រដ្ឋបាលរបស់ប្រធានាធិបតីស.រ.អា Donald Trump កំពុងជំរុញខ្លាំងក្នុងការបង្ហាញព្រំដែនខាងត្បូងជាមួយប្រទេសម៉ិចស៊ិកថាជា «វិបត្តិខាងមនុស្សធម៌ និងខាងសន្តិសុខជាតិ» មួយដែលនឹងកើតមានឡើង ដើម្បីឱ្យមានការគាំទ្រដល់ការផ្តល់ប្រាក់សម្រាប់ការកសាងជញ្ជាំងព្រំដែននៅក្នុងការប្រយុទ្ធជាមួយក្រុមសមាជិកសភា ដែលបាននាំប្រទេសអាមេរិកមានការបិទផ្នែកខ្លះនៃរដ្ឋាភិបាលចំនួន១៨ថ្ងៃមកហើយ។
លោក Trump មានកំណត់នឹងបង្ហាញហេតុផលរបស់លោកដល់ប្រជាជាតិនៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិនៅថ្ងៃអង្គារនេះនៅមុនលោកធ្វើដំណើរទៅកាន់ព្រំដែននៅថ្ងៃព្រហស្បតិ៍។
នៅមុនមានការថ្លែងសុន្ទរកថានេះ លោកអនុប្រធានាធិបតី Mike Pence បាននិយាយត្រួសៗប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃចន្ទ ដោយលោកបានគូសបញ្ជាក់ថាមាន «វិបត្តិមែនទែន» នៅឯព្រំដែន ហើយលោកបានបន្ទោសពួកប្រជាធិបតេយ្យថា «ប្រកែកមិនព្រមធ្វើការចរចា» អំពីការបើករដ្ឋាភិបាលជាថ្មី។
លោក Pence មានការចូលរួមពីសំណាក់លោកស្រី Kirstjen Nielsen រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិដែលបាននិយាយថាការផ្តល់ប្រាក់និងច្បាប់ដែលមាននៅពេលឥឡូវនេះ «មិនអាចដោះស្រាយវិបត្តិដែលយើងឃើញនៅឯព្រំដែនទេ»។
ពួកប្រជាធិបតេយ្យ និងពួកអ្នកការពារអន្តោប្រវេសន៍មួយចំនួននិយាយថាការបង្ហាញរបស់រដ្ឋបាល Trump អំពីបញ្ហានេះមិនត្រឹមត្រូវទេ ហើយពួកគេបានចោទប្រកាន់រដ្ឋបាលនេះថា បានបង្កើតវិបត្តិមួយសម្រាប់គោលបំណងខាងនយោបាយក្នុងការកសាងជញ្ជាំងព្រំដែនដែលលោក Trump បានយកមកនិយាយនៅពេលលោកឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦៕