ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​រំពឹង​ថា ការ​ពិភាក្សា​រវាង​លោក​ត្រាំ និង​លោក​ អាបេ ​នឹង​មាន​ភាព​វិជ្ជមាន​ខ្លាំង


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បក់​ដៃ នៅ​ពេល​លោក​អញ្ជើញ​ឡើង​យន្តហោះ Air Force One នៅ​មូលដ្ឋាន​ទ័ព​អាកាស Andrews Air Force One Base ក្នុង​រដ្ឋ Maryland កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បក់​ដៃ នៅ​ពេល​លោក​អញ្ជើញ​ឡើង​យន្តហោះ Air Force One នៅ​មូលដ្ឋាន​ទ័ព​អាកាស Andrews Air Force One Base ក្នុង​រដ្ឋ Maryland កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្សីនហ្សូ​ អាបេ នៅ​ថ្ងៃ​អង្គារ​នេះ សម្រាប់​កិច្ច​ពិភាក្សា​គ្នា​រយៈពេល​២​ថ្ងៃ ដែល​សេតវិមាន​ និយាយ​ថា ខ្លួន​រំពឹង​ថា​ កិច្ច​ពិភាក្សា​នេះ នឹង​មាន​លក្ខណៈ ​«‍វិជ្ជមាន​ខ្លាំង»។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​លើ​យន្តហោះ​ពិសេស Air Force One ដែល​ហោះ​ឆ្ពោះ​ទៅ​កាន់​រដ្ឋ​ហ្វ្លរីដា កាល​ពី​ថ្ងៃ​ចន្ទ អ្នក​នាំ​ពាក្យ​សេតវិមាន​គឺ​អ្នក​ស្រី Sarah Huckabee Sanders បាន​មាន​ប្រសាសន៍​ថា ការ​ពិភាក្សា​រវាង​មេដឹកនាំ​ទាំងពីរ​ «‍គឺ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​រៀបចំ​កិច្ចចរចា​ជាមួយ​កូរ៉េ​ខាង​ជើង ព្រម​ទាំង​ការ​ពិភាក្សា​ជាច្រើន​ទៀត​អំពី​បញ្ហា​ពាណិជ្ជកម្ម»។

លោក ត្រាំ និង​លោក អាបេ មិន​មែន​ មិន​ធ្លាប់​ជួប​គ្នា​នោះ​ទេ។ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន គឺ​ជា​មេដឹកនាំ​បរទេស ដែល​លោក​ប្រធានាធិបតី​អាមេរិក បាន​ជួប​និង​ពិភាក្សា​ជាមួយ​ញឹកញាប់​បំផុត ក្នុង​ពេល​លោក​ត្រាំ កាន់​តំណែង​ជា​ប្រធានាធិបតី។

អ្នកស្រី Sanders ថ្លែង​ថា​ «‍ប្រាកដ​ណាស់ លោក​ប្រធានាធិបតី មាន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយ​ជប៉ុន»។

លោក ត្រាំ និង​លោក អាបេ មាន​កង្វល់​រួម​គ្នា នោះ​គឺ​បញ្ហា​កូរ៉េ​ខាង​ជើង ដែល​មាន​គ្រាប់​កាំជ្រួច​ផ្លោង​និង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ដោយ​ឥត​ញញើត​នឹង​ទណ្ឌកម្ម​ពី​អន្តរជាតិ​នោះឡើយ។

ដោយ​សារ​តែ​មាន​ផែនការ​នៃ​ជំនួប​កំពូល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​រវាង​លោក ត្រាំ និង​លោក គីម​ ជុងអ៊ុន​ មេដឹកនាំ​កូរ៉េ​ខាង​ជើង​នោះ មេដឹកនាំ​ជប៉ុន លោក អាបេ ចង់​ជួប​គ្នា​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​អាមេរិក មុន​ជំនួប​កំពូល​ដ៏​សំខាន់​នោះ។

លោក អាបេ បាន​ថ្លែង​មុន​ពេល​ចេញ​ដំណើរ​មកកាន់​សហរដ្ឋ​អាមេរិក​ថា លោក​ចង់​បាន​ការ​បញ្ជាក់​ពី​ជំហរ​របស់​សហរដ្ឋ​អាមេរិក អំពីការ​ដាក់​សម្ពាធ​ទៅលើ​កូរ៉េ​ខាង​ជើង ដើម្បី​ឱ្យ​ប្រទេស​នោះ បោះបង់​ចោល​ដោយ​មិន​អាច​កែប្រែ​វិញ​បាន​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​កាំជ្រួច​ផ្លោង​របស់​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG