ​ហើយ​ពិនិត្យ​ឡើងវិញ​ថាតើ​កម្មវិធី​សុខភាព​ណាខ្លះ​ជា​អាទិភាព ក្រោយពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រកាស​ដក​សមាជិកភាព​អាមេរិក​ចេញ​ពី​អង្គការ​នេះ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​សេចក្តី​ជូន​ដំណឹង​ផ្ទៃក្នុង​មួយ​របស់​ប្រធាន​អង្គការ​នេះ​ផ្ញើ​ទៅកាន់​បុគ្គលិក។

លោក Trump បាន​ប្រកាស​ដក​សមាជិកភាព​អាមេរិក​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ឡើង​កាន់​តំណែង​ក្នុង​អាណត្តិ​ទី ២ របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ដោយ​ចោទ​ទីភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​នេះ​ថា​ដោះស្រាយ​បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​១៩ និង​វិបត្តិ​សុខភាព​អន្តរជាតិ​ដទៃទៀត​មិន​ត្រឹមត្រូវ។

អគ្គនាយក​អង្គការ WHO លោក Tedros Adhanom Ghebreyesus បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ដល់​បុគ្គលិក​របស់​លោក​ចុះ​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ ២០២៥ ថា៖ «ការ​ប្រកាស​នេះ​ធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​យើង​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត»។

សេចក្តី​ជូនដំណឹង​នេះ​សរសេរ​ថា អង្គការ WHO គ្រោង​កាត់​បន្ថយ​ចំណាយ​លើ​ការ​ធ្វើដំណើរ​យ៉ាងច្រើន​និង​ផ្អាក​ជ្រើសរើស​បុគ្គលិក​ថ្មី លើកលែងតែ​ផ្នែក​សំខាន់​ចាំបាច់ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​វិធានការ​កាត់​បន្ថយ​ចំណាយ។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ដក​ខ្លួន​ចេញ​ពី​អង្គការ WHO នៅ​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ២០២៦ ក្រោយពី​ការ​តម្រូវ​ឲ្យ​ជូនដំណឹង​មួយ​ឆ្នាំ​មុន​តាម​សេចក្តីសម្រេច​រួម​របស់​សភា​សហរដ្ឋ​អាមេរិក​ឆ្នាំ ១៩៤៨។ សេចក្តីសម្រេច​នោះ​ក៏​បញ្ជាក់​ផងដែរ​ថា​អាមេរិក​ត្រូវ​បង់​ថ្លៃ​សមាជិកភាព​របស់​ខ្លួន​ដល់​អង្គការ WHO មុន​ពេល​ដកខ្លួន​ចេញ។

រហូត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ផ្តល់​ហិរញ្ញវត្ថុ​ច្រើន​ជាងគេ​បង្អស់​ដល់​អង្គការ WHO ដោយ​រួមចំណែក​ប្រមាណ ១៨% នៃ​ថវិកា​ទូទៅ​របស់​អង្គការ​នេះ។ ថវិកា​ចំណាយ​រយៈពេល ២ ឆ្នាំ​ចុងក្រោយ​របស់​អង្គការ WHO សម្រាប់​ឆ្នាំ ២០២៤-២០២៥ គឺ ៦ ពាន់ ៨ រយ​លាន​ដុល្លារ។

សហរដ្ឋអាមេរិក​ជំពាក់​អង្គការ WHO ប្រមាណ ១៣០ លាន​ដុល្លារ​ជា​ថ្លៃ​សមាជិកភាព​ដែល​ត្រូវ​បង់​កាលពី​មួយ​ឆ្នាំ​មុន​ក្នុង​ខែ​មករា​ឆ្នាំ ២០២៤។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​អង្គការ WHO លោក Christian Lindmeier ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG